របៀប​ជ្រើសរើស​ផលិតផល​ពង្រីក​ដើមទ្រូង

បច្ចុប្បន្ន​ដោយសារ​មានការ​រីកចម្រើន​ផ្នែក​វិទ្យាសាស្ដ្រ របក​គំហើញ​នៃ​វេជ្ជសាស្ដ្រ​មាន​សក្ដានុពល​គួរឱ្យ​កត់​សម្គាល់។ ផលិតផល​មួយចំនួន​ត្រូវបាន​ផលិត​ឡើង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន។ ផលិតផល​ពង្រីក​ដើម​​​​​​​​ទ្រូង​ក៏បាន​រួមចំណែក​ក្នុង ផ្នែក​សម្ផស្ស​របស់​ស្ដ្រី​ផងដែរ។ បើទោះ​ជាយ៉ាង​ណាក្ដី​ក៏ការ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​នេះ នៅតែ​ចោទជា​បញ្ហា​សម្រាប់​សុភាព​នារី​ទូទៅ​ដែរ ព្រោះ​ផលិតផល​មាន​គុណភាព​មិនដូច​គ្នា ហើយ​ខ្លះទៀត​គ្មាន​គុណភាព​តែម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ​មិត្ដនារី​អាចអស់​បារម្ភ ព្រោះ​ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកស្រី ហូវ ដាណេ នាយិកា មជ្ឈមណ្ឌល​កែសម្ផស្ស​ប្រ៊ីតធីសាឡន ដើម្បី​បកស្រាយ​ជូន​សុភាព​នារី​ដែលមាន​បំណង​ចង់​ប្រើប្រាស់​ផលិតផល​ពង្រីក​ដើមទ្រូង។

គួរ​ប្រើ​ផលិតផល​ជំនួយ​ដើមទ្រូង​របៀប​ណា?

មិត្ដនារី​អាច​ប្រើប្រាស់​ផលិតផល​ជំនួយ​មួយចំនួន ក្នុង​ករណី​សុដន់​របស់​លោកស្រី​អ្នកនាង​កញ្ញា​មានខ្នាត​តូចពី​កំណើត មាន លក្ខណៈ​ជ្រាយ ឬ​យារធ្លាក់​ដោយសារ​តែការ​មាន​បំបៅ​ដោះកូន ឬក៏​ការ​ប្រែប្រួល​របស់វ័យ ឬ​ទម្ងន់​រាងកាយ។

គួរ​ជ្រើសរើស​ផលិតផល​របៀប​ណា?

បច្ចុប្បន្ន​សង្កេត​ឃើញ​មាន​ផលិតផល​ជាច្រើន​ប្រភេទ​ដាក់លក់​លើ​ទីផ្សារ សុទ្ធតែ​បាន​អះអាង​ថាមាន​ប្រសិទ្ធភាព អាច​ពង្រីក ឬ​បន្ដឹង​សុដន់​បាន។ ក្នុងនោះ​ផលិតលផល​ខ្លះក៏​មាន​បញ្ជាក់​ច្បាស់លាស់​ពីធាតុ​ផ្សំ ពី​រោងចក្រ ពីការ​អនុញ្ញាត ហើយ​ខ្លះទៀត​ពុំមាន​បញា្ជក់​ពីធាតុ​ផ្សំ និង​ពីព័ត៌មាន​ចាំបាច់​ផ្សេងឡើយ ដែលធ្វើ​ឱ្យមាន​ការ​សង្ស័យ​លើ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់វា។ នៅ​តាម ប្រទេស​ដែលមាន​ការ​គ្រប់គ្រង​តឹងរ៉ឹង ពុំ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សារធាតុ​អ័រម៉ូន​ក្នុង​បុព្វហេតុ​ពង្រីក ឬ​បន្ដឹង​សុដន់​ឡើយ ព្រោះ​ថាវា អាច​បង្កឱ្យ​មានការ​ប៉ះពាល់​ច្រើនយ៉ាង ក្នុងនោះ​វាធ្វើ​ឱ្យដុំ​អាក្រក់​នៅក្នុង​សុដន់​រីកធំ​លឿន។ ផលិតផល​ជាគ្រាប់​លេប​ត្រូវបាន​គេ សង្ស័យ​ខ្លាំងថា ផ្សំ​ចេញពី​សារធាតុ​អ័រម៉ូន។ ក្នុងការ​ជ្រើសរើស​ផលិតផល​បំប៉ន​ដើមទ្រូង​ត្រូវគិត​មុនគេ​ពី​សុវត្ថិភាព។ ផលិតផល​ដែលខ្វះ​ព័ត៌មាន ឬ​ផលិតផល​ផ្សំចេញ​ពីសារធាតុ​អ័រម៉ូន មិនគួរ​ស្ថិត​ក្នុងក្រុម​ផលិតផល​ដែលត្រូវ​ជ្រើសរើស​ឡើយ។ ផលិតផល​ដែលមាន​សុវត្ថិភាព​ល្អ ភាគច្រើន​ជា​ផលិតផល​ផ្សំ​ចេញពី​សារធាតុ​ចម្រាញ់​ពី​រុក្ខជាតិ។
សម្រាប់​ការធ្វើ​ឱ្យ​ដើមទ្រូង​រីកធំ​ណែនគួរ​ប្រើ​ផលិតផល​ដែលផ្សំ​ចេញពី​សារធាតុ​ដែលមាន​អំពើ​ទៅលើ​ខ្លាញ់ក្រោម​ស្បែក ធ្វើឱ្យ​ស្បែក​នៅ​បរិវេណ​នោះឡើង​កម្រាស់។ ដោយឡែក​សម្រាប់​ការចង់​លើកសុដន់​ឱ្យឡើង​មកលើ គួរប្រើ​ផលិតផល​ដែលផ្សំ​ដោយ សារធាតុ​ដែលមាន​អំពើ​ខ្លាំងទៅ​លើស្បែក និង​សរសៃ​ពួរធានា​ឱ្យទាញ​កន្ដ្រាក់​រួញចូល​ដើម្បី​ឱ្យខ្លួន​វាតឹង​មាំល្អ។

ដំបូន្មាន​អ្នក​ជំនាញ

មុន​សម្រេច​ប្រើប្រាស់​ផលិតផល​ណាមួយ​នោះ សុភាពនារី​ទាំងអស់​ត្រូវ​ស្វែងយល់​នូវ​ព័ត៌មាន​មួយចំនួន​ឱ្យបាន​លម្អិត​ពី​ផលិតផល​នោះ ព្រោះ​អាចធ្វើ​ឱ្យ​បំណង​របស់​លោកស្រី​អ្នកនាង​កញ្ញា​មិនបាន​សម្រេច ខាតបង់​ទាំង​ពេលវេលា និង​ថវិកា​ទៀតផង។ ជាការ​ប្រសើរ​បំផុត​មុននឹង​សម្រេចចិត្ដ សូម​ព្យាយាម​ទៅ​ពិភាក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​ស្វែងយល់​អំពី​ផលិតផល​ដែល​គួរតែ​ប្រើប្រាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative