វិធី​បង្រៀន​កូនតូច​ដុស​ធ្មេញ

លោកអ្នក​តែងតែ​គិតថា ការ​ថែរក្សា និងការ​បង្រៀន​កូនតូច​ឱ្យចេះ​ដុសធ្មេញ​គឺជា​រឿង​ងាយស្រួល។ ផ្ទុយទៅ​វិញការ​ បង្រៀនក្មេង​តូចឱ្យ​ចេះដុស​វាជា​រឿង​ដែល​លំបាក ព្រោះ​ថាកូន​ក្មេងតូច​ដែលដុស​ធ្មេញ​ចេញមក​បានស្អាត​ល្អ គឺ​អាស្រ័យ​ទៅលើ​ឪពុកម្ដាយ​ដែល​ជាអ្នក​ជួយ​ថែរក្សា និង​បង្រៀន​កូនឱ្យ​បានល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លោក​ទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធាន​ក្រុម​គ្រូពេទ្យ​នៃមន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម នឹង បកស្រាយ​អំពី​បញ្ហានេះ​ជូនមិត្ដ​អ្នកអាន​ទាំងអស់ ឱ្យបាន​យល់​អំពី​របៀប​បង្រៀន​ក្មេងតូច​ដុសធ្មេញ។

របៀប​ថែ​រក្សា​ធ្មេញ

ការ​ថែរក្សា និងការ​បង្រៀន​ក្មេងឱ្យ​ចេះដុស​ធ្មេញ​មាន​សារៈ​សំខាន​ណាស់ ដែល​ឪពុកម្ដាយ​ត្រូវតែ​យល់ដឹង​ឱ្យបាន​ច្បាស់។ ធ្មេញ​ត្រូវបាន​គេ​បែងចែក​ជាពីរ​ប្រភេទ​គឺ ធ្មេញ​ទឹកដោះ និង​ធ្មេញ​ស្រុក។ ធ្មេញ​ចាប់ផ្ដើម​ដុះ​នៅក្នុង​អំឡុង​ពេល​ក្មេងមាន​អាយុ​ពី៦ខែ ទៅ​១៨ខែ។ ធ្មេញ​ទឹក​ដោះដុះ​គឺមាន​រយៈពេល​ពី៦ខែ​ទៅ២៤​ខែ រីឯធ្មេញ​ស្រុក​ចាប់ផ្ដើម​ដុះ​ចាប់ពី​អាយុ៦​ឆ្នាំទៅ​ដល់២៥​ឆ្នាំ។ ជាទូទៅ​នៅពេល​ដែលធ្មេញ​ដុះ អញ្ចាញ​ធ្មេញ​ត្រូវបាន​បើក ជាហេតុ​ដែលធ្វើ​ឱ្យក្មេង​ឈឺឬ​ក៏​រាករូស គ្រុនក្ដៅ​ខ្លួន ឬក៏​ធ្វើឱ្យ​ក្មេង​បៀមដៃ​ជាដើម។ រយៈពេល​នៃការ​ដុះធ្មេញ​ពី៦ខែ​ទៅដល់​២៤ខែ គេ​ហៅថា​រយៈពេល​នៃការ​បើក​អញ្ចាញ​គឺជា​រយៈពេល​មួយដែល​ងាយ ចម្លង​មេរោគ​ណាស់ ហើយ​ក្មេង​ឧស្សាហ៍​ឈឺ​នៅក្នុង​រយៈពេល​នៃការ​បើក​អញ្ចាញ​នេះ។ បើកូន​លោកអ្នក​ឈឺ​នៅ​រយៈពេល​នេះ ឪពុកម្ដាយ​គ្រប់រូប​ត្រូវតែ​ដឹង​ពីវិធី​ថែរក្សា​ធ្មេញ​កូនឱ្យ​ដុះមក​បានល្អ ហើយ​កុំឆ្លង​មេរោគ។ ពេលធ្មេញ​ចាប់ផ្ដើម​ដុះ​ដំបូង ម្ដាយ​ត្រូវតែ ធ្វើការ​សម្អាត​ដើម្បី​កុំឱ្យ​មាន​មេរោគ​ឆ្លង។ ដូចនេះ​ម្ដាយ​ត្រូវតែ​ជូត​អញ្ចាញ​ឱ្យស្អាត ដោយ​ប្រើ​សំឡី​ដែលស្អាត​មកជូត ព្រោះ​អញ្ចាញ​ស្អាត ធ្មេញដុះ​មកគ្មាន​មេរោគ ដែល​អាចជួយ​កាត់បន្ថយ​កុំឱ្យ​មានការ​ឈឺចាប់​ដល់​កុមារ​ទៀតផង។ នៅពេល​ធ្មេញដុះ​ចេញមក ម្ដាយ​ត្រូវតែ​ធ្វើការ​សម្អាត​ធ្មេញ​របស់កូន​ដោយប្រើ​សំឡី​មូរឱ្យ​តូច ហើយ​ជ្រលក់​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ បន្ទាប់មក​យកទៅ​ជូតលើ​អញ្ចាញ​ធ្មេញ​របស់​កុមារ នៅ​រៀងរាល់​ពេល​ដែលកុមារ​បៅដោះ​ឬ​ក្រោយ​ពេល​កុមារ​ទទួល​ទាន​ជា​រៀងរាល់​ពេល។

របៀប​បង្រៀន​ក្មេង​ឱ្យចេះ​ដុស​ធ្មេញ

ម្ដាយត្រូវ​បង្រៀន​កូន​ឱ្យចេះ​សម្អាត​ធ្មេញ​ពីអាយុ១​ឆ្នាំទៅ១ឆ្នាំ​កន្លះ។ នៅពេល​ដែល​ដុសធ្មេញ​គឺត្រូវ​ប្រើ​ច្រាស​ដុសធ្មេញ ដែលតូច​ហើយ​ទន់ ហើយ​មិនត្រូវ​ដាក់ថ្នាំ​ដុសធ្មេញ​ដែលមាន​ជាតិ​ក្លអើរ៉ាយ ឬ​ក្លុយអ័រ​ទេ ព្រោះ​សារជាតិ​ទាំងនេះ​ធ្វើឱ្យ​ធ្មេញ​រឹងមាំ​ តែបើ​នៅពេល​ដែល​ដុសធ្មេញ ក្មេង​លេបចូល​ទៅក្នុង​ពោះ​អាច​ធ្វើឱ្យ​ក្មេង​ពុលបាន។ ដូចនេះ​ឪពុកម្ដាយ​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត នៅពេល​ដែលកូន​ដុសធ្មេញ មិន​បណ្ដោយ​ឱ្យក្មេង​ដុសដោយ​ខ្លួនឯង​នោះទេ ដូច​ពាក្យ​ចាស់​លោកពោល​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល។ ពេល​ដុសធ្មេញ​ត្រូវដាក់​ថ្នាំ​ដុសធ្មេញ​តែបន្ដិច​បានហើយ គឺប៉ុន​គ្រាប់​សណ្ដែក ត្រូវ​គ្រប់គ្រង​ការដុស​ធ្មេញ​នេះ​រហូត​ដល់​ក្មេង ចេះដុស​ដោយ​ខ្លួនឯង។

សារៈ​ប្រយោជន៍​នៃ​ធ្មេញ

ការឆាប់​សម្អាត​ធ្មេញ​អាចឱ្យ​ក្មេង​ទំពា​អាហារ​បានល្អ ធ្មេញដុស​ចេញ​មកត្រង់​ជួរល្អ ធ្វើឱ្យ​ក្មេង​ញញឹម​ស្អាត ជួយឱ្យ​ក្មេង​ និយាយបាន​ត្រឹមត្រូវ និយាយ​ច្បាស់ ធ្វើឱ្យ​មាន​ចន្លោះ​ដុះធ្មេញ ដើម្បី​ឱ្យធ្មេញ​ស្រុកដុះ​មកត្រង់​ជួរបាន​ល្អមិន​វៀច​ជាដើម។

ប្រការ​គួរ​ចៀសវាង ដើម្បី​ថែទាំ​ធ្មេញ​របស់​កុមារ

  • មិនត្រូវ​ឱ្យកុមារ​បៀមដៃ​ឬខាំ​មេដៃ​ទេ អាចធ្វើ​ឱ្យធ្មេញ​ដុះមក​មិនត្រង់​ជួរ
  • មិនត្រូវ​យកក្បាល​ដោះ​ឱ្យក្មេង​បៅ​នៅពេល​គេង ដែល​ជាហេតុ​ធ្វើឱ្យ​ពុកធ្មេញ
  • មិន​ត្រូវឱ្យ​ក្មេងប្រើ​ពពួក​ថ្នាំ​តេត្រា​ស៊ីគ្លីន​ច្រើនពេក​ទេ ព្រោះ​ធ្វើឱ្យ​ធ្មេញ​លឿង ដោយ​ចៀសវាង​ប្រើតាំង​ពីពេល​កូននៅ​ក្នុងផ្ទៃ​រហូតដល់​កូន​កើតមក។
  • នៅពេល​ដែលក្មេង​មាន​អាយុ​១ឆ្នាំ ឪពុកម្ដាយ​ត្រូវតែ​នាំកូន​ទៅជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​រកវិធី​ការពារ ឱ្យ​ធ្មេញដុះ​មកបាន​ស្អាត ហើយ​ត្រង់ជួរ​ល្អ។

វិធី​ជួយឱ្យ​ធ្មេញ​ស្អាត

នៅពេល​ដែលធ្មេញ​ស្រុកដុះ​គួរតែ​ទៅជួប​គ្រូពេទ្យ​រកវិធី​បិទ​នៅចន្លោះ​ធ្មេញ ដើម្បី​កុំឱ្យ​មាន​ចំណី​អាហារ​ចូល​ទៅក្នុង​ធ្មេញ ដែល​ជាហេតុ​ធ្វើឱ្យ​ធ្មេញ​ពុក។ មាន​ថ្នាំ​ម្យ៉ាងទៀត​គឺ​គេដាក់​លាយ​ជាមួយ​ទឹកដោះ​គោដើម្បី​ឱ្យក្មេង​បៅ ដើម្បី​រក្សា​ការពារ​ធ្មេញ តែបើ​ដាក់លើស​កម្រិតក៏​មាន​ផល​ប៉ះពាល់​ផងដែរ។ ដូចនេះ​ប្រការ​ដែលល្អ​ឪពុកម្ដាយ​ត្រូវតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​រកវិធី​ការពារ។

ដំបូន្មាន​អ្នក​ជំនាញ

ឪពុកម្ដាយ​គ្រប់រូប​មិនត្រូវ​ធ្វេសប្រហែស​នៅក្នុង​ការ​ថែរក្សា​ធ្មេញ​កូនឡើយ ត្រូវតែ​យកចិត្ដ​ទុកដាក់​ចំពោះ​កូន។ បើសិន​ជា លោកអ្នក​មានការ​ធ្វេស​ប្រហែស​នោះ វាអាច​បង្កឱ្យ​មានបញ្ហា​ជាច្រើន ដែលជា​ហេតុធ្វើ​ឱ្យ​លោកអ្នក​បាត់បង់​នូវ​ពេលវេលា រួមទាំង​ថវិកា​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative