របៀបរៀបចំបន្ទប់ទទួលទានអាហារ

ជា​មេផ្ទះ​មួយរូប ការ​ថែរក្សា​កូនៗ និង​ការងារ​ក្នុង​ផ្ទះ​គឺជា​រឿង​ដ៏សំខាន់​ដែល​ត្រូវ​គិត​គូរ​ពីការ​រៀបចំ​ឱ្យមាន​សណ្ដាប់ ធ្នាប់ល្អ និង​ភាព​ស្រស់​ស្អាត។ ស្ដ្រី​គ្រប់​រូបតែង​តែ​​យកចិត្ដទុក​ដាក់​បំផុត​ចំពោះ​ការ​តុបតែង​គ្រប់​ទីក​ន្លែង​ទាំង​អស់​នៅ​ក្នុងផ្ទះ ដើម្បី ភាព​ស្រស់​ស្អាត។ ការ​រៀបចំ​ក្នុង​គេហដ្ឋាន​ជាបញ្ហា​មួយ​ដែល​ស្ដ្រី​មេផ្ទះ​ទាំងឡាយ​ចង់​ស្វែង​យល់។ ការ​រៀបចំ​ក្នុង​បន្ទប់​នីមួយៗ តែង​តែ​មាន​លក្ខណៈ​ខុសៗ​ពីគ្នា ដូចជា​បន្ទប់​ទទួល​ទាន​អាហា​រ​ជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​សុភាពស្ដ្រី​មេផ្ទះ​ទាំងឡាយ​ឱ្យ​បាន​ជ្រាប​នោះ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួបជា​មួយ​នឹង​លោក​ស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន។

ទីតាំង​សម្រាប់​ធ្វើបន្ទប់​ទទួលទាន​អាហារ

បើ​ផ្ទះ​លោកអ្នក​ធំ​ទូលាយ​អាច​បែងចែក​ដាច់​ពី​គ្នារវាង​បន្ទប់​ទទួល​ភ្ញៀវ បន្ទប់​បាយ និង​បន្ទប់​ទទួល​ទាន​អាហារ។ ប៉ុន្ដែ​ជា ធម្មតា​បន្ទប់​ទាំងបី​នេះ​អាច​បញ្ចូល​ជាមួយ​គ្នាបាន​ដោយ​មាន​ការ​រៀប​យ៉ាង​មាន​សណ្ដាប់​ធ្នាប់​បំផុត។ បន្ទប់​ទទួលទាន​អាចធ្វើដាច់​ដោយ ឡែក ឬអាច​នៅ​ជាមួយ​បន្ទប់​បាយ​ក៏បាន​ដែរ តែការ​ចម្អិន​អាហារ​គួរបែង​ចែក​ចង្ក្រាន​សម្រាប់​ចម្អិន​អាហារ​ដែលគ្មាន​ក្លិននៅ​ខាង​ក្នុង បន្ទប់​បាយ ឯ​អាហារ​ដែល​មានក្លិន​នៅខាង​ក្រៅ ចៀស​វាង​មានក្លិន​មិនល្អ​ដល់​បន្ទប់ទទួល​ទាន​អាហារ។ ទីតាំង​ដែលល្អ​ទៀត​នោះ បើសិន​ជា​នៅក្នុង​បរិវេណ​ផ្ទះរបស់​លោកអ្នក​មានសួន​ច្បារ ឬ​កន្លែង​ផ្សេងៗ​ទៀត​ដែលមើល​ទៅ​ធម្មជាតិ លោកអ្នក​គួររៀប​ចំ​បន្ទប់ ទទួល​ទាន​អាហារ​ឱ្យចំនឹង​ទេសភាព​ទាំង​អស់នោះ។ ដោយ​បន្ទប់​ទទួលទាន​របស់​លោក​អ្នកគួរ​តែ​ធ្វើជញ្ជាំង​កញ្ចក់​ដើម្បី​អាច​មើល ទេសភាព​ស្រស់ស្អាត​ខាងក្រៅ ជា​ការ​បង្កើន​នូវ​បរិយាកាស​ស្រស់ស្រាយ​នៅពេល​ទទួលទាន​អាហារ​ជាមួយ​ក្រុមគ្រួសារ​ផងដែរ។

បន្ទប់​ទទួលទាន​អាហារ​គួររៀបចំ​អ្វីខ្លះ?

នៅក្នុង​បន្ទប់​ទទួលទាន​អាហារ លោកអ្នក​អាច​រៀបចំ​ដោយ​ជ្រើសរើស​យក​តុមូល តុរាង​ពងក្រពើ ឬ​ក៏តុជ្រុង​ក៏បាន តាមដែល​បន្ទប់​របស់លោក​អ្នក​មានទីធ្លា​ទូលាយ។ បើសិន​ជាបន្ទប់​ទទួលទាន​អាហារ​មានរាងបួន​ជ្រុង ដូចនេះ​លោកអ្នក​គួរតែ​ជ្រើស រើស​យកតុ​មូល ឬ​តុពង​ក្រពើ ដើម្បី​ឱ្យមើល​ទៅមាន​ភាពទូលាយ និងស​ក្ដិសម។ បន្ទប់​អាហារ​ត្រូវមាន​បង្អួច​ដើម្បី​ឱ្យមាន​ខ្យល់ អាកាស​ចេញ​ចូលបាន​ល្អ ចៀសវាង​មានក្លិន​នៅក្នុង​បន្ទប់។ ដើម្បី​បន្ថែម​សោភ័ណភាព​នៅ​ជុំវិញ​តុអាហារ គួរ​មានដាក់​ទូតាំង​ចាន កែវ និង​សម្ភារៈ​មួយចំនួន​ទៀត​ដែលត្រូវ​ការសម្រាប់​ការ​ទទួលទាន​អាហារ។ ការតាំង​លម្អ​បន្ថែម​ជាមួយ​ថូផ្កា លោកអ្នក​គប្បី​ជ្រើសរើស​ផ្កា ដែលអាច​រក្សាទុក​បាន​ក្នុងអំឡុង​ពេលមួយ​អាទិត្យ ដើម្បី​ចៀសវាង​ការ​ខ្ជះខ្ជាយ​ទាំង​ពេលវេលា និង​ថវិកា។ បើសិន​ជាប​ន្ទប់ ទទួលទាន​របស់​លោកអ្នក​ធ្វើឡើង​ដោយ​កញ្ចក់ នោះ​មិនអាច​ដាក់តាំង​ផ្ទាំងរូបភាព​បានទេ តែបើ​ជាជញ្ជាំង​ថ្មធម្មតា​ហើយ​មាន​ភាព​ទូ លាយ​ច្រើន លោកអ្នក​អាចបន្ថែម​លម្អ​ដោយផ្ទាំង​រូបភាព​ដែលទាក់ទង​ជាមួយការ​ទទួល​ទាន ឬ​ជាលក្ខណៈ​ធម្មជាតិ​ក៏បាន។ ក្រៅពី នោះ បន្ទប់​ទទួលទាន​អាហារ​គួរតែ​តុបតែង​ពណ៌ជញ្ជាំង​ដោយ​ពណ៌សាច់ ប្រផេះ លឿងទុំ ពង​មាន់ ដែល​មើល​ទៅឱ្យមាន​លក្ខណៈ ស្រគត់​ស្រគំ ស្រឡះ​ភ្នែក តែមិន​ត្រូវជ្រើស​រើសពណ៌ស​នោះទេ ព្រោះ​អាចធ្វើ​ឱ្យចាំង​ភ្នែក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បង្កើន​បរិយាកាស​រីករាយ ដោយ​សារ​បន្ទប់​ទទួលទាន​អាហារ

ជាស្ដ្រី​មេផ្ទះ​មួយរូប​ការរៀបចំ​ផ្ទះសម្បែង​ជារឿង​សំខាន់​ណាស់ ទោះ​បីជា​លោកស្រី​អ្នកនាង​មាន​ការងារ​ធ្វើ​នៅ​ខាងក្រៅ ច្រើន​ក្ដី ក៏​គប្បី​ងាក​មក​គិតគូរ​ចំពោះ​សោភ័ណ​ភាព​ក្នុងផ្ទះ​ផង​ដែរ។ ការ​ចំណាយ​ពេល​វេលា​ដើម្បី​រៀបចំ​ផ្ទះគឺ​ជា​ប្រយោជន៍​មួយ​សម្រាប់ សុភមង្គល​ក្នុង​ក្រុមគ្រួសារ​របស់​លោកអ្នក។ គេហដ្ឋាន​មាន​សណ្ដាប់​ធ្នាប់​ល្អស្រស់​ស្អាត លោកអ្នក​ក៏មា​នអារម្មណ៍​ធូរស្រាល​នឹង ការងារ និង​ស្រស់ថ្លា​ទៅតាម​នោះផង​ដែរ។ ការ​រៀបចំ​ឱ្យបាន​ស្រស់ស្អាត មិន​ត្រឹមតែ​បង្កើន​នូវ​បរិយាកាស​រីករាយ​ប៉ុណ្ណោះ​ទេ បើ​និយាយ​តាម​ជំនឿ​ទៅលើ​ហុងស៊ុយ​ថែមទាំង​ជួយឱ្យ​ក្នុងផ្ទះ​មាន​រាសីខ្ពស់ និង​ជួយ​ឱ្យ​រកស៊ី​មានបាន​ផងដែរ។ ដូចនេះ​ការយក​ចិត្ដ ទុកដាក់​រៀបចំ​នៅក្នុង​ផ្ទះសម្បែង​ក៏ដូចជា​ការ​រៀបចំ​បន្ទប់ទទួល​ទាន​អាហារ​នេះ ជាការ​ចាំបាច់​ណាស់ព្រោះ​ត្រូវចំណាយ​ពេលជា​រៀង រាល់ថ្ងៃ​ក្នុងការ​ទទួលទាន​អាហារ​ជាមួយ​ក្រុម​គ្រួសារ។ ដូចនេះ​ដើម្បី​បន្ថែម​នូវបរិយាកាស​ស្រស់ស្រាយ​ទៀតនោះ ការយក​ចិត្ដទុក ដាក់​ក្នុងការ​ថែរក្សា​សោភ័ណភាព​បន្ទប់​ទទួលទាន​ក៏ជា​ផ្នែកមួយ​នៃការ​បង្កើន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ផងដែរ។

ដំបូន្មាន​អ្នកជំនាញ

ជា​មេផ្ទះ​មិនមែន​តែជាស្ដ្រី​ដែល​ជំនាញ​ខាង​ចម្អិន​ម្ហូបក្នុង​បន្ទប់បាយ​ប៉ុណ្ណោះទេ សូម្បី​តែការ​គិតគូរ​រៀបចំ​ក្នុងបន្ទប់​ទទួល ទានអាហារ​ក៏កាន់​តែធ្វើឱ្យ​លោកអ្នក​នាង​ក្លាយទៅ​ជាប្រពន្ធ និង​អ្នកម្ដាយ​ជាទីស្រឡាញ់​ផងដែរ។ គ្រួសារ​នឹងទទួល​បាន​ភាពរីករាយ និង​សុភមង្គល នៅ​ពេល​ដែលមាន​មេផ្ទះ​ដ៏ចំណាន​ក្នុងការ​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative