ពង​ទក

បុរស​មួយចំនួន​មាន​អវយវៈ​ភេទ​ធ្លាក់​យារ​មួយ​ចំហៀង​តាំងពី​កុមារ​ភាព​មកម្ល៉េះ ដែលគេ​និយម​ហៅថា​ពងទក ព្រោះ​ទម្រង់​ពង​ទាំងពីរ​មិន​ដូចគ្នា មិន​ស្មើគ្នា ធំម្ខាង​តូចម្ខាង។ បញ្ហា​នេះ​ធ្វើឱ្យ​បុរស​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​អវយវៈ​ភេទ សំខាន់​សម្រាប់​ផ្លូវភេទ និង​បន្ដពូជ និង​ដើរ​តួនាទី​សំខាន់​សម្រាប់​ផលិត​អ័រម៉ូន និង​កោសិកា​បន្ដពូជ​ដែលគេ​ហៅ​ឈ្មោះ​ថា ស្ពែម៉ាតូសូអ៊ីត​នៅក្នុង​ពងស្វាស​ទៀតផង កំពុង​ចោទ​ជា​បញ្ហា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីឱ្យ​ជ្រាប​កាន់តែ​ច្បាស់​ជុំវិញ​បញ្ហា​ពងទក​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត លឹម វឌ្ឍនា គ្រូពេទ្យ​ឯកទេស​ជម្ងឺ​តម្រង​នោម និងជា​ប្រធាន​ផ្នែក​លាងឈាម​នៃ​មជ្ឈ​មណ្ឌល ជា ស៊ីម កាល់​ម៉ែត។

ពងទក​ជាអ្វី?

ពងទក​គឺជា​អាការ​ម្យ៉ាង​ដែល​បណ្ដាល​មកពី​ការធ្លាក់​ពោះវៀន​ចូល​ទៅក្នុង​ប្លោក​នោម ហើយ​ភាគច្រើន​គេ​ហៅថា​ពងកោប​ដែល​មាន​រូបរាង​តូច​មួយ​ចំហៀង​ធំមួយ​ចំហៀង​ខុសប្លែក​ពី​ធម្មតា។ តាម​វិទ្យា​សាស្ដ្រ​បាន​បញ្ជាក់​ថា ពងស្វាស​បុរស​មាន​ស្រោម​ពីរ ស្រោម​ខាងក្រៅ​មួយ និង​ខាងក្នុង​មួយ។ ពងទក​បណ្ដាល​មកពី​វត្ថុរាវ​ថ្លា​ដែល​នៅ​ចន្លោះ​ស្រោម​ទី១ និង​ស្រោម​ទី២ បាន​ជ្រៀត ចូល​ទៅក្នុង​ពង​ស្វាស បង្កឱ្យ​ប្រដាប់​ភេទ​បុរស​ឡើង​ធំមួយ​ចំហៀង។

រោគ​សញ្ញា​ពងទក

រោគ​សញ្ញា​ដែល​គួរឱ្យ​កត់​សម្គាល់​នោះគឺ ពងស្វាស​ម្ខាងរីក​ធំឡើងៗ​ជា​លំដាប់ គ្មានការ​ឈឺចាប់​អ្វី​ទាំងអស់។ ប៉ុន្ដែ​កាលណា រីក​កាន់តែ​ធំធ្វើ​ឱ្យ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ និង​ឈឺចាប់​បន្ដិច​បន្ដួច។ ចំពោះ​ពងទក​ដែលមាន​ចំពោះ​កុមារ​វិញ ក៏មាន​រូបរាង​ដូច​មនុស្ស ចាស់​ដែរ ដោយ​ពងប្លោក​មួយ​ចំហៀង​ធំម្ខាង នៅពេល​ដែលវា​ស្រែក​យំវា ពងនោះ​អាចឡើង​ធំ​ជា​លំដាប់ ការ​ប្រឹង​របស់​កុមារ​ក៏ បណ្ដាល​ឱ្យ​ពងទក​ឡើង​ខៀវថ្លា​ធំ​រលោង ហើយ​ក៏អាច​ស្រកតូច​ទៅវិញ​ខ្លះដែរ ប្រសិន​បើឈប់​ស្រែក​យំ។

មូលហេតុ​បណ្ដាល​ឱ្យ​ពងទក

ពងទក​បណ្ដាល​មកពី​បុរស​មួយចំនួន​មាន​រន្ធចូល​ទៅក្នុង​ប្លោក ហើយ​ច្រើន​កើតទៅលើ​បុរស​ដែលមាន​សាច់ដុំ​ខ្សោយ ពេលមាន​ចលនា​កន្ដ្រាក់​ពោះវៀន​ក៏ធ្លាក់​ចូល ស្រប​ពេល​ដែល​បញ្ចេញ​កម្លាំង​ខ្លាំង ឬធ្វើ​ការងារ​ធ្ងន់។ ចំពោះ​បុរស​មួយចំនួន​ពោះវៀន អាច​ត្រឡប់រក​សភាព​ធម្មតា​វិញ មួយចំនួន​ទៀត​នៅកក​ក្នុង​ស្រោម​ប្លោក​នេះតែ​ម្ដង។ ពងទក​ត្រូវបាន​ចែក​ចេញជា​ពីរ​សណ្ឋាន​ផ្សេង​គ្នា គឺ​កើតឡើង​តាំងពី​កំណើត ឬ​កើតឡើង​លើ​មនុស្ស​វ័យចាស់។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ពងទក​តាំងពី​កំណើត ៖ កើតឡើង​ដោយសារ​វត្ថុរាវ​ក្នុង​ពោះវៀន​ធ្លាក់​តាម​ដំណើរ​របស់​ស្រោមពង​ស្វាស តាម​រន្ធ ចូល​ទៅក្នុង​ប្លោក​កាលនៅ​ជាទារក​នៅក្នុង​ផ្ទៃម្ដាយ។ រន្ធនេះ​នឹង​បិទ​ជិត​បន្ដិច​ម្ដងៗ ជិត​ដល់​ពេល​កើតចេញ​ពី​ផ្ទៃម្ដាយ ឬ​ក្រោយ​ពេល​កើតបាន​ចំនួន១០​ថ្ងៃ និង​យ៉ាងយូរ​បំផុត​ពីមួយ​ឆ្នាំកន្លះ​ទៅពីរ​ឆ្នាំ។
  • ពងទក​កើតទៅ​លើ​មនុស្ស​ពេញវ័យ ៖ ចំពោះ​មនុស្ស​ពេញវ័យ ជម្ងឺ​ពងទក​នេះកម្រ​កើត​មាន​ណាស់ ហើយ​ក្រោយ​ពេល​កើត​គេមិន​អាច​សង្កេត​ឱ្យឃើញ​អំពី​មូលហេតុ​ឱ្យបាន​ច្បាស់​លាស់ណាស់។ ក្រៅពី​កើត​ដោយសារ​ការប៉ះ​ទង្គិច​ចំពង​ស្វាស ការ​ឆ្លងជម្ងឺ​ផ្សេងៗ និង​ក្រោយ​ពេល​ព្យាបាល​ជម្ងឺ​ក្លនលូន​ជាដើម។

វិធី​ព្យាបាល​ពងទក

ក្នុង​ករណី​ពោះវៀន​រលួយ​នៅក្នុង​ស្រោមប្លោក​ហើយ​នោះ ភាគច្រើន​គ្រូពេទ្យ​បាន​ជ្រើសរើស​យក​វិធី​វះកាត់​ព្យាបាល ដើម្បី​លុប​បំបាត់​នូវ​អាការ​ឈឺចាប់​របស់​អ្នកជម្ងឺ។ ក្រោយ​ពេល​វះកាត់​ប្រសិន​បើ​ពោះវៀន​របស់អ្នក​ជម្ងឺ​មិនទាន់​ឈានដល់​កម្រិត​មួយ ដែល​មានការ​ខូចខាត​ទេនោះ គ្រូពេទ្យ​មិនធ្វើ​ការ​កាត់​ពោះវៀន​នោះទេ គ្រាន់តែ​រុញ​ពោះវៀន​ឡើង​លើវិញ​ឱ្យចូល​ទៅកន្លែង​ចាស់​របស់​វា ហើយ​គ្រូពេទ្យ​បានដេរ​រន្ធនោះ​ភ្ជិត​តែម្ដង អ្នកជម្ងឺ​ត្រូវលេប​ថ្នាំផ្សះ​បន្ដិច​បន្ដួច អ្នកជម្ងឺ​អាចមាន​ទម្រង់​ពង​ស្វាស​ដូច​ធម្មតា ហើយ​សមត្ថភាព​ផ្លូវភេទ​ប្រើប្រាស់​បាន​ដូច​ធម្មតា​ផងដែរ។

ផល​ប៉ះពាល់​ចំពោះ​ពងទក

ប្រសិន​បើបុរស​ដែលមាន​ពងទក​ឬ​ពងកោប​មិន​ប្រញាប់​ព្យាបាល​នោះ អាចធ្វើ​ឱ្យ​ពោះវៀន​ដែល​ធ្លាក់​ចូលក្នុង​ស្រោម​ប្លោក នោះ​រលួយ នាំឱ្យ​មាន​ចុកចាប់។ ពេលខ្លះ​ការធ្លាក់​ពោះវៀន​អាច​ធ្វើឱ្យ​កកស្ទះ​នូវ​ដំណើរ​ការឈាម​រត់ទៅ​ចិញ្ចឹម​ពោះវៀន ព្រោះ​បង្កឱ្យ​ឈាមកក​ត្រឹម​រន្ធ​ស្រោមប្លោក​នាំឱ្យ​ស្លាក់​ខ្យល់ ហើយ​បង្កឱ្យ​ពោះវៀន​រលួយ​យូរៗ​ទៅមាន​អាការ​ចុកចាប់​កាន់តែ​ខ្លាំង។ ម្យ៉ាងទៀត ប្រសិនបើ​ពេល​ពងទក​ឡើង​កាន់តែ​ធំ ហើយ​អ្នកជម្ងឺ​ខ្វះការ​ប្រុង​ប្រយ័ត្ន មានការ​ប៉ះទង្គិច អាចមាន​ជម្ងឺ​រលាក​ដំបៅ ផ្លែសាច់ ពងស្វាស​រួញ ឬ​ស្វិត​រហូត​ដល់​បាត់បង់សមត្ថភាព​ផ្លូវភេទ និង​បន្ដពូជ។ ចំពោះ​ពងស្វាស​ដែលខូច​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម ដែលនាំ​ឈាម​យកមក​ចិញ្ចឹម​ពងស្វាស ហើយ​ក៏បង្ក​ឱ្យមាន​ជម្ងឺ​ផ្សេងៗ​ទៀត ដូចជា​ក្លនលូន ជម្ងឺពងទក​រួមគ្នា ហើយ​មាន​ជម្ងឺ គីស​នៅទង​ពងស្វាស​ទៀតផង។

វិធី​ការពារ​ចំពោះ​បុរស​ពងទក

ដើម្បី​ការពារ​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​បុរស​ដែលមាន​ពងទក គប្បី​ត្រូវ​ចៀសវាង​ការលើក​ធ្ងន់ ឬ​កុំ​ឧស្សាហ៍​អង្គុយ​ចោង ហោង ព្រោះ​នៅពេល​បញ្ចេញនូវ​កម្លាំង​ពលកម្ម​ខ្លាំង ពោះវៀន​ដែល​ស្ថិតក្នុង​ស្រោម​ប្លោកស្រាប់​អាចឡើង​ប៉ោង​កាន់តែ​ធំ ហើយ​ឆាប់ ទទួលរង​នូវ​ជម្ងឺ​ផ្សេងៗ​ទៀតផង ជាពិសេស​ពោះវៀន​នោះឆាប់​រលួយ​យ៉ាង​លឿន​បំផុត ខណៈពេល​ឈាម​សម្រាប់​ចិញ្ចឹម​ពោះវៀន នោះ​រត់មក​កកស្ទះ​នៅចំណុច​មុខ​រន្ធ​ប្លោក។

ដំបូន្មាន​អ្នក​ជំនាញ

បញ្ហា​ពងទក គួរតែ​រកវិធី​សាស្ដ្រ​ណាមួយ​ដើម្បី​ទៅជួប​គ្រូពេទ្យ​ធ្វើការ​ពិភាក្សា​រក​ដំណោះស្រាយ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ការរីក​ធំធាត់​នូវ​អាការ​នេះ ព្រោះ​បើទុក​យូរ​នោះ​អាចធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព។ ប្រការ​មួយ​ផ្សេង​ទៀត​នោះ គួរ​ចៀសវាង​យ៉ាង​ដាច់ខាត មិនត្រូវ​បញ្ចេញ​នូវ​កម្លាំង​ពលកម្ម​ខ្លាំង ឬ​លើក​របស់​មាន​ទម្ងន់​ធ្ងន់​នោះឡើយ វាអាច​បង្កឱ្យ​បញ្ហា​ពងទក​នេះកាន់តែ​ធ្លាក់យារ ហើយ​ប៉ោង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative