បុណ្យសង្សារ វប្បធម៌ថ្មី​របស់យុវវ័យ

ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃក្ដីស្រឡាញ់កំពុងត្រូវ​បាន​យុវវ័យខ្មែរ​មួយចំនួន ជាពិសេស​អ្នករស់នៅទីក្រុងភ្នំពេញ នាំគ្នាចាប់អារម្មណ៍ និងនិយមចូលចិត្ដ បើទោះជាពិធី​នេះមិនមែន​ជាទំនៀមទម្លាប់ខ្មែរ វាជាបុណ្យរបៀបអឺរ៉ុបក្ដី។ ថ្ងៃទី១៤កុម្ភៈជាថ្ងៃ Valentine’s day ឬថ្ងៃបុណ្យនៃក្ដីស្រឡាញ់​ដែលនឹងឈានចូលមកដល់​ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាទិវាសកល​បែបអឺរ៉ុបនិយមដែល​យុវវ័យខ្មែរ​និយមហៅថាបុណ្យសង្សារ​ឡើងរត់មាត់ទៅហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សង្គមជឿនលឿន វប្បធម៌លាយឡំ

ក្រោយពីប្រទេសកម្ពុជាយើង ទទួលបាននូវ សុខសុវត្ថិភាព​ពេញបរិបូរណ៍មក ការ​ហូរចូល​នៃវប្បធម៌​​បរទេស​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដែលជា​សញ្ញា​បញ្ជាក់​​ពីភាព​រីកចម្រើន​ខាងផ្នែកសេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស។ វប្បធម៌​បរទេស​បន្ដិចម្ដងៗ បានគ្របដណ្ដប់​លើ​សតិ​អារម្មណ៍​យុវវ័យ​ខ្មែរ​ដែល​ប្រាថ្នា​ចង់​ធ្វើ​ដូចគេ​នេះបាន និង​កំពុង​ចាប់អង្រួន​បេះដូង​ប្រជាពលរដ្ឋខ្មែរ​​ឱ្យរង្គើ​​ទាំងក្មេង​ទាំងចាស់។ សង្គម​ជឿនលឿន​​សម្ភារៈ​ប្រើប្រាស់​ទំនើប​ជាបច្ច័យ​​មួយយ៉ាង​ល្អ ដែល​ស្ដែងពីការ​រស់នៅក្នុង​​កម្រិត​សមរម្យ​មួយ​ ប៉ុន្ដែ​ក្រៅពីនេះ​ក៏អាចបង្ក​ឱ្យមានការ​ប៉ះពាល់​​មួយចំនួន​ផងដែរ​ទៅលើ​​ប្រពៃណី​ទំនៀម​ទម្លាប់ ខ្មែរ ដែល​បន្ដិចម្ដងៗ​ត្រូវបាន​កាត់តម្រឹម។

មានពិធី​តាម​បែបអឺរ៉ុប​ជាច្រើនត្​រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ​​និយម​ចូលចិត្ដ ដូចជាបុណ្យណូអែល បុណ្យ សង្សារ​ជាដើម។ ដោយឡែក​​សម្រាប់​បុណ្យ​សង្សារ​នៅពេល​ជួប​សាកសួរ​​ជាមួយ​ក្រុម​យុវវ័យ​​បានឱ្យ​ដឹងថា ក្នុង​ចំណោម​ពួកគេ​ភាគ ច្រើន​មិនដឹង​ពីប្រវត្ដិ ឬ​អត្ថន័យ​យ៉ាងណា​នោះទេ គ្រាន់តែ​ឃើញគេ​ធ្វើក៏​ធ្វើតាម​ទៅតែ​ប៉ុណ្ណោះ។ យុវវ័យខ្លះ​គ្រាន់តែ​ដឹងថា​នេះ​ជាថ្ងៃ បុណ្យ​សង្សារ អ្នកដែល​មានសង្សារ​ត្រូវតែ​ជូនកាដូ ឬផ្កា​ឱ្យគ្នា​ទៅវិញ​ទៅមក​ដើម្បី​បញ្ជាក់នូវការ​ស្រឡាញ់។ ដោយឡែក​យុវជន​ខ្លះ ទៀត​យល់ថា នេះជា​ឱកាសល្អ​ដែលគេ​អាចសារភាព​ស្នេហ៍​ដោយ​គ្រាន់តែ​ទិញកាដូ ឬផ្កាមួយ​បាច់​ជូន​ចំពោះនារី​​ដែលគេ​ស្រឡាញ់។

សម័យកាលចេះតែវិវត្ដន៍ទៅមុខ ទម្លាប់នៃការប្រព្រឹត្ដ​ក៏មានការផ្លាស់ប្ដូរដែរ។ ពីមុន​យុវវ័យខ្មែរ​ព្យាយាម​​លាក់​បាំងទំនាក់ ទំនងស្នេហាដោយមិនចង់​ទទួលនូវការរិះគន់​សើចយំពីអ្នកដទៃ។ ប៉ុន្ដែសម័យថ្មីនេះយុវវ័យដែលគ្មាន​ស្នេហា​ប្រៀបដូចផ្កា​ដែលគ្មាន លម្អង។

បុណ្យសង្សារ​បង្កចលាចល

ថ្ងៃនៃក្ដីស្រឡាញ់បាននាំមកនូវភាពគគ្រឹកគគ្រេង ជាពិសេស​នៅតាមដងផ្លូវសាធារណៈ​​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​ក្បែរ​​សាលា​មធ្យម​សិក្សានានា នៅតាមទីកន្លែងលក់ផ្កា​នៅម្ដុំផ្សារថ្មី ផ្សារអូរឬស្សី តាមដងវិថីម្ដុំមាត់ទន្លេ កន្លែងកម្សាន្ដ និងកន្លែងហូបចុក នានា។ ជាពិសេស​កន្លែង​លក់ផ្កា កន្លែង​លក់វត្ថុ​អនុស្សាវរីយ៍ មានភាពខុសប្លែកពីសព្វដង ដោយគេសង្កេតឃើញមានការដាក់តាំងផ្កា យ៉ាងល្អ​ស្រស់ មានការ​វេចខ្ចប់ មើលទៅគួរឱ្យចាប់អារម្មណ៍​ធ្វើឱ្យអ្នកមានគូសង្សារ​​ឃើញហើយ​មានចិត្ដចង់​ទិញយក​ទៅជូនសង្សារ របស់ខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចាប់តាំងពី យុវវ័យ​ចូលរួម​ក្នុងពិធី​បុណ្យ​សង្សារ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ផ្កា​កុលាប​ស្រស់ៗ​​លក់ដាច់​ច្រើនណាស់​ ព្រោះតែ​យុវវ័យខ្លះ​​បើទោះ​ជាមាន​ជីវភាព​ក្រីក្រ ប៉ុន្ដែ​​ពួកគេ​ក៏មាន​លទ្ធភាព​​រកប្រាក់​ទិញផ្កា​កុលាប​​ស្រស់​បាន​១ទង​​​សម្រាប់​​គូសង្សារ ​ឬអ្នក​​ដែលគេ​ពេញ​ចិត្ដ។ ផ្កាដាក់​លក់​នៅក្នុង​ថ្ងៃបុណ្យ​សង្សារ​​មានច្រើន​ប្រភេទ ជាផ្កា​ស្រស់​ក៏មាន ផ្កា​សិប្បនិម្មិត​ក៏មាន។ ផ្កាកុលាប​ស្រស់​​ដែល​វេចខ្ចប់​យ៉ាងស្អាត លក់​ក្នុងតម្លៃ​១ដុល្លារ​​សម្រាប់​ផ្កាមួយ​​ទង។ ប៉ុន្ដែ​​សម្រាប់​​អ្នកដែល​​មានប្រាក់កាសច្រើន​អាចទិញគ្រឿង អលង្ការ​ជូនគូ​​សង្សារ ឬភរិយា។

បុណ្យសង្សាររីករាយ ឬទឹកភ្នែក

បើទោះបីជាភាគច្រើននៃយុវវ័យរីករាយ​ធ្វើបុណ្យសង្សារក៏ដោយ ក៏មានយុវតីមួយចំនួន​ស្រក់​ទឹកភ្នែក​ផងដែរ ដោយសារ តែផ្កាកុលាប​បណ្ដាលឱ្យមានការភ្លើតភ្លើន​បានបន្សល់​នូវភាព​សោក​ស្ដាយ ព្រោះយុវតីខ្លះ​បានបាត់បង់នូវព្រហ្មចារី មានផ្ទៃពោះ និងឆ្លង ជម្ងឺ​ផ្សេងៗ​ជាដើម។ ថ្ងៃបុណ្យសង្សារ​មិនមែនតែផ្កា ឬវត្ថុអនុស្សាវរីយ៍ទេ​ដែល​លក់ដាច់ សូម្បីតែ​​ស្រោម​អនាម័យ ផ្ទះសំណាក់់ កន្លែង កម្សាន្ដផ្សេងៗ​ក៏មានតួលេខកើនឡើង​ច្រើនគួរ​ឱ្យកត់​សម្គាល់​ដែរ។ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា​យើងទេ នៅឯ​បរទេស​វិញរឹត តែកក្រើក​ជាងនេះទៅទៀត ជាក់ស្ដែងដូចជាប្រទេសថៃ​ក្នុងថ្ងៃបុណ្យសង្សារ​ស្ទើរតែ​គ្រប់សណ្ឋាគារ​​នៅក្នុង​ប្រទេស​ត្រូវបានកក់ទុក​​ទាំងអស់។ តាមរយៈ​ព័ត៌មាន​នេះមានន័យ​ថា ការ​រួមភេទនៅ​ថ្ងៃបុណ្យ​សង្សារ​​ក៏មាន​អត្រាខ្ពស់​ណាស់ដែរ។ ជាងនេះទៅទៀត​ក៏មាន ករណី​មួយចំនួនទៀត ដូចជាយុវតីបានធ្វើអត្ដឃាត​ដោយសង្សារមិនជូនផ្កា ឬវត្ថុអនុស្សាវរីយ៍ ឬក៏ជ្រុលខ្លួនជាមួយសង្សារ​ដែលមិន ទទួលខុសត្រូវ។

បណ្ដាំផ្ញើ

យុវវ័យទាំងឡាយដែលកំពុងគាំទ្រថ្ងៃបុណ្យសង្សារ ត្រូវទទួលស្គាល់ការពិតថា ប្រពៃណីនេះមិនមែន​ជារបស់ខ្មែរទេ ហើយ ក៏មិន​មានការ​ហាមឃាត់​​ណាមួយ​ដែលរារាំង​ការទទួលយក​ប្រពៃណីនេះដែរ។ ប៉ុន្ដែសូមកុំធ្វើអ្វីហួសហេតុពេក ព្រោះមានយុវវ័យ​មួយ ចំនួន​ប្រព្រឹត្ដខ្លួន​មិនល្អ​​អាចនិយាយ​ថា ជាអំពើ​ពាលា អាសអាភាស គ្មានការអៀនខ្មាស និងសម្ដែងភាពស្និទ្ធស្នាល​ហួសព្រំដែន ដែលមិនអាច​ទទួល​យក​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ២៥ ខែកុម្ភៈ ឆ្នាំ២០០៨

Google Analytics Alternative