ជម្ងឺ​រលាក​សួត​កុមារ

កុមារ​ដែល​នៅ​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ ងាយ​ប្រឈម​មុខ​នឹង​ជម្ងឺ​ច្រើន​ប្រភេទ។ ជម្ងឺ​ផ្លូវ​ដង្ហើម​ជា​បញ្ហា​មួយ​គំរាម ​កំហែង​ដល់​កុមារ​កម្ពុជា​ជា​ច្រើន។ ជម្ងឺ​ផ្លូវ​ដង្ហើម​រួមមាន​ជម្ងឺ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​​ផ្លូវ​ដង្ហើម​លើ និង​ផ្លូវដង្ហើម​ខាង​ក្រោម​របស់​កុមារ ជា​ពិសេស​ជម្ងឺ​រលាក​សួត​កុមារ។ ជម្ងឺ​រលាក​សួត​កុមារ ប្រសិន​បើ​យើង​មិន​បាន​ព្យាបាល​វា​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ កុមារ​អាច​ស្លាប់​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង សូម​លើក​យក​ជម្ងឺ​រលាក​សួត​កុមារ​នេះ មក​បក​ស្រាយ​ជូន​លោក​អ្នក​អាន​ទុក​ជាការ​ស្វែង​យល់ និង​ដើម្បី​បង្ការ​បុត្រធីតា​លោកអ្នក​ពី​ជម្ងឺ​នេះ តាម​រយៈ​បទ​សម្ភាស៍​ជា​មួយ​លោក​វេជ្ជបណ្ឌិត ជឹង ជា អ្នក​ឯកទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរពេទ្យ​​កុមារ​ជាតិ។

ជម្ងឺ​រលាក​សួត​កុមារ ជាអ្វី?

ជម្ងឺ​រលាក​សួត គឺ​សំដៅ​ដល់​រលាក​ទៅលើ​សាច់​សួត​ជា​ប្រភេទ​ជម្ងឺ​មួយ​ដែល​ងាយ​នឹង​កើត​ចំពោះ​មនុស្ស​ទូទៅ ជា​ពិសេស ចំពោះ​កុមារ​តូចៗ​ក្រោម​អាយុ​៥ឆ្នាំ។ ជម្ងឺ​នេះ​អាច​ឆ្លង​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់ទៀត​បាន​ដោយ​សារ​ការ​ដក​ដង្ហើម ដែល​មាន​ទំនាក់​ទំនង​នឹង​បរិយាកាស​ខាង​ក្រៅ។ សួត​មាន​ទំហំធំ ប្រសិន​បើ​លាត​ត្រដាង​នៅ​ខាង​ក្រៅ​ប្រអប់​ទ្រូង សួត​មាន​ទំហំ​ប្រមាណ​ជា​២០០ម៉ែត្រ ការ៉េ​នៅ​លើ​មនុស្ស​ពេញវ័យ។ ដូច្នេះ​សួត​ហាក់​ដូចជា​នៅ​កណ្ដាលវាល ដែល​អាច​រង​នូវ​ធូលី​ដី បាក់តេរី ឧស្ម័ន និង​មេរោគ​ដែល​មាន នៅ​ក្នុង​បរិយាកាស។

រោគ​សញ្ញា​ជម្ងឺ​រលាក​សួត​កុមារ

កុមារ​ច្រើន​មាន​អាការ​ក្ដៅខ្លួន ហៀរ​សម្បោរ ក្អក និង​ពិបាក​ដក​ដង្ហើម។ លើស​ពីនេះ​ទៅ​ទៀត អាចមាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូចជា​ដង្ហក់​ខ្លាំង​មាន​ទារ៉ាស៍​ដែល​ជា​សញ្ញា​ផត​ផ្នែក​ខាងក្រោម​នៃ​ឆ្អឹង​ប្រអប់​ទ្រូង។ សញ្ញា​នេះ​មើល​ឃើញ​ច្បាស់​នៅ​ពេល​កុមារ​ដក ដង្ហើម​ចូល កុមារ​អាច​មាន​ស្វាយ​បបូរ​មាត់ និង​អណ្ដាត។

មូលហេតុ​បង្កជម្ងឺ​រលាកសួត

ជម្ងឺ​រលាក​សួតបង្ក​ឡើង​ពី​មេរោគ ដូចជា​វីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួក​ផ្សិត​ជា​ដើម។ ពពួក​មេរោគ​ទាំង​នោះ​មាន​ច្រើន​នៅ ក្នុង​បរិស្ថាន​​រស់នៅ ហើយ​វាឆ្លង​ទៅ​កុមារ​តាម​រយៈ​ដំំណក​ដង្ហើម។ នៅពេល​ដក​ដង្ហើម​ចេញចូល​តែងតែ​មាន​ប៉ះពាល់​មេរោគ​ទាំង​នោះ។ សម្ពាធ​បរិយាកាស​ខាងក្រៅ​ជា​កត្ដា​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ក​ជម្ងឺ​រលាក​សួត​ដែរ។ រាល់​ខ្យល់​ដក​ដង្ហើម​ដែលមាន​លាយឡំ​ជា មួយ​ពពួក​មេរោគ បាក់តេរី វីរុស ធូលី និង​ប្រភេទ​សារធាតុ​គីមី​ផ្សេងៗ នោះ​អាច​ធ្វើឱ្យ​កើត​ជម្ងឺ​រលាក​សួត​បាន។ គ្រប់​ជម្ងឺ​រលាក​សួត មិនមែន​សុទ្ធតែ​អាច​កើត​ឡើង​ដោយ​សារ​មេរោគ​បង្ក​នោះទេ ធូលីដី ឬ​សារធាតុ​គីមី​ដែល​ដក​ដង្ហើម​ចេញ​ចូល​ក៏អាច​ជា​ដើម​ហេតុ​ផង​ដែរ តាមរយៈ​ប្រតិកម្ម​ជាមួយ​នឹង​សួត។

វិធី​ព្យាបាល​ជម្ងឺ​រលាក​សួត

ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺនេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ លោកអ្នក​គួរ​គប្បី​នាំ​កូនតូច​ទៅ​ធ្វើការ ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹម​ត្រូវ ធ្វើ​ការ​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់​លាស់ ថា​តើ​ជម្ងឺ​រលាកសួតនេះ​បង្ក​មកពី​មូលហេតុ​អ្វី ដើម្បី​ស្រួល​ធ្វើការ​ព្យាបាល។ ដោយ​សារ​ជម្ងឺ​រលាក​សួតបង្ក​ហេតុ​ពី​វីរុស និង​បាក់​តេរី នោះ​ការ​ព្យាបាល​ក៏​ត្រូវ​អនុវត្ដ​ទៅតាម​មូល​ហេតុ​បង្ក​ដែរ។ គ្រូពេទ្យ​នឹង​ធ្វើការ​សម្រេច​ដោយ​ឱ្យ​កុមារ​នៅផ្ទះ ឬ​ក៏​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ។ ការ​ព្យាបាល​ជា​ទូទៅ​រួម​មាន ៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ផ្ដល់​ចំណី​អាហារ និង​ជាតិ​ទឹក​ដល់​កុមារ​ឱ្យបាន​សម​ស្រប
  • ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ​បើ​កុមារ​ក្ដៅខ្លួន
  • ផ្ដល់​ថ្នាំ​អង់ទី​ប៊ឺយ៉ូទិក​ក្នុង​ករណី​ដែល​កុមារ​រលាកសួត​ដោយសារ​មេរោគ​បាក់​តេរី
  • ផ្ដល់​ថ្នាំ​សម្រន់​ក្អក ឬ​ថ្នាំ​ធ្វើឱ្យ​ស្លេស្ម​រាវទៅ​តាម​ការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ
  • ការ​ព្យាបាល​ដោយ​ចលនា
  • ផ្ដល់​អុកស៊ីសែន​ក្នុង​ករណី​ពិបាក​ដក​ដង្ហើម។
  • ផល​វិបាក​របស់​ជម្ងឺរ​លាកសួត

    ជម្ងឺ​រលាក​សួត​អាច​ឱ្យ​កុមារ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​បាន ប្រសិន​បើ​ឋិត​ក្នុង​ករណី​ធ្ងន់ធ្ងរ និង​បើ​មិន​មាន​ការ​សង្គ្រោះ​កុមារ បន្ទាន់​ទេ។ ផល​វិបាក​ផ្សេងៗ​ទៀត ជម្ងឺ​រលាក​សួត​អាចបង្ក​ឱ្យ​មាន​ជម្ងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ទៀត ដូច​ជា​ជម្ងឺ​ទឹក​ចូល​ក្នុង​ស្រោម​សួត ឬ​អាច​មាន​ខ្ទុះ​ក្នុង​សួត​ជាដើម។

    វិធាន​ការ​ការពារ​ជម្ងឺ​រលាក​សួត

    ដើម្បី​ការពារ​ជម្ងឺ​រលាក​សួត​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​បរិស្ថាន​នៅ​ជុំវិញ​បានល្អ​ស្អាត។ បរិស្ថាន​រស់​នៅ​ជុំវិញ​ត្រូវតែ​ស្អាត និង​មាន ​អនាម័យ​ជា​និច្ច។ នៅ​ពេល​ទៅណា​មកណា​ត្រូវ​គ្រប​ដណ្ដប់​ថែរក្សា​កម្ដៅ​កុមារ​ឱ្យបាន​ល្អ។ នៅពេល​មាន​នរណា​ម្នាក់នៅ​ក្នុង​ក្រុម គ្រួសារ​មាន​ជម្ងឺ​ផ្ដាសាយ ឬ​ក្អ្អក មិន​ត្រូវ​ឱ្យ​កុមារ​នៅក្បែរ​អ្នកជម្ងឺ​ទាំង​នោះ​ទេ។ សូម​ឪពុកម្ដាយ​យក​បុត្រធីតា​ដែលមាន​អាយុ​ក្រោម ៥ឆ្នាំ​ទៅ​ចាក់​ថ្នាំ​បង្ការ​ឱ្យបាន​ទៀងទាត់​ទៅតាម​កម្មវិធី​ជាតិ។ ការ​ចាក់​ថ្នាំ​បង្ការ​នេះ​អាច​ជួយ​ឱ្យ​កូន​របស់​លោកអ្នក​មាន​សុខភាព​ល្អ មាន ប្រព័ន្ធ​ការពារ​ខ្លួនខ្លាំង​ទប់ទល់​នឹង​មេរោគ​ផ្សេងៗ​បានច្រើន ជា​ពិសេស​កុមា​អាច​ធន់​នឹង​ជម្ងឺបាន។
    មួយ​វិញទៀត ដោយសារ​តែ​ជម្ងឺ​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​បរិយាកាស​យ៉ាង​ជិតស្និទ្ធ​នោះ ដូច្នេះ​អ្វី​ដែល​លោកអ្នក អាច​បង្ការ​កូនឱ្យ​ចៀស​ផុតពី​ការ​កើត ឬ​ការឆ្លង​ជម្ងឺនេះ គឺ​អាស្រ័យ​ទៅលើ​ការ​ប្រុងប្រយ័ត្ន​នៅ​រាល់ពេល​ដកដង្ហើម។ ជា​ពិសេស គួរ​ចៀសពី​ប្រភព​មេរោគ​នានា ដូចជា​អ្នកជម្ងឺ​របេង អ្នក​ជម្ងឺផ្ដាសាយ​ជាដើម។ ការ​ចាក់​វ៉ាក់សាំង​ដើម្បី​បង្ការ​ជម្ងឺ​រលាកសួត និង​ជម្ងឺ ផ្សេងៗ​ពី​កូន​របស់​លោកអ្នក។

    ដំបូន្មាន​អ្នក​ជំនាញ

    ប្រសិន​បើ​កុមារ​មាន​អាការ​ក្អក ឬ​ផ្ដាសាយ ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជាដង្ហក់ ទារ៉ាស៍ ឬ​ស្ដ្រាយដ័រ ដូច​បាន​ជម្រាប​ជូនពី ខាងលើ​នោះ សូម​ឪពុកម្ដាយ​បញ្ជូន​កូន​ទៅកាន់​មន្ទីរ​ពេទ្យ​ដែលមាន​សេវា​ព្យាបាល​ជម្ងឺ​កុមារ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិតផ្ទះ​របស់​លោកអ្នក ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​នូវអាការ​សង្ស័យ។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

    Google Analytics Alternative