កម្ពុជា​កាន់​តែ​រង​គ្រោះ​ដោយ​សារ​ជម្ងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១២​នេះ

បច្ចុ​ប្បន្ន កម្ពុជា​កំពុង​តែ​ជួប​ឧប​សគ្គក្នុ​ង​ការ​ទប់​ស្កាត់ និង​ព្យាបាល​អ្នក​ជម្ងឺ​អ៊ី​វី​៧១​ ដែល​ទើប​តែ​ផ្ទុះ​ឡើង​នៅ​កម្ពុជា​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ឥឡូវ​នេះ​កម្ពុជា​ត្រូ​វ​ជួប​ឧបសគ្គថ្មី​មួយ​ទៀត​ គឺ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ដែល​គេ​ប៉ាន់​ស្មាន​ថា​ អាច​នឹង​មាន​រីក​រាល​ដាល​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដូច​កាល​ឆ្នាំ​២០០៧។​ តើ​កម្ពុជា​ត្រូវ​តែ​ប្រកាស​អាសន្ន​ពី​ជម្ងឺ​មួយ​នេះ​ឬ​យ៉ាង​ណា?ហើយ​ថាតើ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ទាំង​អស់​នេះ?​ បើ​ប្រិយ​មិត្ត​អ្នក​អាន​ចង់​ជ្រាប​ច្បាស់​អំពី​បញ្ហា​នេះ សូម​តាម​អាន​ជា​មួយ​ការ​ចេញ​ផ្សាយរបស់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ដូច​តទៅ​នេះ៖​

រូបភាពគេហទំព័រសុខភាពកម្ពុជា

កាល​ពី​ម្សិល​មិញ មន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា​បាន​អះ​អាង​ថា ជម្ងឺ​គ្រុន​ឈាម​ដែល​កំពុង​រាត​ត្បាត​លើ​កុមារ​ បាន​សម្លាប់​កុមារ​កម្ពុជា​៦០​នាក់​ហើយ គិត​មក​ដល់​សប្ដាហ៍​ទី​២៧ នៃ​ឆ្នាំ២​០១២​នេះ។ ក្នុង​នោះ ​មាន​អ្នក​ជម្ងឺ​គ្រុន​ឈាម ១៥​ ៥៩៧​នាក់​ បាន​មក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​។ គ្រូ​ពេទ្យ​នៅ​ខេត្ត​តាកែវ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជម្ងឺ​គ្រុន​ឈាម​នៅ​ក្នុង​ពេល​នេះ​ ត្រូវ​តែប្រ​កាស​អាសន្ន​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ បាន​យល់​ដឹង​អំពី​ការ​រាត​ត្បាត​នៃ​ជម្ងឺ​ និង​ប្រញាប់​យក​កូន​មក​មន្ទីរ​ពេទ្យ​ នៅ​ពេល​កូន​ក្ដៅ​ខ្លួន​ខ្លាំង និង​ហាម​ប្រើ​ថ្នាំ​ក្រៅ​ពី​ប៉ារា​សេតា​ម៉ុល​ដើម្បី​បន្ថយ​កម្ដៅ​ទៅ​តាម​កម្រិត​ទម្ងន់​របស់​កុមារ។​ គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ជម្ងឺ​កុមារ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ​រូប​នេះ​ ក៏​បាន​អះ​អាង​បន្ថែម​ថា​ ក្នុង​​មន្ទី​រពេទ្យ​នេះបា​ន​ទទួល​កុមារ​រាល់​ថ្ងៃជា​ង២០​នាក់ ដែល​សង្ស័យ​កើត​ជម្ងឺ​គ្រុន​ឈាម។​

អនុ​ប្រធាន​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​តាកែវ​ វេជ្ជ​បណ្ឌិត តែ ​វ៉ាន់​ថា ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១២​ម្សិល​មិញ​ថា ​ជម្ងឺ​គ្រុន​ឈាម កំពុង​រាត​ត្បាត​កុមារ​កើន​ឡើង​ពី​មួយ​សប្ដាហ៍​ទៅមួយ​ស​ប្ដាហ៍​​​នៅ​ក្នុង​រដូវ​វស្សានេះ​។ ​លោក​វេជ្ជ​បណ្ឌិត​ បន្ត​ថា កុមារ​ឈឺ​គ្រុន​ឈាម​ដែល​ក្រុម​គ្រូ​ពេទ្យ​ទទួល​ឲ្យ​សម្រាក​មាន​ចំនួន​៦០​នាក់ ហើយ​មាន​កុមារ​ជិត​៥០​ទៅ​៦០​នាក់​ទៀត​ កំពុង​រង់​ចាំ​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ។​ ប៉ុន្តែ​ដោយ​គ្រូ​ពេទ្យ​មមាញឹក​ព្យាបាល​ មិន​ទាន់​បាន​បូម​យក​ឈាម​គ្រប់​អ្នក​ជម្ងឺ​ថ្មី​យក​ទៅ​វិភាគ​នៅ​ឡើយ​ទេ។ ជម្ងឺ​គ្រុន​ឈាម​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ ​មាន​កុមារ​ជាង​៣០០​នាក់ បាន​មក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ។ លោក​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា៖«មាន​កូន​ឈឺ​ សង្ស័យ​មាន​គ្រុន​ឈាម គួរ​ចៀស​វាង​កុំ​ប្រើ​ប្រាស់​សេវា​នៅ​ក្នុង​ភូមិ ជួន​កាល​វា​ជា​ការ​ដាក់​សេរ៉ូម​នៅ​ផ្ទះ​នោះ​ វា​ធ្វើ​ឲ្យ​ក្មេង​រឹត​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត ធ្វើ​ឲ្យ​ក្មេង​លើស​ជាតិ​ទឹក ហើយគា​ត់​ភ្លេច​គិត​ថា ក្មេង​វា​នឹង​វិវឌ្ឍ​ចូល​​ដំណាក់​កាល​មួយ​ធ្ងន់​ធ្ងរ​ នៅ​ថ្ងៃ​ទី​៤ ឬ​ទី​៥ ហើយ​យើង​ពិបាក​ជួយ​សង្គ្រោះ»។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារ​ព័ត៌​មាន​អាស៊ី​សេរី។​

ស្ត្រី​ម្នាក់​មក​ពី​ភូមិ​ព្រៃទូ​ក ឃុំ​អង្កាញ់​ ស្រុក​ទ្រាំង ខេត្តតា​កែវ បាន​អះអា​ង​ថា កូន​ប្រុស​គាត់​អាយុ​ជាង​៤​ឆ្នាំ​ ក្ដៅ​ខ្លួន​ខ្លាំង​ និង​ស្រែក​ឈឺ​ក្នុង​ពោះ។ គាត់​ព្យាបាល​កូន​ដោយ​គ្រូពេទ្យ​ភូមិ​២​ថ្ងៃ កូន​គាត់​នៅ​តែ​ក្ដៅ​ត្រជាក់ៗ​។ កាល​ពីរសៀល​ថ្ងៃ​ច័ន្ទ ទី​១៦ កក្កដា​ គាត់​សង្ស័យ​កូន​ឈឺគ្រុ​ន​ឈាម ក៏​បាន​យក​កូន​មក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ​៖ «ម្សិល​មិញ​វា​ប្រកាច់​ រឹ​ង​ដៃ​រឹង​ជើង​ ហើយ​ភ្នែក​ស្លឺឡើ​ង​លើ»។​

កុមារា​ឈ្មោះ ​ឡុង ផេង អាយុ​១៣ឆ្នាំ​ កំពុង​តែ​មាន​ឈាម​ហូរ​តាម​ច្រមុះ ដៃ​ជាប់​សេរ៉ូម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ក្ដៅខ្លួ​ន​៤​ថ្ងៃហើ​យ។ គ្រូ​ពេទ្យ​បាន​ជោះ​ឈាម​គាត់​យក​ទៅ​ពិនិត្យ​ រួច​ដឹង​ថា គាត់​ឈឺ​គ្រុន​ឈាម។ គ្រូ​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ ​ប៉ុន្តែ​គាត់​នៅ​តែហូរ​ឈាម​តាម​ច្រមុះ។ គាត់​បាន​បញ្ជាក់​ថា៖ «ក្ដៅ​ញាក់ៗ​ ហើយ​ឈឺ​ក្បាល»។​

យុវជន​អាយុ ១៥​ឆ្នាំ ឈ្មោះ ​សុភ័គ្រ​ មក​ពីភូ​មិ​២ ឃុំរ​កាក្នុ​ង ក្រុង​ដូន​កែវ ខេត្ត​តាកែ​វ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ គាត់ទៅការបងនៅខេត្តបាត់ដំបង ហើយបានក្ដៅខ្លួន។ គ្រូពេទ្យនៅបាត់ដំបង ក្រោយពីជោះឈាមគាត់រួចប្រាប់ថា គាត់មានជម្ងឺគ្រុនឈាម និងគ្រុនពោះវៀន។

គាត់ត្រូវក្រុមគ្រួសារដឹកមកព្យាបាលបន្តនៅខេត្តតាកែវ កាលពីយប់ថ្ងៃច័ន្ទ ទី១៦ ខែក​ក្កដា។ គ្រូ​ពេទ្យខេត្ត​តាកែវ ទើប​ជោះឈាម មិន​ទាន់​ប្រាប់​ថា គាត់​មាន​ជម្ងឺ​អ្វី​នៅ​ឡើយ ប៉ុន្តែ​គ្រូពេ​ទ្យ​បាន​ចាក់​សេរ៉ូម​ និង​ផ្ដល់​ថ្នាំ​លេប​បន្ថយ​កម្ដៅ ​គាត់​នៅ​តែ​ក្ដៅ​ខ្លួន​ខ្លាំង ចុក​ក្នុង​ពោះ និង​ឈឺ​ក្បាល។​

ប្រធាន​​មណ្ឌល​​ជាតិ​​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ បារ៉ា​ស៊ីត​សាស្រ្ត បាណក​សាស្រ្ត នៃក្រ​សួង​សុខា​ភិបាល​ វេជ្ជ​បណ្ឌិត​ ច​ ម៉េង​ចួ​ បាន​​ថ្លែ​ង​​ថា ក្រសួង​ធ្លាប់​បាន​ជូន​ដំណឹង​ដល់​សាធា​រណ​ជន​ឲ្យ​ប្រុង​ប្រយ័ត្ន​ជម្ងឺ​គ្រុន​ឈាម នៅ​ក្នុង​ឆ្នាំ​២០១២​ អាច​មាន​ការ​រាត​ត្បាត​ប្រហាក់​ប្រហែល​ឆ្នាំ​២០០៧ កន្លង​ទៅ។ លោក​មាន​ប្រសាសន៍​បន្ត​ថា គិត​ដល់​ថ្ងៃ៧​ ខែ​កក្កដា​ ឆ្នាំ​២០១​២​ មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​ចំនួន ១៥.៥៩៧​នាក់ ក្នុង​នោះ​បាន​ស្លាប់ ៦០​នាក់។ កុមារ​ស្លាប់​ និង​កើត​ជម្ងឺ​គ្រុន​ឈាម​ភាគ​ច្រើន​មាន​អាយុ​ពី​៥​ឆ្នាំ ទៅ​៩​ឆ្នាំ។ លោក​បន្ត​ថា អ្នក​ជម្ងឺ​គ្រុន​ឈាម​ដែល​មក​ពី​ខេត្ត​តាកែវ​ កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​ភ្នំពេញ មាន​៥៣៦​នាក់ ក្នុង​នោះ​បាន​ស្លាប់​ចំនួន​២​នាក់។​

ជាមួយ​គ្នា​នេះ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ វេជ្ជ​បណ្ឌិត តែ​ វ៉ាន់​ថា បាន​ឲ្យ​ដឹង​បន្ត​ថា ក្រៅពី​ជម្ងឺ​គ្រុន​ឈាម ជម្ងឺ​គ្រុន​ឈីក​វី ​(CHIKV) ក៏​មាន​កើត​លាយ​ឡំ​ដែរ។ ក្រុម​គ្រូពេទ្យ​មក​ពី​ក្រសួង​សុខា​ភិបាល ​បាន​ចុះម​កយ​ក​ឈាម​អ្នក​ជម្ងឺ​ទៅ​ពិនិត្យ។​ លោក​សុំ​ឲ្យ​ពលរ​ដ្ឋ​ទូទៅរ​ហ័ស​យក​កូន​មក​កាន់​មន្ទីរ​ពេទ្យ​នៅ​ពេល​កូន​ចៅ មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​ និង​ក្ដៅ​សន្លឹម។​

បើ​យោង​តាម​របាយការ​ណ៍​ក្រសួង​សុខា​ភិ​បាល​បង្ហាញ​ថា អត្រា​កើត​មាន​ជម្ងឺ​គ្រុន​ឈាម​ខ្ពស់ គឺ​មាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ កំពង់​ស្ពឺ ​ឧត្តរ​មាន​ជ័យ សៀម​រាប និង​ខេត្ត​កណ្ដាល។ ជម្ងឺ​គ្រុន​ឈាម​ក៏​កំពុង​ផ្ទុះ​រាត​ត្បាត នៅខេ​ត្ត​ក្រចេះ ​មណ្ឌល​គិរី​ រតន​គិរី​ ស្ទឹង​ត្រែង​ និង​ខេត្ត​កែប​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ករណី​ឈឺ​កើនឡើង​នេះ បណ្តាល​មក​ពី​មូល​ហេតុ​៤​យ៉ាង​ គឺ៖​

1 . ដោយ​ឆ្នាំ​២០១២​ ជា​ឆ្នាំ​ទី៥​ នៃ​វដ្ដ​ការ​រាត​ត្បាត រាប់​ពី​ឆ្នាំ​២០០៧​មក​។ នៅ​ឆ្នាំ​២០១២ សន្ទស្សន៍​មូស​ខ្ពស់​ជាង​ឆ្នាំ​២០០៧​ ច្រើន​ខ្លាំង។​

2 . ដោយ​សន្ទស្សន៍​អ្នក​ជម្ងឺ​ដើម​ឆ្នាំ​២០១២ ខ្ពស់​ជាង​ឆ្នាំ២​០០៧​ ដែល​ជា​ឆ្នាំ​រាត​ត្បាត​ធំ។​

3 . ដោយ​ប្រជា​ពល​រដ្ឋ​បាន​យក​កូន​មក​ព្យាបាល​នៅ​សេវា​សាធារណៈ​ តាម​ការ​អំពាវ​នាវ​របស់​ក្រសួង​សុខា​ភិ​បាល។​

4 . កុមារ​ជាង​១​ម៉ឺន​នាក់​ដែល​គ្រូពេ​ទ្យ​ព្យាបាល​ វិនិច្ឆ័យ​ថា គ្រុន​ឈាម តាម​ពិត មិន​មែន​សុទ្ធ​តែគ្រុ​នឈាម​ទាំ​ង​អស់​ទេ​ គឺ​មាន​ច្រឡំ​គ្រុន​ឈីក​វី​ ​ព្រោះ​ថា​គ្រុន​ឈីក​វី​មួយ​ចំនួន​មាន​សញ្ញា​ប្រហែល​គ្រុន​ឈាម​ប្រភេទ​ស្រាល។​

របាយ​ការណ៍​ដដែល​បាន​សរសេរ​ថា ការ​ពិនិត្យ​ឈាម​ដែល​រើស​ដោយ​ចៃ​ដន្យ​យក​មក​វិភាគ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ចំនួន​៥០​នាក់​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ឧត្តរ​មានជ័យ ឃើញ​ថា​៤២%​ វិជ្ជ​មាន​វីរុស​គ្រុន​ឈាម​ ៤៦%​ វិជ្ជ​មាន​វីរុស​គ្រុន​ឈីក​វី ២%​ វិជ្ជមា​ន​វីរុស​គ្រុន​ឈាម​ផង​គ្រុន​ឈីក​វី​ផង និង​១២% អវិជ្ជ​មាន​វីរុស​គ្រុន​ឈាម ឬ​អវិជ្ជ​មាន​វីរុស​គ្រុនឈីក​វី៕​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative