A(H1N1)កំពុងបង្កើនល្បឿន

នៅ​ពេលនេះ គេ​កំពុង​រកឃើញ​ថា​ករណី​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ក្រៅ ដូច​ជា​សហរដ្ឋ​អាមេរិក អូស្ដ្រាលី ថៃ អ៊ែកឡង់ និង​ប្រទេស​អង់គ្លេស​ជាដើម ហើយ​នៅក្នុង​រយៈពេល​ក្រោយមក​ទៀត​ក៏បាន​រកឃើញ​ថា​ជម្ងឺA(H1N1)មាន​ការ​ឆ្លង​ក្នុង​ប្រទេស គឺ​អ្នក​មក​ពី​ក្រៅ​ប្រទេស​ចម្លង​ទៅ​អ្នក​ក្នុង​ប្រទេស ហើយ​អ្នក​ក្នុង​ប្រទេស​បាន​ចម្លង​បន្ដទៅ​ឆ្លង​ដល់អ្នក​ក្នុង​សហគមន៍​ទៀត។ បើ​ទោះបី ជា​ឥឡូវ​នេះកា​រឆ្លង​ជម្ងឺA(H1N1)មក​ដល់​ក្នុង​សហគមន៍​មាន​រហូត​ដល់​៦៨ករណី​ក្ដី ក៏​មិនមាន​ករណី​ណាមួយ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ករណី​ទាំ​ងអស់​នៅ​តែស្រាល ប៉ុន្ដែ​មាន​ការ​កើនឡើង

ភាគ​ច្រើន​នៃ​ករណីទាំង​នោះ​សុទ្ធតែ​ស្ថិត​ក្នុង​ដំណាក់​កាលស្រាល ហើយ​អ្នក​ជម្ងឺ​សុទ្ធតែ​បាន​ទទួល ការ​ព្យាបាល​ជាសះ​ស្បើយ​ទាំង​អស់ ប៉ុន្ដែ​នៅមាន​ករណី​មួយចំនួន​កំពុង​ធ្វើការ​តាមដាន​សុខភាព​នៅមន្ទីរពេទ្យ តែ​មិន​មាន​លក្ខណៈ​ធ្ងន់ ធ្ងរ​នោះទេ។

ហេតុអ្វី​ជម្ងឺ​A(H1N1)​កើន​ឡើង?

គ្រប់​អ្នក​ទេសចរណ៍​ក្រៅ​ស្រុក​ទាំងអស់​គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព​នៅ​តាម​បណ្ដា​អាកាស​យានដ្ឋាន ដើម្បី តាម​ដាន​ឱ្យបាន​ដឹង​ទាន់​ពេល​វេលា​ពី​ជម្ងឺA(H1N1)ចៀស​វាង​ការ​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស។ នៅ​កម្ពុជា​ការ​រីករាលដាល​នៃ​ជម្ងឺ A(H1N1)មាន​សន្ទុះ​មិន​លឿន​នោះទេ បើ​ប្រៀប​ធៀប​ទៅនឹង​ប្រទេស​ជិតខាង តែ​ទោះជា​យ៉ាងណា​ប្រជា​ពលរដ្ឋ​ទាំង​អស់​គួរ តែមាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ល្អ​ពីការ​បៀតបៀន​នៃ​ជម្ងឺ​នេះ។ យ៉ាង​ណា​មិញ​ការ​ថ្លោះ​ធ្លោយ​ឱ្យ​មាន​ការឆ្លង​ជម្ងឺA(H1N1)មកក្នុង សហគមន៍​នេះ គឺ​បណ្ដាល​មក​ពី​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​បាន​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​ជិតខាង​ដែល​ត្រឡប់​មកវិញ​គឺ បាន​ពាំនាំ​ជម្ងឺA(H1N1)មក​ជា​មួយ​ដោយ​មិនបាន​ដឹងខ្លួន ហើយ​ក៏ឆ្លង​បន្ដ​ទៅ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន។

ការ​ការពារ និង​រោគ​សញ្ញា​ដែល​សង្ស័យ​ថាជា​ជម្ងឺA(H1N1)

ជម្ងឺ​A(H1N1)បាន​ឈាន​ដល់​ចំនួន​៦៨ករណី​ហើយ ដូចនេះ​សូម​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​សម្រាប់​ខេត្ដទាំង ប្រាំមួយ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​ឱ្យបាន​ល្អ អនុវត្ដ​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ជាប្រចាំ។ ជម្ងឺ​នេះមាន​រោគ សញ្ញា​ដូចជា​ឡើង​កម្ដៅ​ខ្លួនភ្លាមៗ​៣៨អង្សាសេ ឈឺក្បាល ល្ហិតល្ហៃ ក្អក ហៀរសម្បោរ រក​កលចង់​ក្អួត ក្អួត ឬរាក។ ការ​ការពារ​ជម្ងឺ នេះ​គឺរាល់់ពេល​ក្អក ឬ​កណ្ដាស់ សូម​ខ្ទប់​មាត់​នឹង​ក្រដាស កន្សែង ឬក្រមា ហើយ​ត្រូវ​ប្រើ​ដោយ​ឡែក​ពីគេ និង​ឧស្សាហ៍​បោក​សម្អាត បើ សិនជា​ក្អក​ហើយ​រក​អ្វីទប់​មិនទាន់។ សូម​ក្អក​ដាក់​នៅ​កន្លែង​កែងដៃ ចៀសវាង​ការ​ក្អកដាក់​បាតដៃ ព្រោះអាច​ចម្លង​មេរោគ​ទៅលើ របស់​ផ្សេងៗ​តាមរយៈ​បាតដៃ។ បើសិន​ជាចៀស​មិនផុត​ពីការ​ក្អកដាក់​បាត​ដៃ សូម​ប្រញាប់​ទៅលាង​សម្អាត​ចេញ។ ចៀសវាង​ស្ដោះ ពាស​វាលពាស​កាល និង​គប្បីពាក់​ម៉ាស់រាល់​ពេល​ដែល​នៅកន្លែង​ដែលមាន​មនុស្ស​ច្រើន។

មុខ​សញ្ញា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាងគេ

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ណែនាំ​ផងដែរ ថា ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីជម្ងឺA(H1N1)នេះ និង​អ្នក​ដែល​មាន​ជម្ងឺ​រ៉ាំរ៉ៃ ដូច​ជា​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ បេះដូង លើសឈាម របេង អេដស៍ និង​អ្នកដែល​ធាត់។ លោក​អ្នក​ដែល​មាន​ប្រភេទ​ជម្ងឺរ៉ាំរ៉ៃ​ប្រចាំខ្លួន​គឺប្រព័ន្ធ​ការពារ​រាង កាយ​មានការ​ចុះខ្សោយ មិន​អាច​ទប់ទល់​នឹង​មេរោគ​ទាំងនោះ​បានទេ។ ដូចនេះ​ជម្ងឺនេះ​កាន់តែ​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​ទ្រុឌទ្រោម ហើយ​កាន់តែ​បង្កឱ្យ​មាន​គ្រោះថ្នាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធាន​ការ​នៅតែ​ពង្រឹង​បន្ដ

អង្គការ​សុខភាព​ពិភព​លោក​ក៏ដូច​ជា​ក្រសួង​សុខា​ភិបាល​នៅតែ​មាន​វិធានការ​ជាបន្ដ គឺ​នៅតែ​បន្ដ​ពង្រឹង​តា​​មបណ្ដា​ច្រកព្រំ ដែន​ដើម្បី​តាមដាន​ពីជម្ងឺA(H1N1)​នេះ ដែល​មាន​ប្រព័ន្ធ​តាមដាន​រុករក​អ្នក​ដែលមាន​ជម្ងឺA(H1N1)នៅតាម​ព្រំដែន​នៅក្នុង​ស្រុក និង​កន្លែង​ដែល​មាន​ផ្ទុះឡើង​ច្រើន ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា។ អង្គការ​សុខភាព​ពិភពលោក​នៅតែ​ធ្វើការ​បន្ដក្នុងការ បញ្ចេញ​សារ​អប់រំ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​កាត់​បន្ថយ​ល្បឿន​នៃ​ជម្ងឺនេះ។ ក្រសួង​សុខា​ភិបាល​បាន​រៀប​ចំនូវ​កន្លែង ព្យាបាល​ជម្ងឺ​នេះ រួមមាន​មន្ទីរ​ពេទ្យ​កាល់ម៉ែត មន្ទីរ​ពេទ្យ​ខេត្ដ​សៀមរាប កំពត កំពង់ចាម និង​ស្ទឹងត្រែង ដែល​ត្រៀម​នឹង​ទទួល​ឱ្យ អ្នក​ដែល​មាន​ជម្ងឺ​ផ្ដាសាយ​បក្សី និង​ជម្ងឺផ្ដាសាយ​ធ្ងន់ធ្ងរ​សម្រាក​ព្យាបាល។ ហើយ​មាន​មន្ទីរ​ពេទ្យ​ដទៃ​ក៏​កំពុង​តែ​រៀបចំ និង​ពង្រឹង បន្ថែម​សមត្ថភាព​គ្រូពេទ្យ​ឱ្យកាន់​តែ​ខ្ពស់​ក្នុងការ​ព្យាបាល​ផងដែរ។

ការ​ចូលរួម​ជួយ​ទប់ស្កាត់​ពី​ប្រជា​ពលរដ្ឋ

បច្ចុប្បន្ន​ករណី​ដែល​កំពុង​កើន​ឡើង​គ្មាន​ករណី​មួយណា​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ឬ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​នោះទេ។ ករណី ទាំង​អស់​កំពុង​នៅស្រាល តែ​ទោះ​បី​ជាយ៉ាង​ណា​ក៏សូម​ឱ្យ​នៅតែ​មាន​ការ​ចូលរួម​ជួយ​ទប់ស្កាត់​ពីសំណាក់​ប្រជា​ពលរដ្ឋ​ទាំង​ក្នុងស្រុក និង ក្រៅស្រុក​ទាំងអស់ គឺ​ធ្វើយ៉ាង​ណា​បញ្ចៀស​ខ្លួន​ឱ្យ​រួចផុត​ពី​ជម្ងឺA(H1N1)​នេះ ដើម្បី​កុំឱ្យ​មាន​ការ​ចម្លង​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស របស់​យើង។ ក្រុម​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា បើមាន​ជម្ងឺA(H1N1)កើតច្រើន នៅ​ពេល​ដែ​លវា​អាច​ទៅផ្ដុំ​ជាមួយ​មេរោគ​ផ្ដាសាយ​បក្សី ឬ​មេរោគ​ដទៃ​ទៀត វា​នឹង​អាច​វិវឌ្ឍន៍​ទៅ​ជាជម្ងឺ​មួយដ៏​ធ្ងន់ធ្ងរ។ ព្រោះ​មេរោគ​ថ្មីៗ​ទាំងឡាយ​កើត​ឡើង​ដោយ​សារ​មេរោគ​មួយ​បង្កាត់ ជា​មួយ​មេរោគ​ដទៃទៀត។ បើ​កើត​មាន​រោគ​សញ្ញា​នៃជម្ងឺA(H1N1)​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​មក​កាន់​បណ្ដាញ​ទូរស័ព្ទ​ទាន់ ហេតុការណ៍ តាម​រយៈ​ទូរស័ព្ទ​លេខ​១១៥, ០១២ ៤៨៩ ៩៨១ និង​០៨៩ ៦៦៩ ៥៦៧ ដើម្បី​ឱ្យ​ក្រុម​ឆ្លើយតប​បន្ទាន់​ដែល​មាន រហូត​ដល់​ទៅ​១២០០នាក់​ទូទាំង​ប្រទេស អាច​ចុះ​ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​ទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative