ជម្ងឺ​ដែល​​ស្ដ្រី​​គួរ​​ព្រួយ​បារម្ភ

លោកអ្នក​ជាពិសេស​សុភាព​នារី​ទាំងអស់​បាន​ជ្រាប​រួចមក​ហើយ​អំពី​ជម្ងឺ​មួយចំនួន​ដែល​អាច​កើតមាន​ចំពោះ​ស្ដ្រី។ ជាការ​ពិត​ដែល​ស្ដ្រី​ត្រូវ​ប្រឈម​មុខនឹង​ជម្ងឺ​ប្រកប​ដោយ​គ្រោះថ្នាក់​ជាច្រើន។ ដោយ​ឈរលើ​ហេតុផល​នេះ ទើប​ទាមទារ​ឱ្យស្ដ្រី​ចាំបាច់​ត្រូវតែ​មានការ​យល់ដឹង​ឱ្យបាន​ច្រើន​អំពី​អ្វីដែល​អាច​កើតមាន​ចំពោះ​ខ្លួន។ មាន​ជម្ងឺ​មួយចំនួន​ដែល​ស្ដ្រី​ត្រូវតែ​បង្ការ​ឱ្យបាន ដើម្បី​កុំឱ្យ​ពួកវា​មាន​ឱកាស​យារយី​យើង​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្ដ្រី​ទាំងអស់​យកចិត្ដ​ទុកដាក់​ដើម្បី​បញ្ចៀស​ខ្លួន​ឱ្យ​ផុតពី​ជម្ងឺ​ទាំងនេះ។ ដើម្បី​ជាជំនួយ​ដល់​សុភាព​នារី​ទាំងអស់ ទស្សនាវដ្ដី សុខភាព​យើង សូម​លើកយក​ជម្ងឺ​មួយចំនួន​ដែល​ស្ដ្រីគួរ​តែ​ព្រួយ​បារម្ភ ដោយ​មានការ​សហការណ៍​បកស្រាយ​ពី​លោក សាស្ដ្រា​ចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុ​ប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ជម្ងឺ​ដែល​ស្ដ្រី​គួរ​ចាប់​អារម្មណ៍

មាន​ជម្ងឺ​មួយចំនួន​នៅពេល​ដែល​ស្ដ្រីថា​ខ្លួនមាន​ជម្ងឺនោះ វាក៏​ឈាន​ទៅដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទៅហើយ។ ហេតុនេះ​ធ្វើឱ្យ​ស្ដ្រី​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ខ្លួន​ជាប់ជា​ប្រចាំ ដើម្បី​ស្វែងរក​អ្វីដែល​បម្រុង​នឹង​កើតមាន​ចំពោះ​លោកស្រី​អ្នកនាង​កញ្ញា។ ជាក់ស្ដែង​ជម្ងឺ​មួយចំនួន​ខាងក្រោម​នេះ ជាជម្ងឺ​ដែល​ស្ដ្រី​ទាំងឡាយ​គួរ​ព្រួយ​បារម្ភ ហើយ​ព្យាយាម​ធ្វើយ៉ាង​ណា​កុំឱ្យ​កើត​ជម្ងឺ​នោះឱ្យ​សោះ។

1 . ជម្ងឺ​មហារីក​អូវែរ ៖ មហារីក​អូវែរ ជាជម្ងឺ​ដែលមាន​ទំនាក់​ទំនង​ជាមួយ​ជម្ងឺ​គីសអូវែរ។ នៅប្រទេស​កម្ពុជា​ពុំទាន់​មានការ​សិក្សា​ណា​បញ្ជាក់​ច្បាស់លាស់​អំពី​តួលេខ​ស្ដ្រី​ដែលកើត​មាន​ជម្ងឺមហារីក​ដៃស្បូន​នេះទេ។ នៅ​ដំណាក់​កាល​ដំបូង ស្ដ្រី​ជាសាមី​ខ្លួន ផ្ទាល់​មិនបាន​ដឹង ឬ​ចាប់អារម្មណ៍​ជាមុន​ឡើយថា ខ្លួន​កើតជម្ងឺ​នេះ។ ព្រោះ​មុន​ដំបូង គីស ឬ​មហារីក​នេះ​មិនបង្ក​ឱ្យមាន​ការ​ឈឺចាប់​អ្វី​ទាំងអស់។ ដូចនេះ​ហើយ​ទើបស្ដ្រី​ជាអ្នក​ជម្ងឺ​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ច្រើន​ស្ថិតក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ ហួស​ពេល​ព្យាបាល ឬ​ពិបាក​ព្យាបាល។ ជម្ងឺ​នេះ​ទាមទារ​នូវការ​ព្យាបាល​ដោយ​ហ្មត់ចត់ និង​ចំណាយ​ពេល​យូរ។ មធ្យោបាយ​ព្យាបាល​សំខាន់​បំផុត គឺការ​វះកាត់។ វិធី​បង្ការ​ជម្ងឺ​មហារីក​អូវែរ​ដែលល្អ​ប្រសើរ​បំផុត​គឺ យ៉ាង​ហោចណាស់​ត្រូវ​ពិនិត្យ​សុខភាព​ឱ្យបាន​មួយឆ្នាំ​ម្ដង ក្នុង​ករណី​មិន​ច្បាស់លាស់​(រាល់៦​ខែម្ដង)។

2 . ជម្ងឺ​មហារីក​មាត់​ស្បូន ៖ ជម្ងឺនេះ​ច្រើនកើត​នៅលើ​មាត់ស្បូន​ទាំងខាង​ក្នុង និង​ខាងក្រៅ ចំពោះ​ស្ដ្រី​ដែល​ស្ថិតក្នុង​វ័យ​បន្ដពូជ។ ព្រោះ​ជម្ងឺនេះ​បើឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ​នោះ គ្មាន​វិធី​ព្យាបាល​ឱ្យជា​សះស្បើយ​បាន​ឡើយ ការ​ព្យាបាល​បាន​ត្រឹមតែ​សម្រន់​ការ​ឈឺចាប់​ប៉ុណ្ណោះ។

3 . ជម្ងឺ​មហារីក​សុដន់ ៖ គឺជា​ដុំពក ឬ​ដុំសាច់​ដែលដុះ​នៅក្នុង​សុដន់ ហើយ​មានការ​រីក​លូតលាស់​ខុស​ប្រក្រតី។ បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​ជម្ងឺ​មហារីក​សុដន់​កំពុង​តែ​កើតមាន​ច្រើន​ឡើងៗ។ ក្នុង​ចំណោម​ជម្ងឺ​កើតលើ​ស្ដ្រី​ទាំងឡាយ ជម្ងឺ​មហារីក​សុដន់​ស្ថិត​នៅក្នុង លំដាប់​លេខ២​បន្ទាប់​ពីជម្ងឺ​មហារីក​មាត់​ស្បូន។ ដូចនេះ​ស្ដ្រី​ទាំងឡាយ​គួរតែ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​ជា​រៀងរាល់​ខែជា​ទៀងទាត់ នៅ​ក្រោយ​ការធ្លាក់​រដូវ៤ ឬ​៥ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . ជម្ងឺ​ដុំស្បូន ៖ ជា​ជម្ងឺ​ដុំសាច់​ដែលកើត​ដោយសារ​សាច់​ស្បូនដុះ​ជា​ដុំពក ដែល​ភាគច្រើន​ជាដុំ​ស្លូត​ច្រើន​កើតមាន​ចំពោះ ស្ដ្រី​ដែល​ស្ថិតក្នុង​វ័យ​បន្ដពូជ។ គេអាច​សន្និដ្ឋាន​បានខ្លះ​ៗថា ដុំនេះ​កើតឡើង​បណ្ដាល​មកពី​មាន​អ័រម៉ូន​អឺស្ដ្រូហ្សែន​ច្រើន​ពេក។ ស្ដ្រី​មាន​រូបរាង​ធាត់ដែល​សម្បូរ​ខ្លាញ់ ងាយ​បង្កើត​ឱ្យមាន​អ័រម៉ូន​អឺស្ដ្រូហ្សែន​ច្រើនលើស​ជាងស្ដ្រី​ដែលមាន​រូបរាង​ល្មមធម្មតា។ អ័រម៉ូន អឺស្ដ្រូហ្សែន​ធ្វើឱ្យ​ដុំស្បូន​រីក​លូតលាស់​បន្ដិច​ម្ដងៗ រហូត​ដល់ធំ​ជាដុំ។ មាន​អាការរោគ​មួយចំនួន​ដែលអាច​ធ្វើឱ្យ​ស្ដ្រី​ចាប់​អារម្មណ៍​ថា អាច​មានដុំ​ក្នុងស្បូន​បាន ដូចជា​ធ្លាក់ឈាម​រដូវ​ច្រើន ឬយូរ​ខុសពី​ធម្មតា ឈាម​ធ្លាក់ខុស​ពីរ​ពេលមាន​រដូវ ឧស្សាហ៍​រោយ​ចង្កេះ ពោះ​កាន់តែ​ធំខុស​ធម្មតា រលូត​កូន​ញឹកញាប់ នោម​ញឹក​ជាដើម។ ចំពោះ​ការ​ព្យាបាល​មិនមែន​ងាយស្រួល​ឡើយ ចាំបាច់​ត្រូវ​មើល​ទៅតាម​វ័យ របស់​ស្ដ្រី​នោះ។

5 . ជម្ងឺ​ធ្លាក់​ស ៖ ធ្លាក់ស​ជាការ​ធ្លាក់នូវ​វត្ថុរាវ​ដែល​មិនមែន​មាន​ពណ៌​ក្រហម ពោល​គឺជា​ការហូរនូវ​ទឹករាវ​មួយ​ប្រភេទ ដែល​មិនមែន​ជាឈាម​ដែល​ហូរមក​តាមទ្វារ​មាស ឬ​ប្រដាប់​បន្ដពូជ​ស្ដ្រី។ ការ​ធ្លាក់ស​នេះមាន​ពីរ​ប្រភេទ គឺការ​ធ្លាក់ស​ដោយសារ​តែ មាន​ជម្ងឺ និង​ការ​ធ្លាក់ស​ធម្មតា​មិនមាន​ជម្ងឺ។ ការ​ធ្លាក់ស​ជារោគ​សញ្ញានៃ​ជម្ងឺ​មួយចំនួន​ដែលមាន​ដូចជា​ការ​រលាក​ទ្វារមាស រលាក​ស្បូន​ជាដើម។ ស្ដ្រី​ដែលមាន​ជម្ងឺ​ទាំងនេះ​តែងមាន​ការ​ធ្លាក់ស និង​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត។ ការ​ធ្លាក់ស​អាច​បណ្ដាល​មកពី​ផ្សិត។ ការ​ធ្លាក់ស​ម្យ៉ាងទៀត​នោះគឺវា​កើតមក​ពីមេរោគ​ជាច្រើន​ដែល​រួមផ្សំ​គ្នា​កកើត​ទៅជា​សនេះ​ឡើង។ មួយវិញ​ទៀតនោះ ចំពោះ​ស្ដ្រី​ដែល ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត និង​ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ក៏អាច​មានការ​ធ្លាក់ស​បានដែរ។ មេរោគ​ដែលនាំ​ឱ្យមាន​ការធ្លាក់​សមាន ដូចជា​ផ្សិត ទ្រីកូម៉ូណាល់ ហ្គាណឺរ៉ឺឡា​ជាដើម។

6 . ជម្ងឺ​ផ្សេងៗ​ទៀត ៖ ក្រៅពី​ជម្ងឺ​មួយចំនួន​ដែលបាន​រៀបរាប់​ជូន​ខាងលើ​នេះ ស្ដ្រី​ទាំងឡាយ​ត្រូវយក​ចិត្ដទុក​ដាក់​ចំពោះ ជម្ងឺ​មួយចំនួន​ទៀត​ដូចជា ៖

  • ការ​ឈឺចាប់​នៅពេល​មាន​រដូវ
  • ការ​ធ្លាក់​រដូវ​ច្រើន ឬក៏​យូរថ្ងៃ អាចនាំ​ឱ្យស្ដ្រី​ស្លេក​ស្លាំង អាច​ប្រឈមមុខ​នឹងជម្ងឺ​ខ្វះគ្រាប់​ឈាម
  • ឈាម​ធ្លាក់​ក្រៅ​ពេលមាន​រដូវ
  • ជម្ងឺ​ពុកឆ្អឹង​អាចនាំ​ឱ្យមាន​គ្រោះថ្នាក់​នៅពេល​ស្ដ្រីដួល ឬក៏​មានការ​ប៉ះ​ទង្គិច
  • ជម្ងឺ​មួយចំនួន​នៅពេល​ស្ដ្រី​ជិតអស់​រដូវ ដែល​អាច​បណ្ដាល​ឱ្យស្ដ្រី​មាន​អាការ​ខុសប្លែក​ពីធម្មតា។

ដំបូន្នាន​អ្នក​ជំនាញ

ឆ្លងកាត់​តាមការ​រៀបរាប់​ខាងលើ លោកអ្នក​បាន​ជ្រាប​រួចមក​ហើយ​ថា ជម្ងឺ​ដែល​ស្ដ្រីត្រូវ​ព្រួយបារម្ភ​ខ្លាច​កើតមាន​ចំពោះ​ខ្លួន នោះមាន​ច្រើន​ណាស់។ សូម​ធ្វើយ៉ាង​ណា​ចាប់​អារម្មណ៍ បើមាន​ការ​ធ្វេស​ប្រហែស​នោះ ស្ដ្រី​ទាំងឡាយ​ត្រូវខាត​ពេល​វេលា អស់​ថវិកា ជួនកាល​អស់​ទាំង​ជីវិត​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative