សម្លៀក​បំពាក់​បុណ្យ​ណូអែល

ថ្ងៃទី​២៥ ខែធ្នូ​ ជាថ្ងៃ​បុណ្យ​ណូអែល ដែល​ប្រារឰ​ឡើង​ដើម្បី​រម្លឹក​ដល់ថ្ងៃ​ប្រសូត​របស់ព្រះយេស៊ូគ្រឹស្ម និងជា​ថ្ងៃបុណ្យ សប្បាយ​រីករាយ​មួយ​របស់​សាសនា​គ្រឹស្ម។ ចំណែក​សម្លៀក​បំពាក់​សម្រាប់​បុណ្យ​ណូអែល ដែលមាន​ពណ៌​ក្រហម​គឺ​តំណាង​ឱ្យ​លោហិត​របស់​ព្រះយេស៊ូគ្រឹស្ម។ ចំពោះ​សម្លៀក​បំពាក់​ពណ៌​ក្រហម​នេះមាន​រឿង​តំណាល​ជាច្រើន​ដែល​ទាក់ទង​ជាមួយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក ថោង ចន្ថា អ្នក​តំណាង​សាសនា​ក្នុង​មណ្ឌល​ខាងជើង​នៃ​សាសនា​ចក្រ​នៃ ព្រះ​យេស៊ូគ្រឹស្ម​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​ពន្យល់​អំពីសម្លៀក​បំពាក់​បុណ្យ​ណូអែល។

ដើម​កំណើត​បុណ្យ​ណូអែល

មុន​ដំបូង​បង្អស់​ក្នុង​សតវត្ស​ទី៣ គេបាន​រៀបចំ​បុណ្យ​ណូអែល​នេះឡើង ក្នុងខែ​ធ្នូ​ជារដូវ​រងា។ ដូចនេះ​ក្រុមហ៊ុន​មួយ ចំនួន​បាន​បង្កើត​សម្លៀក​បំពាក់​រួមទាំង​ស្បែក​ជើង​ដើម្បី​លក់។ ប៉ុន្ដែ​ក្រោយ​​មក​ចក្រភព​រួមបាន​សម្រេច​បង្កើត​ថ្ងៃបុណ្យ​ណូអែល​នេះ ឡើងនៅ​ក្នុងថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ​៣៣៦​ក្រោយ​គ.ស នៅក្នុង​សតវត្ស​ទី៤​ដើម្បី​រម្លឹក​ចំពោះ​ថ្ងៃ​ប្រសូត​របស់​ព្រះយេស៊ូគ្រឹស្ម។ ព្រះ​យេស៊ូគ្រឹស្ម​ទ្រង់បាន​ប្រសូត​នៅថ្ងៃ​ទី០៦ ខែ​មេសា គ.ស០០។ មូលហេតុ​ដែលគេ​មិនយក​ថ្ងៃដែល​ព្រះយេស៊ូ​ប្រសូត​មកធ្វើ​បុណ្យ​ណូអែល ដោយសារ​តែ​រដូវ​ដែល​ព្រះ​យេស៊ូ​ប្រសូត​នោះជា​រដូវក្ដៅ មិនមែន​ជា​រដូវ​រងា។ ហេតុនេះ​ក្រុមហ៊ុន​មិនអាច​លក់​ផលិតផល​បាន​ច្រើន ទើប​ចក្រភព​រួមបាន​លើកថ្ងៃ​បុណ្យ​ណូអែល​មក​ប្រារឰ​នៅថ្ងៃ​ទី២៥ ខែ​ធ្នូវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្លៀក​បំពាក់​ក្នុងថ្ងៃ​បុណ្យ​ណូអែល

នៅថ្ងៃ​បុណ្យ​ណូអែល គ្រឹស្ម​បរិស័ទ​តែងតែ​ស្លៀក​សម្លៀក​បំពាក់​ថ្មីៗ​ ឬក៏​សម្លៀក​បំពាក់​បុណ្យ​ណូអែល​ពណ៌​ក្រហម។ ព្រោះ​បុណ្យ​ណូអែល​គឺជា​បុណ្យ​មួយដ៏​ធំ​សម្រាប់​សាសនាចក្រ​នៃព្រះ​យេស៊ូគ្រឹស្ម​ដែលជា​ប្រពៃណី។ សម្លៀក​បំពាក់​ពណ៌​ក្រហម​នៅក្នុង​ថ្ងៃបុណ្យ​ណូអែល​គឺ​តំណាង​ឱ្យ​លោហិត​របស់​ព្រះ​យេស៊ូគ្រឹស្ម។ មាន​រឿង​តំណាល​ពីរ​ដែល​ទាក់ទង​ទៅនឹង​សម្លៀក​បំពាក់​ពណ៌​ក្រហម ៖

  • នៅក្នុង​ឆ្នាំ៣៨០ មាន​បុរស​ម្នាក់​ជាអ្នក​កាន់​សាសនា​គ្រឹស្ម​ប្រើប្រាស់​ស្លៀក​សម្លៀក​បំពាក់ពណ៌​ក្រហម ហើយ​គាត់​បានចែក អំណោយ​ឱ្យគេ​គ្រប់គ្នា​ទាំងអស់។ ក្រោយ​មកក៏​បានក្លាយ​ជាទម្លាប់​តគ្នាមក ហើយ​គេក៏​បានដាក់​ឈ្មោះ​គាត់ថា​តាសាន់​ឌឺខ្លក់ ឬក៏​តាណូអែល។
  • ចំណែក​រឿង​តំណាល​មួយទៀត​នោះគឺ​មានបុរស​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ពណ៌ស ហើយបាន​ធ្វើ​ដំណើរ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង។ ប៉ុន្ដែ​ចៃដន្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ធ្វើឱ្យសម្លៀក​បំពាក់​គាត់​សើម​អស់ ដែល​បណ្ដាល​ឱ្យអ្នក​កាសែត ចាប់​អារម្មណ៍​ចំពោះ​គាត់​យ៉ាងខ្លាំង ហើយ​ក៏បាន​នាំគ្នា​ថតរូប​ធ្វើឱ្យ​បុរស​មានការ​ខ្មាសអៀន​យ៉ាងខ្លាំង មុខ​របស់​គាត់​ឡើងក្រហម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ធ្វើឱ្យ​សម្លៀក​បំពាក់​គាត់​ឡើង​ក្រហម​ប្រឿងៗ​ផងដែរ។ ដោយ​សារតែ​ភាព​អៀនខ្មាស​ខ្លាំងពេក គាត់​ក៏បាន​ជិះសត្វ​ក្ដាន់​ចេញពី​ទី​ប្រជុំជន ដោយ​បានឆ្លង​កាត់​ចម្ការ​ស្ដូបូរី ហើយ​មិនដឹង​ជា​មូលហេតុ​អ្វីទើប​បណ្ដាល​ឱ្យ​សម្លៀក​បំពាក់​របស់​គាត់ បាន​ប្រែពណ៌​ទៅជា​ក្រហម​តែម្ដង។

បណ្ដាំ​ផ្ញើ

សូម​លោកអ្នក​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​បុណ្យ​ណូអែល ក៏​ដូចជា​ការ​ចូលរួម​ចំណែក​រម្លឹក​ដល់ថ្ងៃ​ប្រសូត​របស់​ព្រះយេស៊ូគ្រឹស្ម​ផងដែរ។ ណូអែល​ជាបុណ្យ​មួយ​ដែលមាន​លក្ខណៈ​អធឹក​អធម​សម្រាប់​បណ្ដា​ប្រទេស​អឺរ៉ុប​ប្រគល់​អំណោយ​ទៅវិញ​ទៅមក បង្កឱ្យ​មាន​ឱកាស​រីករាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative