អនាម័យ​ខ្លួនប្រាណ ៖ ទម្លាប់​អាក្រក់ (តចប់)

ជា​ការពិត​ណាស់​សុខភាព​ល្អ​គឺ​អាស្រ័យ​ទៅលើ​ការ​ចេះ​ថែរក្សា​ខ្លួនប្រាណ និង​មាន​អនាម័យ​ចំពោះ​ការ​រស់​នៅ។ ផ្ទុយ ទៅវិញ​​ការ​ដែល​​បណ្ដោយ​​ឱ្យ​ខ្លួន​ឯង​​មាន​​សុខភាព​​មិនល្អ​​ដោយ​​កង្វះ​​អនាម័យ​​ចំពោះ​​កន្លែង​​រស់នៅ និង​​ខ្លួន​ប្រាណ។ ការ​កង្វះ​អនាម័យ ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​វិបត្ដិ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ដែល​មិន​អាច​ស្មាន​ដល់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ជាមួយ​លោកស្រី សិព វីរិយ៉ា មន្ដ្រី​សម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​ផ្សព្វផ្សាយ​ព័ត៌មាន តាម​រយៈ​សម្ភារៈ នៃ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា“ រ៉ាក់” ដើម្បី​បកស្រាយ​អំពី​ទម្លាប់​អាក្រក់​ក្នុងការ​អនាម័យ​ខ្លួនប្រាណ

អ្វីទៅ​ជាទម្លាប់​អាក្រក់?

ទម្លាប់​អាក្រក់​គឺសំដៅ​ទៅលើ​មនុស្ស​ដែលខ្ជិល​ច្រអូស ខ្ជីខ្ជា គ្មាន​ការ​ទទួល​ខុសត្រូវ ជាពិសេស​ចូលចិត្ដ​ធ្វើ​ការងារ​ឱ្យតែ​រួច ពីដៃ គ្មាន​របៀប​រៀបរយ និង​ខ្វះការ​អនាម័យ​ចំពោះ​ខ្លួនប្រាណ រួមទាំង​កន្លែង​រស់នៅ​ផង​ដែរ។ ទម្លាប់​អាក្រក់​ចំពោះ​ខ្លួនប្រាណ មាន​ដូចជា​ការ​ខ្ជិល​ងូតទឹក ឬ​ក៏ពេល​ដែល​ងូត​ទឹកមិន​បាន​ដុស​ក្អែល ឬ​ធ្វើការ​សម្អាត​ខ្លួន ដោយ​មិនបាន​ប្រើប្រាស់​សាប៊ូ​ដើម្បី​សម្អាត​ខ្លួនប្រាណ ខ្ជិល​ដុស​ធ្មេញ​នៅ​ពេល​ព្រឹក​ព្រលឹម ក្រោយពេល​បរិភោគ​បាយ​រួច​ឬ​ក៏មុន​ពេល ចូលគេង ហើយ​មុនពេល​បរិភោគ​មិនបាន​លាងដៃ ឬ​សម្អាត​ក្រចក ការ​ប្រើប្រាស់​របស់​របរ​លាយឡំ​គ្នាជា​ដើម។

គ្មានការ​អនាម័យ​ចំពោះ​សម្លៀក​បំពាក់ ដូចជា​នៅពេល​ដែល​បោក​ខោអាវ​ចូលចិត្ដ​ហាល​ខោអាវ​នៅកន្លែង​ដែល​គ្មាន​ពន្លឺ​ថ្ងៃ ខោអាវ​មិនបាន​សម្អាត​ឱ្យបាន​ស្អាតល្អ ប្រើ​សម្លៀក​បំពាក់​លាយ​ឡំគ្នា ប្រើប្រាស់​ខោអាវ​ដែល​ហាល​មិនស្ងួត ជាពិសេស​នៅ ពេល​ខ្លះ​ពេល​ដែល​ខ្ជិល​បោក​ខោអាវ​ក៏យក​ខោអាវ​ដែល​ស្លៀកពាក់​ហើយ​នោះយក​មក​ពាក់​ម្ដង​ទៀត ដោយ​មិនខ្វល់​ពី​ខោអាវ​ស្អុយ ឬ​មិន​ស្អុយ​នោះ​ទេ។ ការ​គ្មាន​អនាម័យ​ចំពោះ​កន្លែង​រស់​នៅ​អាច​ពាក់ព័ន្ធ​ដល់​សុខភាព និង​សុភមង្គល​នៅក្នុង​គ្រួសារ​ទាំងមូល។ កាល​ដែល​មាន កន្លែង​រស់នៅ​មិនស្អាត​នោះ លោកអ្នក​នឹងអាច​ជួប​បញ្ហា​ជាច្រើន ដូចជា​ធ្វើឱ្យ​គ្រួសារ​មានភាព​រញ៉េរញ៉ៃ គ្មាន​សេចក្ដីសុខ ទើស​មុខ​ទើស ក្រោយ នៅ​ពេល​ដែល​ចូល​ទៅដល់​ក្នុងផ្ទះ គ្មាន​ចិត្ដចង់​រស់នៅ ព្រោះតែ​មិនបាន​រៀប​ចំកន្លែង​រស់នៅ​ឱ្យបាន​ស្អាត។ ជា​ពិសេស​នៅពេល ដែល​លោកអ្នក​មិនបាន​សម្អាត​ផ្ទះបាន​ស្អាត​នោះ អាច​បង្ក​ជា​បញ្ហា​ចំពោះ​សុខភាព​ដូចជា​ជម្ងឺ​រាករូស កើត​ចៃ កើត​រមាស់ និង​កើត​រោគ សើ​ស្បែក​ជាដើម។

ផល​ប៉ះពាល់​ចំពោះ​អ្នកមាន​ទម្លាប់​អាក្រក់

នៅពេល​សម្អាតខ្លួន​ប្រាណ​មិនបាន​ស្អាត លោកអ្នក​ងាយ​នឹង​ឆ្លង​ជម្ងឺ​ផ្សេងៗ​ជាច្រើន ជា​ពិសេស​ធ្វើឱ្យ​ខ្លួនប្រាណ​មាន​ក្លិន មិនល្អ ស្បែក​ស្រអាប់​មិន​ភ្លឺថ្លា មាន​អារម្មណ៍​ស្មុគស្មាញ​នៅពេល​ចូលដល់​ក្នុងផ្ទះ ពេលខ្លះ​អាច​ធ្វើឱ្យ​គ្រួសារ​មិនមាន​សុភមង្គល និង មិនមាន​ភាព​ថ្លៃថ្នូរ​នៅក្នុង​សង្គម​ទៀត​ផង។

ដំបូន្មាន​អ្នក​ជំនាញ

សុខភាពល្អ​គឺ​អាស្រ័យ​ទៅលើ​ការ​ចេះ​ថែរក្សា​ខ្លួនប្រាណ និង​មាន​អនាម័យ​ចំពោះ​ការ​រស់នៅ ដូច្នេះ​បើសិន​ជា​លោកអ្នក​មិន យក​ចិត្ដ​ទុកដាក់​នៅ​ការ​សម្អាត​ខ្លួនប្រាណ និង​សម្អាត​កន្លែង​រស់នៅ​ឱ្យបាន​ស្អាតនោះ ងាយ​នឹង​មាន​បញ្ហា​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ​ទាំងមូល រួមទាំង​សុខភាព​ផងដែរ។ ដូចនេះ​ដើម្បី​ចៀសវាង​ការ​កើត​នូវ​បញ្ហា​ទាំង​នេះ លោកអ្នក​គប្បីគួរ​តែ​មាន ការ​អនាម័យ​ជានិច្ច​ចំពោះ​ការ​រស់នៅ និង​ថែរក្សា​ខ្លួនប្រាណ ដូច​ជា​ការ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព ល្អ មិនងាយ​ឆ្លង​មេរោគ គ្រួសារ​មាន​សុភមង្គល​ថែម​ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative