ខ្ញុំ​យល់សប្ដិ​អាក្រក់​ណាស់

សុបិន​ល្អ និង​សុបិន​អាក្រក់ គឺជា​រឿងរ៉ាវ​ដែល​ប្រឌិត​ឡើង​តាមរយៈ​ការលង់​ក្នុង​ដំណេក​របស់​មនុស្ស​ម្នាក់ៗ ដែល​ក្នុងការ យល់​សប្ដិ​មួយចំនួន​ជាបញ្ហា​ជួប​ប្រទះ​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ។ មាន​លោកអ្នក​មួយចំនួន​សុបិន​ឃើញរឿង​ល្អផង និង​អាក្រក់​ផង ឯអ្នក ខ្លះទៀត​តែងតែ​សុបិន​ជួបរឿង​អាក្រក់​រហូត។ បញ្ហា​ដែលអាច​បណ្ដាល​មកពី​អារម្មណ៍​របស់​លោកអ្នក​គិតច្រើន សប្បាយ​ចិត្ដ រីករាយ នឹងរឿង​អ្វីមួយ ពិបាក​ចិត្ដខ្លាំង និង​មានការ​ព្រួយបារម្ភ​មិន​ចេះឈប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ​កិច្ច​សម្ភាសន៍​​ជាមួយ​នឹង​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវ ចិត្ដ​នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ដើម្បី​បកស្រាយ​អំពី​បញ្ហា​សុបិន​អាក្រក់។

ហេតុអ្វី​បានមាន​សុបិន​អាក្រក់?

ការយល់​សុបិន​តែងតែ​មានទាំង​រឿងល្អ និង​អាក្រក់ ហើយ​មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យយល់​សប្ដិ​អាក្រក់។ ទាំង នោះគឺ​ជារឿងរ៉ាវ​ទាំងឡាយ​ដែលបាន​ដិតជាប់​ក្នុងអារម្មណ៍​របស់​លោកអ្នក​បានកើត​ឡើងក្នុង​រយៈពេល​ខ្លី ឬយូរ​មកហើយ។ លោកអ្នក មួយចំនួន​បានជួប​ប្រទះ​ការយល់​សប្ដិ​អាក្រក់​ជារឿយៗ ចំណែក​លោកអ្នក​មួយចំនួន​ទៀតការ​យល់សប្ដិ​អាក្រក់​បានរំខាន​ដំណេក​របស់ ពួកគេ​ជាញឹកញាប់​តែម្ដង។

1 . យល់​សប្ដិ​អាក្រក់​ជារឿយៗ ៖ អ្នកប្រាជ្ញ​ចិត្ដវិភាគ​បាន​និយាយ​ថា សុបិន​ដែល​អាក្រក់ក្ដី​ល្អក្ដី គឺវា​ឆ្លុះបញ្ចាំង​ពីរឿង​រ៉ាវ នៅក្នុង​ខួរក្បាល​របស់​លោកអ្នក​ដោយការ​គិតឃើញ​មិនល្អ ហើយ​បានស្ដែង​ចេញ​តាមរយៈ​ការយល់​សប្ដិ។ ការ​ពិបាកចិត្ដ ហើយ​មិនអាច​និយាយ​ប្រាប់​អ្នកដទៃ ក៏អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍​ដែល​បណ្ដាល​ឱ្យសុបិន​អាក្រក់។ ការ​ប្រទះ​ឃើញ​ព្រឹត្ដិការណ៍​អ្វីមួយ​ដែល​តក់ស្លុត ឬភ័យ​ខ្លាចខ្លាំង ក៏អាច​ឱ្យយល់​សប្ដិ​អាក្រក់​ឃើញ​រឿងរ៉ាវ​នោះឡើង​វិញ។ មិនតែ​ប៉ុណ្ណោះ​ការ​ទទួលទាន​អាហារ​ក៏មាន​ឥទ្ធិពល ដល់​សុបិន​ផងដែរ ដូចជា​ពពួក​កាហ្វេ​ធ្វើឱ្យ​គេងមិន​លក់ ហើយ​បណ្ដាលឱ្យ​សុបិន​អាក្រក់​ផងដែរ។ ស្រា​កាន់តែ​ធ្វើឱ្យមាន​បញ្ហា​ថែមទៀត ចំពោះ​ការ​ទទួលទាន​ដំណេក និង​ប៉ះពាល់​ទៅដល់​សុបិន​ផងដែរ។ រីឯថ្នាំ​មួយចំនួន​ដូចជា​ពពួក​ថ្នាំជម្ងឺ​បេះដូង ហឺត សួត និង​ឈឺ​ចុកចាប់​សន្លាក់ដៃ​សន្លាក់ជើង ក៏អាច​ជះឥទ្ធិពល​ទៅលើ​ការ​ទទួលទាន​ដំណេក ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់សុបិន​ផងដែរ។ ការ​រៀបចំ កន្លែង​ដំណេក​មិនស្រួល​ក៏អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​សុបិន​ផងដែរ ដូចជា​ការគេង​សង្កត់​ទៅលើ​អ្វីមួយ តែបញ្ហា​នេះវា​មិនអាច​បណ្ដាល ឱ្យយល់​សុបិន​អាក្រក់​រហូត​នោះទេ។ យ៉ាងណា​មិញ ចំពោះ​អ្នកដែល​មានជម្ងឺ​ប្រចាំ​កាយក៏​អាចធ្វើ​ឱ្យយល់​សុបិន​អាក្រក់​ម្ដងកាល​ផងដែរ។ នៅពេល​លោកអ្នក​មាន​អារម្មណ៍​ស្ដ្រេស្ស ថប់​អារម្មណ៍ ពិបាក​ចិត្ដ ព្រួយបារម្ភ​ខ្លាំង និង​ខ្វល់ខ្វាយ​ច្រើន បញ្ហា​ទាំងអស់​នេះអាច បណ្ដាល​ឱ្យសុបិន​អាក្រក់ តែមិន​ញឹកញាប់​នោះទេ។

2 . យល់​សប្ដិ​អាក្រក់​ញឹកញាប់ ៖ បើការ​យល់សប្ដិ​ឃើញរឿង​អាក្រក់​ជា​ញឹកញាប់​ដដែលៗ​នោះ លោកអ្នក​អាច​សម្គាល់​ទៅលើ​ជម្ងឺមួយ ដែលមាន​សញ្ញា​សុបិន​អាក្រក់​នេះគឺ​ជម្ងឺ​បាក់ស្បាត។ អ្នកដែល​អាការ​បែបនេះ​គឺជា​បុគ្គល​ដែលធ្លាប់​ជួប​រឿងរ៉ាវ និង ព្រឹត្ដិការណ៍​អាក្រក់​ចំពោះ​ខ្លួនផ្ទាល់​ពីមុន ដូចជា​សង្គ្រាម ភ្លើង​ឆេះផ្ទះ ទឹកជំនន់ ចោរប្លន់ ឬជួប​ប្រទះ​ឃើញ​រឿង​អាក្រក់​ជាដើម ដែល​បញ្ហា​ទាំងនេះ​មិនអាច​ដោះស្រាយ​ចេញពី​អារម្មណ៍​ខ្លួនឯង​បានក៏​ធ្វើឱ្យ​ខ្លួន​ទទួលរង​ឥទ្ធិពល​យ៉ាងខ្លាំង​ពីការ​យល់សប្ដិ​អាក្រក់។ នៅ មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​គ្រូពេទ្យ​នឹងអាច​វិនិច្ឆ័យ​បានយ៉ាង​ត្រឹមត្រូវ នៅពេល​ដែល​លោកអ្នក​មានបញ្ហា​យល់សប្ដិ​អាក្រក់​ញឹក ញាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដំណោះ​ស្រាយ​នៅពេល​ជួបរឿង​យល់​សប្ដិ​អាក្រក់

បើ​លោកអ្នក​ជួប​ប្រទះ​ការយល់​សប្ដិ​អាក្រក់​ម្ដងម្កាល​នោះទេ លោកអ្នក​ត្រូវ​ស្វែងរក​មូលហេតុ​ដែល​បណ្ដាលឱ្យ​សុបិន​អាក្រក់។ មូលហេតុ​ច្រើនតែ​បណ្ដាល​មកពី​ការគិត​ច្រើន ភ័យខ្លាច ឬការ​ព្រួយបារម្ភ​នឹងរឿង​អ្វីមួយ។ លោកអ្នក​ត្រូវ​ដោះស្រាយ​បញ្ហា ទាំងអស់​នោះដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ឱ្យមាន​ភាពល្អ​ប្រសើរ និងឱ្យ​ជ្រះស្រឡះ​ឡើងវិញ។ លោកអ្នក​នឹងមិន​មានរឿង​រ៉ាវដែលត្រូវ​ព្រួយបារម្ភ ពិបាក​ចិត្ដ និង​ខ្វល់ខ្វាយ​ច្រើនទៀត​នោះទេ ហើយ​ពេលនោះ​ដំណេក​ក៏ពោរពេញ​ទៅដោយ​ភាព​សុខស្រួល​ពេញ​មួយយប់។

ផ្ទុយមក​វិញ បើ​លោកអ្នក​ពិនិត្យ​ឃើញថា​បញ្ហា​សុបិន​អាក្រក់​ញឹកញាប់​ជាសញ្ញា​នៃជម្ងឺ​បាក់ស្បាត ដូចនេះ​គប្បី​ត្រូវទៅ​ជួប ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​កុំឱ្យ​ឈានទៅ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃជម្ងឺ​ផ្លូវចិត្ដ។ ដូចនេះ នៅ​ពេលដែល​យល់សប្ដិ​អាក្រក់​ញឹកញាប់ ត្រូវ​រូតរះ​ទៅជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដែលមាន​ជំនាញ ដើម្បី​រកឱ្យ​ឃើញនូវ​មូលហេតុ ឱ្យកា​​​ន់​តែច្បាស់ ដែល​បណ្ដាលឱ្យ​មាន​សុបិន​អាក្រក់​នេះឡើង។

របៀប​ការពារ​មិនឱ្យ​សុបិន្ដ​អាក្រក់

ការ​ការពារ​មិនឱ្យ​មាន​សុបិន្ដ​អាក្រក់​នោះ គឺ​លោកអ្នក​គប្បី​ស្វែងរក​ឱ្យឃើញ​ពីប្រភេទ​ជម្ងឺដែល​សង្ស័យ​ថាកើត​មាន។ នៅពេល​ដែលដឹង​ថាមាន​ប្រភេទ​ជម្ងឺ​ផ្លូវចិត្ដ​ណាមួយ​ដែលធ្វើ​ឱ្យអ្នក​ជម្ងឺគេង​មិនលក់ ហើយ​បណ្ដាល​ឱ្យមាន​សុបិន្ដ​អាក្រក់​នោះ គឺ​ការ​ការពារ​មានតែ​ការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​សម្រួល​ទៅដល់​ដំណេក​របស់អ្នក​ជម្ងឺ។ ទន្ទឹម​នឹងនោះ​ចំពោះអ្នក​ដែល​មិនមាន​ជម្ងឺ​ផ្លូវចិត្ដ​ក៏ធ្លាប់ ជួបនឹង​សុបិន្ដ​អាក្រក់​ម្ដងម្កាល​ផងដែរ។ ដូចនេះ​ដើម្បី​ការពារ​កុំឱ្យ​យល់សប្ដិ​អាក្រក់​នោះ គឺគប្បី​ចៀសវាង​ការមើល​រូបភាព ឬ ព្រឹត្ដិការណ៍​អ្វីដែល​គួរឱ្យ​តក់ស្លុត។ ព្រោះ​រឿងរ៉ាវ​ដ៏គួរ​ឱ្យភ័យ​ខ្លាច​វានឹង​ដិតជាប់​អារម្មណ៍ ហើយ​វានឹង​ទៅ​រំខាន​ដល់​ដំណេក​របស់​លោក អ្នក។

ដំបូន្មាន​អ្នក​ជំនាញ

ការ​យល់សប្ដិ​អាក្រក់​ជារឿយៗ វានឹង​ងាយឱ្យ​ជះឥទ្ធិពល​ដល់ផ្នែក​សុខភាព​ផ្លូវចិត្ដ។ ដូចនេះ​ដើម្បី​ការពារ​ចំពោះ​បញ្ហា​នេះ ត្រូវ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា។ លោកអ្នក​ត្រូវ​ព្យាបាល​ដោយការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែលបាន​កើតឡើង​ឱ្យអស់​ជ្រះ ស្រឡះ​ពីក្នុង​អារម្មណ៍ និង​ចិត្ដគំនិត​របស់ខ្លួន។ យ៉ាងណា​មិញការ​ហាត់ប្រាណ​ក៏ជា​ផ្នែកមួយ​ដែលជួយ​ឱ្យ​លោកអ្នក​ធូរស្រាល​ក្នុងការ គិតច្រើន​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative