គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ និង​ផ្លូវកាយ

សុរា​ជាសារធាតុ​ញៀន​ដែលអាច​ធ្វើឱ្យ​លោកអ្នក​មិនអាច​ផ្ដាច់ខ្លួន​ចេញបាន​ដោយ​ងាយ​នោះទេ។ ការ​ទទួល​ទាន​គ្រឿង ស្រវឹង​ហួស​កំណត់​មិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​មិនអាច​គ្រប់គ្រង​ខ្លួន​ឯងបាន​នោះទេ ថែមទាំង​ផ្ដល់នូវ​គុណ​វិបត្ដិ​មួយចំនួន​ដល់​សុខភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដផងដែរ។ ដូចនេះ​លោកអ្នក​គប្បី​ស្វែងយល់​ឱ្យបាន​ច្បាស់ពី​ផលវិបាក​នៃការ​ទទួលទាន​គ្រឿង​ស្រវឹង និង​គប្បី ទទួល​ទាន​ដូចម្ដេច​ទើប​ផ្ដល់នូវ​ផាសុកភាព​ចំពោះ​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ពីបញ្ហា​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ដែល​ជាអ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃ​គ្លីនិកសាន់រ៉ាយ។

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​ផ្ដល់​គុណ​វិបត្ដិ​ជាច្រើន

មាន​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យល់ឃើញ​ថា សុរា​គឺជា​ភេសជ្ជៈ និង​ថ្នាំ​ដែល​អាច​ព្យាបាល​អាការ​ឈឺរោយ សាច់ដុំ ឈឺក្បាល ជួយ​ធ្វើឱ្យ​ឈាម​រត់បាន​ស្រួល​ល្អ និង​ព្យាបាល​រោគ​បេះដូង។ តាមពិត​សុរា​គឺជា​សារជាតិ​ពុល​ទៅវិញ​ទេ ដែលអាច​បង្ក​ឱ្យមាន​ផល​ប៉ះពាល់ទៅ​ដល់​សុខភាព​ទាំងកាយ​ទាំងចិត្ដ ហើយ​វានឹង​ស្ដែង​ចេញ​បញ្ហា​ធ្ងន់ធ្ងរ​ឬស្រាល​នៅថ្ងៃ​ណាមួយ។ យ៉ាងណា​មិញ មិនមែន​ការ​ទទួល​សុរា​តិចតួច​អាចផ្ដល់​ផល​ប៉ះពាល់​ទាំងអស់​នោះទេ លុះត្រា​តែការ​ទទួលទាន​សុរា​ហួស​កម្រិត​ទើបអាច​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់។ គ្រឿង​ស្រវឹង​គឺមាន​កម្រិត​នៃការ​ទទួលទាន ដែលគិត​ទៅតាម​កំហាប់​នៅក្នុង​ឈាម​របស់​លោកអ្នក បើ​យើង​ទទួល​ទាន លើសពី​ធម្មតា​សុរា​នឹងផ្ដល់​ផល​ប៉ះពាល់​ជាច្រើន ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ដ។

គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវចិត្ដ

ផល​ប៉ះពាល់​ទាំងនេះ​គឺមាន​ទំនាក់​ទំនង​រវាង​ផ្លូវកាយ និង​ផ្លូវចិត្ដ ដូចជា​ការ​ប៉ះពាល់ទៅ​ដល់​ខួរក្បាល​គឺអាច​ឈានទៅ​ដល់ ជម្ងឺ​វិកល​ចរិត​នៅពេល​ដែលមាន​កង្វះ​ជីវជាតិ​បេ១​(B1)។ មិនតែ​ប៉ុណ្ណោះ​ទេគឺ​អាចនាំ​ឱ្យមាន​ជម្ងឺថប់​អារម្មណ៍ បញ្ចេញ​រោគ​សញ្ញា​ទៅជា​ភ័យខ្លាច តក់ស្លុត បាក់​ស្បាត និង​អាចមាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ​ទៀតផង។ មួយវិញ​ទៀត​គឺមាន​ផលប៉ះពាល់​ឱ្យទៅ​ជាមាន​ជម្ងឺ​ចាស់វង្វេង លោកអ្នក​មួយចំនួន​ដែល​ទទួលទាន​ស្រា​ហួស​កំណត់​គឺអាច​បណ្ដាល​មានការ​វង្វេង​មុន​អាយុ គឺ​ដោយសារ​តែ​ជាតិស្រា​បានទៅ​បំពុល​កោសិកា​ខួរក្បាល ក្នុង​រយៈពេល​យូរ​ទៅនឹង​នាំឱ្យ​បាត់បង់​នូវ​តួនាទី​របស់​ខួរក្បាល​មិនអាច​បំពេញ​បាន ដូចនេះ​គឺនាំ​ឱ្យមាន​ការ​វង្វេង​ច្រើន ភ្លេច​ច្រើន និយាយ​ជារួម​គឺវា​បានទៅ​ប៉ះពាល់​ដល់​តំបន់​ចងចាំ​នៃ​ខួរក្បាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រឿង​ស្រវឹង​បង្កផល​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវកាយ

សុរា​ស្ទើរតែ​មានផល​ប៉ះពាល់​ចំពោះ​សរីរាង្គ​ទាំងអស់ តែមាន​សរីរាង្គ​មួយចំនួន​គឺងាយនឹង​ប៉ះពាល់ ដូចជា​ថ្លើម ប្រដាប់ រំលាយ​អាហារ ក្រពះ ពោះវៀន បេះដូង ប្រព័ន្ធ​សរសៃឈាម ឆ្អឹង ស្បែក សាច់ដុំ ខួរក្បាល ប្រព័ន្ធ​សរសៃ​ប្រសាទ ប្រដាប់​ភេទ ដែលអាច​បណ្ដាល​ឱ្យខ្សោយ​ផ្លូវភេទ ធ្វើឱ្យ​ប្រព័ន្ធ​ការ​ពាររាង​កាយចុះ​ខ្សោយ​ងាយនឹង​ឆ្លងជម្ងឺ​កង្វះ​អាហា​រូបត្ថម្ភ និង​អាចឈាន​ទៅដល់ ជម្ងឺ​មហារីក។ ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​គឺ​រឹតតែ​មានផល​ប៉ះពាល់ ពិសេស​ប៉ះពាល់​ដល់​ទារក​ក្នុងផ្ទៃ ដែលអាច​បណ្ដាល​ឱ្យមាន​ពិការ ភាពពី​កំណើត។ ការ​ប៉ះពាល់​ទាំងនោះ​នឹងផ្ដល់​ផល​វិបាក​ដូច​ខាងក្រោម​នេះ។

1 . ថ្លើម ៖ បើសិន​ជា​លោកអ្នក​ទទួលទាន​សុរា​ហួស​កម្រិត​ហើយ​មាន​រយៈពេល​យូរ នឹងធ្វើ​ឱ្យលោកអ្នក​ប្រឈម​មុខនឹង ជម្ងឺ​ក្រិន​ថ្លើម ហើយ​បើ​នៅតែ​បន្ដ​ទទួលទាន​សុរា​ទៀតនោះ​នឹង​មាន​ជម្ងឺ​ទាចទឹក ក្នុង​ករណី​មិនឈប់​អាច​ឈាន​ទៅដល់​ជម្ងឺ​មហារីក ថ្លើម​ទៀតផង។

2 . ប្រដាប់​រំលាយ​អាហារ ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​នឹងធ្វើ​ឱ្យ​រលាក​បំពង់​អាហារ ចំណី​អាហារ​នៅក្នុង​ក្រពះ​ត្រូវ​ភើឡើង​លើវិញ​ឱ្យទៅ​ជារលាក​ក្រពះ យូរៗ​ទៅគឺ​អាច​ធ្វើឱ្យ​ទៅជា​មហារីក​ពោះវៀន​តូច នាំឱ្យ​ការ​ជម្រាប​អាហារ​មិនបាន​ល្អ ដែល​បណ្ដាល​ឱ្យកង្វះ​អាហា​រូបត្ថម្ភ។ ជា​ធម្មតា​អ្នកផឹក​ស្រា​មិនសូវ​ញ៉ាំ​អាហារ​ទេ ជាហេតុ​នាំឱ្យ​ជាតិស្រា​បង្ក​ការ​រលាក​ពោះវៀន តូច ពោះវៀន​ធំ គឺធ្វើ​ឱ្យងាយ​បាត់បង់​សារជាតិ​ចិញ្ចឹម​សរីរាង្គ​កាយ។

3 . បេះដូង ៖ សុរា​ធ្វើឱ្យ​ចង្វាក់​បេះដូង​លោតខុស​ពី​ធម្មតា។ បើ​ទទួល​ទាន​ខ្លាំង​មែនទែន​អាចធ្វើ​គាំង​បេះដូង​ស្លាប់តែ​ម្ដង អាច​ធ្វើឱ្យ​លើស​ឈាម និង​ធ្វើឱ្យ​សាច់ដុំ​បេះដូង​ខ្សោយ​ដោយ​សារតែ​ការ​លោត​ញាប់​របស់​ចង្វាក់​បេះដូង។

4 . ខួរ​ក្បាល ៖ សុរា​ធ្វើឱ្យ​ការ​ចងចាំ​មិនបាន​ល្អ​ចំពោះ​រឿងរ៉ាវ​ដែលបាន​កើតឡើង ពោល​គឺមាន​ការ​ប៉ះពាល់​ទៅដល់​តំបន់ ចងចាំ ទៅ​បំពុល​កោសិកា​ខួរក្បាល​រហូត​ដល់​ស្លាប់។ បើ​ទទួល​ទាន​កាន់តែ​យូរនឹង​បង្កឱ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ អ្នកជម្ងឺ​ចាប់ផ្ដើម និយាយ​ត្រដិត វង្វេង ភ្លេច​ភ្លាំង លែងចេះ​គិត​ពិចារណា។ បើរឹត​តែយូរ​ថែមទៀត​គឺនឹង​ធ្វើឱ្យ​អ្នកជម្ងឺ​បាត់បង់​វីតាមីន​បេ១ បង្ក​មាន​ជម្ងឺ​វិកល​ចរិត​ទៀតផង។

5 . ផ្លូវភេទ ៖ នៅពេល​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​នឹង​នាំឱ្យ​សមត្ថភាព​នៃការ​រួម​សង្វាស​ថយចុះ ដូចនេះ​ការ ទទួល​សុរា​កាន់តែ​ច្រើន​កាន់តែ​បំផ្លាញ​សុខភាព និង​សេចក្ដី​សុខ​របស់​ខ្លួន។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កំណត់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កឱ្យ​មាន​អំពើ​ហិង្សា ក្នុង​គ្រួសារ ឃាតកម្ម ចោរកម្ម ការ​ចាប់​រំលោភ ប្លន់សម្លាប់ ខាតបង់​ពេល​វេលា​រកស៊ី និង​ខ្ជះខ្ជាយ​ថវិកា​ទៀតផង។ ដូចនេះ លោកអ្នក​គប្បី​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ត្រឹមត្រូវ ទើប​មិនបង្ក​ឱ្យមាន​បញ្ហា​ចំពោះ​ខ្លួនឯង និង​អ្នកដែល​នៅជុំវិញ​ខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative