ខ្ញុំ​ឆាប់​មួម៉ៅ

មនុស្ស​មាន​អត្ដចរិត និង​ចិត្ដគំនិត​ខុសៗ​គ្នា ខ្លះជា​មនុស្ស​ស្លូត​បូត សុភាព​រាបសា និង​មនុស្ស​មួយចំនួន​ឆាប់​ឆេវឆាវ កាច​សាហាវ បង្កប់​ដោយ​ភ្លើង​កំហឹង​គំនុំ​គុំកួន​ទៅលើ​អ្នកដទៃទៀត​ដែលធ្វើ​អំពើ​មិនគប្បី​អ្វីមួយ​មកលើ​ខ្លួន។ កត្ដា​ទាំងនេះ​ហើយ​ធ្វើឱ្យ លោកអ្នក​មួយ​ចំនួន​ត្រូវបាន​អូសទាញ​ដោយ​ផ្លូវ​អារម្មណ៍ និង​ផ្លូវចិត្ដ បញ្ចេញ​នូវ​អាកប្ប​កិរិយា​មិន​សមរម្យ ដោយ​កាយវិការ និង​ពាក្យសម្ដី​បង្ក​លក្ខណៈ​ខូចចិត្ដ និង​អៀនខ្មាស​ច្រើន ហើយ​ឈានទៅ​ជា​មនុស្សឆាប់​មួម៉ៅ និងជា​មនុស្ស​ចិត្ដស្រាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង​លោក​សាស្ដ្រាចារ្យ សោម ច័ន្ទសុវណ្ណដារ៉ា អនុ​ប្រធាន​ដេប៉ាតឺម៉ង​ចិត្ដ​សាស្ដ្រ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​បរិយាយ​អំពី​មូលហេតុ​ដែលធ្វើ​ឱ្យមនុស្ស​ឆាប់​មួម៉ៅ និងផល​ប៉ះពាល់​មួយចំនួន​ទៀត។

លក្ខណៈ​អាការ​រោគ​មួម៉ៅ

មួម៉ៅ​គឺជា​ភាព​តានតឹង​អារម្មណ៍​ដែលមាន​ការ​រំខាន​ដល់​ផ្លូវចិត្ដ និង​ផ្លូវកាយ បង្ក​ឡើង​ដោយសារ​ជម្ងឺ​ម្យ៉ាង គឺជម្ងឺ​ស្ដ្រេស្ស បាន​ជ្រៀតចូល​ក្នុងខ្លួន​លោកអ្នក​តាមរយៈ​វិញ្ញាណ​ទាំង៥ដោយ​គ្មានរោគ​សញ្ញា ឬបង្ក​រោគផ្សេង​ដល់​សរីរាង្គកាយ​ឡើយ។ ជម្ងឺ​នេះ ដែលជា​ដើម​ចម​ធ្វើឱ្យ​អស់​លោកអ្នក​មួយ​ចំនួន​មាន​អារម្មណ៍​តានតឹង​ឆាប់​មួម៉ៅ និងខឹង​ក្រេវ​ក្រោធ អាច​ឈាន​ដល់​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស ដែល​សង្គមជាតិ និង​សង្គម​គ្រួសារ​ស្អប់​ខ្ពើម។ ពេលខ្លះ លោកអ្នក​ដែល​ប្រឈម​នឹងភាព​មួម៉ៅ​អាច​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​ត្រឹមត្រូវ និយាយ​ច្រើនតែ​រឿង​អត់ប្រយោជន៍ និង​ធ្វើឱ្យ​ប៉ះពាល់​ទៅលើ​អារម្មណ៍​អ្នក​ដទៃ​ទៀតផង។

លោកអ្នក​ដែលមាន​សភាព​តានតឹង​ក្នុង​អារម្មណ៍​មួម៉ៅ​ច្រើនបាន​បង្ហាញ​ថា ជា​មនុស្សដែល​ពោរពេញ​ទៅដោយ​ភាព​ខ្មាសអៀន និង​ខូចចិត្ដ អារម្មណ៍​មាន​សភាព​រញ៉េ​រញ៉ៃ គិតអ្វី​មិនចេញ​ហើយ​ឆាប់​បោះបង់​គំនិត​ខ្លួនឯង​ចោល​យ៉ាង​ឆាប់​រហ័ស ចូលចិត្ដ​សភាព​ស្ងប់ស្ងាត់ និង​ជាមនុស្ស​ដែលមាន​ចិត្ដ​ចង្អៀត​ចង្អល់​មិនចង់​និយាយ​ស្ដី​ទៅកាន់​អ្នកដទៃ​ច្រើន។ ព្រោះ​ខ្លាច​គេ ឬ មិន​ទុកចិត្ដ​ខ្លួនឯង ទាំង​នៅកន្លែង​ធ្វើការ នៅ​ផ្ទះ ឬនៅ​កន្លែង​សិក្សា​ជាដើម។

មូល​ហេតុ​ដែលធ្វើ​ឱ្យមាន​ភាព​មួម៉ៅ

ភាព​មួម៉ៅ​បង្កឡើង​ពីការ​ប៉ះទង្គិច​អារម្មណ៍ ជាពិសេស​ផ្លូវ​កាយ និង​ផ្លូវចិត្ដ តាមរយៈ​ការ​ទុក្ខព្រួយ គិត​ច្រើន មានការ​ត្អូញត្អែរ​ឈឺចាប់​ខាង​ផ្លូវកាយ ធ្វើឱ្យ​មនុស្ស​ផ្លាស់ប្ដូរ​អាកប្ប​កិរិយា និង​ចិត្ដ​គំនិត បន្ទាប់​ពីភាព​តានតឹង​អារម្មណ៍​វាយ​លុក​ចូលក្នុង ប្រព័ន្ធ​ផ្លូវចិត្ដ។ ក្រោយ​មកទៀត​មនុស្ស​ប្រភេទ​នេះ​ក្លាយជា​មនុស្ស​ឆាប់​ឆេវឆាវ ឆាប់​ខឹង ចិត្ដ​ស្រាល នៅមិន​ស្ងៀម បង្កភាព​រញ៉េ​រញ៉ៃ ចំពោះ​អ្នកដទៃ ជាពិសេស​ក្រុម​គ្រួសារ ហើយជា​មនុស្ស​ស្ដាយ​ក្រោយ​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ភាព​មួម៉ៅ

ជម្ងឺ​តានតឹង​ផ្លូវ​អារម្មណ៍​ដែល​ឈានដល់​ភាព​មួម៉ៅ​នេះ ត្រូវបាន​ជ្រើសរើស​យក​វិធី​ព្យាបាល​ជាច្រើន​យកមក​ជួយ​អ្នកជម្ងឺ ដូចជា​ព្យាបាល​តាមបែប​បុរាណ តាមបែប​វប្បធម៌ និង​តាមបែប​បស្ចិម​ប្រទេស។

  • ការ​ព្យាបាល​តាម​វិធី​បែប​បស្ចិម​ប្រទេស ៖ គឺ​ព្យាបាល​តាម​រយៈការ​ផ្ដល់​ប្រឹក្សា​ពីអ្នក​ជំនាញ​ផ្នែក​ផ្លូវចិត្ដ។
  • ការ​ព្យាបាល​តាម​បែប​បុរាណ ៖ គឺ​ព្យាបាល​តាមបែប​សមាធិ រម្ងាប់​អារម្មណ៍ និង​រកទី​កន្លែង​ដែល​ស្ងប់ស្ងាត់ ដូចជា នៅតាម​ទីវត្ដ​អារាម​ជាដើម ឬ​ព្យាបាល​តាមរយៈ​ការស្ដាប់​ឱវាទ​របស់ព្រះសង្ឃ និង​ដូនជី​ផងដែរ។
  • ព្យាបាល​តាមបែប​វប្បធម៌ ៖ គឺជា​ការ​ព្យាបាល​តាមការ​ណែនាំ​របស់​ចាស់​ព្រឹទ្ធាចារ្យ និង​សាស្ដ្រាចារ្យ​នានា ដែល​ធ្លាប់មាន បទពិសោធន៍ ដើម្បី​ធ្វើការ​ណែនាំ​ឱ្យ​លោកអ្នក​ដែលមាន​ចរិត​ឆេវឆាវ ឆាប់​មួម៉ៅ និង​ខូចចិត្ដ​ឱ្យមក​កាន់​ភាព​ប្រសើរ​ក្នុង​អារម្មណ៍​ឡើងវិញ។

វិធី​ការពារ​ភាព​មួម៉ៅ

ដើម្បី​ការពារ​ភាព​មួម៉ៅ​កុំឱ្យ​ជ្រៀតចូល​ក្នុងខ្លួន​យើង ដែល​បង្ក​ជាការ​ប្រឈម​មុខផ្សេងៗ​នោះ លោកអ្នក​ត្រូវ​ឧស្សាហ៍ ចូលរួម​ក្នុង​សង្គម​ឱ្យបាន​ច្រើន និង​ចូលរួម​ជាក្រុម​ជាមួយ​នឹង​មិត្ដភក្ដិ ឬ​អ្នកដទៃ​ឱ្យបាន​ញឹកញាប់ មិនត្រូវ​ដកខ្លួន​ពី​ការងារ និងឱ្យនៅ​ឯកោ​ឡើយ។ ព្រោះ​ភាព​មួម៉ៅ​អាច​ជ្រៀត​ចូលនៅ​ថ្ងៃណា​មួយ​មិនខាន អាច​បណ្ដាល​ឱ្យចិត្ដ​យើងមាន​ការ​ភ័យខ្លាច ភាព​តានតឹង​អារម្មណ៍ និង​ភាព​មួម៉ៅ​ក៏​ចាប់ផ្ដើម​មានតែ​ម្ដង។ បន្ទាប់​មក​ត្រូវ​រកអ្នក​ប្រឹក្សា​ណា​ម្នាក់ដែល​មានការ​ទុកចិត្ដ​យកមក​នៅក្បែរ​ខ្លួន ដើម្បី​ឱ្យគេ​ណែនាំ​អំពី​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​ឡើង ឬ​បម្រុង​នឹង​កើតមាន។

ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ភាព​មួម៉ៅ

ភាព​មួម៉ៅ​ច្រើន ធ្វើឱ្យ​សរីរាង្គ​ចុះ​ខ្សោយ ឈឺ​សន្លាក់​សាច់ដុំ និង​ឈឺក្បាល។ ពេលខ្លះ​វាអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​របប​អាហារ ទៀត​ផង។ តួយ៉ាង​ដូចជា​អាហារ​មួយចំនួន​លោកអ្នក​ធ្លាប់ទទួល​ទាន​ឆ្ងាញ់ ឬមាន​រសជាតិ ក្លាយ​ទៅជា​មិន​ឆ្ងាញ់ ដោយសារ​ប៉ះទង្គិច ទៅនឹង​អារម្មណ៍​មួម៉ៅ​នេះតែ​ម្ដង។ ភាព​មួម៉ៅ​ធ្វើឱ្យ​ប៉ះពាល់​ជាការ​ឈឺចាប់​នៃ​រាងកាយ​ទៀតផង។ ដោយ​ឡែក​សម្រាប់​ស្ដ្រីវិញ អារម្មណ៍​មួម៉ៅ​ធ្វើឱ្យ​រដូវ​ដើរ​មិនទៀង ឬ​អាក់ខាន រាំង​រដូវ​ជាដើម។ ម្យ៉ាង​ទៀត​បើតាម​វេជ្ជសាស្ដ្រ​វិញ លោកអ្នក​ដែលមាន​ភាព​មួម៉ៅ​ច្រើនក្នុង​អារម្មណ៍​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រដាប់​ឈាម​រត់ ប៉ះពាល់​ដល់​បេះដូង មានការ​រអាក់​រអួល​ក្នុងការ​បញ្ជូន​ឈាម​បេះដូង​ដើរ​ញាប់ ឆាប់​ភ័យ ឈាម​ឡើង​ជាដើម។ លើស​ពីនេះ​វាអាច​ឈានដល់​មាន​ជម្ងឺ​ស្ទះ​សរសៃ​ឈាម ប៉ះពាល់​ប្រដាប់​ដក​ដង្ហើម ធ្វើឱ្យ​តឹង​ច្រមុះ ហិតក្លិន​លែងដឹង​ស្អុយ ឬ​ក្រអូប​ដូចមុន​ទៀត​ហើយ។ ផល​ប៉ះពាល់​ផ្សេងទៀត​គឺ​ប៉ះពាល់​ដល់​ប្រដាប់​រំលាយ​អាហារ ក្រពះ ពោះវៀន ធ្វើឱ្យ​លោកអ្នក​មាន​អាការ​រាករូស ដំបៅ​ក្រពះ ដំបៅ​ពោះវៀន ឬក៏​ឧស្សាហ៍​ក្អួត។ មិនតែ​ប៉ុណ្ណោះ លោកអ្នក​ដែលមាន​ភាព​មួម៉ៅ​ច្រើនក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ​ក្បាល ឈឺ​ក្បាល និង​សាច់ដុំ​ឡើង​តឹង និង​ប៉ះពាល់​ដល់​សន្លាក់​ទៀតផង។ សុខភាព​ប្រដាប់​បន្ដពូជ​មាន​អាការ​នោម​ញឹក ហើយ​ការ​រួមភេទ​មិនមាន​អារម្មណ៍​ស្រួល​ដូច​ពីមុន ដោយ​គ្មាន​អារម្មណ៍​ដល់​កំពូល។ ចំពោះ​ស្បែក​វិញ​មិនមាន​សភាព​ភ្លឺ​រលោង​ដូច​មនុស្ស​ដែល​មិនមាន​ភាព​មួម៉ៅ​ក្នុងខ្លួន​នោះទេ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិន​បើ​លោកអ្នក​ជួបនូវ​បញ្ហា​មួម៉ៅ និង​ភាព​តានតឹង​ក្នុង​អារម្មណ៍ គួរតែ​ប្រញាប់​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ផ្ដល់​ប្រឹក្សា និង​ទទួលយក​ថ្នាំ​មួយចំនួន​លេប​ដើម្បី​ការពារ​រោគ​ផ្លូវចិត្ដ ជាពិសេស​អាចរក​វិធី​ព្យាបាល​ផ្សេងៗ​មួយចំនួន​ទៀត តាមអ្វី​ដែលអាច​ធ្វើបាន។ បើអ្នក​ជម្ងឺ​នៅតែ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ និងភាព​មួម៉ៅ​នេះយូរ​អង្វែង អាច​បង្កការ​ប៉ះពាល់​ទៅជម្ងឺ​សរសៃ​ប្រសាទ និង​ជម្ងឺ​ផ្សេងៗ​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative