ជម្ងឺ​ទឹកនោម​ផ្អែម និងស្ដ្រីមាន​ផ្ទៃពោះ

ការមាន​ផ្ទៃពោះ​គឺ​ទាមទារ​ឱ្យស្ដ្រី​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​សុខភាព ហើយ​រឹតតែ​យកចិត្ដ​ទុកដាក់​កាន់តែ​ខ្លាំងទៀត​នោះ គឺ​ករណី​ស្ដ្រីមាន​ផ្ទៃពោះ​ហើយមាន​ជម្ងឺ​ទឹកនោម​ផ្អែម។ ព្រោះថា​ស្ដ្រី​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម​ងាយនឹង​មាន​បញ្ហាច្រើន ជាពិសេស​ចំពោះ​ទារក និង​ម្ដាយ។ ហេតុនេះ​ទើបស្ដ្រី​មានជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវ​ថែរក្សា​សុខភាព​របស់ខ្លួន រួមទាំង​សុវត្ថិភាព​របស់​ទារក​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បី​បកស្រាយ​កាន់តែ​ច្បាស់​អំពី​ស្ដ្រី​ជម្ងឺ​ទឹកនោម​ផ្អែម និង​ការមាន​ផ្ទៃពោះ។

ប្រភេទ​ជម្ងឺ​ទឹកនោម​ផ្អែម

ជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវបា​ន​ចែកចេញ​ជាពីរ​ប្រភេទ​ធំៗ។ ប្រភេទ​ទី១​គឺអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ដែល​ប្រើប្រាស់​ថ្នាំចាក់ និង ប្រភេទទី២​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ដែល​ប្រើប្រាស់​ថ្នាំគ្រាប់។ ជម្ងឺ​ទឹកនោម​ផ្អែម​អាច​កើតឡើង​បាន​ដោយ​កត្ដា​តំណ​ពូជ កត្ដា​ធាត់​លើស ទម្ងន់​ជាដើម ជួនកាល​ជម្ងឺ​ទឹកនោម​ផ្អែម​ក៏អាច​កើត​ចំពោះ​អ្នក​ដែលមាន​រូបរាង​ស្គម​ផងដែរ។

ស្ដ្រីមាន​ជម្ងឺ​ទឹកនោម​ផ្អែម​អាចមាន​ផ្ទៃពោះ​បានដែរ​ឬទេ?

ចំពោះ​ស្ដ្រី​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទាំងពីរ​ដែលបាន​រៀបរាប់​ខាងលើ​នេះ គឺអាច​មាន​ផ្ទៃពោះ​បាន​ដូចគ្នា។ ប៉ុន្ដែ មុន​នឹង​សម្រេច​ចិត្ដ​ពពោះ​ស្ដ្រី​ត្រូវតែ​ជួប​គ្រូពេទ្យ​ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​ជាមុន​សិន ដើម្បី​ត្រួត​ពិនិត្យ និង​តាមដាន​ជាតិស្ករ រួម​ទាំង ធ្វើ​តេស្ដឈាម​ដើម្បី​រកជម្ងឺ​ផ្សេងៗ​បន្ថែម​ទៀត។ ម្យ៉ាងទៀត​ស្ដ្រី​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម​ហើយ​ប្រើប្រាស់​ថ្នាំគ្រាប់ ត្រូវ​ផ្លាស់ប្ដូរ​មក ចាក់ថ្នាំ​វិញ​ទៅតាម​វេជ្ជបណ្ឌិត​ណែនាំ។ ការធ្វើ​បែបនេះ​ដើម្បី​ឱ្យស្ដ្រី​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម​មាន​សុវត្ថិភាព​នៅក្នុង​ការមាន​ផ្ទៃពោះ ​ទាំងមុន និង​ក្រោយពេល​សម្រាល។

ផល​ប៉ះពាល់​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម

ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ និង​កំពុង​តែមាន​ជម្ងឺ​ទឹកនោម​ផ្អែម ហើយ​មិនបាន​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជម្ងឺ​ទឹក នោម​ផ្អែម​មុនមាន​ផ្ទៃពោះ ឬក៏​មានជម្ងឺ​ទឹកនោម​ផ្អែម​ទាំង​មិនដឹង​ខ្លួន​នៅពេល​ដែល​កំពុង​មាន​ផ្ទៃពោះ ពិតជា​មានផល​ប៉ះពាល់​មួយចំនួន​ដូចជា ៖

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • គ្រោះថ្នាក់​ចំពោះម្ដាយ ៖ អាចធ្វើ​ឱ្យ​រលូតកូន ព្រាយ​ក្រឡា​ភ្លើង ឬអាច​ធ្លាក់ឈាម​ខ្លាំង។ ជាពិសេស​នៅពេល​ដែល សម្រាល​កូន​មកអាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ នៅតាម​តំបន់​ដាច់​ស្រយាល ស្ដ្រី​មួយចំនួន​មិនបាន​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ទាំង​ម្ដាយ​ទាំងកូន។ នេះជា​ផលប៉ះពាល់​ធំបំផុត​សម្រាប់​ស្ដ្រី​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម ហើយ​មិនបាន​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។
  • គ្រោះថ្នាក់​ចំពោះកូន ៖ អាច​ស្លាប់កូន ជួនកាល​នៅពេល​ដែលកូន​កើតមក​ស្លាប់ភ្លាម ឬក៏​កើតបាន​ពីរទៅ​បីថ្ងៃ​ទើបស្លាប់​ក៏មាន។

ដូចនេះ​អ្វីដែល​ជាសុវត្ថិភាព​បំផុត​សម្រាប់​ម្ដាយ និង​ទារក គឺត្រូវ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុនពេល​មាន​ផ្ទៃពោះ។

ប្រការ​ត្រូវធ្វើ​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម

សម្រាប់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ហើយមាន​ជម្ងឺ​ទឹកនោម​ផ្អែម ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើនដូច​ស្ដ្រី​ធម្មតា ទៅតាម​វេជ្ជបណ្ឌិត​ណែនាំ។ ចំពោះ​ស្ដ្រី​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម ប្រសិនបើ​លើស​ទម្ងន់​គួរតែ​ធ្វើការ​បញ្ចុះ​ទម្ងន់​មុននឹង​មាន​ផ្ទៃពោះ ព្រោះ​ការបញ្ចុះ​ទម្ងន់​គឺអាច​ធ្វើឱ្យ​ជាតិស្ករ​នៅក្នុង​ឈាមមាន​កម្រិត​ធម្មតា។ ចំណែក​ឯការ​ធ្វើលំហាត់​ប្រាណ​ក៏ជា​វិធីមួយ​ដែលអាច​ធ្វើឱ្យ​មាតា និង​ទារក​មាន​សុខភាព​ល្អ ជាពិសេស​គឺអាច​គ្រប់គ្រង​ឱ្យ​ជាតិស្ករ​មាន​កម្រិត​ទាបបាន​ថែមទៀត​ផង។ ប៉ុន្ដែ​ការធ្វើ​លំហាត់​ប្រាណ​ត្រូវតែ​មានការ​ណែនាំ​ពីរ​របៀប​នៅក្នុង​ការហាត់​ទៅតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ពិសេស​ស្ដ្រីត្រូវ​ពិភាក្សា​ជាមួយ នឹង​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ញឹកញាប់ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង និង​ទារក។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​មាន​បងប្អូន ឬ​ឪពុកម្ដាយ​មានជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវតែ​ពិនិត្យ​រកជម្ងឺ​ទឹកនោម​ផ្អែម​ទើប​ជាការ​ប្រសើរ ព្រោះ ជម្ងឺ​នេះក៏​អាច​កើតឡើង​តាមរយៈ​តំណពូជ មិនមែន​កើតឡើង​ដោយឯងៗ​នោះទេ។ ចំណែក​លោកអ្នក​ដែលធាត់​លើស​ទម្ងន់ ក៏​គួរតែឱ្យ​គ្រូពេទ្យ​ពិនិត្យ​រកមើល​ជម្ងឺ​ទឹកនោម​ផ្អែម​ផងដែរ ព្រោះភាព​ធាត់​អាច​បញ្ជាក់ថា​មាន​ជាតិស្ករ​កើនឡើង។ ការមក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជាមុន​គឺជា​កត្ដា​ចាំបាច់​សម្រាប់​ស្ដ្រី​ដែលជា​មាតា។ ដូចនេះ​នៅមុន​ពេលមាន​ផ្ទៃពោះ​ត្រូវតែ​មកជួប​គ្រូពេទ្យ​ជំនាញ​ជម្ងឺទឹកនោម​ផ្អែម និង​ត្រូវមក​សម្រាលកូន​នៅកន្លែង​ដែលមាន​សុវត្ថិភាព ទើបអាច​ចៀសផុត​គ្រោះថ្នា​ក់ដែលស្មាន​មិនដល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative