ជម្ងឺ​ស្វិត​ខួរក្បាល

មនុស្សចាស់​ភាគ​ច្រើន ជាពិសេស​ស្ដ្រីមាន​អាយុ​ចាប់ពី​៦៥ឆ្នាំ​ឡើង​ទៅ កំពុងតែ​ប្រឈមមុខ​ទៅនឹង​ជម្ងឺ​ស្វិត​ខួរក្បាល​យ៉ាង​ច្រើន ដោយសារ​តែការ​គ្រប់គ្រង និងការ​ទទួល​ទាន​អាហារ​ដែលមាន​ជាតិ​វីតាមីន​មិនបាន​ដិតដល់។ ស្ដ្រីក្នុង​វ័យនេះ​បាន​បញ្ចប់​ឈាមរដូវ អាហារ​បំប៉ន​សុខភាព​មិនបាន​ជំរុញ​ដល់​សរសៃ​ឈាម ប្រព័ន្ធ​ប្រសាទ​ចិញ្ចឹម​រាងកាយ និង​ខួរក្បាល​ចាប់ផ្ដើម​ចុះខ្សោយ កាន់តែ​មាន​អារម្មណ៍ភ្លេចភ្លាំង​ច្រើន រហូត​មានពេល​ថ្ងៃខ្លះ​អ្នកជម្ងឺ​មាន​អាការ​វង្វេង​វង្វាន់​ទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថែមទៀត ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ច​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត ហែម សុគន្ធា ឯកទេស​ជម្ងឺ​ទូទៅ និង​វះកាត់​ឆ្អឹង​មកពី​ប្រទេស​បារាំង និងជា​គ្រូពេទ្យ​ប្រចាំ​នៅ​គ្លីនិក ទេព ផន។

ជម្ងឺ​ស្វិត​ខួរក្បាល​ជាអ្វី?

ជម្ងឺ​ស្វិត​ខួរក្បាល​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែល​កើតចេញ​ពីការ​កកស្ទះ​សារជាតិ​អាមីឡូអ៊ីត នៅក្នុង​កោសិកា​ខួរក្បាល​ក៏​ដូចជា ការកកស្ទះ​សរសៃ​ឈាម​តូចៗ ដែលអ្នក​វិទ្យាសាស្ដ្រ​ហៅថា​ជម្ងឺ​សរសៃ​ឈាម​អាមីឡូអ៊ីត។ ម្យ៉ាងទៀត​ជម្ងឺនេះ​កើតឡើង​ដោយ​សារតែ​ប្រូតេអ៊ីន​មិនធម្មតា ដែលគេ​ហៅថា​ប្រូតេអ៊ីនតួ វាជា​អ្នកបង្ក​ឱ្យខូច​សម្បក​ខួរក្បាល និង​អ៊ីប៉ូមេ។ អ៊ីប៉ូមេ​គឺជា​សារជាតិ​ម្យ៉ាង ដែលកើត​មាន​ដោយសារ​សារជាតិ​គីមី ដែលមាន​ទំនាក់​ទំនង​នឹង​សរសៃ​ប្រសាទ ហើយ​នាំឱ្យ​មានការ​ថយចុះ​សារជាតិ​អាសេទីនគូល័ន ជាដើម​ចមចាប់ផ្ដើម​នូវការ​កាត់បន្ថយ​ការ​ចងចាំ កាត់​បន្ថយការ​ស្វែងយល់ និង​ខ្វះការ​ប្រុង​ប្រយ័ត្ន។

រោគ​សញ្ញា​ជម្ងឺ​ស្វិត​ខួរក្បាល

ការ​បង្ហាញ​មួយបាន​បញ្ជាក់​ថា ចំពោះ​លោកអ្នក​ដែល​កើតមាន​ជម្ងឺ​ស្វិត​ខួរក្បាល​តែងមាន​ការ​ភ្លេចភ្លាំង​ឋិតថេរ និង​ខ្លាំងឡើង​បន្ដិច​ម្ដងៗ។ ឧទាហរណ៍​ថា ពេលខ្លះ​អ្នកជម្ងឺ​មិន​ចងចាំ​នូវ​ព្រឹត្ដិការណ៍​ថ្មីៗ​ដែល​ទើបនឹង​កើតមាន​ឡើង ឬ​ភ្លេចបិទ​ទ្វារ បិទភ្លើង បិទ​ហ្គាស ឬ​វត្ថុ​ផ្សេងៗ។ ម្យ៉ាងទៀត​អ្នកមាន​ជម្ងឺនេះ​ជាមនុស្ស​ពិបាក​និយាយ និយាយ​មិន​ច្បាស់លាស់ ភ្លេចពាក្យ​សម្ដី​ដែលខ្លួន​ចង់​និយាយ និង​ប្រែប្រួល​អត្ដចរិត ចូលចិត្ដ​នៅ​ស្ងៀមស្ងាត់។

មូលហេតុ​បណ្ដាលឱ្យ​មាន​ជម្ងឺ​ស្វិត​ខួរក្បាល

មាន​មូលហេតុ​មួយចំនួន​ដែល​ជំរុញ​ឱ្យមាន​ជម្ងឺនេះ​គឺអាច​មានកត្ដា​ដូចជា​អាយុ និងកត្ដា​តំណពូជ។ មិនតែ​ប៉ុណ្ណោះ​កើត​ចេញ មក​ពីការ​គិតច្រើន ឬ​ធ្វើការ​ច្រើន​ពុំមាន​ការឈប់​សម្រាក​ខួរក្បាល និងគ្មាន​ពេលវេលា​សម្រាប់​កម្សាន្ដ ឬ​លម្ហែ​អារម្មណ៍ ដើម្បី​ជម្រះ​នូវទុក្ខ​កង្វល់ ឬ​ការងារ​ដែល​ស្មុគស្មាញ ធ្វើឱ្យ​ខួរក្បាល​ហាក់បី​ដូច​កកស្ទះ ឬ​ណែនថប់ៗ ជំរុញ​ឱ្យមាន​ជម្ងឺ​នៅក្នុង​កោសិកា ខួរក្បាល។ ហើយ​វាធ្វើ​ឱ្យមាន​ការ​កកស្ទះ​សារជាតិ​អាមេឡូអ៊ីត​ក៏​ដូចជា​សរសៃ​ឈាមតូចៗ ដែល​រត់ទៅ​ចិញ្ចឹម​ខួរក្បាល ដោយសារ​ចលនា​ខួរក្បាល​កំពុង​រងសម្ពាធ​ក្នុងការ​គិតច្រើន។

វិធី​ព្យាបាល​ជម្ងឺ​ស្វិត​ខួរក្បាល

ដើម្បី​ធ្វើការ​កែ​សម្រួល​ដល់អ្នក​ជម្ងឺ​ស្វិត​ខួរក្បាល ជំហាន​ដំបូង​ត្រូវតែ​យកអ្នក​ជម្ងឺ​ទៅជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​ និងពិនិត្យ​អាការ​រោគ​បន្ថែម​ទៀត ហើយ​ឱ្យអ្នក​ជម្ងឺ​រម្លឹក​រឿងរ៉ាវ​របស់ខ្លួន​ដែលបាន​ធ្វើ​កន្លងមក និងមាន​គម្រោង​ធ្វើបន្ដ។ ម្យ៉ាងទៀត​អ្នកជម្ងឺ​ត្រូវបាន​ពិនិត្យ​ពី​អតីតភាព ប្រវត្ដិ​គ្រួសារ ការ​ប្រើថ្នាំ​ជំនួយ​ខួរក្បាល​មួយចំនួន​ទៀត និងប្រើ​ឱសថ​បញ្ឈប់​ការ​ថយចុះ​ជាតិ​អាសេទីកូលីន បន្ទាប់​មកអ្នក​ជម្ងឺ​ត្រូវបាន​ពិនិត្យ​ជាបន្ដ​បន្ទាប់ រុករក​នូវភាព​ប្រែប្រួល​សារធាតុ​ក្នុង​សរីរាង្គ និងការ​ថតឆ្លុះ និង​ពិនិត្យ​ចលនា​ខួរក្បាល។ លើសពី​នេះមាន​មធ្យោបាយ​ព្យាបាល​អ្នកជម្ងឺ​ផ្សេង​ទៀត គឺការ​ថែទាំ​វេជ្ជសាស្ដ្រ​សង្គម​ដោយ​យកអ្នក ជម្ងឺ​រស់នៅ​កន្លែង​សមស្រប និង​មធ្យោបាយ​ការពារ​អ្នកជម្ងឺ​ពី​គ្រោះថ្នាក់​ផ្សេងៗ។ ត្រូវ​អនាម័យ​ងូតទឹក ស្លៀកពាក់​ឱ្យបាន​ត្រឹមត្រូវ ផ្ដល់​អាហា​រូបត្ថម្ភ​ឱ្យបាន​ទៀងទាត់ និង​ការពារ​ការ​រលាក​បង្ហួរនោម​ផងដែរ។

វិធី​ការពារ​ជម្ងឺ​ស្វិត​ខួរក្បាល

ដើម្បី​ការពារ​ជម្ងឺនេះ លោកអ្នក​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​យកថ្នាំ​មកលេប ដើម្បី​ទប់​សារជាតិ​អាសេទី កូលីន​កុំឱ្យ​ថយចុះ ព្រោះ​បើវា​ថយចុះ​នឹងខូច​ប្រព័ន្ធ​បញ្ញា​របស់​ប្រព័ន្ធ​ប្រសាទ។ ម្យ៉ាងទៀត​សារជាតិ​អាមេឡូ​អ៊ិត​ត្រូវតែ​ការពារ ឱ្យបាន​ល្អផង​ដែរ ព្រោះវា​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​រត់ទៅ​ចិញ្ចឹម​សរសៃ​ឈាម​ខួរក្បាល។ ប្រសិន​បើអ្នក​ជម្ងឺ​មិន​ទទួល​យក វិធី​ការពារ​ខាងលើ​នេះឱ្យ​បានល្អ​នោះទេ អាចធ្វើ​ឱ្យ​ខួរក្បាល​កាន់តែ​ទទួលរង​សម្ពាធ​ខ្លាំង​ឡើង នឹងមាន​ការ​ប្រែប្រួល​ក្នុងការ​វិវឌ្ឍន៍​ខួរ ក្បាល​ឱ្យ​ស្ពោតស្វិត​កាន់តែ​ឆាប់​រហ័ស។

ផល​ប៉ះពាល់​នៃជម្ងឺ​ស្វិត​ខួរក្បាល

ជម្ងឺនេះ​មានផល​ប៉ះពាល់​ជាច្រើន ត្រូវមាន​អ្នក​ថែទាំ​ខ្ពស់ ព្រោះអ្នក​ជម្ងឺ​បាត់ការ​ចងចាំ។ ជាពិសេស​អ្នកជម្ងឺ​ត្រូវការ អនាម័យ​ឱ្យបាន​ល្អ ដោយ​ហេតុ​ថាពេល​ខ្លះអ្នក​ជម្ងឺ​អាច​ហូរនោម​ដោយ​មិនដឹង​ខ្លួន ហើយ​អាចមាន​ដំបៅ​នៅលើ​រាងកាយ។ ម្យ៉ាង​ទៀត អ្នកជម្ងឺ​អាច​ប៉ះពាល់​ទៅលើ​សរីរាង្គ និង​កាយ​សម្បទា​ផ្សេងៗ ការ​ចងចាំ​ចាប់ផ្ដើម​កាត់បន្ថយ​ម្ដងបន្ដិចៗ មិនអាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃបាន ទោះបី​ជាកម្លាំង​កំហែង ឬ​ចលនា​នៅធម្មតា​ក៏ដោយ។ បន្ទាប់មក​ទៀតអ្នក​ជម្ងឺ​ថយចុះ​ទម្ងន់ មាន​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ថយចុះ ការ​ស្ដាប់ និង​ការមើល​មិនសូវ​ច្បាស់។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​បងប្អូន ឬក្រុម​គ្រួសារ​កើតមាន​ជម្ងឺ​ស្វិត​ខួរក្បាល គួរតែ​ជ្រើសរើស​រក​ទីកន្លែង​សមរម្យ​ណាមួយ​ដើម្បី​មើលថែ​អ្នកជម្ងឺ និងមាន​ប្រដាប់​ការពារ​ផងដែរ។ ចៀសវាង​អ្នកជម្ងឺ​ប្រព្រឹត្ដ​អ្វី​ផ្ដេសផ្ដាស​ផ្ទុយពី​ការ​ហាមឃាត់​របស់​គ្រូពេទ្យ ឬ​ត្រូវតែ​ធ្វើការ​យកចិត្ដ​ទុកដាក់​មើលថែ​ខ្ពស់​ផ្នែក​អនាម័យ និង​សុខភាព ព្រោះថា​បើមិន​មានការ​ថែទាំ​ឱ្យបាន​ល្អទេ​នោះ អ្នកជម្ងឺ​អាច​វិវឌ្ឍន៍​ទៅរក​ជម្ងឺផ្សេងៗ​ទៀត ដូចជា​ជម្ងឺ​រលាក និង​សើស្បែក​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative