មូលហេតុ​ដែល​យុវវ័យ​ប្រើប្រាស់​គ្រឿង​ញៀន

គ្រឿងញៀន​គឺជា​សារធាតុ​ម្យ៉ាង​បង្ក​ឱ្យមាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​ចំពោះ​អ្នក​ប្រើប្រាស់ និងជា​អាវុធដ៏​សាហាវ​បំផុត​ដែល​បំផ្លាញ​សុខភាព និង​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ។ ប៉ុន្ដែ​យុវវ័យ​មួយចំនួន​នៅតែ​ប្រព្រឹត្ដ ទោះដឹង​ថា​គ្រឿងញៀន​បាន​បង្កឱ្យ​បាត់បង់​នូវ​សេចក្ដី​ថ្លៃថ្នូរ និង​សេចក្ដី​សុខ​សុភមង្គល​ក្នុងឆាក​ជីវិត​យ៉ាងណា​ក៏ដោយ។ ជាពិសេស​ធ្វើឱ្យ​បាត់បង់​ខូចខាត​ទាំង​សុខភាព​ផ្លូវចិត្ដ និង​សុខភាព​រាងកាយ ហើយ​ជាដើម​ហេតុនាំឱ្យ​ខ្លួន​ប្រព្រឹត្ដ​បទល្មើស​ផ្សេងៗ​តាម​អំណាច​គ្រឿង ញៀននេះ​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ មិត្ដភាព​ខ្មែរ-សូវៀត ដើម្បី​បកស្រាយ​អំពី​ផល​ប៉ះពាល់​នៃគ្រឿង​ញៀន និង​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​យុវវ័យ​ប្រើប្រាស់​គ្រឿង​ញៀន។

គ្រឿង​ញៀន ជា​អ្វី?

គ្រឿងញៀន​ជាសារធាតុ​ម្យ៉ាង​ដែលបាន​ចម្រាញ់​ចេញពី​រុក្ខជាតិ ឬ​សារធាតុ​គីមី​ដែលមាន​សកម្មភាព​ធ្វើឱ្យ​មាន​ផ្លាស់ប្ដូរ​នូវ មុខងារ​ផ្សេងៗ​របស់​សព៌ាង្គកាយ​មនុស្ស ឬ​សត្វ ជាពិសេស​ធ្វើឱ្យ​មានការ​ប្រែប្រួល​ប្រព័ន្ធ​សរសៃ​ខួរក្បាល បង្ក​លក្ខណៈ​ដល់​អ្នក​ប្រើប្រាស់​ឱ្យមាន​ការ​វង្វេង​វង្វាន់ ខូចសតិ​អារម្មណ៍ ឆាប់​ភ្លេចភ្លាំង ហើយ​ជំរុញ​ឱ្យអ្នក​ប្រើប្រាស់​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​ចំពោះ​សង្គម សាធារណៈ និង​សង្គម​គ្រួសារ។ គ្រឿងញៀន​មានច្រើន​ប្រភេទ​ដូចជា ៖

  • ប្រភេទ​គ្រឿងញៀន​ធម្មជាតិ ៖ អាភៀន កញ្ឆា ហេរ៉ូអ៊ីន​ខ្មៅ ហេរ៉ូអ៊ីន​គ្រាប់ និង​រុក្ខជាតិ​កូការ។
  • គ្រឿងញៀន​សំយោគ ៖ កូការអ៊ីមបាស គឺជា​គ្រឿងញៀន​បន្ថែម​សារជាតិ​គីមី។
  • អំហ្វេតាមីន ៖ គឺជា​គ្រឿងញៀន​ដែល​ផលិត​ចេញពី​ជាតិថ្នាំ​តំហ្វេតាមីន។ ធាតុ​ផ្សំ​ដោយ​គ្រឿងញៀន​សំយោគ​ក្នុងនោះ​ក៏មាន​អ៊ិចស្ដ្រាស៊ី ហេរ៉ូអ៊ីន កាវ​ផងដែរ។ ប្រភេទ​គ្រឿងញៀន​ខាងលើ​នេះ​គឺជា​ដើម​ចម​បំផ្លាញ​សុខភាព​របស់​លោកអ្នក​ឱ្យ​កាន់តែ​ហិនហោច និង​ទ្រុឌទ្រោម​ជាលំដាប់ បំផ្លាញ​សរីរាង្គកាយ និង​បង្កឱ្យ​លោកអ្នក​ប្រព្រឹត្ដ​បទល្មើស​បាន។

មូលហេតុ​ដែល​ធ្វើឱ្យ​ក្រុម​យុវវ័យ​ចាប់ផ្ដើម​ប្រើប្រាស់​គ្រឿងញៀន

ប្រការ​ដែល​យុវវ័យ​ឈាន​ដល់ការ​ប្រើប្រាស់​គ្រឿងញៀន​គឺអាច​បណ្ដាល​មកពី​សម្ពាធ​ក្នុង​សង្គម និង​មិត្ដភក្ដិ ឬការ​សាកល្បង​ផ្ទាល់​របស់ខ្លួន​តែម្ដង។ លុះពេល​សាកល្បង​ដឹងថា គ្រឿងញៀន​ធ្វើឱ្យ​មាន​អារម្មណ៍​ល្អ រវើរវាយ ប្រៀបបាន​មនុស្ស​កំពុង​ស្ថិតក្នុង​ឋានសួគ៌ យុវវ័យ​ទាំងនោះ​តែងតែ​ចាត់ទុក​ការសេព​គ្រឿងញៀន​​គឺជា​ល្បែងកម្សាន្ដ​សម្រាប់​កំដរ​អារម្មណ៍ទៅ​វិញ។ ម្យ៉ាងទៀត ហេតុផល​ដែល​យុវវ័យ​ប្រើប្រាស់​គ្រឿងញៀន គឺ​កើតចេញ​ដោយ​សារ ៖

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បញ្ហា​ផ្លូវចិត្ដ ដោយ​មាន​គំនាប​ខ្លាំងពី​ក្រុម​គ្រួសារ ឬ​មានការ​អូសទាញ​ពី​មិត្ដភក្ដិ​មួយ​ចំនួន ដោយ​មានការ​លួងលោម ជំរុញ​ឱ្យ​ទឹកចិត្ដ​ពួកគេ​ឈានទៅ​រកការ​សេព​ថ្នាំញៀន​ដោយ​មិនដឹង​ខ្លួន។
  • ដោយ​ឡែក យុវវ័យ​មួយចំនួន​ក៏បាន​ដឹងច្បាស់​អំពី​បញ្ហា​គ្រោះថ្នាក់​ចំពោះការ​ប្រើប្រាស់​គ្រឿងញៀន​នេះដែរ តែ​ពួកគេ នៅតែ​ចង់​សាកល្បង បន្ទាប់មក​ក៏​ក្លាយ​ទៅជា​អ្នក​ញៀនថ្នាំ​រហូត។ ហើយ​គ្រឿងញៀន​ក៏​ចាប់ផ្ដើម​កាត់ផ្ដាច់​សរីរាង្គ​រាងកាយ​បន្ដិច​ម្ដងៗ ជាពិសេស​ប្រព័ន្ធ​ខួរក្បាល​តែម្ដង។
  • កត្ដា​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​យុវវ័យ​មួយចំនួន​បាន​ក្លាយ​ទៅជា​ជន​រងគ្រោះ​ដោយ​មិនដឹង​ខ្លួន ដោយសារ​តែ​អំពើ​ដ៏ អាក្រក់​របស់​ចៅហ្វាយ​នាយ​ឬថៅកែ​មួយ​ចំនួន ដែល​ចង់កេង​ចំណេញ​កម្លាំង​ពលកម្ម​ពីក្រុម​យុវវ័យ​ឬកុមារ​ទាំងនោះ ដើម្បី​ទាញ​យកផល​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​ឱ្យ​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន​ឬដាក់​ក្នុង​ចំណី​អាហារ ទឹក​ជាដើម ដើម្បី​ឱ្យពួកគេ​ទទួល​ទាន​បំបាត់ ងងុយ​ដេក​ឬបង្កើន​ថាមពល​សម្រាប់​ធ្វើ​ការងារ​ឱ្យបាន​ច្រើន​ហើយ​មាន​កម្លាំង​ខ្លាំង ជាពិសេស​ជា​យុវវ័យ ជា​កម្មករ​សំណង់ កម្មករ នេសាទ​ជាដើម ដែលជា​ក្រុម​ចំណាក​ស្រុក​ទៅធ្វើ​ការ​ឆ្ងាយៗ។
  • យុវវ័យ​មួយចំនួន​ទៀត ជាពិសេស​ក្មេងស្រី​ដែល​បម្រើ​ការ​ក្នុងក្លឹប​ខារ៉ាអូខេ បម្រើស្រាបៀរ​តាមហាង​ផឹកស៊ី ក៏អាច​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង ដើម្បី​ឱ្យមុខ​ទំនិញ​របស់​ពួកគេ​លក់ដាច់​ច្រើន ទទួល​លុយ​ច្រើន ហើយ​អតិថិ​ជនឬ​ភ្ញៀវ​របស់​គេចង់​ឱ្យគេផឹក ហើយ​លួងលោម​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន។
  • យុវវ័យ​ខ្លះយក​គ្រឿងញៀន​ជាការ​កម្សាន្ដ​អារម្មណ៍​បំបាត់​ភាព​ស្មុគស្មាញ។ ការ​ប្រើប្រាស់​ញឹកញាប់​ធ្វើឱ្យ​ពួកគេ​ញៀន រហូត​បណ្ដាល​ចិត្ដឱ្យ​ក្លាហាន ហ៊ាន​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស ធ្វើយ៉ាង​ណា​ដើម្បី​យកលុយ​មកទិញ​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​បន្ដទៀត។
  • មិត្ដភក្ដិ​មួយចំនួន​ទៀត​ប្រើ​វិធី​ពង្វក់​ដោយយក​ល្បែង​ស៊ីសង​ជាត្រី​មុខ ឆ្លៀតពេល​នោះក៏​បបួល​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន រហូត​ញៀន​ដកខ្លួន​លែងរួចក៏​ក្លាយ​ទៅជា​ជន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ធ្ងន់ធ្ងរ។
  • យុវវ័យ​មួយចំនួន​ត្រូវចាញ់​បោក​មិត្ដភក្ដិ ដោយ​ឆ្លៀត​ឱកាស​ដាក់ថ្នាំ​ញៀន​ចូលក្នុង​អាហារ ឬ​ភេសជ្ជៈ​ឱ្យ​ទទួល​ទាន ប្រើប្រាស់​ពាក្យ​សម្ដី​លួងលោម និង​និយាយ​ពីភាព​ស្រើប​ស្រាល បង្ក​ជាលក្ខណៈ​សប្បាយៗ​នៅក្នុង​តុ​ហូបចុក ក៏​បណ្ដាល​ឱ្យជ្រុល​ខ្លួន ក្លាយ​ទៅជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន។

ដំបូន្មាន​អ្នក​ជំនាញ

យុវវ័យ​ទាំងឡាយ​ដើម្បី​ឱ្យខ្លួន​ចៀសផុត​ពីការ​ញៀន​ថ្នាំ​ដោយ​ប្រភេទ​ណាមួយ​នោះ ត្រូវ​ចៀស​ឱ្យផុត​ពីការ​លួងលោម របស់​មិត្ដភក្ដិ។ មិនត្រូវ​សាកល្បង​សូម្បី​តែម្ដង​ក៏ដោយ ព្រោះ​អាចធ្វើ​ឱ្យយើង​ញៀន​បាន។ លើសពី​នេះ​ប្រសិន​បើមាន​ការ​បបួល ពី​សំណាក់​មិត្ដភក្ដិ ឬ​នរណា​ម្នាក់ឱ្យ​ប្រើប្រាស់​គ្រឿងញៀន ត្រូវតែ​រកវិធី​ដើម្បី​ធ្វើការ​បដិសេធ​ឬ​ទៅប្ដឹង​សមត្ថកិច្ច​ឱ្យជួយ​អន្ដរាគមន៍ ប្រសិន​បើមាន​ការ​បង្ខិត​បង្ខំ​វាយដំ​ណាមួយ។ ត្រូវ​ចៀស​ឱ្យផុត​ពីការ​ប្រើប្រាស់គ្រឿង​ញៀន ទោះតាម​រូបភាព​ណាក៏​ដោយ។ ព្រោះ​គ្រឿងញៀន​ជាមុខ​អាវុធ​ដ៏ស្រួច​ស្រាវ​មួយ​សម្លាប់​ទាំង​សង្គម និង​សម្លាប់​ទាំង​សុខភាព ហើយ​គ្រឿងញៀន​ក៏​មិនមែន​ជាថ្នាំ​ប៉ូវ​អ្វីមួយ ឡើយ។ ត្រូវ​និយាយ​ថាទេ​ចំពោះ​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជា​មច្ចុរាជ​ពណ៌ស ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative