រលាក​ស្រោម​ខួរក្បាល​កុមារ

កុមារ​គឺជា​វ័យទន់​ខ្សោយ​ហើយ​ងាយ​ទទួលរង​ការ​វាយ​ប្រហារ​ដោយសារ​ជម្ងឺ​ផ្សេងៗ​យ៉ាងឆាប់​រហ័ស បើសិន​ជាពុំ​មាន​កា​ថែរក្សា និង​ចាក់ការ​ថ្នាំបង្ការ​ឱ្យបាន​ត្រឹមត្រូវ។ ជម្ងឺ​រលាក​ខួរក្បាល​កុមារ​ជាជម្ងឺ​ដ៏កាច​សាហាវ​បំផុត​មួយ​ប្រភេទ​ក្នុង​ចំណោម​ជម្ងឺ​កុមារ​ដែល​សមត្ថភាព​ក្នុងការ​ផ្តាច់​ជីវិត​របស់​កុមារ​បានយ៉ាង​ងាយ ប៉ុន្តែវា​ក៏ជា​ជម្ងឺដែល​អាច​ព្យាល និង​បង្ការបាន​បើសិន​ជាចេះ​អនុវត្ត តាម​គោលការណ៍​វេជ្ជសាស្ត្រឱ្យបាន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត គឹម អាង ជាអ្នក​ជំនាញ​ផ្នែក​ជម្ងឺ​កុមារ នៅមន្ទីរ​ពេទ្យ​កុមារ​ជាតិនឹង​បកស្រាយ​អំពី​ជម្ងឺ​រលាក​ស្រោម​ខួរ ក្បាល​កុមារ​ជូន​អ្នកអាន និង​អាណា​ព្យាបាល​ទាំងអស់​ឱ្យបាន​ជ្រាបតាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺ​រលាក​ស្រោមខួរ​ក្បាល​ជាអ្វី?

ជម្ងឺ​រលាក​ស្រោម​ខួរក្បាល​កុមារ​គឺជា​ជម្ងឺ​ដែលកាច​សាហាវ អាច​កើតមាន​ចំពោះ​កុមារ​គ្រប់រូប​ដែល​ពុំបាន​ចាក់​វ៉ាក់សាំង ការពារ​ជម្ងឺ​៦មុខ និង​ជម្ងឺ​រលាក​ស្រោមខួរ​កុមារ។ ជម្ងឺនេះ​បង្កមក​ពីការ​លុកលុយ និង​លូតលាស់​របស់​ពពួក​មេរោគ​នៅក្នុង​ទឹក ស្រោម​ខួរក្បាល​កុមារ។

មូលហេតុ​បង្កជម្ងឺ​រលាក​ស្រោម​ខួរក្បាល​កុមារ

មេរោគ និង​ប៉ារាសិត​ជាច្រើន​ប្រភេទ​ដែល​ស្ថិតនៅ​ក្នុងខ្លួន​កុមារ​បាន​ប្រមូល​ផ្ដុំទៅ​រស់នៅ​ក្នុងទឹក​ស្រោមខួរ​ក្បាល​កុមារ បានបង្ក​ជម្ងឺ​រលាក​ស្រោម​ខួរក្បាល​កុមារ​នេះឡើង ដែលគេ​បែងចែក​មេរោគ​ទាំងនោះ​ជាបី​ផ្នែក​ធំៗ​ដូចជា ៖

1 . បាក់​តេរី ៖ ក្រុម​សំខាន់​ដែល​ចម្លង​មេរោគ​របស់​បាក់តេរី មាន​ដូចជា​មេណាំង​កូកូស អាំងភ្លុស​អង់សារ ជា​បាក់តេរី​ដែល​កើត​មានឡើង​ចំពោះ​កុមារ​ធំៗ។ ផ្ទុយ​ទៅវិញ​សម្រាប់​កុមារតូចៗ​ដែល​ទើបតែ​កើត​រហូត​ដល់​អាយុ​២៨ថ្ងៃ អាច​ឆ្លង​បាក់តេរី​ដែល​បង្ក​មេរោគ​ទាំងនេះ​បាន​តាម​ពោះវៀន និង​ប្រដាប់​បន្ដពូជ​របស់​ម្ដាយ​ដែលមាន​ប្រភេទ​បាក់តេរី​ទាំងនោះ។

2 . វីរុស ៖ ជា​ប្រភេទ​ភ្នាក់ងារ​បង្ក​ជម្ងឺ​រលាក​ស្រោមខួរ​កុមារ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្រាល ឧទាហរណ៍​ដូចជា​វីរុស​ផ្ដាសាយ កញ្ជ្រឹល ក្រឡទែន និង​អែប៉េះ សុទ្ធសឹង​តែ​មូលហេតុ​សំខាន់​ដែល​បង្កឱ្យ​មានជម្ងឺ​រលាក​ស្រោមខួរ​នេះឡើង។

3 . បាក់តេរី​របេង ៖ តាមពិត​ទៅ​មេរោគ​របេង​ក៏ជា​បាក់តេរី​ដែរ ប៉ុន្ដែ​វាជា​ប្រភេទ​បាក់តេរី​ដែលបង្ក​ឱ្យមាន​ជម្ងឺ​រលាក ស្រោមខួរ​ធ្ងន់ធ្ងរ និងមាន​រោគវិនិច្ឆ័យ​ខុសពី​បាក់តេរី​ដទៃ​ទៀត ជាពិសេស​ត្រូវការ​ពេលវេលា​យូរ​ដើម្បីព្យា​បាល។ កុមារ​អាច​ឆ្លង បាក់តេរី​ជម្ងឺ​របេង​នេះដោយសារ​ដំណក​ដង្ហើម ឬក៏​ការ​ប៉ះពាល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ជម្ងឺ​របេង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគសញ្ញារលាកស្រោមខួរក្បាលកុមារ

ជម្ងឺ​រលាក​ស្រោម​ខួរក្បាល​អាច​បង្ហាញ​ចេញជា​រោគ​សញ្ញា​ទៅតាម​ប្រភេទ​ជម្ងឺ និង​អាយុ​របស់​កុមារ ដែល​ក្នុងនោះ​គេចែក កុមារ​ជាពីរ​ក្រុមគឺ​ក្មេងតូច និង​ក្មេងធំ។ កុមារ​ដែលទើប​នឹងកើត​រហូត​ដល់​អាយុ​ប្រាំបួន​ខែត្រូវ​បានចាត់​ទុកថា​ជាក្រុម​ក្មេងតូច និង​មានរោគ​វិនិច្ឆ័យ ដូចជា​ការ​ប្រែប្រួល​នៃ​ឥរិយាបថ កុមារ​យំច្រើន មានភាព​រញ៉ាំ​រញ៉ូវ​មិនដាច់។ ព្រមទាំង​ចាប់ផ្ដើម​ក្ដៅខ្លួន​ខ្លាំង មិន​បៅ និង​ទន់ក​ខុសពី​ធម្មតា។ ជួនកាល​កុមារ​មិនក្ដៅ​ខ្លួនទេ បែរជា​មាន​សភាពត្រជាក់​ខ្លួនខ្លាំង​វិញក៏​មានដែរ។ សម្រាប់​កុមារ​ធំយើង​អាច សង្កេត​ឃើញ​ថា កុមារ​ចាប់ឈឺ និង​រឹងក ក្អួត​ខ្លាំង និង​សន្លឹម ជួនកាល​អាច​ទល់​លាមក​ក៏មាន។ ទាំងនេះ​គឺជា​ផ្នែកខ្លះ​នៃរោគ​សញ្ញា​នៃជម្ងឺ​រលាក​ស្រោមខួរ​កុមារ ប៉ុន្ដែ​ពេលខ្លះ​ក៏មាន​លក្ខណៈ​ស្រដៀង​នឹងជម្ងឺ​ដទៃទៀត​ដែរ។ ដូចនេះ​ដើម្បី​ឱ្យ​កាន់តែ​ច្បាស់ មាតាបិតា​គ្រប់រូប​គួរចេះ​សង្កេត​មើល​សភាព​កុមារ បើសិនជា​មានសភាព​មិន ស្រួល​ដូចដែល​មាន​ខាងលើ លោកអ្នក​ចាំបាច់​នាំកុមារ​ទៅមន្ទីរ​ពេទ្យ ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​បូមយក​ទឹកស្រោម​ខួរ​ទៅ​ពិនិត្យ និង​បណ្ដុះ​មេរោគ​ដើម្បី​ឱ្យដឹង​កាន់តែ​ច្បាស់​ចៀសវាង​ការភាន់​ច្រឡំ។

វិធី​ព្យាបាល​ជម្ងឺ​រលាក​ស្រោមខួរ​ក្បាល​កុមារ

ជម្ងឺ​រលាក​ស្រោមខួរ​ទោះបីជា​បណ្ដាល​មកពី​បាក់តេរី វីរុស ឬ​បាក់តេរី​របេង​ក៏ដោយ វាសុទ្ធតែ​ជាជម្ងឺ​ធ្ងន់ធ្ងរ។ ប៉ុន្ដែ​ជម្ងឺ រលាក​ស្រោមខួរ​ដែល​បង្ក​ដោយ​វីរុស​មានភាព​ងាយស្រួល​ក្នុងការ​ព្យាបាល​ជាង​ប្រភព​បង្ក​ផ្សេងៗ​ទៀត។ យើង​អាច​ព្យាបាល​តាម​ការផ្ដល់​អាហារ​បំប៉ន ឬ​ក៏ទ្រទ្រង់​ដល់​សុខភាព​កុមារ​ដោយ​មិនបាច់​ប្រើថ្នាំ​ប្រភេទ​អង់ទីវី​យូទីក​នោះទេ ជម្ងឺនេះ​អាច​ជា​សះស្បើយ​ឡើងវិញ។ សម្រាប់​ជម្ងឺ​រលាក​ស្រោម​ខួរដែល​បង្ក​ដោយ​បាក់តេរី និង​បាក់តេរី​របេង គ្រូពេទ្យ​ត្រូវប្រើ​រយៈពេល​យ៉ាង​យូរប្រមាណ​ជាប្រាំមួយ​ខែ ដើម្បី​ព្យាបាល និងការ​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ដែល​ត្រូវទៅ​នឹង​សភាព​ជម្ងឺ​កុមារ។ ជម្ងឺ​រលាក​ស្រោមខួរ​ក្បាល​ជាជម្ងឺ​មួយដែល​កាច​សាហាវ ប៉ុន្ដែ​អាច​ព្យាបាល​បាន ប្រសិន​បើមាតា​បិតា​គ្រប់រូប​បញ្ជូន​កុមារ​មកមន្ទីរ​ពេទ្យ​ឱ្យបាន​ទាន់ពេល​វេលា។

ផលវិបាក​នៃជម្ងឺ​រលាក​ស្រោមខួរ​កុមារ

កុមារ​ដែលមាន​ជម្ងឺ​រលាក​ស្រោម​ខួរក្បាល​ហើយ​មិនបាន​ព្យាបាល​ឱ្យទាន់​ពេល​វេលានោះ​ទេ វានឹង​ផ្ដល់ផល​លំបាក​ជាច្រើន​ដល់​កុមារ។ កុមារ​អាចក្លាយ​ទៅជា​ពិការ និងមាន​ជម្ងឺ​ថ្លង់ ជួនកាល​អាចមាន​ផល​ប៉ះពាល់​ដល់ការ​រីក​ចម្រើន និង​លូតលាស់​ផ្នែក​សរីរាង្គ​ខួរ​ក្បាល​កុមារ​ក៏មាន ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ​របស់​ក្មេង​ខ្សោយ​ទាំងការ​គិតការ​យល់ មាន​លក្ខណៈ​ខុសពី​ក្មេង​ធម្មតា ឬអាច​និយាយ​ម្យ៉ាងទៀត​ថា ក្មេងមាន​ញ្ហា​ខួរក្បាល។

វិធិ​បង្ការ​ជម្ងឺ​រលាក​ស្រោម​ខួរ​កុមារ

ជាទូទៅ​មេរោគ​របស់​ជម្ងឺ​រលាក​ស្រោមខួរ​ក្បាល​កុមារ​នេះ​គឺជា​ប្រភេទ​ពួក​បាក់តេរី វីរុស។ ដូចនេះ​យើងអាច​ការពារ​ជម្ងឺនេះ បាន​ដោយសារ​រស់នៅ​តាម​ក្បួនខ្នាត​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ គឺ​ហូបស្អាត ផឹកស្អាត រស់នៅ​ស្អាត។ ប៉ុន្ដែ​ប្រការ​សំខាន់​ដែល អាណា​ព្យាបាល​ទាំងអស់​ត្រូវយក​ចិត្ដទុក​ដាក់នោះ គឺការ​នាំកុមារ​ទៅចាក់​ថ្នាំបង្ការ​ជម្ងឺ​រលាក​ស្រោមខួរ​ក្បាល​កុមារ​នៅតាម​មន្ទីរ​ពេទ្យ​នានា ដែលអាច​ផ្ដល់នូវ​ថ្នាំបង្ការ​ជម្ងឺ​រលាក​ស្រោមខួរ​កុមារ​នេះបាន ព្រោះថា​ថ្នាំបង្ការ​នេះមាន​គុណភាព​ខ្ពស់​ក្នុងការ​ការពារ​កុមារ​ឱ្យចៀស​ផុតពី​ជម្ងឺ​កាច​សាហាវ​មួយ​នេះ។

ដំបូន្មាន​អ្នក​ជំនាញ

មាតាបិតា​គ្រប់រូប​គួរកុំ​ធ្វេស​ប្រហែស​ចំពោះ​សុខភាព​របស់​កុមារ។ លោកអ្នក​គួរ​គប្បីនាំ​កុមារ​ទៅទទួល​ថ្នាំ​បង្ការ​ការពារ​ជម្ងឺ ប្រាំមួយ​មុខ​របស់​កុមារ បូករូម​នឹងថ្នាំ​បង្ការ​រលាក​ស្រោមខួរ​ក្បាល​កុមារ​ផងដែរ។ ប្រសិន​បើកុមារ​មាន​អាការ​មិន​ស្រួលខុស​ធម្មតា ដូចការ​រៀបរាប់​ខាងលើ​នេះ មាតាបិតា​គ្រប់រូប​ចាំបាច់​នាំកុមារ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative