អេឡិច ចិន្ដ្រា មមាញឹក​ច្រើន​ក៏ត្រូវ​គិតពី​សុខភាព​ដែរ

មួយ​រយៈពេល​ចុងក្រោយ​នេះ អេឡិច ចិន្ដ្រា កាន់តែ​ធ្វើឱ្យ​មហាជន​ចាប់​អារម្មណ៍​ច្រើន​ជាមួយ​ការ​សម្ដែង​ក្បាច់រាំ​ប្លែកៗ យ៉ាង​សង្ហា​ក្នុងក្រុម​តោមាស និង​រៃមាស។ មហាជន​ទូទៅ​បាន​ទទួល​ស្គាល់​ឈ្មោះ​របស់ អេឡិច ចិន្ដ្រា កាន់តែ​ខ្លាំង​តាមរយៈ​ការ​សម្ដែង​ផង ធ្វើ​ពិធីករ​ផង និងការ​ឡើងច្រៀង​សម្ដែង​លើឆាក​ប្រគំ​តន្ដ្រី​នានា ព្រមទាំង​ការសម្ដែង​នៅក្រៅ​ប្រទេស។ ជា​សិល្បករ​មួយរូប​ពិត ជាមាន​ភាព​មមាញឹក​ច្រើន​ជាមួយ​នឹង​ការងារ​សិល្បៈ​របស់​គេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តែទោះ​បីជា​រវល់​យ៉ាងណា​ក្ដីក៏ អេឡិច ចិន្ដ្រា នៅតែ​មិនភ្លេច​ការ​ថែរក្សា​សុខភាព និង​សម្រស់ស្រស់​សង្ហា​របស់ខ្លួន​ដែរ។ នៅពេល​នេះ អេឡិច ចិន្ដ្រា បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សុខភាព​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ប្រវត្ដិ​សិល្បៈ

អេឡិច ចិន្ដ្រា បាន​ចូលខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០០៥​មកម្ល៉េះ។ ជំហាន​ដំបូង​ចិន្ដ្រា​ជាអ្នក ចម្រៀង​ដែលបាន​ឡើង​ច្រៀង​និង​សម្ដែង​តាម​កម្មវិធី​ប្រគំ​តន្ដ្រី​នានា​តាម​ស្ថានីយ​ទូរទស្សន៍។ បន្ទាប់​ពីបាន​ឃើញពី​ទេពកោសល្យ និង​រូប រាង​សង្ហា​របស់​ចិន្ដ្រា​ក៏បណ្ដា​ផលិតកម្ម​មួយចំនួន​បាន​ទាក់ទង​ចិន្ដ្រា​ឱ្យទៅ​សម្ដែង​កាយវិការ​ខារ៉ាអូខេ។ ជាការ​បង្ហាញ​ពី​ទេពកោសល្យ របស់​ខ្លួន​ជាលើក​ដំបូង ចិន្ដ្រា​បានធ្វើ​ជា​ពិធីករ​នៃកម្មវិធី​ហ្វូម៉ូស​ក្នុង​ស្ថានីយ​ទូរទស្សន៍​ខេមរៈភូមិន្ទ​ប៉ុស្ដិ៍​លេខ៥ និងបាន​សម្ដែង​ខារ៉ាអូខេ តាម​ផលិតកម្ម​មួយ​ចំនួន ដូចជា​រស្មីស្ទឹង​សង្កែ ហង្សមាស យូធូ ស៊ីបី និង​ផលិតកម្ម​សាន់ដេ​ជាដើម។ បច្ចុប្បន្ន​ចិន្ដ្រា​បានចូល​ធ្វើជា​តារា ចម្រៀង​នៅក្នុង​ផលិតកម្ម​រៃមាស និង​តោមាស​បាន​រយៈពេល​ជិត៣ឆ្នាំ​ហើយ ចាប់តាំង​ពីឆ្នាំ​២០០៦​មកម្ល៉េះ។

ការ​ថែរក្សា​សម្រស់

ការ​ថែរក្សា​សម្រស់​សម្រាប់ អេឡិច ចិន្ដ្រា ជាវិធី​សាស្ដ្រ​ដែលមាន​ភាព​ងាយស្រួល​ថែទាំ​បំផុត។ ខាងក្រោម​នេះគឺ​ជា​វិធី សាស្ដ្រ​មួយចំនួន​ក្នុងការ​ថែរក្សា​សម្រស់​របស់​គេ។

  • ការ​ថែរក្សា​ស្បែក​មុខ ៖ ជា​មនុស្ស​ប្រុស​មិនសូវ​ជាគិត​គូរ​ថែទាំ​ខ្លាំង ដើម្បី​ឱ្យស្បែក​មុខ​សស្អាត​ឥតខ្ចោះ​ពេកនោះ​ទេ។ ចំពោះ​ចិន្ដ្រា​ការ​ថែទាំ​ស្បែកមុខ​គ្រាន់តែ​ប្រើប្រាស់​ជាមួយ​ផលិតផល​ជាឡេ​ការពារ​កម្ដៅ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​ការលាង​សម្អាត​មុខ​ជា ការ​ចាំបាច់​សម្រាប់​ចិន្ដ្រា ព្រោះ​ពេលដែល​ផ្ទៃមុខ​សម្បូរ​ទៅដោយ​ធូលី​ដី គឺងាយ​បង្ក​ឱ្យមាន​ជម្ងឺ​មុន​ណាស់ ដូចនេះ​លោក​បាន​សម្អាត​មុខ ជាមួយ​ផលិតផល​ហ្វូមលាង​មុខជា​ប្រចាំ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ជាតួ​សម្ដែង​មួយរូប​ការ​សម្ដែង​ត្រូវមាន​គ្រប់​ឆាក គ្រប់​សកម្មភាព ហើយ​ចៀស​មិនផុត​ពីការ បង្ហាញ​ស្បែក​ដងខ្លួន​នោះទេ។ ដូចនេះ​រាល់ពេល​មុន​ចូល​គេង ចិន្ដ្រា​តែងតែ​លាបឡេ​ការពារ​ជំនួយ​ស្បែក​ឱ្យមាន​ភាព​សំណើម​ផងដែរ។
  • ការ​ថែរក្សា​សក់ ៖ ដោយ​មាន​អំណោយ​ផល​ពីធម្មជាតិ​ល្អ​ហើយ​នោះ គួបផ្សំ​នឹងកើត​មកជា​ប្រុស​ដែលមិន​សូវ​ចាំបាច់​គិត គូរ​ខ្លាំងនោះ ចិន្ដ្រា​មិនសូវ​ជារវល់​នឹងការ​ថែទាំ​វាប៉ុន្មាន​នោះទេ។ តែអ្វី​ជាពិសេស​នោះ គឺ​ចិន្ដ្រា​គ្រាន់តែ​ឧស្សាហ៍​អប់សក់​ដើម្បី​ចៀសវាង ការ​បែកចុង​នៅពេល​ដែលប្ដូរ​ពណ៌សក់​ច្រើនតែ​ប៉ុណ្ណោះ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ការ​ថែរក្សា​ភ្នែក ៖ នេះជា​បញ្ហា​មួយ​ដែល​ចាំបាច់​ត្រូវគិត​គូរឱ្យ​បានដិត​ដល់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប។ ចំពោះ​ការ​ថែទាំ ភ្នែក​ជាវិធី​ងាយស្រួល​ហើយ​អាច​ការពារ​សុខភាព​ភ្នែក​បានផង​ដែរ គ្រាន់តែ​រាល់ពេល​ដែលធ្វើ​ដំណើរ​ទៅណា​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង ចិន្ដ្រា តែងតែ​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ការពារ​នឹង​ពន្លឺថ្ងៃ។
  • ការ​ថែរក្សា​ធ្មេញ ៖ ចិន្ដ្រា​ដុសធ្មេញ​បីដង​ក្នុងមួយ​ថ្ងៃជា​ប្រចាំ ជាពិសេស​បន្ទាប់​ពីការ​ទទួលទាន​អាហារ​អ្វី​រួចរាល់ ចិន្ដ្រា​តែងតែ​ខ្ពុរ​មាត់​ជាមួយ​ទឹកថ្នាំ​សម្អាត​ក្នុង​មាត់។ ជា​រៀងរាល់​ព្រឹក​ចិន្ដ្រា​បៀម​ទឹកអំបិល​ដើម្បី​ជួយឱ្យ​ធ្មេញ​កាន់តែ​រឹងមាំ មិនធុំ​ក្លិន និង​ជួយឱ្យ​អញ្ចាញ​ធ្មេញ​ល្អផង​ដែរ។ ការ​ថែរក្សា​សុខភាព​ធ្មេញ​ជារឿង​មួយដ៏​សំខាន់​សម្រាប់​ចិន្ដ្រា ដែលធ្វើ​ឱ្យលោក​កាន់តែ​មាន​ភាព ជិត​ស្និទ្ធ​ជាមួយ​អ្នកដទៃ​រាល់ពេល​ដែល​ប្រាស្រ័យ​ទាក់ទង។

ការ​ថែរក្សា​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ ចិន្ដ្រា​យកចិត្ដ​ទុកដាក់​ក្នុងការ​គេង​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​បើមិន​គេង​គ្រប់គ្រាន់​នោះទេ គឺនឹង​ធ្វើ​សុខភាព​មិនសូវ​រឹងមាំ ហើយ​សម្រស់​ក៏អន់​ថយ​ទៅតាម​ហ្នឹងដែរ។
  • ការ​ទទួលទាន​អាហារ ៖ ជាចាំបាច់​ចិន្ដ្រា​ត្រូវ​ទទួលទាន​ពពួក​អាហារ​ដែលផ្ដល់​នូវ​សារជាតិ​បំប៉ន​ដល់​រាងកាយ ដើម្បី​ឱ្យ មាន​សុខភាព​ល្អ និង​រឹងមាំ។ ចិន្ដ្រា​មិនរើស​អាហារ​ពេកនោះ​ទេ អាហារ​អ្វីក៏​បានឱ្យ​តែមាន​ប្រយោជន៍​ចំពោះ​រាងកាយ។
  • ការ​ហាត់ប្រាណ ៖ ចិន្ដ្រា​ក៏យក​ចិត្ដទុក​ដាក់ណាស់​ដែរ ចំពោះ​ការលេង​កីឡា ស្ទីម និង​សូណា ដើម្បី​បញ្ចេស​ញើស និង​រៀង រាល់​ពេល​ទំនេរ​ក៏​ហាត់ប្រាណ​ទៀតផង។

បំណង​ថ្ងៃ​អនាគត

ក្រៅ​អាជីព​ជាអ្នក​សិល្បៈ ចិន្ដ្រា​ក៏មាន​បំណង​ប្រាថ្នា​ទៅថ្ងៃ​អនាគត គឺ​ចិន្ដ្រា​ចង់បើក​ជាផ្សារ​ទំនើប​មួយ ប៉ុន្ដែ​ជាជំហាន​ដំបូង​គឺ ចង់​បើកជា​អាហារដ្ឋាន​មួយសិន។

បណ្ដាំ​ផ្ញើ​របស់ អេឡិច ចិន្ដ្រា

ការ​ថែរក្សា​សម្រស់​គ្រាន់តែ​ជារឿង​បន្ទាប់​បន្សំ ចំណែក​ឯសុខភាព​គឺជា​ការ​សំខាន់​ដែលយើង​ត្រូវ​ចំណាយ​ពេល​វេលា​ឱ្យ​បាន គ្រប់​គ្រាន់​ក្នុងការ​ថែទាំ បើទោះ​បីជា​រវល់​ច្រើនយ៉ាង​ណាក្ដី។ ការ​ទទួលទាន​អាហារ​ដែលមាន​សារជាតិ​បំប៉ន​ដល់​រាងកាយ ការ ទទួល​ទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ និងការ​ធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ ពិតជា​អាចផ្ដល់​ឱ្យយើង​មាន​សុខភាព​ដ៏​រឹងមាំ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ អេឡិច ចិន្ដ្រា
  • អាយុ ៖ ២៤ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ០៨. ធ្នូ. ១៩៨៦
  • កម្ពស់ ៖ ១,៨០​ម៉ែត្រ
  • បង​ប្អូន ៖ ៤នាក់​(ប្រុស៤ ជាកូន​ទី២)
  • កម្រិត​វប្បធម៌ ៖ សិក្សា​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​ទីផ្សារ​ឆ្នាំទី៣
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នក​សិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative