ប្រើ​ថ្នាំ​ងងុយ​គេង​កើត​ជម្ងឺ​ផ្លូវចិត្ដ

កើត​ជា​មនុស្ស​មិន​អាច​គេចផុត​ពីការ​ព្រួយ​បារម្ភ​ខ្វល់ខ្វាយ​ចំពោះ​រឿង​ដែល​នៅ​ជុំវិញ​ខ្លួនបាន​ទេ។ មាន​លោកអ្នក​មួយ​ចំនួន មាន​ការ​គិត​គូរ​ខ្វល់ខ្វាយ​ច្រើន​ពេក រហូត​បណ្ដាល​ឱ្យគេង​មិន​សូវលក់​ស្រួល និង​មាន​លោកអ្នក​មួយ​ចំនួន​ទៀត​គេង​មិនលក់​តែម្ដង ដែល​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​គេង​សម្រាប់​ដោះស្រាយ​បញ្ហា​គេង​មិន​លក់នេះ។ នេះ​ជា​បញ្ហា​មួយ​ដែល​មិន​មាន​ភាព​ប្រសើរ ចំពោះ​សុខភាព​របស់​លោកអ្នក​ទៅថ្ងៃ​មុខ​ទេ។ ដូច​នេះ​លោកអ្នក​ចាំបាច់​ស្វែង​យល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ល្អិតល្អន់​សម្រាប់​បញ្ហា​សុខភាព លោកអ្នក មុន​នឹង​សម្រេច​ចិត្ដ​ប្រើ​ប្រាស់​ថ្នាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​បញ្ហា​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ។

ទំនាក់​ទំនង​រវាង​ដំណេក និង​ជម្ងឺផ្លូវចិត្ដ

ផ្លូវចិត្ដ​ជា​សុខភាព​មួយ​ដ៏សំខាន់​ដែល​ត្រូវ​ធ្វើការ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ។ ដំណេក​គឺជា​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​សុខ ភាព​ផ្លូវចិត្ដ នៅពេល​ដែល​លោកអ្នក​មាន​បញ្ហា​ខាង​ដំណេក​នេះ​ហើយ គឺ​តែងតែ​មាន​អារម្មណ៍​ធុញថប់ គេង​មិន​លក់ ដែល​បណ្ដាល មក​ពីការ​ខ្វាយខ្វល់​ច្រើន គិត​ច្រើន និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​រឿង​អ្វី​មួយ។ បញ្ហា​ដំណេក​គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ដ មាន​លោក អ្នក​មួយ​ចំនួន​នៅ​ពេល​ដែល​គេង​មិនលក់ តែងតែ​ទៅ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ដើម្បី​គេង​លក់​កុំឱ្យ​គិត​ច្រើន ធ្វើឱ្យ​ប៉ះពាល់​ដល់​បញ្ហា ដំណេក​ទៅ​ថ្ងៃ​មុខ ហើយ​អាច​ប្រឈម​មុខ​នឹង​ជម្ងឺ​ផ្លូវចិត្ដ​ទៀត​ផង។

មូលហេតុ​នៃការ​ប្រើថ្នាំ​ងងុយ​គេង

ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​បណ្ដាល​មក​ពី​លោកអ្នក​មាន​វិបត្ដិ​ដំណេក។ វិបត្ដិ​ដំណេក​គឺ​បណ្ដាល​មកពី​លោកអ្នក​គេង​មិនបាន គ្រប់គ្រាន់ ហើយ​មិន​កំណត់​ពេល​វេលា​ចូល​គេង​ឱ្យបាន​ត្រឹមត្រូវ។ នៅពេល​លោកអ្នក​មាន​អាការ​គេង​មិនលក់ ហើយ​ការ​ទទួល ទាន​ដំណេក​តិចជាង​៦ម៉ោង​លើសពី​មួយសប្ដាហ៍​ឡើងទៅ នេះ​ជា​សញ្ញា​បង្ហាញ​ថា​លោកអ្នក​មាន​បញ្ហា​វិបត្ដិ​ដំណេក។ វិបត្ដិ​ដំណេក​អាច កើត​មាន​ចំពោះ​មនុស្ស​ធម្មតា និង​ចំពោះ​លោក​អ្នក​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ​ផងដែរ។ វិបត្ដិ​ដំណេក​មាន​ចំនួន​៣០​ភាគរយ​នៃ ប្រជា​ពលរដ្ឋ​ទូទៅ ដែល​ភាគច្រើន​កើត​នូវ​ប​ញ្ហា​ពិបាក​ចូលគេង និង​គេង​មិន​លក់ស្រួល។

វិបត្ដិ​ដំណេក​មាន​៤បញ្ហាគឺ

1. បញ្ហា​ពិបាក ក្នុង​ការ​ចូលគេង ឬគេង​មិន​លក់ស្រួល
2. បញ្ហា​គេង​ច្រើន​ហួស​កំណត់​លើសពី​៨ម៉ោង ដែល​បណ្ដាល​មកពី​ការ​ពិបាក​ចិត្ដ​ច្រើន ឬ​គេង​ដូច​សន្លប់ ហើយ​នេះជា​បញ្ហា មួយ​ដែល​កម្រ​ឃើញ បញ្ហា​គេង​ស្រមុក ហើយ​នៅពេល​ដែលគេង​មាន​កន្ដ្រាក់​ជើង
3. ការ​ទទួលទាន​ដំណេក​ខុស​ពេលវេលា ដូច​ជាធ្លាប់​គេងយប់​មក​គេងថ្ងៃ ដែល​បញ្ហា​នេះ​ភាគច្រើន​មានចំពោះ​អ្នករក ស៊ី​ពេល​យប់
4. ការ​គេង​មមើ ដូច​ជាការ​ដើរ ឬ​និយាយ ហើយ​មាន​យល់សប្ដិ​អាក្រក់​ស្រែក​ឡូឡា ភ័យ​រន្ធត់​នៅពេល​ដែល​ភ្ញាក់​ឡើង។ បញ្ហា​នេះ​ភាគច្រើ​នកើត​មាន​ចំពោះ​កុមារ។ វិបត្ដិ​ដំណេក​នេះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់វ័យ ហើយ​ដើម្បីចៀស​ផុតពី​វិបត្ដិ ដំណេក​នេះ ទាមទារ​ឱ្យលោក​អ្នក​គេងបាន​ពី៦​ម៉ោង​ទៅ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ប្រើថ្នាំ​ងងុយ​គេងជា​ជម្ងឺផ្លូវ​ចិត្ដ

អ្នក​ដែលមាន​វិបត្ដិ​ដំណេក​ហើយ អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​ជាងគេ​នោះ គឺការ​ពិបាក​ក្នុងការ​ចូល​គេង ឬ​គេង​មិន​លក់​ស្រួល ដែល​ធ្វើឱ្យ​លោកអ្នក​សម្រេច​ចិត្ដ​ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​ការ​ទិញថ្នាំ​ងងុយ​គេង​មក​ទទួល​ទាន។ តាម​លក្ខណៈ​វេជ្ជសាស្ដ្រ​សន្និដ្ឋាន ថា ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ចំពោះ​បញ្ហា​វិបត្ដិ​ដំណេក​ពិបាក​ចូល​គេង និង​គេង​មិន​បាន​លក់​ស្រួល​ភាគ​ច្រើន​គឺ​ជា​ជម្ងឺ​ផ្លូវចិត្ដ ដែ​លស្ថិត​នៅ​ក្នុង ប្រភេទ​ជម្ងឺ​ថប់​អារម្មណ៍ និង​ជម្ងឺធ្លាក់​ទឹក​ចិត្ដ។ លោកអ្នក​ដែល​មាន​អាការ​នេះ តែង​ទៅ​រកទិញ​ថ្នាំងុយ​គេង​ពី​ឱសថស្ថាន ព្រោះ​គិតថា អាច​ព្យាបាល​បាន។ តែ​ផ្ទុយ​ទៅវិញ​ថ្នាំអាច​ធ្វើឱ្យ​មាន​ផលប៉ះ​ពាល់​ចំពោះ​សុខភាព​ទៅថ្ងៃ​មុខ ហើយ​ការ​ដែល​ប្រើថ្នាំ​ងងុយ​គេង​នេះ​យូរ ទៅ​អាច​ញៀន​តែម្ដង។

វិធី​គួរ​ប្រតិបត្ដិ​នៅ​ពេលមាន​វិបត្ដិ​ដំណេក

នៅពេល​ដែល​លោកអ្នក​សង្កេត​ឃើញថា​ខ្លួន​មាន​អាការ​ទាំងអស់​នេះ គប្បី​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង ផ្លូវចិត្ដ​នេះ​ដើម្បី​ឱ្យដឹង​ថា​វិបត្ដិ​ដំណេក​ទាំងឡាយ​ដែល​កើត​មាន​ស្ថិត​ក្នុង​បញ្ហា​មួយណា ហើយ​អាច​នឹង​មាន​ជម្ងឺផ្លូវ​ចិត្ដ​ឬ​ទេ ទើប​អាច វាយ​តម្លៃ​បាន និង​ធ្វើការ​ព្យាបាល​ឱ្យបាន​គេង​លក់​ស្រួល។ បើ​ក្នុង​ករណី​អ្នក​មាន​បញ្ហា​គេង​មិន​លក់​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ អាច​ព្យាបាល​ទាន់ ពេលវេលា។ វិបត្ដិ​ដំណេក​គេងមិន​លក់​នេះ​គឺជា​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ដ៏​ច្រើន​ផ្សេង​ទៀត​នៃ​ជម្ងឺផ្លូវ​ចិត្ដ។ ដូចនេះ ទាមទារ​ឱ្យ​លោកអ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ផ្លូវចិត្ដ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យដឹង​ថា​មាន​រោគ​សញ្ញា​អ្វីផ្សេងៗ ទៀត ពាក់ព័ន្ធ​នឹង​វិបត្ដិ​ដំណេក​នេះ។

គុណ​វិបត្ដិ​នៃការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង

លោកអ្នក​មួយ​ចំនួន​បាន​ទៅ​ស្វែង​រក​ការ​ព្យាបាល​ខ្លួនឯង​ដោយ​ការ​ទៅទិញ​ថ្នាំ​ឱសថ​បុរាណ​ពុំមាន​ប្រភព​ច្បាស់លាស់ និង គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដូចជា​ទិញថ្នាំ​ខ្មែរ ឬ​ថ្នាំសូន​ជា​ដើម ដើម្បី​ឱ្យ​គេង​លក់​ស្រួល។ នេះ​ជារឿង​មួយ​ដែល​មាន ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ផ្លូវកាយ​ធ្ងន់ធ្ងរ ដូចជា​បញ្ហា​ធ្លាយ​ក្រពះ បញ្ហា​ថ្លើម និង​បញ្ហាត​ម្រង់នោម​ជាដើម។ ចំពោះ​អ្នក​ដែល ទទួល​ទាន​ថ្នាំ​ងងុយ​គេង​ច្រើន​អាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់ ដូចជា​កាត់​បន្ថយ​អាយុ មាន​ការ​ភ្លេចភ្លាំង​ច្រើន ផ្ចង់​អារម្មណ៍​មិន​បាន​ល្អ និង​ធ្វើឱ្យ​ញៀន​ថ្នាំងងុយ​គេង​ទៀត​ផង។ ដូចនេះ​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវចិត្ដ​ជាមុន​សិន ទើប​ប្រើ ប្រាស់ថ្នាំ។

ដំបូន្មាន​អ្នកជំនាញ

គេង​មិនលក់​អាចបាន​កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ។ ការ​ទិញ​ថ្នាំ​ងុយគេង​ដើម្បី​ឱ្យ​គេង​លក់​ជា​រឿង​មួយ​មិន​គួរ​ធ្វើទេ ព្រោះ មិន​អាច​ដឹង​លោក​អ្នក​មាន​វិបត្ដិ​ដំណេក​ក្នុងបញ្ហា​មួយណា ឬ​មាន​ជម្ងឺផ្លូវ​ចិត្ដ​ឬ​អត់។ ការ​ប្រើ​ថ្នាំងុយ​គេង​ដោយ​មិនមាន​ការ​ពិគ្រោះ ជា​មួយ​វេជ្ជបណ្ឌិត​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ទេ គឺអាច​បណ្ដាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព​ផ្លូវកាយ ពិសេស​នោះ​គឺបញ្ហា​សុខភាព​ផ្លូវ ចិត្ដ។ ដូចនេះ​បើសិន​ជាលោកអ្នក​មានអាការ​ដូច​ដែល​បានរៀបរាប់​ជូនខាង​លើនេះ គប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ខាងសុខភាព​ផ្លូវចិត្ដ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេល​វេលា កុំឱ្យ​ឈាន​ដល់ដំណាក់​កាល​ធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Google Analytics Alternative