បុរស​ប្រាថ្នា​ចង់បាន​អ្វីខ្លះ​ពី​ភរិយា​?(តចប់)

កាលពី​លេខមុន​លោកអ្នក​បានអាន​រួចហើយ​អំពី​បំណង​ប្រាថ្នា​ទាំងឡាយ​ដែល​បុរស​ចង់បាន​នៅក្នុង​ជីវិត​ប្ដី​ប្រពន្ធ។ សុភាព នារី​ទាំងឡាយ​កាលបើ​បានដឹង​អំពី​សេចក្ដី​ចង់បាន​នេះ អាច​យកទៅ​អនុវត្ដ​ដើម្បី​ដណ្ដើម​បាននូវ​សុភមង្គល​ពីស្វាមី​អំពី​របស់​ខ្លួន។ នៅ មាន​ចំណុច​គន្លឹះ​មួយចំនួន​ទៀត​ដែលស្ដ្រី​គប្បី​ជ្រាប។ ហេតុនេះ​សូម​បន្ដ​តាមដាន​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . សេចក្ដី​ស្មោះត្រង់​ដល់ទី​បំផុត

គ្រួសារ​ដែល​បែកបាក់​ដោយសារ​ភរិយា​មិន​ស្មោះត្រង់​មាន​ត្រឹមតែ​១០ភាគរយ​ប៉ុណ្ណោះ ប៉ុន្ដែ​គ្រួសារ​ដែល​បែកបាក់​ដោយសារ ស្វាមី​លាក់លៀម​មានស្រី​ញីកើត​មានដល់​ទៅ២០​ភាគរយ។ ទោះជា​យ៉ាងនេះ​ក្ដីក៏​ការខ្វះ​សេចក្ដី​ស្មោះត្រង់​របស់​ភរិយា​នៅតែ​ជា​មូល ហេតុ​មួយធ្វើ​ឱ្យស្វាមី​មាន​និន្នាការ​ទៅមាន​ប្រពន្ធ​ចុងដែរ។ ស្វាមី​គ្រប់រូប​តែងស្ងប់​ចិត្ដ​ធ្វើ​ការងារ និង​ត្រៀម​លក្ខណៈ​បូជា​អស់ពី​ខ្លួន ដើម្បី​ជីវភាព​សុភមង្គល និង​គ្រួសារ​មាន​សុខដុម ល្គឹក​ណាដែល​រូបគេ​ជាក់លាក់​បានថា ភរិយា​របស់គេ​ជានារី​ម្នាក់​មានចិត្ដ​ស្មោះ​ត្រង់។ សេចក្ដី​ស្មោះត្រង់​ដល់ទី​បំផុត​របស់​ភរិយា គឺជា​ប្រភព​ថាមពល​អរូបិយ​ជំរុញ​ឱ្យស្វាមី​ធ្វើនូវ​រាល់​កិច្ចការ​ទាំងអស់ ដើម្បី​សុភមង្គល គ្រួសារ។

3 . ទន់ភ្លន់​ស្លូត​បូត

នេះជា​ចរិយា​សម្បត្ដិ​មួយមាន​ការ​ចាំបាច់​បំផុត​សម្រាប់​ភរិយា និង​ត្រូវបាន​ស្វាមី​ស្រឡាញ់ និង​គោរព​រាប់អាន។ ភាព​ទន់ភ្លន់ និង​ស្លូតបូត​មាន​ឥទ្ធិពល​យ៉ាងធំ​សម្បើម​ណាស់​ចំពោះ​សុវត្ថិភាព​នៃជីវភាព​គ្រួសារ។ ភាព​ទន់ភ្លន់​ស្លូតបូត​របស់​ភរិយា​អាចនឹង​កែប្រែ តម្រែ​តម្រង់​បាន​ទាំង​ស្វាមី​ដែល​ទទឹង​រឹងរូស និង​អស្មិមានះ​ទៀតផង​(ទន់ឈ្នះរឹង)។ ប៉ុន្ដែ​ភាព​ទន់ភ្លន់​ស្លូតបូត​ដែល​លើកយក​មក និយាយ​នេះត្រូវ​អម​ទៅដោយ​ភាព​ឆ្លាតវៃ​ផងដែរ ដើម្បី​ចៀសវាង​កុំឱ្យ​ធ្លាក់​ទៅក្នុង​សភាព“ស្លូត ស្លាប់”ឱ្យ​សោះ ឬ​ក្លាយជា​ភរិយា​អកម្ម និង​ចាំតែ​ធ្វើជា​ទាសករ​គ្រប់​យ៉ាង។ ភរិយា​ស្លូតបូត​ចេះដក​ថយ​នៅពេល​ណា​ស្វាមី​កំពុង​តែខឹង​មួម៉ៅ និងចេះ​រង់ចាំ​ពេលវេលា​ល្អ ដើម្បី រម្លឹក​ដាស់​តឿន និង​ទប់ស្កាត់​នូវ​រាល់​គោលដៅ​អាក្រក់​របស់​ស្វាមី។ ភរិយា​ស្លូតបូត​មិន​ប៉ប៉ាច់​ប៉ប៉ោច មិន​ឆ្លើយកាត់​ក្នុងពេល​ស្វាមី​កំពុង និយាយ មិន​សម្ដី​ធំពេល​ខឹង​សម្បា និងមិន​ទន្ទក់​ទន្ទេញ​រឿងពី​នេះពី​នោះនៅ​ក្បែរ​ត្រចៀក​ស្វាមី។ ភរិយា​ស្លូតបូត​ចេះ​ជ្រើសរើស​ពាក្យ សម្ដី​និយាយ​ឱ្យ​សមបំណង​ទៅវិញ​ទៅមក និង​ឆ្លាតវៃ​នៅត្រង់​ថា តើ​គប្បី​និយាយ​នៅពេល​ណា! និយាយ​ពីអ្វី​ដែលគួរ​និយាយ និង​មិននិយាយ​ជារបៀប​ផ្លែផ្កា ឬខឹង​រទេះ​វាយគោ។ ភរិយា​ដែល​មួយថ្ងៃៗ​គិតតែ​ពីរ​អ៊ូរទាំ និង​មិនអាច​ធ្វើឱ្យ​បរិយាកាស​​ក្នុង​គ្រួសារ​បាន សប្បាយ​រីករាយ​ឡើយ។ ម្ដាយ​ស្លូតបូត និង​បង្កើត​ចរិយា​សម្បត្ដិ​ដល់កូន។ ភរិយា​ដែល​ស្លូតបូត និង​បង្កើត​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ក្នុង បេះដូង​របស់​ស្វាមី។ នារី​ដែល​ស្លូតបូត​រាបសា​នឹង​ស្រូប​ទាក់ទាញ​ដល់​មនុស្ស​ជាច្រើន​ឱ្យមាន​ការយក​ចិត្ដទុក​ដាក់​ចំពោះ​រូបនាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ

ភរិយា​ម្នាក់​ដែល​ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ នឹង​បង្កើត​ឱ្យមាន​បរិយាកាស​កក់ក្ដៅ សុភមង្គល​ក្នុង​គ្រួសារ។ ការ​ប្រសប់​រ៉ាប់ រង​កិច្ចការ​គ្រួសារ​ដែល​លើកយក​មក​និយាយ​នេះ គប្បី​យល់​ទាំងពីរ​ផ្នែក គឺ​ខាង​ស្មារតី និង​ខាង​សម្ភារៈ។ ភរិយា​ដែល​ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ នាង​នឹងយល់​ច្បាស់ពី​ចំណង់​ចំណូល​ចិត្ដ​របស់​ស្វាមី និង​ធានា​ដល់ផ្នត់​ជីវិត​រស់នៅ​ជាលក្ខណៈ​បុគ្គល​របស់​ស្វាមី​ផងដែរ។ ពេល​ស្វាមី​ត្រឡប់​ពីធ្វើ​ការមក​វិញ មាន​បាយទឹក​រៀបចំ​ទុកដាក់​ជា​ស្រេច។ បើ​ស្វាមី​ធ្វើការ​យប់ នាងមាន​ចំណី​បរិភោគ​ស្រាលៗ ដើម្បីបម្រុង​សុខភាព។ មុនពេល​ស្វាមី​ចេញទៅ​ធ្វើ​បេសកកម្ម​ឆ្ងាយ នាង​រៀបចំ​មិនឱ្យ​ខ្វះក្នុង​កាបូប​របស់​ស្វាមីមាន​ថ្នាំ​សង្កូវ​ការពារ​ផ្ដាសាយ រាករូស ឬ​ដបប្រេង​ខ្យល់ ប្រេងកូឡា​(អាចនឹង​ស្រោម​អនាម័យ​ផងដែរ)។ ពុំនោះ​សោត នាង​ត្រូវ​សាសង​​ក្រើន​រម្លឹក​ជារួមៗ ដូចជា​ពោលពាក្យ​ថា ៖ “បង​ត្រូវ​ការពារ​សុខភាព និង​កុំភ្លេច​វិលមក​រកអូន​ភ្លាម ក្រោយពី​បញ្ចប់​បេសកកម្ម!”។

ភរិយា​ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ និង​ត្រៀម​លក្ខណៈ​គ្រប់យ៉ាង​ទាំងអស់ សម្រាប់​ការធ្វើ​ដំណើរ​កម្សាន្ដ​របស់​គ្រួសារ ពីព្រោះ​ការ​មធ្យ័ត​នេះនឹង​បញ្ចុះ​បញ្ចូល​ដល់​ទឹកចិត្ដ​របស់​ស្វាមី​ឱ្យកើត​សេចក្ដី​ស្នេហា​ចំពោះ​រូបនាង​កាន់តែ​កើនទ្វេ​ឡើង។

ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ​ត្រៀមទុក​អាហារ​ឆ្ងាញ់ ដែលជា​ចំណែក​របស់ខ្លួន​សម្រាប់​ឱ្យ​នរណា​ម្នាក់​ក្នុង​សមាជិក​គ្រួសារ ប្រ សិន​បើអ្នក​នោះចង់​បរិភោគ​បន្ថែម។ ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ នាងព្រម​ទទួល​ធ្វើជា​អ្នក​អង្គុយ​សម្លឹង​មើល​ស្វាមី និង​មើល​កូនៗ បរិភោគ​យ៉ាង​ឆ្ងាញ់ ព្រោះ​នោះជា​សុភមង្គល​របស់​នាង។

ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ នឹងមិន​បង្ហាញ​ទឹកមុខ​ស្រពោន​សោះកក្រោះ​នៅពេល​បើក​ទ្វារ​របង​ទទួល​ស្វាមី​មកពី​ធ្វើការ​វិញឡើយ។ ផ្ទុយមក​វិញ នាង​មាន​ទឹកមុខ​ស្រស់បស់ រីករាយ រហូត​ដល់ថ្នាក់​ស្វាមី​មានការ​ហត់នឿយ​ដល់ណា​ក៏ដោយ ក៏​រលាយ​បាត់អស់ ការ​ហត់នឿយ​នោះ​ដែរ។

ក្នុង​ករណី​ខ្លះដែល​ស្វាមី​មិនអាច​នឹង​ចូលរួម​ប្រាស្រ័យ​បានគឺ ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ ត្រៀម​លក្ខណៈ​ជានិច្ច​ដើម្បី​ជំនួស​ស្វាមី ដូចជា​ការ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ទាន ឬការ​ជួបជុំ​ផ្សេងៗ ដែលមាន​ការ​អញ្ជើញ។ ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​វិញ ការ​ចំ ណាយ​ត្រូវតែ​មាន​តុល្យភាព​ទៅនឹង​ការ​ចំណូល និង​ត្រូវមាន​ស្ថិរភាព។ ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ​ ត្រូវមាន​ផែនការ​ក្នុងការ​សន្សំ​សំ ចៃ​ដោយឡែក​សម្រាប់​ក្នុង​ករណី​ណាដែល​ចាំបាច់ និង​មិនចាយ​វាយ​ខ្ជះខ្ជាយ​ដែលគ្មាន​ប្រយោជន៍ ព្រមទាំង​ត្រៀម​លក្ខណៈ​គាំទ្រ ចំពោះ​ចំណាយ​ទៅលើ​សេចក្ដី​ត្រូវការ​ណាដែល​ចាំបាច់​ទៀតផង។

បណ្ដាំ​ផ្ញើ

ចំណុច​ដែល​លើក​មក​ជម្រាប​ជូន​ខាងលើ​នេះ យើងខ្ញុំ​សង្ឃឹម​ថាសុភាព​ស្ដ្រី​ជាភរិយា​ទាំងអស់ នឹង​ទទួល​យកបាន​ដើម្បី​អនុវត្ដន៍ សំដៅ​ឱ្យ​គ្រួសារ​មាន​សុភមង្គល។ តាមពិត​ទៅ​មិនមែន​ជារឿង​ដែល​ពិបាក​រហូត​ដល់ធ្វើ​មិនបាន​នោះទេ សំខាន់​ស្ថិតនៅ​ត្រង់​ថាចង់​ធ្វើ ឬក៏​អត់? ព្រោះ​មានស្ដ្រី​មួយចំនួន​គាត់​មិនចង់​ធ្វើបែប​នេះនោះ​ទេ ដោយ​គិតថា​អាចធ្វើ​ឱ្យគាត់​អាប់​ឱន ឬគាត់​ដូចជា​ខ្លាច​ស្វាមី​ជ្រុល​ពេក។ សូម​ចងចាំ​ថា អាវុធ​ដែល​សំខាន់​ដែលមាន​ឥទ្ធិពល​បំផុត​សម្រាប់​នារី​យកទៅ​ច្បាំង​ជាមួយ​បុរស​នោះ គឺភាព​ទន់ភ្លន់ និង​ការ​យល់ចិត្ដនោះ​ហើយ។ បុរស​នៅលើ​លោកនេះ ទោះបី​បើគេ​មាន​កម្លាំង ឬ​អំណាច​យ៉ាងណា​ក៏គេ​នៅតែ​ចុះចាញ់​នារីម្នាក់​ដែលគេ​ស្រឡាញ់ ហើយ​នារី​នោះ​ផ្ដល់ឱ្យ​គេវិញ​នូវភាព​ជាកុល​ស្ដ្រី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative