សុខភាព​ស្ដ្រី​តាមវ័យ (ត) ៖ វិធី​គ្រប់គ្រង​កំណើត

ក្រោយពេល​សម្រាល​កូន​លើក​ទីមួយ​រួច​ហើយ​អ្វី​ដែល​ស្ដ្រី​ត្រូវ​យកចិត្ដ​ទុកដាក់​ជា​បន្ដ​ទៀត​ក្រៅ​ពីការ​ថែទាំ​សុខភាព​កូន​ក៏ដូចជា​ខ្លួនឯង​នោះ​គឺ​ត្រូវចាប់​ផ្ដើម​គិតគូរ​ពី​ការ​ពន្យារ​កំណើត។ ការ​មាន​ផ្ទៃពោះ​ញឹកញាប់​ពេក​នឹងមាន​ផល​ប៉ះពាល់​ទាំង​សុខភាព​ម្ដាយ​ព្រម​ទាំង​កូន។ ស្ដ្រី​ក៏​ដូចជា​ស្វាមី​មាន​តួនាទី​គ្រប់គ្រង​ឱ្យ​បាន​អំពី​កំណើត​កូន​នីមួយៗ ដើម្បី​សុភមង្គល​គ្រួសារ​ទាំង​មូល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​លេខនេះ ទស្សនាវដ្ដី សុខភាព​យើង បន្ដ​លើក​មក​ជម្រាប​ជូន​លោកអ្នក​ក៏​ដូចជា​មិត្ដ​នារី​ទាំងអស់​ឱ្យ​បាន​ជ្រាប​អំពី​វិធី គ្រប់គ្រង​កំណើត តាម​រយៈ​ការ​បកស្រាយ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នក​ឯកទេស​រោគស្ដ្រី និង​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

ការ​កំណត់​ពេល​វេលា​ឱ្យមាន​កូន

គូ​ស្វាមី​ភរិយា​ទាំង​អស់​គប្បី​មាន​ផែន​ការ​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​គ្រួសារ។ ការ​កំណត់​ពេល​វេលា​មាន​កូន ចំនួន​កូន​បាន​រួមចំណែក​យ៉ាង​ធំធេង​ដើម្បី​ឱ្យ​គ្រួសារ​មាន​សុភមង្គល។ ដើម្បី​សុខភាព​ម្ដាយ និង​កូន លោកអ្នក​គួរ​តែ​ទុក​ចន្លោះ​ពេល​ពី​កំណើត​​កូនមួយ​ទៅ​កំណើត​កូន​មួយ​ទៀត យ៉ាងហោច​ណាស់​ក៏មាន​រយៈពេល​ពីរឆ្នាំ​ដែរ។ ក្រោយ​ពេល​សម្រាល​កូន​លើកទី​មួយ​រយៈពេល​៦សប្ដាហ៍ ស្ដ្រី​គប្បី​ត្រូវ​ពិនិត្យ​សុខភាព​របស់​ខ្លួន​សាជាថ្មី ដើម្បី​ឱ្យ​ប្រាកដ​ថា​សុខភាព​សរីរាង្គ​បន្ដ​ពូជ​បាន​ត្រឡប់​មក​រក​សភាព​ដើម​វិញ​ ហើយ​អាចចាប់​ផ្ដើម​រួមភេទ​ពេល​នោះ​ក៏ត្រូវ​គិត​គូរ​ផងដែរ​អំពី​មធ្យោ​បាយ​ពន្យារ​កំណើត។

មធ្យោបាយ​ពន្យារ​កំណើត

ដោយសារ​ការ​រីក​ចម្រើន​ផ្នែក​វេជ្ជសាស្ដ្រ ធ្វើឱ្យ​មាន​មធ្យោបាយ​ពន្យារ​កំណើត​កាន់តែ​ច្រើន ដែល​មានដូច​ជា ៖

  • ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ដើម្បី​ពន្យារ​កំណើត ក្រៅពី​នេះ​ស្រោម​អនាម័យ​ថែមទាំង​អាច​ជួយ​ការពារ​ជម្ងឺ​ដែល​ឆ្លង​តាម​ការ​​រួមភេទ​ទៀត​ផង
  • ប្រើប្រាស់​ថ្នាំ​លេប​ប្រចាំថ្ងៃ​ដែលមាន​២៨គ្រាប់
  • ថ្នាំចាក់​ដែល​ចាក់​រៀងរាល់​៣ខែម្ដង
  • ដាក់កង​ពន្យារ​កំណើត​ដែលមាន​ពីរ​ប្រភេទ គឺ​កង​ដាក់​ស្បូន និង​កងដាក់​ដៃ។
  • ក្រៅពី​នេះ​ក៏នៅ​មាន​វិធី​មួយចំនួន​ទៀត​ដែល​ត្រូវបាន​គេជ្រើស​រើស​យកមក​អនុវត្ដ ដូចជា​ការរួម​ភេទ​តាម​វដ្ដរដូវ​របស់​ស្ដ្រី ការ​ពិនិត្យ​សីតុណ្ហភាព​ក្នុងខ្លួន​ស្ដ្រី​ជា​ដើម។ មុននឹង​សម្រេច​ចិត្ដ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ស្ដ្រី​ទាំងអស់​ត្រូវតែ​ទៅ​រក​មណ្ឌល​សុខភាព ឬ​ទីកន្លែង​ដែលមាន​សេវា​ត្រឹម​ត្រូវ។ សូម​ធ្វើការ​ពិនិត្យ​សុខភាព​ជាមុន​ទើបអាច​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​​កំណើត ណា​មួយ​បាន។

    ផល​ប៉ះពាល់​នៃការ​មាន​កូន​ញឹក​ញាប់

    មាន​មនុស្ស​២នាក់​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់ ប្រសិន​បើ​មិនមាន​ការ​កំណត់​កំណើត​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ។

    1. ការ​ប៉ះពាល់​ទៅ​លើ​កុមារ

    គ្រោះថ្នាក់​នៃ​ការ​ស្លាប់​របស់​កុមារ​តូចៗ នឹង​កើនឡើង​ជិត​៥០ភាគរយ ប្រសិន​បើ​នៅ​ចន្លោះ​ពេល​កំណើត​កូន​មួយ​ទៅ​កំណើត​កូន​​មួយទៀត មាន​រយៈពេល​តិច​ជាង​២ឆ្នាំ។ ការ​សម្រាល​កូន​មួយទៀត​គឺជា​ការ​គំរាម​កំហែង​ធំ​បំផុត​មួយ​ដែល​ប៉ះពាល់​ដល់​សុខភាព និង​ការ​លូតលាស់​របស់​កុមារ​ដែល​មាន​អាយុ​តិចជាង​ពីរឆ្នាំ។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​សម្រាប់​កូន​បង​នឹង​ត្រូវ​កាត់ផ្ដាច់​​ឆាប់​ពេក ហើយ​ម្ដាយ​មាន​ពេល​វេលា​តិច​តួច​ក្នុងការ​រៀបចំ​អាហារ ពិសេស​សម្រាប់​កូនបង​ដែល​នៅតូច​នេះ។ ម្ដាយ​ពុំអាច​ផ្ដល់​​នូវការ​ថែទាំ និង​ការយកចិត្ដ​ទុកដាក់​កូនបង​តាម​សេចក្ដី​ត្រូវការ​របស់គេ ជា​ពិសេស​នៅពេល​ដែល​គេមាន​ជម្ងឺ​ម្ដងៗ។ កុមារ​ដែល​​កើត​ក្នុង​ចន្លោះ​ពេល​តិច​ជាង​២ឆ្នាំ​ច្រើនតែ​មាន​ការ​រីក​ចម្រើន​ផ្នែក​រាង​កាយ និង​ប្រាជ្ញា​ពុំបាន​ល្អ​ដូច​កុមារ​ដែល​កើត​ក្នុង​ចន្លោះ​ពេល​ពីរ​ឆ្នាំ ឬ​ច្រើន​ជាង​នេះ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

    2. ការ​ប៉ះពាល់​ទៅ​លើស្ដ្រី

    បន្ទាប់​ពីមាន​ផ្ទៃពោះ និង​ការ​សម្រាល​កូនមក សរីរាង្គ​របស់​ស្ដ្រី​ត្រូវ​ការ​ពេលវេលា​២ឆ្នាំ​ដើម្បី​ឱ្យ​វិលមក​រក​សភាព​ដើម​វិញ។ បើ​ពុំដូច្នេះ​ទេ​សុខភាព​ម្ដាយ​នឹង​រង​គ្រោះ​យ៉ាង​ខ្លាំង ប្រសិន​បើមាន​ការ​សម្រាល​កូន​ញឹកញាប់​ពេក។ ដើម្បី​ឱ្យ​មាន​សុខភាព និង​ថាមពល​ឡើងវិញ ម្ដាយ​ត្រូវការ​ពេល​វេលា ចំណី​អាហារ​ត្រឹមត្រូវ​មុន​ពេល​មាន​ផ្ទៃពោះ​ម្ដងទៀត។ ប្រសិនបើ​ស្ដ្រី​មាន​ផ្ទៃពោះ​មុនពេល​​សរីរាង្គមាន​សភាព​ដូចដើម​ឡើងវិញ​បន្ទាប់ពី​សម្រាល​កូន​លើក​មុន។ ទារក​ក្រោយ​ច្រើន​កើតមក​មិន​គ្រប់​ខែ និង​មិនគ្រប់​ទម្ងន់។ ទារក​ដែល មិន​គ្រប់​ទម្ងន់​ច្រើនតែ​លូតលាស់​មិនសូវ​ល្អ ឈឺច្រើន ហើយ​ច្រើន​ស្លាប់​នៅឆ្នាំ​ដំបូង​នៃជីវិត។ សរីរាង្គ​ស្ដ្រី​ងាយ​ទ្រុឌទ្រោម​ណាស់ ដោយ​សារ​ភាព​មាន​ផ្ទៃពោះ​ញឹកញាប់ ការ​សម្រាលកូន ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ និង​ការថែ​រក្សាកូន​តូចៗ។ បន្ទាប់​ពីមាន ផ្ទៃ​ពោះ​៤ដង​មក ជា​ពិសេស​ទៅទៀត​ប្រសិន​បើការ​សម្រាល​កូន​មុនៗ​មិនមាន​ចន្លោះ​ឃ្លាតពី​គ្នា​លើស​ពី២​ឆ្នាំទេ ស្ដ្រី​នឹង​អាច​​មាន គ្រោះថ្នាក់​កាន់​តែ​ខ្លាំង ដូចជា​ស្លេកស្លាំង ​(កង្វះ​គ្រាប់​ឈាម​ក្រហម) និង​ការ​ធ្លាក់ឈាម​ (បាត់បង់ឈាមច្រើន)។

    ប្រការ​គួរ​ប្រតិបត្ដិ​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ

    ស្ដ្រី​គួរតែ​កំណត់​ពេល​វេលា​ឱ្យមាន​ផ្ទៃពោះ​លើកដំបូង​យ៉ាង​ហោច​ណាស់​មាន​អាយុ​១៨ឆ្នាំ ព្រោះ​កាលវេលា​នេះអាច​ជួយ​ឱ្យ ស្ដ្រី​មាន​​សុវត្ថិភាព​ក្នុងការ​មាន​ផ្ទៃពោះ ការ​សម្រាល និង​ជួយកាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់។ យុវតី​ដែលមាន​​អាយុតិច​ជាង​១៨ឆ្នាំ សរីរាង្គ​ពុំទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ពពោះ​ទេ។ ការ​សម្រាល​កូន​រឹតតែ​មាន​ការ​លំបាក និង​គ្រោះ​ថ្នាក់​​ថែម​ទៀត។

    ស្ដ្រីដែល​មាន​អាយុ​ចាប់ពី​៣៥ឆ្នាំឡើង​ទៅ​ការមាន​ផ្ទៃពោះ និង​ការ​សម្រាល​កូនមាន​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែ​ខ្លាំង​ឡើង។ ប្រសិន​បើ​ស្ដ្រី​មាន​អាយុ​លើស​ពី​៣៥ធ្លាប់​មាន​ផ្ទៃពោះ​៤ដង ឬ​ច្រើនជាង​នេះ ការ​មាន​ផ្ទៃពោះ​ក្រោយៗ​ទៀត​បង្ក​គ្រោះ​ថ្នាក់ ដល់​​សុខភាព​ផ្ទាល់​របស់​ម្ដាយ និង​ទារក​នៅក្នុង​ផ្ទៃ។

    ដំបូន្មាន​អ្នក​ជំនាញ

    ទោះបី​ជា​យ៉ាងណា គ្រប់​ស្ដ្រី​ទាំងអស់​មិន​ត្រូវ​សម្រេច​ចិត្ដ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ណាមួយ​ដោយ​មិន​បាន​ទទួល​ការ​​ប្រឹក្សា​ពី​គ្រូពេទ្យ​ជំនាញ និង​ការ​ពិនិត្យ​សុខភាព​ជាមុន​នោះដែរ។ បុរស​ក៏ដូច​ជា​ស្ដ្រីដែរ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ ការ​​មាន​ផ្ទៃពោះ​ដែល​មិន​ទាន់​ចង់​បាន និង​ការ​កំណត់​ចំនួន​កូន​ដែល​ចង់​បាន។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

    Google Analytics Alternative