ពេជ្រ សោភា សម្រស់​ជាភាព​ទាក់ទាញ

តារា​ចម្រៀង​ដែល​រះចែងចាំង​គួរឱ្យ​ស្រឡាញ់ និង​ស្ថិតនៅ​ក្នុង​ដួងចិត្ដ​របស់​យុវវ័យ​ទាំងប្រុស​ទាំងស្រី ហើយ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំ​ណាក់​មហាជន​នោះ គឺ​កញ្ញា ពេជ្រ សោភា។ កញ្ញា ពេជ្រ សោភា ជាតារា​ប្រចាំ​ផលិតកម្ម​ហង្សមាស​ជាង៥​ឆ្នាំមកហើយ។ ឥឡូវនេះ​សោភា​កំពុងតែ​មានការ​មមាញឹក​នឹង​ការងារ​ជាច្រើន ដូចជា​ការ​សម្ដែង​ជាខារ៉ាអូខេ​ថ្មីៗ​ជាច្រើន​បទ ប៉ុន្ដែ​សោភា​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​សោភា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេជ្រ សោភា បានចូល​មក​បកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ជាមួយ​នឹង​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់ពី​វិធី​សាស្ដ្រ​ថែរក្សា​សម្រស់ និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺ​មិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​សិល្បៈ

កញ្ញា ពេជ្រ សោភា បាន​បញ្ចប់ការ​សិក្សា​នៅក្នុង​ឆ្នាំ២០០២​នៅវិទ្យាល័យ​ស៊ីសុវត្ថិ​ត្រឹមថ្នាក់​ទី១១។ នៅក្នុង​ឆ្នាំ២០០៤ សោភា ក៏បាន​ឈានចូល​ប្រឡូក​ក្នុងវិស័យ​សិល្បៈ ហើយ​នៅមុន​ពេលដែល​សោភា​ចូលផលិតកម្ម​ហង្សមាស​ដំបូង សោភា​បាន​ចូលរួម​ប្រឡង​ចម្រៀង ហើយ​ក៏បាន​ទៅច្រៀង​នៅ​ភោជនីយដ្ឋាន​រាត្រី ហើយ​បន្ទាប់មក​ក៏ចូល​ច្រៀង​នៅស្បាក។ ដោយសារ​តែការ​ចាប់អារម្មណ៍ ចំពោះ​សម្លេង​របស់​សោភា ម្ចាស់​ផលិតកម្ម​ហង្សមាស​ក៏បាន​ទាក់ទង​សោភា​ឱ្យចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ហង្សមាស​មកដល់សព្វថ្ងៃ​នេះ។ មកដល់​សព្វថ្ងៃ​នេះ​សោភា​បានច្រៀង​ចម្រៀង​បាន​ប្រហែល​ជាជាង​១០០​បទ ចំពោះ​បទ​ចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ជាលើក​ដំបូង​គឺបទ បេះដូង​ត្រដរ​ខ្យល់ Better day ស្ដាប់​បេះដូង​អូនផង ស្លាប់ក្នុង​ឧទ្យាន​ទឹកភ្នែក និង​បទគ្មាន​អ្នកយល់​ចិត្ដជាដើម។ សព្វថ្ងៃ​នេះ​សោភា​កំពុង​តែ​មមាញឹក​នឹង​ការងារ​ជាច្រើន ទាំងការ​ច្រៀង​ក៏ដូចជា​ការថត​ជាខារ៉ាអូខេ ការ​ថតបទ​ចម្រៀង​ថ្មី និង ខារ៉ាអូខេ​ថ្មីៗ​ជាច្រើន ហើយ​នឹងត្រៀម​ចេញទៅ​សម្ដែង​នៅ​ប្រទេស​ក្រៅ​ផងដែរ។

វិធី​ថែរក្សា​សម្រស់

សោភា​មានការ​មមាញឹក​ច្រើន​នឹង​ការងារ ដូចជា​ថតសម្ដែង​នៅតាម​ខេត្ដ​ជាដើម តែទោះ​បីជា​មានការ​មមាញឹក​ច្រើនយ៉ាង ណា​ក៏ដោយ​ក៏សោភា​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់​ក៏ដូចជា​ការ​ថែរក្សា​សុខភាព​របស់នាង។ ខាងក្រោម​នេះគឺ​ជាវិធី​ក្នុង ការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា ពេជ្រ សោភា ដែល​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ សោភា​មានការ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​សរសៃ​សក់ ដូចនេះ​ការ​ថែរក្សា​សក់​ជារៀង​រាល់ថ្ងៃ​ក្នុង មួយ​សប្ដាហ៍​សោភា​កក់សក់​៣ដង ហើយ​អប់​១ដង។ សោភា​មិនសូវ​ជា​ចូលចិត្ដ​ប្ដូរពណ៌​សក់​ប៉ុន្មាន​ទេ ហើយ​បើសិនជា​លាបពណ៌​សក់ សោភា​ច្រើនតែ​ប្រើពណ៌​ធម្មជាតិ ព្រោះ​ពណ៌​ធម្មជាតិ​មិនធ្វើ​ឱ្យសក់​ឆាប់ខូច។ ហើយ២​ទៅ៣​ឆ្នាំទើប​លាបម្ដង។
  • ការ​ថែរក្សា​ស្បែក​មុខ ៖ សោភា​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការ​ថែរក្សា​ស្បែកមុខ។ សោភា​តែងតែ​ប្រើឡេ​ការពារ​នៅពេល​ថ្ងៃ និង​ពេលយប់ ដើម្បី​ឱ្យស្បែក​មុខមាន​សំណើម​គ្មានមុន។ នៅពេល​ដែលចេញ​ទៅក្រៅ​ម្ដងៗ សោភា​ប្រើឡេ​ការពារ ពន្លឺ​ថ្ងៃ។ នៅពេល​ដែល​សម្ដែង​ចប់ សោភា​តែងតែ​យកទឹក​បាញ់មុខ​ហើយ​នឹងយក​កន្សែង​ស្អាត​ប្រើសម្រាប់​ជូតម្សៅ​ចេញ​ភ្លាមៗ ដើម្បី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ សោភា​តែងតែ​ពាក់អាវ​ដៃវែង​នៅពេល​ថ្ងៃ ដើម្បី​ការពារ​ចំពោះ​ពន្លឺ​ព្រះអាទិត្យ ព្រោះ​ពន្លឺព្រះអាទិត្យ​អាចធ្វើ​ឱ្យស្បែក​ខ្មៅ​ស្រអាប់។ នៅពេល​យប់​សោភា​លាបឡេ​ជំនួយ​ឱ្យស្បែក​ស និង​ផ្ដល់​សំណើម​ដល់​ស្បែក។ ជាពិសេស​នៅពេល​ដែល​ចេញទៅ​សម្ដែង​ម្ដងៗ សោភា​តែងតែ​ប្រើឡេ​ការពារ​ជានិច្ច មិនដែល​ធ្វេស​ប្រហែស​ឡើយ។
  • ការ​ថែរក្សា​ធ្មេញ ៖ ចំពោះ​សុខភាព​មាត់ធ្មេញ សោភា​មិនដែល​ធ្វេស​ប្រហែស​ឡើយ ជារៀង​រាល់៦ខែ​ឬក៏​បីខែ សោភា​តែងតែ​ទៅពេទ្យ​ធ្មេញ ដើម្បី​ធ្វើការ​ពិនិត្យ​មាត់ធ្មេញ​ជាប្រចាំ។ សោភា​ធ្វើការ​ដុសធ្មេញ​ក្នុងមួយ​ថ្ងៃបីដង ពេលព្រឹក ថ្ងៃត្រង់ និង​មុនពេល​ចូលគេង។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ការថែរក្សា​ភ្នែក​សោភា​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ប៉ុន្មាន​ទេ ប៉ុន្ដែ​សោភា​ក៏មិនដែល​ធ្វេសប្រហែស​ដែរ ក្នុង៦ខែ​ឬ១ឆ្នាំ​សោភា​តែងតែ​ទៅពិនិត្យ​ភ្នែក​១ដង​ជាប្រចាំ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះ​ចិញ្ចើម​សោភា​មិនសូវ​ជាយក​ចិត្ដទុក​ដាក់​ថែរក្សា​ឱ្យបាន​ដិតដល់​នោះទេ ព្រោះ​ចិញ្ចើម​របស់​សោភា​ក្រាស់ស្រាប់។ នៅពេល​ដែល​សម្ដែង​សោភា​មិនសូវ​គូសចិញ្ចើម​នោះទេ គ្រាន់តែ​យកខ្មៅ​ដៃគូស​បន្ដិច នៅលើ​ចិញ្ចើម​តែ​ប៉ុណ្ណោះ។ ចំណែក​ការកោរ​ចិញ្ចើម​គឺកោរ​នៅពេល​ចាំបាច់​តែ​ប៉ុណ្ណោះ។ ចំពោះ​រោមភ្នែក​សោភា​មិនសូវ​លាប​ម៉ាស្ការ៉ា ច្រើន​ពេកនោះ​ទេ នៅពេល​សម្ដែង​ចប់​សោភា​សម្អាត​រោមភ្នែក​ដោយ​ជូត​ម៉ាស្ការ៉ា​ចេញ ដើម្បី​ការពារ​កុំឱ្យ​រោមភ្នែក​ជ្រុះ។ ចំពោះ​បបូរ​មាត់សោភា​មិន​ចូលចិត្ដ្ដ​លាបក្រែម​នោះទេ លើកលែង​តែពេល​សម្ដែង​ទើប​សោភា​លាប។
  • ការ​ថែរក្សា​ក្រចកដៃ ក្រចក​ជើង ៖ សោភា​មិន​ចូលចិត្ដ​លាប​ពណ៌​ក្រចក​នោះទេ ព្រោះ​ខ្លាច​ធ្វើឱ្យ​ក្រចក​ខូច។ សោភា ​តែងតែ​សម្អាត​ក្រចកដៃ និង​ក្រចកជើង យ៉ាងហោច​ណាស់​៣ដង​នៅក្នុង​មួយ​សប្ដាហ៍ ដោយ​ការកាត់​សាច់ និងកាត់​តម្រឹម​ក្រចក ជាដើម។

ការ​ថែរក្សា​សុខភាព​រាងកាយ

សោភា​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការ​ទទួលទាន​ដំណេក ព្រោះការ​ទទួលទាន​ដំណេក​គឺមាន​សារៈ​សំខាន់​ណាស់​ចំ ពោះ​សោភា។ ចំណែក​ឯការ​ទទួលទាន​អាហារ​វិញ សោភា​បរិភោគ​មិនបាន​ទៀងទាត់​ឡើយ។ សោភា​មិន​ចូលចិត្ដ​អាហារ​ដែល​ខ្លាញ់ច្រើន​ពេក ព្រោះវា​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ទោះបី​ជាមាន​ភាព​មមាញឹក​យ៉ាងណា​ក៏ដោយ ក៏​សោភា​មិនដែល​ភ្លេចការ ហាត់​ប្រាណ​ឡើយ ជារៀង​រាល់ពេល​ល្ងាច​សោភា​តែងតែ​ទៅហាត់​ប្រាណ​នៅមុខ​រាជវាំង កីឡា​ដែល​សោភា​ចូលចិត្ដ​លេង​ជាងគេ​នោះ គឺ​កីឡាបាល់ទះ។

គោល​បំណង​ទៅថ្ងៃ​អនាគត

ក្រៅពី​អាជីព​ជាអ្នក​ចម្រៀង និងបើក​ហាង​អ៊ុតសក់ សោភា​មិនទាន់​គិតគូរ​ឬបង្កើត​មុខរបរ​អ្វីផ្សេង​នោះទេ សោភា​នាងនឹង នៅ​កំដរ​អារម្មណ៍​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបនាង​ជារៀង​រហូត។

បណ្ដាំ​ផ្ញើ​របស់​កញ្ញា ពេជ្រ សោភា

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ។ សូម​កុំផាត់​មុខ​ញឹកញាប់ ព្រោះ​ម្សៅផាត់​អាចធ្វើ​ឱ្យ​ផ្ទៃមុខ​បាត់បង់​នូវ​សំណើម និង​ឆាប់​ជ្រួញ។ សូម​ប្រញាប់​លាង​សម្អាត​មុខឱ្យ​បានស្អាត​នៅពេល​ចប់​កម្ម​វិធី ដើម្បី​ចៀសវាង​ការ​កើតមាន​បញ្ហា​ចំពោះ​ស្បែកមុខ ជាពិសេស​គឺត្រូវ​គិតគូរ​ពីសុខភាព​ឱ្យបាន​ច្រើន​ទើបជា​ការ​ប្រសើរ ហើយ​អ្វីដែល​ល្អ បំផុត​នោះគឺ​ការធ្វើ​លំហាត់​ប្រាណ យ៉ាងហោច​ណាស់​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​១៥នាទី។

ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា ពេជ្រ សោភា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ពេជ្រ សោភា
  • អាយុ ៖ ២៦ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ០៩ មិថុនា ១៩៨៣
  • កម្ពស់ ៖ ១,៦៣ម៉ែត្រ
  • ទម្ងន់ ៖ ៤៩គីឡូ​ក្រាម
  • ទំហំ​ទាំងបី ៖ ៣៨ ៣៦ ២៧
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • បងប្អូន ៖ ៥នាក់ ប្រុស១​នាក់ ស្រី៤នាក់ (ជាកូន​ពៅ)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ តារាចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ នៅ​លីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Google Analytics Alternative