ជម្ងឺ​ឱកាស​និយម(តចប់)

ជម្ងឺ​ឱកាស​និយម​បាន​បង្កជា​ជម្ងឺ​ជាច្រើន​ប្រភេទ​ដែលមាន​ការ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ជម្ងឺនេះ​មិនត្រឹម តែ​បង្កឱ្យ​មានជម្ងឺ​ចេញជា​រោគ​សញ្ញា​នៅមាត់​ផ្លូវ​ដង្ហើម និង​រោគសញ្ញា​នៅ​ក្រពះ ពោះវៀន​នោះទេ វា​ថែមទាំង​បង្ក​ឱ្យមាន​រោគ​សញ្ញា ទៅលើ​សរសៃ​ប្រសាទ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ ហើយ​និង​រោគសញ្ញា​លើស្បែក​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត សុះ ម៉ារី អ្នក​ឯកទេស​ផ្នែក​ជម្ងឺ​អេដស៍ និងជម្ងឺ​ឱកាស​និយម​នៅ​សមាគម​ឈូកស​ក៏បាន​បន្ដ​ផ្ដល់ បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ពី​រោគសញ្ញា និងផល​ប៉ះពាល់​នៃជម្ងឺ​ឱកាស​និយម​នេះ។

3 . រោគសញ្ញា​ក្រពះ និង​ពោះវៀន

អ្នកជម្ងឺ​៥០​ភាគរយ​កើតមាន​ជម្ងឺ​រាក​រ៉ាំរ៉ៃ​នៅពេល​ណាមួយ​នៃការ​វិវឌ្ឍន៍​របស់​ជម្ងឺ។ ជម្ងឺនេះ​ជាបញ្ហា​រំខាន និងកើត​ឡើង ជាញឹក​ញាប់​បំផុត​ចំពោះ​អ្នកផ្ទុក​មេរោគ​អេដស៍-អ្នក​ជម្ងឺ​អេដស៍។ ជម្ងឺ​រាក​រ៉ាំរ៉ៃ​នេះជា​ញឹកញាប់​ច្រើន​រួមផ្សំ​ជាមួយ​ការ​ចង្អោរ ស្រក ទម្ងន់ ចុកពោះ និងការ​ខ្សោះ​ជាតិទឹក។ ការ​បង្ការ​ចំពោះ​ជម្ងឺនេះ​ត្រូវមាន​ការ​យកចិត្ដ​ទុកដាក់​ទៅលើ​អនាម័យ​ផ្ទាល់ខ្លួន ជាពិសេស ការ​លាង​សម្អាត​ដៃ ការ​បរិភោគ​ទឹកដាំ​ឆ្អិន និង​ការ​បរិភោគ​សាច់ បន្លែ​ដែល​ឆ្អិនល្អ។

  • ជម្ងឺរាក​ដោយសារ​បាក់តេរី ៖ ចំពោះ​អ្នកផ្ទុក​មេរោគ​អេដស៍-អ្នក​ជម្ងឺ​អេដស៍ មាន​មូលហេតុ​ពីរយ៉ាង​នៃជម្ងឺ​រាក​ដោយសារ​បាក់តេរី គឺ​មេរោគ​សាលមូ​ណេលឡា ដែលច្រើន​ប្រទះ​ឃើញជា​ការពុល​អាហារ ហើយនិង​មេរោគ​ស៊ីជែលឡា។ មេរោគ សាលមូណេលឡា​អាចឆ្លង​ចូលក្នុង​ខ្លួន​មនុស្ស​តាមរយៈ​ការ​ទទួលទាន​អាហារ ឬការ​ទទួលទាន​ទឹក​មិនស្អាត ពិសេស​សាច់មាន់ ឬស៊ុត មិន​ឆ្អិនល្អ។ ចំពោះ​មេរោគ​ស៊ីជែលឡា ជាទូទៅ​ឆ្លងពី​លាមក​ចូលមក​មាត់​មនុស្ស។
  • ជម្ងឺផ្សិត​ក្នុង​បំពង់​អាហារ ៖ នៅពេល​ចំនួន​កោសិកា​គ្រាប់ឈាម​ចុះទាប នោះអ្នក​ជម្ងឺ​ច្រើនតែ​កើតមាន​ជម្ងឺ​ផ្សិត​កាន់តែ​ជ្រៅក្នុង​បំពង់ក ដូចជា​ក្នុង​បំពង់​អាហារ។ គេ​មិនអាច​មើលឃើញ​ផ្សិត​ក្នុង​បំពង់​អាហារ​ដោយការ​មើល​តាមមាត់​នោះឡើយ។ ជម្ងឺនេះ​អាច​បណ្ដាល​ឱ្យមាន​ការឈឺ​ដើមទ្រូង ព្រមទាំង​មានការ​ឈឺចាប់ និង​ពិបាក​លេបទឹក ឬ​អាហារ។

4 . រោគសញ្ញា​សរសៃ​ប្រសាទ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ

នេះគឺជា​រោគសញ្ញា​ដែល​កើតមាន​នៅក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៃជម្ងឺ​អេដស៍ នៅពេល​ប្រព័ន្ធ​ការពារ​រាងកាយ​មានការ​ខូចខាត​ធ្ងន់ធ្ងរ។ វាបាន​បញ្ចេញ​រោគសញ្ញា ដូចជា​ឈឺក្បាល គ្រុនក្ដៅ បញ្ហា​ភ្នែក​ស្រវាំង ឬមើល​មិនច្បាស់ មិនហ៊ាន​ត្រូវ​ពន្លឺ ព្រោះ​ធ្វើឱ្យ​ភ្នែក​មានការ​ឈឺចាប់ មាន​អារម្មណ៍​ច្របូក​ច្របល់ ដំណើរ​ការ​សតិបញ្ញា​យឺតយ៉ាវ ក្អួត​ចង្អោរ រឹងក និង​ឈឺក។ ជួនកាល​មាន​ប្រកាច់ និង​ការ​សន្លប់​បាត់ស្មារតី​ទៀតផង។

  • ជម្ងឺ​របេង​ស្រោមខួរ ៖ ជម្ងឺនេះ​ចាប់ផ្ដើម​បន្ដិចម្ដងៗ​ដោយការ​ឈឺក្បាល ស្មារតី​ចុះថយ គ្រុនក្ដៅ​បន្ដិចបន្ដួច​ពេល​ល្ងាច បែកញើស​ពេលយប់ និង​មានការ​ស្រក​ទម្ងន់។
  • ជម្ងឺផ្សិត​ខួរក្បាល ៖ ផ្សិត​ខួរក្បាល​មាន​អាការ ដូចជា​ឈឺក្បាល​ខ្លាំង ក្អួតខ្លាំង ប្រកាច់ និង​មានក្ដៅ​ខ្លួន។ គេធ្វើ​ការ វិភាគ​ជម្ងឺនេះ​ដោយការ​បូមយក​ទឹកឆ្អឹង​ខ្នងយក​ទៅវិភាគ។
  • ការ​ឈឺចាប់​សរសៃ​ប្រសាទ​ញាណ​ដឹង និង​សរសៃ​ប្រសាទ​ម៉ូទ័រ​ខាងក្រៅ ៖ គឺ​មានការ​ឈឺចាប់ និងស្ពឹក​នៅ​ម្រាមដៃ និង​ប្រអប់​ជើង។ បើសិន​ជា​ស្ថិតក្នុង​ករណី​ធ្ងន់ធ្ងរ គឺ​មានការ​ឈឺចាប់ និងស្ពឹក​នៅក​ជើង កំភួន​ដៃ និង​ម្រាមដៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5 . រោគសញ្ញា​លើស្បែក

អ្នកជម្ងឺ​ភាគច្រើន​ដែលមាន​ការ​ថយចុះ​នៃ​កោសិកា​គ្រាប់ឈាម​នឹង​កើតមាន​បញ្ហាស្បែក​មួយចំនួន។ ទោះបីជា​បញ្ហា​ស្បែក ដូចជា​ស្បែក​ស្ងួត និង​ស្បែក​រមាស់ មិនមាន​ការ​គំរាម​កំហែង​ដល់ជីវិត​ក៏ដោយ ក៏បញ្ហា​ទាំងនេះ​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​គុណភាព ជីវិត​របស់​អ្នកផ្ទុក​មេរោគ​អេដស៍-ជម្ងឺអេដស៍​ផងដែរ។

  • ស្បែក​រមាស់ ៖ វាមាន​រោគសញ្ញា​រមាស់​ខ្លាំង ហើយនឹង​រមាស់​កាន់តែ​ខ្លាំង​នៅពេល​យប់។ ដូចជា​ប្រការ​គួរ​ចៀសវាង​គឺ ការ​ប្រឈម​នឹងខ្យល់​ស្ងួត។
  • ជម្ងឺ​សើស្បែក ៖ ជម្ងឺនេះ​មាន​រោគសញ្ញា ដូចជា​មានស្នាម​ផ្ទាំងធំៗ​ដែលមាន​គែម​ច្បាស់ៗ និង​គ្របដណ្ដប់​ដោយ​ក្រមរ ក្រាស់​ពណ៌សភ្លឺ​ដូចប្រាក់។ ដូចនេះ​បន្ទាប់ពី​ងូតទឹក​រួច នៅពេល​ដែល​ស្ងួតស្បែក ត្រូវជូត​ផ្ដិតនឹង​កន្សែង​ទន់ៗ។
  • ជម្ងឺផ្សិត​លើស្បែក ៖ មាន​រោគសញ្ញា​ដូចជា​ស្បែករមាស់ និង​សើម ហើយ​មានច្រើន​នៅក្លៀក ក្រលៀន និង​នៅក្រោម ដោះ។
  • រលាក​សាច់ដុំ ៖ មានការ​ឈឺចាប់​ស្បែក​សើៗ​ជាច្រើន​កន្លែង មានបូស ឬហើម​រលោង និងក្ដៅ​នៅកន្លែង​ដែលមាន​បញ្ហា។

មូលហេតុ​បង្ក​ជម្ងឺ​ឱកាស​និយម

ជម្ងឺ​ឱកាស​និយម​កើតមាន​ឡើង​ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស​ចុះខ្សោយ​ខ្លាំង ដូចនេះ​ងាយធ្វើ​ឱ្យជម្ងឺ ទាំងអស់​នេះ ឆ្លៀត​ឱកាស​បង្កឱ្យ​មានបញ្ហា​តែម្ដង។ ជម្ងឺ​ទាំងអស់​បង្កឡើង​ដោយ​មេរោគ​ផ្សេងៗ​គ្នា ហើយ​មាន​រោគសញ្ញា និង​ប្រភេទ​ជម្ងឺផ្សេងៗ​ពីគ្នា ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើ។

វិធី​បង្ការ​ជម្ងឺ​ឱកាស​និយម

អ្នកផ្ទុក​មេរោគ​អេដស៍-អ្នកជម្ងឺ​អេដស៍ ដែលចេះ​ថែទាំ​ខ្លួនឯង​បានល្អ ពិតជា​អាច​រស់នៅ​បានយូរ​ដោយមាន​គុណភាព​ជីវិត ខ្ពស់។ គេអាច​បង្ការ​ជម្ងឺ​ឱកាស​និយម តាមរយៈ​ការ​ថែទាំ​ខ្លួនឱ្យ​បានល្អ។ អ្នកផ្ទុក​មេរោគ​អេដស៍-អ្នក​ជម្ងឺអេដស៍​គួរតែ​យល់ដឹង​ឱ្យ ច្បាស់​អំពី​រោគសញ្ញា​សំខាន់ៗ​នៃជម្ងឺ​ឱកាស​និយម ហើយ​ត្រូវ​ស្វែងរក​ដំបូន្មាន និងការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ដ្រ។ ការ​បង្ការ​ជម្ងឺ​ឱកាស និយម​រួមមាន ៖

  • ការ​អនាម័យ​ខ្លួនប្រាណ ៖ ត្រូវ​លាង​សម្អាត​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ជារៀង​រាល់ថ្ងៃ លាង​សម្អាត​ដៃជា​ប្រចាំ រាល់ពេល​មុន​ទទួលទាន​អាហារ និង​ក្រោយ​ពេលចូល​បង្គន់ ដុសធ្មេញ​យ៉ាងហោច​ណាស់​ឱ្យបាន​ពីរដង​ក្នុងមួយ​ថ្ងៃ និង​ការ​រៀបចំ​អាហារ​ទទួលទាន​ត្រូវ​ប្រកប​ដោយ​អនាម័យ​ខ្ពស់។
  • អាហារូបត្ថម្ភ ៖ ត្រូវប្រើ​ទឹកស្អាត​សម្រាប់​ការ​ចម្អិន​ម្ហូប​អាហារ និង​ទទួលទាន ទទួលទាន​បន្លែ និង​ផ្លែឈើ​ស្រស់ៗ ហើយ​ទទួល​ទាន​សាច់ និងស៊ុត​ដែល​ឆ្អិនល្អ។
  • ការធ្វើ​សកម្មភាព​ផ្សេងៗ ៖ លាង​សម្អាតដៃ​ជាប្រចាំ​បន្ទាប់​ពីធ្វើ​ការងារ​ជាមួយ​សត្វ ដូចជា​សត្វទា មាន់ ជ្រូក​ជាដើម។ សូម​ទទួលទាន​ដំណេក និង​ធ្វើការ​លំហែ​កាយ​ឱ្យបាន​គ្រប់គ្រាន់ ជាមួយ​គ្នានេះ​ផងដែរ​ត្រូវធ្វើ​លំហាត់​ប្រាណ​ស្រាលៗ។

ភាព​កាចសាហាវ​នៃជម្ងឺ​ឱកាស​និយម

អ្នកផ្ទុក​មេរោគ​អេដស៍ ឬ​អ្នកជម្ងឺ​អេសដ៍​ងាយនឹង​កើតមាន​ជម្ងឺ​ឱកាស​និយម​ផ្សេងៗ នៅ​ក្នុងពេល​ដែល​ចំនួន​កោសិកា​CD4 ចុះទាប​ដែល​បណ្ដាល​មកពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ចុះខ្សោយ សម្ពាធ​ខាង​ផ្លូវចិត្ដ​អាចមាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង កាយ និង​បណ្ដាល​មកពី​កង្វះខាត​អាហា​រូបត្ថម្ភ។ មេរោគអេដស៍​មិន​បណ្ដាល​ឱ្យស្លាប់​នោះទេ ប៉ុន្ដែ​ជម្ងឺ​ឱកាស​និយម​ដែល​កើតមាន ឡើង​អាច​បណ្ដាល​ឱ្យស្លាប់។ ពីព្រោះ​វាមាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ ជាឧទាហរណ៍​ការ​បង្ក​រោគ​រួមគ្នា ដូច​ជាជម្ងឺ​របេង និង​ជម្ងឺ​គ្រុនចាញ់ អាច​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ចុះខ្សោយ​ទៅៗ ហើយវា​នឹងបង្កើន​ល្បឿន​នៃការ​វិវឌ្ឍន៍​របស់​មេរោគ អេដស៍។ វានឹង​អាចបង្ក​ឱ្យអ្នក​ជម្ងឺ​ស្លាប់បាន ព្រោះ​ជម្ងឺ​ទាំងអស់​នេះនឹង​វាយលុក​សុខភាព​របស់​អ្នកជម្ងឺ​យ៉ាងខ្លាំង បើសិនជា​មិនបាន ទទួល​ការ​ព្យាបាល​ឱ្យបាន​ដិតដល់ និង​ត្រឹមត្រូវ​នោះទេ។

ដំបូន្មាន​អ្នក​ជំនាញ

អ្នក​ជម្ងឺ​ដែលមាន​ជម្ងឺ​ឱកាស​និយម គប្បី​ប្រតិបត្ដិ​ខ្លួនឱ្យ​បានល្អ ត្រូវយក​ចិត្ដទុក​ដាក់​ពីដំណាក់​កាលនៃ​ជម្ងឺ។ ត្រូវ​ទៅជួប​ព្យា បាល​ជាមួយ​គ្រូពេទ្យ​តាម​វេជ្ជបញ្ជា​ឱ្យបាន​ទៀងទាត់​ពេលវេលា។ គប្បី​មាន​អនាម័យ​ខ្លួនប្រាណ​ឱ្យល្អ ទទួលទាន​អាហារ​ដែល​សម្បូរ ទៅដោយ​វីតាមីន​ឱ្យបាន​គ្រប់គ្រាន់ និង​គប្បី​ធ្វើ​លំហាត់​ឱ្យបាន​ជាប្រចាំ ដើម្បី​ឱ្យមាន​សុខភាព​ល្អ និងមាន​រាងកាយ​មាំមួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative