អ្នក​កើត​ជម្ងឺ​ផ្ដាសាយ​សូមកុំ​ចូលរួម​បុណ្យ​អុំទូក

នៅពេល​រដូវ​បុណ្យ​អុំទូក​មកដល់​មនុស្ស​រាប់លាន​នាក់​ចូលរួម ក្នុង​កាលៈទេសៈ​នេះ​រដ្ឋមន្ដ្រី​សុខាភិបាល​បាន​អំពាវនាវ​កុំឱ្យ អ្នក​កើតជម្ងឺ​ផ្ដាសាយ​ចូលរួម​ពិធី​នេះ។ ប៉ុន្ដែ​មន្ដ្រី​ជំនាញ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា វាមិន​បង្កឱ្យ​មាន​បញ្ហា​នោះទេ គួរតែ​បង្វែរ​ពិធីបុណ្យ​នេះ​ដើម្បី​បង្កើន​ការយល់​ដឹងពី​ជម្ងឺ​ផ្ដាសាយ A/H1N1 ដល់​ប្រជាពលរដ្ឋ​ជំនួស​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឯកឧត្ដម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​សុខាភិបាល​បានប្រាប់​ឱ្យដឹង​ថា នៅ​ពិធីបុណ្យ​អុំទូក​ខាងមុខ​នេះ ក្រសួងសុខាភិបាល​នឹងចែក​ខិត្ដប័ណ្ណ​អប់រំ​ចំនួន​៥០០,០០០​សន្លឹក​ដល់អ្នក​ចូលរួម​ពិធី​បុណ្យ​នេះ ដើម្បី​បង្កើន​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ពី គ្រោះថ្នាក់​នៃមេរោគ​ផ្ដាសាយ​ថ្មី​A/H1N1។ ឯកឧត្ដម​បានបន្ដ​ថា “ខ្ញុំ​សូមឱ្យ​អ្នកមាន​ជម្ងឺ​ផ្ដាសាយ​ថ្មី A/H1N1 កុំ​ចូលរួម​ពិធី​បុណ្យនេះ ចាំជា​សះស្បើយ​ចាំ​ចូលរួម”។

គិត​ត្រឹម​ថ្ងៃទី៩ តុលា កន្លងមក​នេះ កម្ពុជា​មាន​មនុស្ស​ចំនួន​១៣០នាក់​បាន​រកឃើញ​ថា ឆ្លង​មេរោគ​នេះ ក្នុងនោះ​៣នាក់​បានស្លាប់។ ខេត្ដក្រុង​ចំនួន៨​ត្រូវបាន​ប្រកាស​ថា មានអ្នក​ឆ្លង​ជម្ងឺ​នេះ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានបន្ដ​ថា មនុស្ស​ភាគច្រើន ឈឺ​ដោយសារ​ជម្ងឺនេះ​មិន​ចាំបាច់​ព្យាបាល​ដោយ​វេជ្ជសាស្ដ្រ​ទេ គ្រាន់តែ​សម្រាក​នៅផ្ទះ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន លេបថ្នាំ ប៉ារ៉ា​សេតាមុល​បញ្ចុះ​កម្ដៅ នោះនឹង​ជា​សះស្បើយ​ដោយ​ឯកឯង។ ប៉ុន្ដែ​ប្រសិន​បើអ្នក​ជម្ងឺ​មាន​អាការ​ហត់​ពិបាក​ដកដង្ហើម​ដែលជា​រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ​នេះ សូម​ទាក់ទង​មន្ដ្រីប្រចាំ​ការ​របស់​យើង​តាមរយៈ​ទូរស័ព្ទ​១១៥, ០១២ ៤៨៨ ៩៨១ និង​០៨៩ ៦៦៩ ៥៦៧។

ឯកឧត្ដម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​បន្ដថា អ្នកមាន​ជម្ងឺ​រ៉ាំរ៉ៃ ដូចជា​ជម្ងឺ​ហឺត ទឹកនោម​ផ្អែម បេះដូង របេង អេដស៍ ក្រលៀន ជម្ងឺ​ថ្លើម ស្ដ្រីមាន​ផ្ទៃពោះ និង​អ្នកមាន​ជម្ងឺ​ធាត់ សូម​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត។ មេរោគ​នៃជម្ងឺ​នេះ​សាហាវ​ណាស់ ចំពោះ​អ្នក​ជម្ងឺ​មានជម្ងឺ​ប្រចាំ​កាយ”។ ក្រសួង​សុខាភិបាល​ក៏បាន​ជូន​ដំណឹង​ទៅ​គ្លីនិក​ឯកជន​ឱ្យជួយ​សហការ​បញ្ជូន​អ្នក​សង្ស័យ​កើត​ជម្ងឺ​នេះ មក​មន្ទីរ​ពេទ្យ​សុខាភិបាល​ចុះអន្ដរាគមន៍​ឱ្យបាន​ទាន់​ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជា​វិធានការ​ដែល​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ដ ឯកឧត្ដម ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ថា “ការកាត់​បន្ថយការ​ចម្លង អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ វិធានការ​អនាម័យ​មានសារៈ​សំខាន់​ណាស់ ដើម្បី​កាត់​បន្ថយការ​ចម្លង​ជម្ងឺនេះ ដែល​បច្ចុប្បន្ន​ក្រសួង សុខាភិបាល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​ឱ្យ​លោកគ្រូ​អ្នកគ្រូ​អប់រំ​កូនសិស្ស​របស់ខ្លួន​ឱ្យធ្វើ​អនាម័យ។

មាន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ចូលរួម​ពិធី​បុណ្យ​អុំទូក វា​មិនមែន​ជា​ឱកាស​ធ្វើឱ្យ​មានការ​រាតត្បាត​ខ្លាំងក្លា​ទេ ប៉ុន្ដែ​ផ្ទុយ ទៅវិញ យើងអាច​ប្រើ​ពិធី​បុណ្យនេះ​ដើម្បី​បង្កើន​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ជំនួស​វិញ។ ជា​បទពិសោធន៍​កន្លងមក ប្រទេស​មួយចំនួន​មាន​មេរោគ​នេះ ហើយមាន​ប្រជាពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ច្រើន ប៉ុន្ដែ​នៅពេល​ចប់​ពិធី​បុណ្យ​មិនមាន​ករណី​ឆ្លង​ធ្ងន់ធ្ងរ​កើតឡើង​ទេ។

លោក Nima ASGARI អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍ ថា អ្នកកើត​ជម្ងឺ​ផ្ដាសាយ​ថ្មី A/H1N1 មិនបង្ក​ឱ្យមាន​អត្រា​ស្លាប់​ខ្ពស់នោះ​ទេ ដោយមាន​អត្រា​ស្លាប់​ប្រមាណ​៤.០០០​នាក់ ក្នុង​ចំណោម​អ្នកឆ្លង​មេរោគ​នេះ៣៤០.០០០​នាក់។ ជម្ងឺនេះ​អាចឆ្លង​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្ដែ​នៅពេល​មានអ្នក​ឆ្លងជម្ងឺ​នេះច្រើន យើងនឹង​ប្ដូរ​យុទ្ធសាស្ដ្រ​នៃការ​ធ្វើតេស្ដ ដោយ​យើង​មិនធ្វើ​តេស្ដ​គ្រប់​ករណី​ទេ ផ្ទុយ​ទៅវិញ​យើង​នឹងធ្វើ​តេស្ដ​សម្រាប់​អ្នកមាន​អាការ​ធ្ងន់ធ្ងរ ប៉ុណ្ណោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative