ស្ប៉ា ៖ សារៈប្រយោជន៍ និងផលប៉ះពាល់

សុខភាព​ជារឿង​ដ៏សំខាន់ ដែល​លោកអ្នក​រមែង​យកចិត្ដ​ទុកដាក់ និង​ប្រុងប្រយ័ត្ន​បំផុត។ ការ​ហាត់ប្រាណ​គឺជា​រឿងមួយ​ដែលល្អ​សម្រាប់​សុខភាព និង​អាចរក្សា​លំនឹង​លោកអ្នក​បាន។ ចំណែក​ស្ប៉ាក៏​មិនខុស​ពីការ​ហាត់ប្រាណ​ប៉ុន្មាន​ដែរ ដោយ​គ្រាន់តែ​ស្ប៉ាមាន​លក្ខណៈ​ពិសេស​ខ្លះៗ​ជាងការ​ហាត់ប្រាណ។ ជាការ​ពិតណាស់​ការធ្វើ​ស្ប៉ា​គឺមាន​សារៈ​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព និង​សម្រស់​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី ជា ពុទ្ធាសត្យា អ្នក​គ្រប់គ្រង​នៃ​ឡាប៊ែលឡាស្ប៉ា និង​សាឡន បក ស្រាយ​អំពី​សារៈ​ប្រយោជន៍​នៃការ​ធ្វើស្ប៉ា ដើម្បី​ឱ្យ​លោកអ្នក​បាន​ជ្រាប និង​យល់ដឹង។

តើអ្វី​ទៅជា​ស្ប៉ា?

ស្ប៉ា​មានច្រើន​ប្រភេទ​ទៅតាម​ការ​ចង់បាន​របស់​លោកអ្នក ដូចជា​ការ​ម៉ាស្សាមុខ ម៉ាស្សា​ប្រេង ម៉ាស្សាខ្លួន​បែបខ្មែរ​បុរាណ ម៉ាស្សា​ស្អំពន្លៃ ម៉ាស្សា​បាតជើង ម៉ាស្សា​ខ្លួន​ខាត់ស្បែក ត្រាំទឹក​ស្ទីម និង​សូណា ត្រាំទឹក​ក្នុង​អាងផ្កា​ក្រអូប​ឱ្យមាន​អារម្មណ៍ ស្រស់​ថ្លា(អាងទឹក​មាន​ទឹកក្ដៅ និង​ទឹកត្រជាក់)។ ការស្ទីម​ធ្វើឱ្យ​បែកញើស​ស្រួលខ្លួន និង​អាចជួយ​សម្រួល​សរសៃ​ឈាម​ឱ្យដើរ​បានស្រួល រីឯការ​សូណា​ជួយ​សម្រក​ជាតិ​ខ្លាញ់ និងជួយ​បំបាត់​ជាតិពុល​ពី​ក្នុងខ្លួន​របស់​លោកអ្នក​បាន​ផងដែរ។

របៀប​នៃការ​ធ្វើស្ប៉ា

  • ការ​ម៉ាស្សាមុខ ៖ មាន​វិធី​៥យ៉ាង​នៃការ​ថែរក្សា​ស្បែកមុខ មាន​គ្រប់វ័យ​ទាំងបុរស និង​នារី ដូចជា​ធ្វើឱ្យ​មុខស​ស្អាត ព្យាបាល​មុខមុន និងស្បែក​ដែល​ងាយនឹង​ប្រតិកម្ម។
  • ការ​ម៉ាស្សា​ប្រេង ៖ គឺជា​វិធី​ម៉ាស្សា​ម្យ៉ាង​ដែលអាច​ជួយឱ្យ​សរសៃ​ឈាម​រត់ស្រួល និង​ជួយបន្ថយ​អារម្មណ៍​តានតឹង។
  • ម៉ាស្សាខ្លួន​បែបខ្មែរ​បុរាណ ៖ អាចជួយ​កាត់បន្ថយ​ការ​ចុករោយ​នៃ​រាងកាយ និង​ភាព​ហត់នឿយ។
  • ម៉ាស្សា​ស្អំពន្លៃ ៖ ផ្សំពី​ថ្នាំបុរាណ និង​ពន្លៃ ដែលយក​មកស្អំ​ខ្លួន និង​ម៉ាស្សា ដើម្បី​ជួយ​សម្រួល​សរសៃ​ឈាម។
  • ម៉ាស្សាខ្លួន​ខាត់​ស្បែក ៖ ការ​ម៉ាស្សា​បែបនេះ​មានច្រើន​បែប និង​ច្រើន​វិធី ដូចជា​ស្រាក្រហម​លាយ​ជាមួយ​ទឹកដោះ​គោ ដើម្បី​ខាត់ស្បែក​ឱ្យទន់​សរលោង​ស្អាត។ ផ្លែ​អាល់ម៉ុន​ជួយឱ្យ​ស្បែកទន់​ហើយ​មាន​សំណើម។ តែ​បៃតង​ផ្ដល់​សំណើម​ដល់ស្បែក និង​មានសភាព​ម៉ដ្ឋស្មើ។
  • ម៉ាស្សា​បាតជើង ៖ ដើម្បី​ជួយដល់​លោកអ្នក​ដែលធ្វើ​ការ​ហត់នឿយ ព្រោះ​បាតជើង​ជាកន្លែង​ផ្ដុំនៃ​សរសៃ​ឈាម។

សារៈ​ប្រយោជន៍​នៃស្ប៉ា​ចំពោះ​សុខភាព

ការស្ប៉ា​មិន​ត្រឹមតែ​ផ្ដល់​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ថែរក្សា​សម្រស់​ឱ្យបាន​ស្អាត​ថែមទៀត ផង។ ម្យ៉ាងទៀត​ការស្ប៉ា​ជួយ​សម្រួល​ដល់​លោកអ្នក​នូវ​អាការ​ចុក​ចង្កេះ ចុក​ស្រពន់​ដៃជើង អារម្មណ៍​ធូរស្បើយ​ពីភាព​តានតឹង។ ស្ប៉ា​ត្រូវមាន​រយៈពេល​ពី១ម៉ោង​ទៅ២​ម៉ោង ជាពេល​ដ៏​សមស្រប​មួយ​ជួយឱ្យ​លោកអ្នក​មានពេល​សម្រាក និង​កម្ចាត់​ភាព​ហត់នឿយ សម្រាប់​លោកអ្នក​ដែលមាន​ភាព​មមាញឹក​នឹង​ការងារ។ ការស្ប៉ា​ត្រូវបា​ន​ធ្វើឡើង​ពេញ​រាងកាយ​ទាំងអស់ ទៅលើ​ក្បាល មុខ ដងខ្លួន ដៃ និង​ជើង​ជាដើម។ មិនតែ​ប៉ុណ្ណោះ​ការស្ប៉ា​ចំពោះ​ស្ដ្រី​ដែលឆ្លង​ទន្លេ​ហើយ​អាចធ្វើ​ការ​ម៉ាស្សា​​ស្អំពន្លៃ ស្ទីម ឬក៏​ឆ្ពុង ព្រោះ​ការ ម៉ាស្សា​ទាំងនេះ​ធ្វើឱ្យ​ឈាម​ដើរស្រួល សុខភាព​ស្បែក​មាន​សភាព​ស្រស់ថ្លា និង​ធ្វើឱ្យ​សម្រស់​កាន់តែ​ស្អាតមួយ​កម្រិត​ថែមទៀត។

សារៈ​ប្រយោជន៍​នៃស្ប៉ា​ចំពោះ​សម្ផស្ស

ក្រៅពី​ជួយដល់​សុខភាព​លោកអ្នក ការស្ប៉ា​ក៏អាច​ជួយ​ព្យាបាល​មុខដែល​មានជាតិ​ខ្លាញ់ ស្បែកមុខ​ងាយ​ប្រតិកម្ម ស្បែកស្ងួត ពេកជួយ​ឱ្យមាន​សំណើម រួមទាំង​មាន​វីតាមីន​សម្រាប់​ចិញ្ចឹម​ស្បែកឱ្យ​សរលោង​ស្អាត។ សម្រាប់​លោកអ្នក​ដែលមាន​សភាព​ស្បែកជ្រីវជ្រួញ​ដែល​បណ្ដាល​មកពី​ការ​ប្រែប្រួល​ផ្សេងៗ និងជួយ​ជម្រុះនូវ​កោសិកា​ចាស់ៗ​ក៏អាច​ជួយដល់​លោកអ្នក​បានដែរ។

ផល​ប៉ះពាល់​នៃការ​ស្ប៉ា

ការធ្វើ​ស្ប៉ាមាន​ផល​ប៉ះពាល់​តិចតួច​បំផុត ព្រោះ​ស្ប៉ាមាន​លក្ខណៈ​ធម្មជាតិ​សុទ្ធ ដោយ​មិនមាន​ប្រើថ្នាំ​អ្វីដែល​មាន​ជាតិ​គីមីនោះទេ។ ភាគច្រើន​នៃការ​ធ្វើស្ប៉ា​នេះ គឺមាន​ធាតុផ្សំ​ពី​រុក្ខជាតិ​ធម្មជាតិ​បុរាណ​ដែល​មានសារៈ​ប្រយោជន៍​ចំពោះ​សុខភាព និង សម្រស់។ សម្រាប់​លោកអ្នក​ដែលមាន​ជម្ងឺ​បេះដូង គឺ​មិនអាច​ធ្វើ​ស្ប៉ា​បាតជើង​បាន​នោះទេ ព្រោះអាច​ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​បេះដូង ដូចជា​ធ្វើឱ្យ​ឈាម​ដើរលឿន ដែល​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ក៏មិន​អាចធ្វើ​ម៉ាស្សា​បាតជើង​បានទេ ពីព្រោះ​អាចផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ និង​កូនក្នុង​ផ្ទៃ។

ដំបូន្មាន​អ្នក​ជំនាញ

ជាការ​ពិតណាស់​បន្ទាប់ពី​ការហាត់​ប្រាណ​ដែលជា​លក្ខណៈ​បែបធម្មជាតិ​ដែល​សំខាន់​សម្រាប់​មនុស្ស​គ្រប់វ័យ ស្ប៉ា​គឺជា​ចំណុច បន្ទាប់​ដែល​លោកអ្នក​គួរតែ​ជ្រើសរើស។ សម្រាប់​លោកអ្នក​ដែលមាន​ការ​មមាញឹក​នឹង​ការងារ​ខាងក្រៅ គឺ​រងនូវ​ពន្លឺ​ព្រះអាទិត្យ ធូលី អាកាស​ធាតុ​ប្រែប្រួល​ដែលជា​ហេតុ​ធ្វើឱ្យ​សម្រស់​មានការ​ចុះ​អន់ថយ។ លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់ និង​ឆ្លៀតពេល​ឱ្យបាន ច្រើន​ពី​សុខភាព ដើម្បី​ធ្វើស្ប៉ា​សម្រួល​អារម្មណ៍ ភាព​នឿយហត់ អស់​កម្លាំង ឬការ​ស្ដ្រេស​ជាដើម ព្រោះ​អាច​ធ្វើឱ្យ​លោកអ្នក​ទទួល​បាន នូវ​សុខភាព​ល្អប្រសើរ និង​ជោគជ័យ​នៅក្នុង​ជីវិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative