វីតាមីន(ត) ៖ វីតាមីនអា

លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​ចំណាត់​ថ្នាក់ និង​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​វីតាមីន ឬ​សារជាតិ​ជីវជាតិ​រួចមក​ហើយ នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាព​យើង ក៏​ដូចជា​នៅតាម​កញ្ចក់​ទូរទស្សន៍​CTN ដែល​ជាកិច្ច​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ រឿង​រ៉ាវ​ទាក់ទង​នឹង​វីតាមីន​នេះ ពិតជា​មិនទាន់​ចប់​នៅឡើយ​នោះទេ ជាកិច្ច​បន្ដ​សូមបន្ដ​ជ្រាប​ជាមួយ​យើងខ្ញុំ​ជា​បន្ដ​ទៅទៀត​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាព​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជីវជាតិ​អា ឬ​វីតាមីន​អា

បើ​និយាយ​អំពី​វីតាមីន​អានេះ គឺជា​វីតាមីន​មាន​សារៈ​សំខាន់​សម្រាប់​ស្បែក ភ្នែក និង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស​យើង។ បើធ្វើ​ការ​បែងចែក​រឹតតែ​លម្អិត វីតាមីន​អា​ត្រូវបាន​បែងចែក​ជា២​ប្រភេទ​ទៀត គឺ​វីតាមីន​អា​រុក្ខជាតិ និង​វីតាមីន​អា​សត្វ ដោយ​ផ្អែក​ទៅលើ​ភព និង​តួនាទី​នានា​របស់វា។ ទស្សនាវដ្ដី សុខភាព​យើង នឹង​លើកយក​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ជាតិ​វីតាមីន ទាំងនេះ​មក​ជម្រាប​ជូនម្ដង​មួយ​ប្រភេទ​ឬមួយ​មុខ​នៅលើ​ទំព័រ​របស់ខ្លួន​ចាប់ពី​ពេលនេះ​ទៅ​រហូត​ទល់តែ​ចប់អស់​ខ្លឹមសារ។ ជា​ដំបូង សូម​ចាប់ផ្ដើម​ជាមួយ​ព័ត៌មាន​ទាក់ទង​នឹង​វីតាមីន​អា​រុក្ខជាតិ​ដូច​តទៅ។

តួនាទី​វីតាមីនអា​រុក្ខជាតិ

វីតាមីនអា​រុក្ខជាតិ ឬ​ហៅ​ជាភាសា​ជីវ​គីមី​សាស្ដ្រ​ថា ការូតេណូអ៊ីដ អាច​ហៅជា​ភាសា​ប្រជាជន​ថា​ជាវីតាមីន​ស្បែក។ វីតាមីន​អា​រុក្ខជាតិ​នេះមាន​តួនាទី​ពិសេសៗ​ដូចត​ទៅ គឺជា​វីតាមីន​ការពារ​យ៉ាង​សំខាន់។

  • ការពារ​ប្រឆាំង​ជម្ងឺ​មហារីក ៖ វីតាមីនអា​រុក្ខជាតិ​អាចមាន​តួនាទី​ប្រឆាំង​នឹងជម្ងឺ​មហារីក​មួយ​ចំនួន ដែល​រួមមាន​មហារីក​ស្បែក មហារីក​សួត និង​ជម្ងឺ​មហារីក​ប្លោក​នោម។
  • ជំនួយ​ភ្នែក ៖ វីតាមីន​អា​រុក្ខជាតិ​អាចមាន​តួនាទី​ចូលរួម​ក្នុងការ​ធ្វើឱ្យ​គំហើញ​របស់​ភ្នែក​រឹតតែប្រសើរ​ឡើង។
  • ថែទាំ​ស្បែក ៖ វីតាមីន​អា​រុក្ខជាតិ​ក៏អាច​មាន​តួនាទី​សំខាន់​ផងដែរ ជួយឱ្យ​ស្បែក​ឬ​ស្រទាប់​មុយកឺ​នៃស្បែក​មាន​សុខភាព ឬ ស្ថានភាព​ល្អ ព្រមទាំង​ជួយ​ស្បែក​ដើម្បី​ទប់ទល់​នឹងពន្លឺ​ព្រះអាទិត្យ។
  • ជួយឱ្យ​មាន​វ័យក្មេង ៖ តួនាទី​ចុង​ក្រោយ វីតាមីនអា​រុក្ខជាតិ​ជួយ​ទប់ស្កាត់​ការ​វិវឌ្ឍន៍​នៃវ័យ​របស់​មនុស្ស​កុំឱ្យ​ឆាប់ចាស់​ពេក​ផងដែរ។

របប​អាហា​រូបត្ថម្ភ​ប្រចាំ​ថ្ងៃ​របស់​វីតាមីន​អា​រុក្ខជាតិ

មនុស្ស​ត្រូវ​ទទួលទាន​ចូលទៅ​ក្នុងខ្លួន​ជា​ប្រចាំ​ថ្ងៃ​នូវវីតាមីន​អា​រុក្ខជាតិ​ក្នុង​បរិមាណ​ចំនួន​៣៥០ឯកតារ៉េ​ទីណុល ដែល​មាន​ទម្ងន់​ប្រមាណ​ជា២,១​មីលី​ក្រាម​បែតតាកា​រ៉ូទែន។

កង្វះ​ជាតិ​វីតាមីនអា​រុក្ខជាតិ នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិន​ជា​មនុស្ស​យើង​ទទួលទាន​វីតាមីនអា​រុក្ខជាតិ​នេះមិន​គ្រប់គ្រាន់ អាច​នាំឱ្យ​ប៉ះពាល់​ដល់សុខភាព​គួរឱ្យ​កត់​សម្គាល់ ភាគច្រើន​ក្នុង​ករណី​ដែល​ពួកគាត់​មិនបាន​ទទួល​ទាន​ចំណី​អាហារ​ដែលមាន​សារធាតុ​ខ្លាញ់​គ្រប់គ្រាន់​ឬតិច​តួចពេក។ ផល​ប៉ះពាល់​ទាំងនោះ​មាន​ដូចត​ទៅ គឺ​ងងឹត​ភ្នែក​(អាចខ្វាក់​ភ្នែក) ការរីក​លូតលាស់​នៃ​រាងកាយ​យឺតយ៉ាវ ស្ងួត​ភ្នែក ឆាប់ខឹង​មួម៉ៅ​ច្រើន ស្បែក​ស្ងួត មាន​ពណ៌​ប្រផេះ និង​ស្វាយ មើលពេល​យប់​មិនឃើញ​(ងងឹត​មាន់) រលាក​ភ្នែក ដង្កូវ​ស៊ីធ្មេញ រាករូស និង​កើតជម្ងឺ​ក្រួស​នៅក្នុង​សរីរាង្គ​កាយ។

ចំណី​អាហារ​ដែលមាន​វីតាមីនអា​រុក្ខជាតិ

វីតាមីនអា​រុក្ខជាតិ​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន​ដូចតទៅ ៖

  • បន្លែ​បៃតង​ដែលមាន​ស្លឹក ជាពិសេស​ស្ពៃ និង​បន្លែ​អេពីណា
  • ផ្លែ​ឈើ និង​បន្លែពណ៌​ទឹកក្រូច និង​ពណ៌​ក្រហម ដូចជា​ការ៉ុត ម្ទេស​ក្រហម ត្រសក់​ស្រូវ ផ្លែស្វាយ សណ្ដែក​បារាំង។ល។ ជា​ទូទៅ​ផ្លែឈើ ឬបន្លែ​ដែលមាន​ពណ៌​កាន់តែ​ខ្លាំង​ឬដិត មាន​សារជាតិ​ប៉ែត​តាការូតែន​កាន់តែ​ច្រើន។

ពេល​ដែល​ត្រូវ​ប្រើប្រាស់​វីតាមីន​អារុក្ខជាតិ

មនុស្ស​ដែលគួរ​ត្រូវតែ​ប្រើប្រាស់​វីតាមីន​អា​រុក្ខជាតិ​ជាជំនួយ​បន្ថែម​មាន​ដូចត​ទៅ ៖

  • ស្ដ្រី​ដែល​កំពុង​ប្រើប្រាស់​គ្រាប់ថ្នាំ​លេប​ពន្យារ​កំណើត
  • អ្នក​ដែលមាន​ជម្ងឺ​ឆ្លង​ពី​មេរោគ
  • អ្នកដែល​ពិសា​សុរា ឬ​ប្រមឹក​ស្រា និង​អ្នកជក់​បារី
  • អ្នក​ដែល​តមជាតិ​ខ្លាញ់​ជាដើម។

តម្រូវ​ការ​វីតាមីនអា​រុក្ខជាតិ​ជា​ប្រចាំ​ថ្ងៃ

ជា​ប្រចាំ​ថ្ងៃ មនុស្ស​ត្រូវ​ទទួលទាន​វីតាមីន​ប្រមាណ​ពី៣០០០​ទៅ៧៥០០​ឯកតា​រេទីណុល ដែល​មាន​ទម្ងន់​ប្រមាណ​ជាពី ៦ទៅ​១៥​មីលីក្រាម​បែកតា​ការ៉ូទែន ដែលមាន​នៅក្នុង​ថ្នាំ និង​នៅក្នុង​ចំណី​អាហារ​ដែល​ទទួលទាន​រៀង​រាល់ថ្ងៃ។ តម្រូវ​ការនេះ​អាចកើត​ឡើង​ទៅដល់​៥០​មីលីក្រាម​ការ៉ូទែន​ក្នុង​១ថ្ងៃ។ រហូត​មកដល់​សព្វថ្ងៃ​មិនទាន់​មានការ​លើកឡើង​អំពី​ផល​ប៉ះពាល់​ដែល​កើត​មានឡើង ដោយសារ​ការ​ទទួលទាន​គ្រាប់​ថ្នាំ ឬ​ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីន​ទាំងនេះ​លើស​នៅឡើយ​ទេ។ (សូម​អានបន្ដ​នៅលេខ​ក្រោយ)

ដោយ វេជ្ជ.​ លី​ ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative