មនុស្ស​ខូចចិត្ដ

ចិត្ដគំនិត​របស់​មនុស្ស​គឺជា​មុខ​សញ្ញាមួយ​សម្រាប់​តម្រង់​ទិសទៅ​មុខ​ក្នុងការ​ប្រព្រឹត្ដ​អ្វីមួយ ក្នុង​ន័យ​ជាច្រើន​ដែល​មនុស្ស មួយចំនួន​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស។ មួយចំនួន​ទៀត​គេ​ជ្រើសរើស​យកការ​ប្រព្រឹត្ដ​ត្រឹមត្រូវ​សមស្រប​ទៅតាម​គតិ​បណ្ឌិត​ឬការ​ច្នៃប្រឌិត។ ប៉ុន្ដែ​បើ​លោកអ្នក​មួយចំនួន​បាក់​ទឹកចិត្ដ និង​ខូចចិត្ដ​ទៅលើ​បញ្ហា​អ្វីមួយ​ដែលបាន​កើតឡើង​ហើយ តើវា​អាច​ប៉ះពាល់​អ្វីខ្លះ​ដល់ សង្គម​គ្រួសារ និង​ខ្លួនឯង?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង គឺជា​ការ​បកស្រាយ​ចំពោះ​មនុស្ស​ខូចចិត្ដ ដោយ​លើកយក​ប្រសាសន៍ ផ្ទាល់​របស់​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត។

ខូចចិត្ដ​គឺជា​អ្វី?

ខូចចិត្ដ​គឺការ​ស្ដែងឱ្យ​ឃើញនូវ​អាកប្ប​កិរិយា​ឈឺផ្សា ចុកចាប់ បង្ហាញ​នូវភាព​សោក​សៅ សោក​សង្រេង ចូលចិត្ដ​នៅម្នាក់​ឯង ។ ជាពិសេស​មនុស្ស​ដែល​ខូចចិត្ដ​នេះអាច​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស ឈាន​ដល់ការ​សម្លាប់​ខ្លួនឯង​ទៀតផង ដោយការ​សោកស្ដាយ​ទៅ លើ​រឿងរ៉ាវ​មួយចំនួន​ដែលខ្លួន​បាន​ប្រព្រឹត្ដ ឬគេ​ប្រព្រឹត្ដ​មកលើ​ខ្លួនឯង​ជាដើម។ មនុស្ស​ប្រភេទ​នេះឆាប់​បង្ហាញ​ឱ្យដឹង​នូវ​កាយ​វិការ ដោយ​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស ទាំង​សម្ដី និង​រូបភាព​ផ្សេងៗ​ជាដើម។

មូលហេតុ​ដែល​ធ្វើឱ្យ​ខូចចិត្ដ

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ខូចចិត្ដ គឺដោយ​សារតែ​ការ​ប៉ះទង្គិច​លើ​ផ្លូវ​អារម្មណ៍ ជាពិសេស​ផុសចេញ​ពីការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែលបាន​កើតឡើង ដែលបាន​ជំរុញ​ឱ្យមាន​ភាព​រន្ធត់​ញាប់ញ័រ​ដល់​ប្រព័ន្ធ​បញ្ជា​នានា ដូចជា​ខួរក្បាល បេះដូង និង សរីរាង្គ​ផ្សេងៗ​ទៀត ដែលបាន​កន្ដ្រាក់​មកពី​ការ​ភ័យខ្លាច​របស់ចិត្ដ​លោកអ្នក។ បើតាម​ផ្នែក​វេជ្ជសាស្ដ្រ គេបាន​កត់​សម្គាល់​ថា មូលហេតុ​ដែល​ឆាប់ឱ្យ​មនុស្ស​ខូចចិត្ដ​នោះ គឺ​បណ្ដាល​មកពី​តំណ​ពូជ ឬ​កើតឡើង​ដោយ​សារតែ​ភាព​រន្ធត់ និងការ​តក់ស្លុត​ដែលកើត​មាន ជា​ញឹកញាប់ ឬ​កើតមាន​តែម្ដង​ហើយ​បង្កជា​មហាវិនា​សកម្ម​ធំធេង។ ឧទាហរណ៍​ដូចជា​គ្រួសារ​ត្រូវភ្លើង​ឆេះផ្ទះ​ហើយ​ស្លាប់​ទាំងអស់ ដោយ​ពុំមាន​សល់​ទ្រព្យ​សម្បត្ដិ ឬ​គ្រួសារ​ត្រូវ​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម។ ជាពិសេស​យុវវ័យ​មួយចំនួន​បាត់បង់​មនុស្ស​ដែល​ខ្លួន ស្រឡាញ់​បែកចិត្ដ​ទៅ​រៀបការ​ចោល​ក៏បង្កឱ្យ​មាន​អារម្មណ៍​មួយ​ដែលខូចចិត្ដ​បាន​ដែរ។ អាការ​ខូចចិត្ដ​ប្រភេទ​នេះគឺ​លំបាក​ក្នុងការ​ព្យាបាល។ ហេតុនេះ​គួររក​មនុស្ស​ណាម្នាក់​ដែល​ស្និទ្ធស្នាល​ជាមួយ​អ្នក​ខូចចិត្ដ​ដើម្បី​ជួយ​ពន្យល់ និង​ដើរ​លេង​កម្សាន្ដ​ជាមួយ ហើយ​ផ្ដល់​ប្រឹក្សា​ល្អៗ ណែនាំ​ច្រើន​លើក​ច្រើន​សា អាច​ធ្វើឱ្យ​អ្នក​ខូចចិត្ដ​វិលទៅ​រកសភាព​ដើម​វិញ។ ជា​រួមការ​ខូចចិត្ដ​គឺ​កើតឡើង​ដោយសារ​សតិ អារម្មណ៍​របស់​ខ្លួន និង​ភាព​សោកស្ដាយ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គួរតែ​កាត់ចិត្ដ​នូវអ្វី​ដែលបាន​កើតឡើង​រួចហើយ ទោះបី​អាក្រក់​ក្ដីល្អ​ក្ដី ដែល​បង្កភាព​សោកសៅ ឬ​រន្ធត់ យ៉ាងណា​ក៏ដោយ មិនត្រូវ​រក្សាទុក​ក្នុង​ខួរក្បាល ឬ​មិនត្រូវ​រម្លឹក​នូវរឿង​រ៉ាវ​ទាំងនេះ​ឡើយ។ ព្រោះ​អាចបង្ក​ឱ្យ​លោកអ្នក​មានការ​លំបាក ទៅថ្ងៃ​មុខ មាន​ជម្ងឺ​ប្រចាំ​កាយ និងមាន​គំនិត​ខ្មាសគេ នឹង​អាច​ក្លាយជា​មនុស្ស​ចង់​សម្លាប់​ខ្លួនទៀត​ផង។ ដូច្នេះ​លោកអ្នក​ត្រូវតែ កាត់ចិត្ដ​ឱ្យបាន ហើយ​ជ្រើស​រើសយក​វិធី​ដែល​ល្អៗ ដើម្បី​ចូលរួម​ក្នុង​សង្គម និង​គ្រួសារ ដោយ​សុភមង្គល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative