វិធី​ថែរក្សា​សម្ភារៈ​បន្ទប់​គេង

សុខភាព​ល្អក៏​អាស្រ័យ​ទៅលើ​ការ​ប្រើប្រាស់​សម្ភារៈ​នីមួយៗ​ដែលមាន​អនាម័យ។ ការ​ថែរក្សា​សម្ភារៈ​ផ្ទាល់ខ្លួន​ជាតួនាទី​ចាំបាច់​ដែលត្រូវ​សម្អាត​ឱ្យបាន​ញឹកញាប់ ដូចជា​សម្ភារៈ​ក្នុង​បន្ទប់​គេង​ជាដើម រួមមាន​ស្រោម​ខ្នើយ ស្រោម​ពូក និងភួយ​ផងដែរ។ សម្ភារៈ​ទាំងអស់​នេះវា​នឹង​អាចជា​បញ្ហា​ចោទ​ចំពោះ​សុខភាព​នៅថ្ងៃ​មុខ បើសិន​ជាយើង​មិនមាន​ការ​ថែទាំ​ឱ្យបាន​ល្អ។ ដូចនេះ​យើង​គប្បី​ស្វែងយល់​ពីចំណុច​មួយចំនួន​ចំពោះ​ការ​ថែរក្សា​សម្ភារៈ​ទាំងអស់​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង


សូម​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ធ្វើការ​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​បទ​សម្ភាសន៍​ជាមួយ លោក​ស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន។

ការ​ថែរក្សា​បន្ទប់​គេង

ក្នុង​បន្ទប់​គេង​មាន​គ្រឿង​សង្អារិម​ដែល​ភាគច្រើន​ជា​របស់​ល្អ និងមាន​តម្លៃ។ ដូចនេះយើង​ចាំបាច់​ធ្វើយ៉ាងណា​ឱ្យវា​មាន​សភាព​នៅថ្មី ដូចជា​តុ ឬ​ផ្ទាំង​គំនូរ យើងត្រូវ​ប្រើ​អំបោស​សត្វស្លាប​ទន់​យកមក​សម្អាត​លើវា។ បើមាន​ធូលីដី​នៅជាប់​តាមស៊ុម​គំនូរ យើង​ត្រូវយក​កន្ថែង​ពោះគោ​ទន់​ជ្រលក់ទឹក​រួចយក​មកជូត​សម្អាត​វា។ របស់​របរ​ជាឈើ​យើងត្រូវ​ប្រើថ្នាំ​បាញ់​ដែល​ការពារ​កុំឱ្យ​ខូចឈើ ត្រូវ​ប្រើប្រេង​ជូត​ខាត់​ឱ្យនៅ​រលោង​ស្អាត។

យើងត្រូវ​សម្អាត​អ្វីខ្លះ​នៅក្នុង​បន្ទប់​គេង?

ជាការ​ចាំបាច់​ណាស់​ដែល​លោកអ្នក​គប្បី​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សា​របស់​របរ​នៅក្នុង​បន្ទប់​គេង។ គួរតែ​យល់ថា ស្រោម ខ្នើយ ស្រោម​ពូក និងភួយ​តែងតែ​មាន​ធូលី​ជាប់​នៅ ទោះបី​ជាក្នុង​បន្ទប់​គេង​របស់​លោកអ្នក​គ្មាន​ធូលី​ហុយ​ចូលមែន តែវា​អាចបាន មកពី​លើខ្លួន​ប្រាណ​ពេល​ត្រឡប់​មកពី​ក្រៅ។ បាក់តេរី​ជាច្រើន​នឹងមាន​នៅលើ​សម្ភារៈ​ក្នុងបន្ទប់​របស់​លោកអ្នក បើសិន​ជាការ​ថែទាំ​មិនបាន​ដិតដល់។ ដូចនេះ​លោកអ្នក​គប្បី​ថែរក្សា និង​សម្អាត​របស់របរ​មួយចំនួន​នៅក្នុង​បន្ទប់គេង​របស់​លោកអ្នក ដូចដែល​រៀបរាប់​ខាងក្រោម​នេះ ៖

1 . ស្រោម​ខ្នើយ ៖ បាក់តេរី​ទាំងឡាយ​ដែលមាន​នៅលើ​សម្ភារៈ​ដំណេក​ងាយ​បង្កឱ្យលោកអ្នក​មាន​ជម្ងឺ​ផ្សេងៗ​បំផុត។ ជាពិសេស​គឺ​ស្រោមខ្នើយ​តែម្ដង ព្រោះមុខ​របស់​លោកអ្នក​គឺនៅ​ជាប់​ជាមួយ​នឹងខ្នើយ​ពេញ​មួយយប់ នោះ​យើង​ងាយស្រូប​បាននូវ​បាក់តេរី កខ្វក់​ទាំងឡាយ​ដែល​នៅលើ​ស្រោម​ខ្នើយ ដែលនឹង​អាច​ប៉ះពាល់​ដល់​សុខភាព និង​ងាយធ្វើ​ឱ្យមាន​មុន​លើផ្ទៃមុខ​ផងដែរ។ ដូចនេះ ចាំបាច់​បំផុត​ត្រូវសម្អាត​ឱ្យបាន​ញឹកញាប់ យ៉ាង​ហោចណាស់​មួយ​សប្ដាហ៍​ពីរដង។

2 . ស្រោម​ពូក ៖ ចំណែក​ឯស្រោម​ពូកវិញ ក៏ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ចេញក្នុង​មួយ​សប្ដាហ៍ពីរដង​ដែរ។ ហើយ​បើ​នៅក្នុង​បន្ទប់ ឧស្សាហ៍​មានដី​ហុយខ្លាំង យើង​ត្រូវប្ដូរ​មួយ​សប្ដាហ៍​បីដង។ បើមិន​បានយក​ទៅសម្អាត​ទេ វានឹង​ងាយមាន​ភាពកខ្វក់​មកលើ​រាងកាយ​របស់​យើង នៅពេល​ដែលយើង​សម្រាក និង​អាចមាន​បញ្ហា​ចំពោះ​ស្បែក​ទៀតផង។

3 . ភួយ ៖ រីឯ​ភួយវិញ​ក៏ត្រូវ​បោក​សម្អាត​ចេញ​យ៉ាងតិច​ណាស់​រៀងរាល់​ពីរសប្ដាហ៍​ម្ដង​ដែរ។ លោកអ្នក​ត្រូវការ​ដណ្ដប់​ជា​រៀងរាល់​យប់ ជាពិសេស​នៅពេល​រដូវ​រងា។ ដូចនេះ​ដើម្បីកុំ​ឱ្យ​សុខភាព​មាន​បញ្ហា​ដោយសារ​សម្ភារៈ​ទាំងអស់​នោះ លោកអ្នក​គប្បី ចំណាយ​ពេល​ឱ្យបាន​ញឹកញាប់​ក្នុងការ​សម្អាត​សម្ភារៈ​ទាំងនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . កន្សែង​ពោះគោ ៖ កន្សែង​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ត្រូវផ្លាស់​ចេញពីរ​ថ្ងៃម្ដង ព្រោះអាច​ធ្វើមាន​ក្លិនមិន​ល្អ និង​គ្មាន​អនាម័យ។

5 . សាឡុង​អង្គុយ​លេង​ក្នុង​បន្ទប់​គេង ៖ បើសិនជា​លោកអ្នក​ជាមនុស្ស​មួយដែល​ចូលចិត្ដ​ក្នុងការ​តុបតែង​បន្ទប់​នោះ នោះ​បន្ទប់​លោកអ្នក​ពិតជា​សម្បូរ​ទៅដោយ​សម្ភារៈ​គ្រឿង​សង្ហារិម​ក្នុងនោះ​ផងដែរ រួមមាន​សាឡុង ឬ​កៅអី​អង្គុយ​លេង​ជាដើម។ ដូចនេះ លោកអ្នក​គប្បីយក​ចិត្ដទុក​ដាក់ក្នុង​ការ​សម្អាត​វា។ បើសិន​ជា​នៅលើ​សាឡុង​លោកអ្នក​មានខ្នើយ​តូចៗ ត្រូវ​សម្អាត​ដោយ​គោះដី និង ដាក់​សំដិល​ថ្ងៃ​រៀងរាល់​១សប្ដាហ៍​ម្ដង ដើម្បី​ចៀសវាង​មើល​ទៅមាន​ភាព​កខ្វក់។ ចំពោះ​សាឡុង ឬ​កៅអី លោកអ្នក​ត្រូវបោស និង​រៀបចំ​ឱ្យបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រក្សា​សភាព​ឱ្យនៅ​ថ្មី និងមាន​សណ្ដាប់​ធ្នាប់​ជានិច្ច។

6 . ទូ​សម្លៀក​បំពាក់ ៖ បើសិនជា​បន្ទប់​គេង​ធម្មតា​គេ​តែងតែ​ដាក់ទូ​សម្លៀក​បំពាក់​ជា​ទូក្រណាត់ ឬជា​ទូឈើ ប៉ុន្ដែ​លោកអ្នក មួយចំនួន​ទៀតធ្វើ​ទូ​សម្លៀក​បំពាក់​ជាប់នឹង​ជញ្ជាំង​តែម្ដង។ បើទោះ​បីជា​ទូ​សម្លៀក​បំពាក់​ស្ថិតក្នុង​ប្រភេទ​ណាក៏​ដោយ គប្បី​ថែរក្សា និង​សម្អាត​ឱ្យបាន​ស្អាត​ជានិច្ច ព្រោះ​នឹងមិន​ធ្វើឱ្យ​មានការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឡាក់​សម្លៀក​បំពាក់។ គប្បីត្រូវ​យក​សម្លៀក បំពាក់​ចេញ​ដើម្បី​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​នៅ​រៀងរាល់​ពីរ​សប្ដាហ៍ ឬ​មួយខែ និង​ត្រូវ​រៀបចំ​សម្លៀក​បំពាក់​ឱ្យមាន​សណ្ដាប់​ធ្នាប់។

7 . បន្ទប់​ទឹក ៖ លោកអ្នក​ដែល​និយម​ការ​រៀបចំ​បន្ទប់ទឹក​ក្នុង​បន្ទប់​គេង ត្រូវ​គិតគូរ​កម្ចាត់​ភាព​កខ្វក់​ទាំងឡាយ និង​ក្លិនមិន​ល្អចេញ ចៀសវាង​បណ្ដាល​ឱ្យគ្មាន​ផាសុកភាព​នៅក្នុង​បន្ទប់​គេង។ លោកអ្នក​គប្បី​សម្អាត​ឱ្យបាន​ញឹកញាប់​បំផុត គឺ​រៀងរាល់​ពេលដែល ប្រើប្រាស់​រួច​ត្រូវសម្អាត​ឱ្យបាន​ស្អាត​កុំឱ្យ​មាន​សើម ព្រោះ​វា​ធ្វើឱ្យ​ធុំក្លិន។

របៀប​បង្កើន​ផាសុកភាព​ក្នុង​បន្ទប់​គេង

ការ​ទទួលទាន​ដំណេក​បាន​សុខស្រួល​ក៏​អាស្រ័យ​ទៅលើ​បរិយាកាស​ក្នុង​បន្ទប់​គេង។ បើបន្ទប់​ពោរពេញ​ទៅដោយ​បាក់តេរី និងមាន​ក្លិនមិន​ល្អនោះ លោកអ្នក​មិនអាច​គេងលក់​បាន​ស្រួល​ពេញ​មួយយប់​នោះដែរ។ ការ​រៀបចំ និង​ថែរក្សា​សម្ភារៈ​នានា​ក្នុងបន្ទប់​គេង​មិន​ត្រឹមតែ​ផ្ដល់​សោភ័ណ​ភាព​ក្នុងបន្ទប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់នូវ​ផល​ប្រយោជន៍​ចំពោះ​បញ្ហា​សុខភាព​ផងដែរ។ បន្ទប់​គេង ពោរពេញ​ទៅដោយ​ផាសុកភាព កាន់តែ​បង្កើន​នូវ​អារម្មណ៍​ស្រស់​ស្រាយ និង​រីករាយ​សម្រាប់​លោកអ្នក​រាល់ពេល​ដែល​នៅក្នុង​បន្ទប់ របស់​ខ្លួន។

បណ្ដាំ​ផ្ញើ

បើសិន​លោកអ្នក​មិនសូវ​ជា​គិតគូរ​ជាមួយ​អនាម័យ​សម្ភារៈ​បន្ទប់គេង​នេះ សូម​លោកអ្នក​ធ្វើការ​ពិចារណា​ឡើងវិញ ក្នុងការ​យកចិត្ដ​ទុកដាក់​ជាមួយ​សម្ភារៈ​ក្នុង​បន្ទប់​គេង។ ការ​ថែរក្សាសម្ភារៈ​ក្នុង​បន្ទប់គេង​ក៏ជា​ផ្នែកមួយ​នៃការ​ថែរក្សា​សុខភាព​ផងដែរ។ បើសិន​មិន​គិតគូរ​យក​សម្ភារៈ​ទាំងអស់​នោះទៅ​បោកគក់​នោះទេ គឺ​ងាយស្រួល​ធ្វើឱ្យ​ឆ្លងជម្ងឺ​ផ្សេងៗ​បាន។ ការ​គិតគូរ​របស់​លោកអ្នក​មិន​ត្រឹមតែ​ជួយឱ្យ​មាន​សុខភាព​ល្អនោះ​ទេ ថែមទាំង​ជួយឱ្យ​ក្នុងបន្ទប់​កាន់តែមាន​សោភ័ណ​ភាព​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative