វីតាមីន(ត) ៖ អ្នកដែលរងកង្វះវីតាមីន

តើ​មនុស្ស​ជំពូក​ណា​ខ្លះ​ដែល​រង​កង្វះ​ជាតិ​វីតាមីន? មនុស្ស​គ្រប់រូប​ត្រូវការ​វីតាមីន ទៅតាម​វ័យ ភេទ និង​ស្ថានភាព​សុខភាព​នានា។ ខាងក្រោម​នេះជា​ការ​រៀបរាប់​អំពី​ជំពូក មនុស្ស​ដែលមាន​តម្រូវការ​វីតាមីន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ទារក​ទើបនឹង​កើត និង​កូន​កើត​មិន​គ្រប់ខែ ៖ ពួកគាត់​រង​នូវ​ការ​ខ្វះ​ជាតិ​វីតាមីន​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​វីតាមីន​អា(A) វីតា​មីន​​ដេ(D) វីតាមីន​អឺ(E) និង​វីតាមីន​កា(K)។ ទាំងនេះ​ជា​ជំពូក​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ដែល​មិន​បាន​ឆ្លងកាត់​បាន​ល្អ​ទៅ​ទារក តាម​រយៈ​សុក និង​ទង​សុក។

2. អ្នក​លេងកីឡា និង​កីឡាករ ៖ ព្រោះថា​ការ​ធ្វើ​ឬ​តម្លើង​សកម្មភាព​ផ្លូវកាយ នាំឱ្យ​ស៊ី​ត្របាក់​លេប​ជាតិ​វីតាមីន។

3. ស្ដ្រី​មាន​ផ្ទៃពោះ ៖ ជា​ពិសេស​ចំពោះ​ស្ដ្រី​ដែល​ចាញ់កូន និង​មាន​អាការ​ក្អួត​ចង្អោរ​ញឹកញាប់​ពេក។

4. អ្នក​ដែល​មាន​ជម្ងឺរ៉ាំរ៉ៃ ៖ ឃើញ​មាន​កង្វះ​វីតាមីន​ច្រើន​តែ​កើត​លើ​អ្នក​ដែល​មាន​ជម្ងឺ​រ៉ាំរ៉ៃ ដូចជា​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​មាន​ជម្ងឺ​ខ្សោយ​តម្រង​នោម​ជាដើម។

5. អ្នក​មាន​ជម្ងឺផ្លូវ​រំលាយ​អាហារ ៖ ជា​ពិសេស​អ្នកដែល​មាន​ជម្ងឺ​ពោះ​វៀនធំ ពោះវៀន​តូច ជម្ងឺ​ពោះវៀន​ក្រោន​ជា​ដើម។

6. អ្នក​ដែល​សម្រក​ទម្ងន់ ឬ​អ្នក​ដែល​មាន​របប​អាហារ​សម្រក​ទម្ងន់ ៖ ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​របប​អាហារ​សម្រក ទម្ងន់ ដែល​ធ្វើឱ្យ​រាក​ខ្លាំង ស្រក​ទម្ងន់​លឿន​ពេក ឬ​របប​អាហារ​ចម្លែកៗ​ពេក។ ផ្ទុញ​ទៅវិញ របប​អាហារ បន្លែ ឬ​របប​អាហារ​បួស ដែល​អនុវត្ដ​បាន​ត្រឹមត្រូវ មិន​បង្ក​ជា​ការ​ប៉ះពាល់​ធ្វើឱ្យ​មាន​កង្វះ​ជាតិ​វីតា​មីន​នោះទេ។

7. អ្នក​ជក់បារី និង​អ្នកញៀន​សុរា ៖ ពួកគាត់​ក៏ទទួល​រង​នូវ​កង្វះ​ជាតិ​វីតាមីន​ដែរ។

8. អ្នក​ដែល​រង​ប្រតិកម្ម​ជាមួយ​ការ​បំពុល​បរិយាកាស ឬ​អ្នក​ដែល​ទទួល​រង​នូវ​អាការ​ស្ដ្រេស្ស​ជា​ប្រចាំ ៖ ពួកគាត់​ប្រាក​ដជា ទទួល​រង​នូវ​កង្វះ​វីតាមីន​មិន​អាច​ចៀស​ផុត​នោះ​ទេ។

9. អ្នក​ទើបនឹង​ជា​ពី​ជម្ងឺ​តម្កាត់

10. អ្នក​ទទួល​ការ​ព្យាបាល​ជម្ងឺ ៖ ពួក​គាត់​ទទួល​រង​នូវ​ឥទ្ធិពល​អាក្រក់​របស់​ឱសថ​ព្យាបាល​ជម្ងឺ​ទាំង​នោះ រហូត​ឈាន​ទៅ នាំ​ឱ្យ​មាន​កង្វះ​ជាតិ​វីតាមីន​មួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​ព្យាបាល​ដោយ​ក័រ​ទីកូ​អ៊ីដ ឱសថ​សម្រួល​អារម្មណ៍ ថ្នាំ​ប្រឆាំង​នឹង​ជាតិ​អាស៊ីដ ក្រពះ ថ្នាំ​ផ្លូវចិត្ដ ថ្នាំផ្សះ ឬ​ថ្នាំអង់​ទី​ប៊ីយ៉ូទិក ថ្នាំ​ប្រឆាំង​ជម្ងឺ​មហារីក ថ្នាំ​ប្រឆាំង​ការ​រលាក និង​ថ្នាំដទៃ​ទៀត​ជាច្រើន​ជាដើម។

11. មនុស្ស​វ័យចាស់​ជរា ៖ ពួកគាត់​មិន​ត្រឹម​តែ​ទទួលទាន​បាន​តិច​ជាង​កាល​ពី​នៅក្មេង​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែម​ទាំង សមត្ថភាព​ក្នុង​ការស្រូប​ជាតិ​វីតាមីន​របស់ពួក​គាត់​មាន​កម្រិត​ស្រូប​ជាតិ​វីតាមីន​ថមថយ​ទៀត​ផង។

មូលហេតុ​ដែលស្ដ្រី​មានផ្ទៃពោះ​រងកង្វះ​ជាតិ​វីតាមីន​

ស្ដ្រីមាន​ផ្ទៃពោះ ឬស្ដ្រី​ពពោះ មិន​ប្រាកដ​ថាជា​អ្នក​ជម្ងឺ​នោះទេ ប៉ុន្ដែ​ពួកគាត់​មាន​តម្រូវ​ការ​ជាតិ​វីតាមីន​កើន​ឡើង។ ពីព្រោះ ថា ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​វីតាមីន​មួយ​ភាគ​នៃ​តម្រូវ​ការ​របស់​ស្ដ្រី​ពពោះ​ដែល​ជា​ម្ដាយ។ ហេតុ​នេះ អាហា​រូបត្ថម្ភ​របស់​ទារក​ក្នុងផ្ទៃ អាច​ជា​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ប្រធាន​បទធំៗ​ជាច្រើន​របស់​វេជ្ជសាស្ដ្រ នា​ពេល អនាគត។

សុខភាព​របស់​ទារក​អាស្រ័យ​ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​អ្វី​ដែល​ជា​ការ​ទទួល​របស់​ម្ដាយ មិន​ត្រឹមតែ​ពេល​គាត់​ពពោះ​ប៉ុណ្ណោះ ទេ ប៉ុន្ដែ​ថែមទាំង​មុនពេល​គាត់​ពពោះ​ទៀតផង។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺការ​ថែទាំ​សុខភាព​របស់​ស្ដ្រី​ជាម្ដាយ​ពេល​ពពោះ សំខាន់​ខ្លាំង​ណាស់ ពី​ព្រោះថា មិន​អាច​ត្រូវ​សង​ទូទាត់​នៅ​ពេល​ក្រោយវិញ​នោះ​ទេ។

នៅ​ក្នុង​សង្គម​ខ្មែរ មាន​ជំនឿ និង​ទំនៀម​ទម្លាប់​ជាច្រើន​ទាក់ទង​នឹងស្ដ្រី​មាន​ផ្ទៃពោះ ជា​ពិសេស​ការ​ទទួល​ទាន​សុរា​ពេល​មាន ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល ទោះ​បីជា​មាន​ការ​ហាមឃាត់​ពី​ក្រុម​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​យ៉ាង​ណាក្ដី។ សព្វ​ថ្ងៃនេះ យើង​ស្ទើរ​តែ គ្រប់គ្នា​ដឹង​ហើយ​ថា ស្ដ្រី​ជា​អនាគត​មាតា​ត្រូវហាម​មិន​ឱ្យ​ជក់បារី និង​ហាម​ទទួលទាន​សុរា ឬ​ស្រា ព្រោះ​ប្រយ័ត្ន​ចំពោះ​ការ​ប៉ះពាល់ សុខភាព​ទារក។ នា​ពេល​អនាគត បម្រាម​ទាំង​នេះ​នឹង​ត្រូវ​បានបញ្ជាក់​ច្បាស់​ជាង​នេះ និង​តឹងរ៉ឹង​ជាងនេះ។
(សូមបន្ដអាននៅលេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative