វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល(ត)

កាលពី​លេខ​មុន​លោកអ្នក​ជ្រាប​រួចមក​ហើយ​អំពី​របៀប​នៃការ​ប្រើ​សម្ភារៈ​អគ្គិសនី​មួយចំនួន​ឱ្យ​អស់​ថវិកា​តិច។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​បន្ដ​លើកមក​ជម្រាប​ជូន​លោកអ្នក​អំពី​ឧបករណ៍​មួយចំនួន​ទៀត​ដែល​លោកអ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . ទូរទស្សន៍ ៖ គ្រប់ផ្ទះ​សុទ្ធតែ​មាន​ទូរទស្សន៍​យ៉ាង​ហោច​ណាស់​ក៏មួយ​ដែរ ហេតុ​នេះការ​ប្រើច្រើន​អស់​ភ្លើង​តិច​ជាអ្វី​ដែល​លោកអ្នក​គ្រប់គ្នា​ត្រូវ​ធ្វើ។

  • បញ្ឈប់​ការ​បើក​ទូរទស្សន៍​ចោល ដោយ​គ្មាន​មនុស្ស​មើល
  • បញ្ឈប់ការ​កែពន្លឺ​អេក្រង់​ទូរទស្សន៍​ឱ្យភ្លឺ​លើស​ពី​សេចក្ដី​ត្រូវការ ព្រោះ​វានឹង​ធ្វើឱ្យ​អំពូល​រូបភាព​ប្រើប្រាស់​មិនបាន​យូរ និង ស៊ីភ្លើង​ច្រើន
  • បញ្ឈប់ការ​បើក​ទូរទស្សន៍​ច្រើន​គ្រឿង ដើម្បី​មើល​រឿង​ដូចគ្នា​ក្នុងពេល​តែមួយ
  • បញ្ឈប់​ការ​បើក​ទូរទស្សន៍​ទុកជា​មុន ដើម្បី​រង់ចាំ​កម្មវិធី​ដែល​ខ្លួន​ចូលចិត្ដ គប្បី​បើក​មើល​កម្មវិធី​នៅពេល​ដល់​ម៉ោង​សម្ដែង
  • បញ្ឈប់​ការ​បិទ​ទូរទស្សន៍​ដោយ​ប្រើ​តេឡេ ព្រោះវា​ស៊ីភ្លើង​ជាងការ​បិទ​ដោយ​កុងតាក់លើ​ទូរទស្សន៍
  • បពា្ឈប់​ការបើក​ទូរទស្សន៍​ដោយ​តខ្សែ​ភ្លើង​ឆ្លងកាត់​ចូល​ម៉ាស៊ីន​វីដេអូ ព្រោះ​ត្រូវស៊ី​ភ្លើង​ទៅ​ម៉ាស៊ីន​វីដេអូ ដោយ​មិន​ចាំបាច់។
  • ដកឌុយ ឬ​បិទ​កុងតាក់​បន្ទាប់​ពីប្រើ
  • ជ្រើស​ទិញ​ទូរទស្សន៍​ទំហំ​ឱ្យ​សមស្រប​ទៅនឹង​សេចក្ដី​ត្រូវការ ព្រោះ​ទំហំ​កាន់តែ​ធំ វា​ស៊ីភ្លើង​កាន់តែ​ច្រើន
  • ជ្រើសរើស​ទិញ​ទូរទស្សន៍​ដែលមាន​ប្រព័ន្ធ​កំណត់​ម៉ោង​បិទ​ដោយ​ស្វ័យ​ប្រវត្ដិ វានឹង​ជួយ​សន្សំ​សំចៃ​ភ្លើង​សម្រាប់​អ្នកដែល​មើល ហើយ​គេងលក់​នៅមុខ​ទូរទស្សន៍ ឬ​ភ្លេចបិទ
  • ទូរទស្សន៍​ដែលមាន​ប្រព័ន្ធ​តេឡេ វានឹង​ស៊ីភ្លើង​ជាង​ប្រព័ន្ធ​ទូទៅ ព្រោះមាន​បន្ថែម​ចរន្ដ និង​ស៊ីភ្លើង​រហូត​ក្នុងពេល​ដែល​ដោត​ភ្លើង​ចោល ទោះជា​យើង​មិនបាន​បើកវា​ក៏ដោយ។ ដើម្បី​កុំឱ្យ​ស៊ីភ្លើង ពេលឈប់​មើល​យើង​ត្រូវ​ដកឌុយ ឬបិទ​កុងតាក់ នៅលើ​ទូរទស្សន៍។ លោកអ្នក​ត្រូវដឹង​ថា​ទូរទស្សន៍​ទំហំ​២១អ៊ិញ អានុភាព​១១០​វ៉ាត់ បើ​បើកមើល​រៀងរាល់​ថ្ងៃក្នុង​១ថ្ងៃ​៤ម៉ោង ប្រើ​តេឡេ​ដោយ​មិនបាន​ដកឌុយ​ចេញពេញ​១ថ្ងៃ នឹង​ស៊ីភ្លើង​៥.៤​គីឡូវ៉ាត់។ ក្នុង១​ខែអស់​ថ្លៃភ្លើង​ប្រហែល​៣.៨៨៨​រៀល។

5 . កង្ហារ ៖ ចាំបាច់​ត្រូវតែ​មាន​កង្ហារ​ដើម្បី​កាត់បន្ថយ​កម្ដៅ​នៃ​អាកាស​ធាតុ ជា​ពិសេស​សម្រាប់​លោកអ្នក​ដែល​រស់នៅទី​ប្រជុំ​ទីក្រុង​ជាដើម។ កង្ហារ​ត្រូវបាន​ចាត់ទុក​ថាជា​ឧបករណ៍ដែល​ស៊ីភ្លើង ហេតុនេះ​លោកអ្នក​ក៏​ត្រូវតែ​មាន​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​មួយចំនួន​ទៅលើ​វាដែរ។

  • បញ្ឈប់​ការ​បើក​ចោល​នៅពេល​ដែលគ្មាន​មនុស្ស​នៅ
  • បើក​កាន់តែ​ខ្លាំង ស៊ីភ្លើង​កាន់តែ​ច្រើន
  • ថែទាំ និង​ប្រើប្រាស់​ឱ្យ​ត្រឹមត្រូវ
  • សម្អាត​ស្លាប​កង្ហារ សំណាញ់​គម្រប និង​គម្រប​ម៉ូទ័រ​កង្ហារ​កុំឱ្យ​មាន​ធូលី​ជាប់
  • កុំឱ្យ​ស្លាប​កង្ហារ​កោងង ខុស​ធម្មតា​វានឹង​ធ្វើឱ្យ​កម្លាំង​ខ្យល់​ចុះថយ
  • ដាក់​កង្ហារ​នៅកន្លែង​ដែលមាន​ខ្យល់​ចេញចូល
  • បើប្រើ​កង្ហារ​ដែលមាន​ប្រព័ន្ធ​តេឡេ ត្រូវដក​ឌុយ​ចេញភ្លាម​បន្ទាប់ពី​ឈប់​ប្រើ។

6 . ឆ្នាំង​អ៊ុត ៖ ឧបករណ៍​មួយនេះ​ក៏ត្រូវ​មានវិធី​ដើម្បី​កាត់​បន្ថយ​ការស៊ី​ថាមពល​របស់វា​ដែរ។

  • បញ្ឈប់​សកម្មភាព​អ៊ុត​សម្លៀក​បំពាក់​បណ្ដើរ​មើល​ទូរទស្សន៍​បណ្ដើរ
  • កាត់​បន្ថយ​ការអ៊ុត​សម្លៀក​បំពាក់​ណាដែល​នៅសើម​នៅឡើយ
  • កាត់​បន្ថយ​ការបាញ់​ទឹក​ទៅលើ​សម្លៀក​បំពាក់​ណាដែល​ត្រូវអ៊ុត​ឱ្យសើម​ជ្រុល​ពេក
  • បញ្ឈប់​ការអ៊ុត​សម្លៀក​បំពាក់​នៅក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់
  • ទុក​សម្លៀក​បំពាក់​ឱ្យបាន​ច្រើន អ៊ុតម្ដង​ឱ្យរួច វានឹង​មិនសូវ​ស៊ីភ្លើង សម្រាប់​សម្លៀក​បំពាក់​មួយ​សម្រាប់ៗ
  • សម្លៀក​បំពាក់​ដែលត្រូវ​ហាល ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​វាជ្រួញ​ខ្លាំង ដើម្បី​កាត់​បន្ថយ​ពេលវេលា​ក្នុងការ​អ៊ុត
  • កំណត់​នូវការ​ប្រើប្រាស់​អានុភាព​របស់​ឆ្នាំងអ៊ុត​ឱ្យ​សមស្រប​ទៅនឹង​ប្រភេទ​សម្លៀក​បំពាក់
  • សូម​ដកឌុយ​មុនពេល​ឈប់​អ៊ុត​ប្រហែល​២-៣​នាទី ព្រោះវា​នៅមាន​កម្តៅ​គ្រប់គ្រាន់​នៅ​ឡើយ។

សូម​សម្អាត​សន្ទះ​លោហៈ​មុខ​ឆ្នាំងអ៊ុត​ឱ្យបាន​ស្អាត អាច​ធ្វើឱ្យ​យើងអ៊ុត​សម្លៀក​បំពាក់​បានរាបស្មើ និង​កាន់តែ​លឿន ជួយកាត់​បន្ថយ​ពេលវេលា​ក្នុងការ​អ៊ុត សន្សំ​សំចៃ​ថ្លៃភ្លើង​បាន​ច្រើន។ ជាក់ស្ដែង​ឆ្នាំងអ៊ុត​ប្រភេទ​ស្វ័យ​ប្រវត្ដិ​អានុភាព​៧៥០វ៉ាត់ ប្រើការ​ពីរម៉ោង ៥ដង​ក្នុង១​សប្ដាហ៍ និង​ស៊ីភ្លើង​អស់៣០​គីឡូវ៉ាត់​ក្នុង​១ខែ ថ្លៃភ្លើង​ប្រហែល​២១.៦០០​រៀល។ ហើយ​ប្រសិន​បើដក​ឌុយ​ចេញ មុនពេល​ឈប់​អ៊ុត​៣នាទី នោះនឹង​សន្សំ​សំចៃ​ថ្លៃភ្លើង​បានក្នុង​១ឆ្នាំ​៨.៦៤០​រៀល។

7 . បំពង់​ទឹកក្ដៅ ៖ តួនាទី​របស់​បំពង់​ទឹកក្ដៅ​គឺ​នៅពេល​ដែល​ទឹកក្ដៅ​ហើយ ចរន្ដ​ភ្លើង​វានឹង​កាត់ផ្ដាច់ ហើយ​ភ្ជាប់វិញ ដោយ​ស្វ័យ​ប្រវត្ដិ​នៅរៀង​រាល់​២នាទី។ បំពង់​ទឹកក្ដៅ​ចំណុះ​២.៥​លីត្រ អានុភាព​៦០០​វ៉ាត់ បើ​ដាំទឹក​ម្ដងកន្លះ​បំពង់​(១.២៥​លីត្រ) វានឹង​សន្សំ​សំចៃ​បាន​៤៦% ជាងការ​ដាំទឹក​ម្ដងពេញ​បំពង់។

  • ជ្រើសរើស​បំពង់​ទឹកក្ដៅ​ណាដែល​មាន​ចំណុះ​សមរម្យ​ទៅនឹង​តម្រូវ​ការ
  • ជ្រើសរើស​បំពង់​ទឹកក្ដៅ​ណាដែល​មាន​ឈ្នាន់​ការពារ​កម្ដៅ​(អ៊ីសូឡង់​ការពារ​កម្ដៅ)
  • កុំឱ្យ​មានស្លែ​កាន់ផ្នែក​ខាងក្នុង​នៃ​បំពង់​វា និង​ធ្វើឱ្យ​ស៊ីភ្លើង
  • កុំយក​របស់អ្វី​ទៅបិទ​ប្រហោង​ចំហាយ​ទឹក
  • ឧស្សាហ៍​ពិនិត្យ​មើលខ្សែ​ភ្លើង និង​ឌុយដោត​ជានិច្ច។

ប្រសិនបើ​លោកអ្នក​ប្រើ​បំពង់​ទឹកក្តៅ​ចំណុះ២.៥លីត្រ អានុភាព​៦០០​វ៉ាត់ ប្រសិន​បើ​ដោតឌុយ​ទុកចោល​ក្នុង១​ថ្ងៃ៦​ម៉ោង វានឹង​ស៊ីភ្លើង​កើនឡើង​ក្នុង១ខែ​៥៤​គីឡូវ៉ាត់។ ខាតបង់​ប្រាក់អស់​៣៨.៨៨០​រៀលក្នុង​១ខែ ឬ៤៦៦.៥៦០​រៀលក្នុង​១ឆ្នាំ។

បណ្ដាំ​ផ្ញើ

លោកអ្នក​នឹង​ទទួល​ជ្រាប​ជាបន្ដ​ទៀត​អំពី​ប្រការ​ទាំងឡាយ​ដែលគួរ​ធ្វើ​ចំពោះឧបករណ៍​ប្រើប្រាស់​ដែលដើរ​ដោយ​ចរន្ដ អគ្គិសនី​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។ សូម​រងចាំ​អាន​ដោយក្ដី​អនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative