វិធីការ​ពារ​​​ការ​ស្លាក់​​​​ចំពោះ​​​​កុមារ​

កុមារ​​​ដែលមាន​​​អាយុក្រោម៣ឆ្នាំ គឺ​ជាក្មេង​តូច​​​ដែល​មិនទាន់​​​​ចេះ​​​​​​​ទំពា​អាហារ​​​​បាន​​​​ម៉ត់ល្អ​​​​នោះទេ។ ​កុមារ​​​​ដែល​មាន​​​វ័យ​​​​​ប្រហែល​នេះ​​​អាច​ប្រឈម​មុខ​​​នឹង​គ្រោះថ្នាក់​​​​ជាច្រើន​ ដែល​​​លោក​អ្នក​​​មិន​អាច​​​ស្មាន​​​​ដល់ ជាហេតុ​អាចធ្វើ​ឱ្យស្លាប់​បាន។ ហើយ​គ្រោះ ​ដែលតែង​តែជួប​ប្រទះ​ញឹក​ញាប់​នោះ​ ​គឺការ​ស្លាក់នូវ​វត្ថុផ្សេងៗ​ដែលមាន​នៅ​ជុំវិញ​ខ្លួន​របស់​កុមារ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

​ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយ​លោក​វេជ្ជបណ្ឌិត​ ​ហុង សុខឃាង ​ឯកទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារជាតិ​ ​នឹងប្រាប់​អំពី​វិធី​ការពារ​ការស្លាក់​ចំពោះ​កុមារ​ ដើម្បី​ឱ្យលោក​អ្នកបាន​ជ្រាប ​និង​ការពារ​កុំឱ្យ​កើតមាន​បញ្ហាស្លាក់។​

អ្វីទៅជាការស្លាក់?

ការស្លាក់គឺនៅពេលដែលមាន​វត្ថុ​អ្វីមួយ​ធ្លាក់ចូល​ក្នុងផ្លូវ​ដង្ហើម ហើយ​ធ្វើឱ្យ​ស្ទះផ្លូវ​ដង្ហើម​មិនអាច​ដក​ដង្ហើម​បាន។ ​ការស្លាក់​ ​អាចបណ្ដាល​ឱ្យកុមារ​ស្លាប់​ភ្លាមៗ។​

តើកុមារម្នាក់អាចរងគ្រោះបានយ៉ាងដូចម្ដេច?

ក្មេងម្នាក់អាចស្លាក់ចំណីអាហាររឹង គ្រាប់ផ្លែឈើ របស់​របរ​តូចៗ​សម្រាប់​លេង ឬវត្ថុ​រឹងផ្សេងៗ​ទៀត។ ការស្លាក់​ធ្វើឱ្យ​ពិបាក​​ ដកដង្ហើម​ និងអាច​ស្លាប់បាន។​ គ្រប់វត្ថុ​ដែលទំហំ​តូចជាង​៣៥​មីលីម៉ែត្រ​ សុទ្ធតែ​អាចធ្វើ​ឱ្យក្មេង​អាយុក្រោម​៣ឆ្នាំស្លាក់​បានយ៉ាង​ងាយ​ ​ហើយ​វត្ថុទាំង​នោះមាន​ដូចជា ៖​

– ទឹកដោះគោ ចំពោះទារកដែលបៅ​ដោយគ្មាន​អ្នកចាំ​មើល​

– ចំណិតផ្លែឈើស្រស់ដែលរឹងៗ គ្រាប់​ផ្លែឈើ សម្បក​ផ្លែឈើ

– ដុំសាច់តូចៗ ឬឆ្អឹង

– គ្រាប់ពោតដែលស្ងោរ​ឬលីង ឬឈូស

– បំណែកប្លាស្ទិច ស្ករគ្រាប់ កញ្ចប់រុំ​ស្ករគ្រាប់

– ឡេវ កាក់ សម្ភារៈសម្រាប់​ដេរប៉ាក់

– សម្ភារៈសម្រាប់​ក្មេងលេង។ល។

ផ្លូវដង្ហើមកុមារមានទំហំតូច ដែលងាយ​នឹងស្ទះ​ជិត។ កុមារតូចៗ​ចូលចិត្ដ​រើស​របស់​ផ្សេងៗ​ដាក់ចូល​ក្នុងមាត់​ ដោយពុំ​បានដឹង​ ​ពី​គ្រោះថ្នាក់​ឡើយ។ ក្មេងអាច​ចេះទំពា​អាហារ​បានល្អ នៅពេលដែល​មានអាយុ​ប្រហែល​៤ឆ្នាំ។ ដូច្នេះ​មាតា​បិតា ​អាណាព្យាបាល​ ​ឬអ្នក​មើលថែ​រក្សាកុមារ​គួរ​គប្បី​ប្រុងប្រយ័ត្ន​ជានិច្ច និងត្រូវ​ចេះវិធី​ការពារ​ដើម្បី​កុំឱ្យកុមារ​រងគ្រោះ​ដោយការ​ស្លាក់ ជាពិសេស​ចំពោះ​ ក្មេងអាយុ​ក្រោម​៣ឆ្នាំ។​

វិធីជួយសង្គ្រោះចំពោះកុមារស្លាក់

ប្រសិនបើក្មេងនោះមិនដកដង្ហើមទេ ​សូមសាក​ល្បងយក​វត្ថុស្លាក់​ចេញ ដោយលោក​អ្នកត្រូវ​អង្គុយលើ​កៅអី​មាំមួយ ដាក់ ក្មេង​នោះដេក​ផ្កាប់លើភ្លៅ​ទាំងពីរ​របស់​លោកអ្នក ដោយឱ្យ​ខាងក្បាល​រាងទាប​ជាងទ្រូង​បន្ដិច រួចទះខ្នង​កុមារនោះ​៤ដង​ត្រង់ចន្លោះ​ ស្លាបប្រចៀវ​ទាំងពីរ​ឱ្យខ្លាំង​ល្មមអាច​បញ្ចេញវត្ថុ​ស្លាក់នោះ​បាន។ ​រួចពិនិត្យ​មើលដង្ហើម​ឡើងវិញ​ ប្រសិនបើ​នៅតែ​គ្មានដង្ហើម​ សូម ទូរស័ព្ទ​ហៅឡាន​ពេទ្យជា​បន្ទាន់។ បុគ្គលិក​ឡានពេទ្យ​នឹងអាច​ណែនាំលោក​អ្នកថាត្រូវ​ធ្វើអ្វីទៀត​មុនពេល​ឡានពេទ្យ​ទៅដល់។​

ដំបូន្មានអ្នកជំនាញ

មាតាបិតា អាណាព្យាបាល ​ឬអ្នក​មើល​ថែក្មេង​ត្រូវតាម​មើលកូន​របស់លោក​អ្នកជាប់​ជានិច្ច។ ​ប្រសិន​បើមាន​វត្ថុអ្វីមួយ​តូច ជាង​៣៥មីលីម៉ែត្រ​ វាអាច​ធ្វើឱ្យក្មេង​អាយុក្រោម​៣ឆ្នាំស្លាក់​បាន។ ត្រូវពិនិត្យ​មើលរបស់​ក្មេងលេង ដែលអាច​មានបំណែក​តូចៗ ដែល​ក្មេងអាច​ដាក់ក្នុង​មាត់ ច្រមុះ ឬត្រចៀក​បាន។ លោកអ្នក​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន និងត្រូវយក​ចិត្ដទុក​ដាក់បំផុត​ចំពោះ​កូនៗ​ ​របស់​លោក​អ្នក។ ​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Google Analytics Alternative