វិធី​​​ថែទាំ​​​ស្បែក​​​របស់​​​ទារក

ស្បែករបស់ទារកងាយ​នឹងធ្វើ​ឱ្យមាន​ការ​ប៉ះ​ពាល់​ជាខ្លាំង​ ​ដូចជា​កន្ទួល រមាស់ ឬរលាក​ជាដើម។ ស្បែក​ទារក​គឺ​មាន​សភាព​ស្ដើង ហើយ​មាន​ជាតិទឹក​ច្រើន ប៉ុន្ដែមាន​ជាតិខ្លាញ់​តិច។ ស្បែក​របស់​ទារក​គឺងាយ​នឹងធ្វើ​ឱ្យឆ្លង​មេរោគ​ផ្សេងៗ​បំផុត ដូចជា​ពពួក​ បាក់តេរី​ វីរុស​ ​និង​ពពួក​ប៉ារេស៊ីត​ផ្សេងៗ​ទៀត។ ​ដូចនេះ​ស្បែក​របស់​ទារក​ទាមទារ​ឱ្យអ្នក​ម្ដាយ​គ្រប់​រូប​ថែទាំ​ឱ្យ​បានល្អ​ ​ព្រោះបើ​មានការ​ធ្វេស​ប្រហែស​នឹងអាច​បណ្ដាលឱ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​របស់​ទារក។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីស្វែងយល់ពីការថែទាំស្បែក​ទារក​ ទស្សនាវដ្ដី សុខភាពយើង ​បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត​ ​សំ បូរីន​ ​អ្នក​ឯកទេស​ផ្នែក​សង្គ្រោះ​ទារក​នៃ​មន្ទីរ​ពេទ្យកាល់ម៉ែត។ ​

សារៈប្រយោជន៍របស់ស្បែកទារក

ស្បែករបស់ទារកមាន​តួនាទី​ក្នុងការ​ទទួល​ដឹងពី​ការ​ប៉ះពាល់​ទាំងឡាយ​មកលើ​ខ្លួន និង​ជួយរក្សា​កម្ដៅក្នុង​ខ្លួនទារក​ទប់ទល់​ ​នឹង​បរិយាកាស​ខាងក្រៅ។​ មិនតែ​ប៉ុណ្ណោះ​ស្បែក​របស់​ទារក​មាន​តួនាទី​សំខាន់​ក្នុងការ​សំយោគ​វីតាមីន​ដេ​សម្រាប់​ការ​លូតលាស់​ឆ្អឹង​ និង មានមុខ​ងារបញ្ចេញ​នូវសារ​ធាតុពុល​ទាំងឡាយ​នៅក្នុង​ខ្លួន​ តាម​រយៈការ​បញ្ចេញ​ញើស​ផងដែរ។​

វិធីថែរក្សាស្បែកទារក

ការថែទាំស្បែករបស់ទារកគឺមាន​វិធី​ងាយស្រួល​បំផុត ​គឺគ្រាន់​តែប្រើ​កន្សែង​ទន់ៗ​ជាមួយ​នឹង​ទឹកស្អាត​ធម្មតា​មកជូត​សម្អាត​ ​ស្បែក​ទារក ​ឬការ​ប្រើប្រាស់​ជាមួយ​នឹងប្រភេទ​សាប៊ូ​ដែលសម​ស្របទៅ​នឹងស្បែក​នៅពេល​ដែលលាង​សម្អាត​ទារក។ ​ដោយ​មិន​ចាំបាច់​ ​ប្រើប្រាស់​គ្រឿង​សម្អាង​ផ្ដេសផ្ដាស​អ្វីផ្សេង​ទៀតមក​លាបលើ​ស្បែក​ទារក​នោះទេ ​ព្រោះអាច​បង្កឱ្យ​ស្បែក​ទារក​រលាក​ ​ហើម ​និងអាច​ ​ធ្វើឱ្យ​ដាច់ស្បែក​របស់​ទារក​ផងដែរ។​ ​ចំពោះ​ទារក​ដែលទើប​តែនឹង​កើតភ្លាមៗ​ ​ឬបាន​រយៈពេល​មួយទៅ​ពីរសប្ដាហ៍​ ​គប្បី​ការពារ​ ​ទារក​កុំឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ចំពេក​ ​ព្រោះអាច​បណ្ដាលឱ្យ​ស្បែក​រលាក​ដោយ​សារ​តែស្បែក​របស់​ទារក​នៅមាន​សភាព​ស្ដើង។​ ​ដូចនេះ​គប្បី​​ស្លៀក​សម្លៀក​បំពាក់​ឱ្យទារក​កុំឱ្យ​ប៉ះនឹង​ពន្លឺថ្ងៃ ​កុំឱ្យ​តឹង​ឬក៏​ធូរពេក​ ហើយមិន​ត្រូវឱ្យ​ទារក​នៅខ្លួន​ទទេ​នោះទេ​ ​ព្រោះអាច​បង្កឱ្យ​ ​ទារក​បាត់បង់​កម្ដៅ ​និងបាត់បង់​ជាតិទឹក​ច្រើន ដោយ​សារតែ​សីតុណ្ហភាព​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​របស់​ទារក។​

ដំបូន្មានអ្នកជំនាញ

ការថែទាំស្បែករបស់ទារកត្រូវតែធ្វើឱ្យបានល្អ ​ពិសេសគឺ​សម្រាប់លោក​ឪពុក​អ្នកម្ដាយ​គ្រប់រូប។​ បើសិន​ជាការ​ថែទាំ​មិនបាន​ ​ល្អនោះទេ​ ​អាចមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ទារក ​ឬបើធ្ងន់ធ្ងរ​អាចបណ្ដាល​មានគ្រោះថ្នាក់​ដល់អាយុ​ជីវិត​ទារក​ទៀតផង។​ ដូចនេះ​ដើម្បី​ឱ្យ​ទារក​មាន​សុខភាព​ល្អ គប្បី​ចាប់ផ្ដើម​ពីការ​មើលថែ​ទាំទារក​ឱ្យបាន​ល្អគ្រប់​ករណី​ទាំងអស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative