វិធី​ថែរក្សា​សក់​ពណ៌

ការ​លាបសក់​ពណ៌​ធ្វើឱ្យ​សក់​ស្អាត ប៉ុន្ដែ​ការ​លាប​សក់​ពណ៌​ក៏មាន​ផល​ប៉ះពាល់​ដល់សក់ នៅពេល​ដែល​សុភាព​នារី​មិនបាន​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​ឱ្យបាន​ល្អនោះ។ ការ​លាបសក់​ពណ៌​ជារឿង​មួយ​ដែល​ងាយស្រួល ប៉ុន្ដែ​មានតែ​ការ​ថែរក្សា​ទេ ដែល​លំបាក ហើយ​កាន់តែ​លំបាក​នៅពេល​ដែលសក់​របស់​លោក​លោកស្រី​អ្នកនាង​កញ្ញា​មាន​បញ្ហា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស​នៃ​សម្អាង ការ​លុច្ស ដើម្បី​ពន្យល់​អំពី​វិធី​ថែរក្សា​សក់​ពណ៌។

សារៈ​ប្រយោជន៍​នៃការ​លាប​ពណ៌​សក់

ជាការ​ពិតណាស់​ការលាប​ពណ៌សក់​អាច​បន្ថែម​សោភ័ណ​ភាព​ដល់ផ្ទៃ​មុខ​របស់​សុភាព​នារី​បាន​មួយ​កម្រិត ព្រោះ​ធ្វើឱ្យ​សក់ មាន​ពណ៌​ស្អាត និង​សមទៅ​តាមចិត្ដ​របស់​អ្នក​លាប។ ចំពោះ​សុភាព​នារី​គ្រប់រូប​បើសិន​ជាបាន​លាប​ពណ៌​សក់ត្រូវ​តាម​ក្បួនខ្នាត​នោះ ការ​លាប​ពណ៌​សក់​ប្រាកដ​ជាធ្វើ​ឱ្យសក់​របស់​លោកអ្នក​មានភាព​ស្រស់​ស្អាត រលោង អាច​រក្សា​ពណ៌​បាន​យូរ មិន​មាន​បញ្ហា​ចំពោះ​ស្បែក​ក្បាល និង​សរសៃ​សក់​ឡើយ។

ការ​ថែរក្សា​សក់​ពណ៌

ដើម្បី​ឱ្យសក់​ស្អាត​ស្ដ្រី​គ្រប់រូប​ត្រូវតែ​ជ្រើសរើស​នូវ​ផលិត​ផល​ដែលមាន​សារជាតិ​ចិញ្ចឹម​សរសៃ​សក់ និង​ការពារ​សក់។ ថ្នាំ​ពណ៌​លាបសក់​ដែលគ្មាន​គុណ​ភាព ធ្វើឱ្យ​សរសៃ​សក់​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ប្រេង។ ដូចនេះ​មិត្ដ​នារី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ផលិត ផល​សម្រាប់​ចិញ្ចឹម​សក់ ដើម្បី​ការពារ​កុំឱ្យ​សក់ខូច ធ្វើឱ្យ​សក់​នៅតែ​ស្អាត​បែប​ធម្មជាតិ ជាពិសេស​មិនត្រូវ​ឱ្យសក់​ត្រូវ​កម្ដៅ​ថ្ងៃ​ញឹកញាប់​ពេក ព្រោះ​កម្ដៅថ្ងៃ​អាចធ្វើ​ឱ្យសក់​ខូចបាន។

ប្រការ​គួរ​ចៀសវាង​ក្នុងការ​លាប​ពណ៌​សក់

មាន​ប្រភេទ​ថ្នាំលាប​សក់​ប្រភេទ​ខ្លះ នៅពេល​លាប​នៅលើ​សក់ គឺអាច​ធ្វើឱ្យ​ស្បែក​ក្បាល​រមាស់​ឡើង​ក្រហម​ជាដើម ករណី​ទាំងនេះ​គឺកើត​ឡើង​ដោយសារ​តែ​គុណភាព​នៃ​ផលិតផល​ដែល​មិនមាន​ប្រភព​ច្បាស់​លាស់។ ដើម្បី​ចៀសវាង​ចំពោះ​បញ្ហា​ទាំងនេះ សុភាព​នារី​គ្រប់រូប​គួរតែ​ប្រើប្រាស់​ថ្នាំលាប​សក់​ដែលមាន​គុណ​ភាព ជាថ្នាំ​ដែលមាន​ជាតិ​ជំនួយ​ដល់​សក់ គ្មាន​ជាតិ​គីមី។ ដើម្បី​ឱ្យសក់​ស្អាត សុភាព​នារី​មិនត្រូវ​ផ្លាស់ប្ដូរ​ពណ៌សក់​ញឹកញាប់​ពេក។ ចំណែកឯ​ការផ្លុំ​សក់ ឬ​គាបសក់​ក៏​មិនគួរ​ញឹកញាប់​ពេកនោះ​ដែរ។ សុភាព​នារី​មិនត្រូវ​ប្រើប្រាស់​ផលិតផល​ដែលគ្មាន​ប្រភព​ច្បាស់លាស់​ទេ ព្រោះ​ធ្វើឱ្យ​សក់​ផុយ​ស្រួយ​បែកចុង ឆាប់​បាក់ មាន​សរសៃ សក់ខ្លះ​គឺដាច់​មក​ទាំងឫ​សតែ​ម្ដង។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​កុំឱ្យ​កើតមាន​នូវ​បញ្ហា មិត្ដនារី​ទាំងអស់​គួរ​ជ្រើស​រើស​ផលិតផល​ដែលមាន​គុណ​ភាព។ ដើម្បី​ឱ្យសក់​ស្អាត​មិត្ដនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​ចំពោះ​សក់​ឱ្យបាន​ដិតដល់ មិនត្រូវ​ធ្វេស​ប្រហែស​ឡើយ។ ហើយ​បើមាន​បញ្ហា ស្ដ្រី​គ្រប់រូប​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ដើម្បី​រកវិធី​ការពារ និង​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative