សុខ សោម៉ាវត្ដី សុខភាព និង​សម្រស់​គឺជា​ការ​ចាំបាច់​សម្រាប់​អ្នកសិល្បៈ

ថ្វីត្បិតតែ​មាន​ភាព​មមាញឹក​ក្នុង​ការងារ​សិល្បៈ​យ៉ាង​ណាក្ដី ក៏​ពិធី​ការិនី​តូច​ច្រឡឹង សុខ សោម៉ាវត្ដី​នៅតែ​​ឆ្លៀត​​ឱកាស​ថែទាំ​សុខភាព និង​សម្រស់ ដោយ​យក​ចិត្ដ​ទុកដាក់​បំផុត ព្រោះ​កញ្ញា​យល់ថា​សម្រាប់​ជីវិត​អ្នក​សិល្បៈ​ត្រូវកា​រចាំបាច់​ណាស់​គឺ​សម្រស់ និង សុខភាព។ អាជីព​ជា​អ្នក​សិល្បៈ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ កញ្ញា​ប្រិមប្រិយ​សម្ដី​ស្រាល​ស្រទន់ សុខ សោម៉ាវត្ដី ត្រូវបាន​ទស្សនិកជន ជា​ច្រើន​ទទួល​ស្គាល់​ថា កំពុង​តែ​ទទួល​បាន​នូវ​ផ្លែផ្កា​យ៉ាង​គាប់​ប្រសើរ និង​ឈាន​ទៅរក​ជោគ​ជ័យ​ថែម​ទៀត​នៅក្នុង​ការងារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ សុខ សោម៉ាវត្ដី បាន​បកស្រាយ​ពីការ​ថែទាំ​សុខភាព និង​សម្រស់​របស់​កញ្ញា​ដែល​មាន​រូប​ឆោម​ស្រស់ ផូរផង់​ដូច​សព្វ​ថ្ងៃនេះ តាម​រយៈ​ទស្សនាវដ្ដី សុខភាព​យើង ដើម្បី​ជម្រាប​ជូន​ដល់​មិត្ដ​អ្នក​អាន និង​ក្រុម​យុវវ័យ​ជា​ការ​យល់ដឹង​ក្នុងការ រៀប​ចំ​ខ្លួន វិធី​ថែ​ទាំ​សម្រស់ និង​សុខភាព​ឱ្យមាន​ភាព​ប្រសើរ។

ប្រវត្ដិ​ចូល​សិល្បៈ

សោម៉ាវត្ដី​បាន​ចាប់ផ្ដើម​ជីវិត​សិល្បៈ​នៅឆ្នាំ​២០០២ បន្ទាប់​ពី​កញ្ញា​បាន​ប្រឡង​ជាប់​ជា​ស្រីស្អាត​ប្រចាំ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ហេឡូ​ទទួល​ជ័យ​លាភី​លេខ២។ ចាប់​តាំង​ពី​ពេល​នោះ​មក​សោម៉ាវត្ដី​ត្រូវ​បាន​ក្រុមហ៊ុន​ហេឡូត​ម្រូវ​ឱ្យ​ថត​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ប្រចាំ ក្រុម​ហ៊ុន។ ក្រោយ​ពី​បញ្ចប់​កុងត្រា សោម៉ាវត្ដី​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ដទៃ​ទៀត​អញ្ជើញ​ទៅ​ថត​កម្មវិធី​ផ្សេងៗ ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ខ្លីៗ និង​ថត​ចម្រៀង​ខារ៉ា​អូខេ​ជា​ដើម។ នៅ​ឆ្នាំ​២០០៨ កញ្ញា​បាន​ឈាន​ជើង​ចូល​កាន់​ដំណែង​ថ្មី ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន នៅ​ក្នុង​កម្មវិធី​ទស្សនាចរណ៍​២៤​ខេត្ដ​ក្រុង។ បន្ទាប់​មក​សោម៉ាវត្ដី​ត្រូវ​បាន​អ្នក​គ្រប់គ្រង​ទូរទស្សន៍​បាយ័ន​ផ្ដល់​កម្មវិធី​ជាច្រើន​ទៀត រហូត ដល់​មាន​ឈ្មោះ​ល្បីល្បាញ​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ការ​ថែទាំ​សម្រស់

ទោះ​បី​បច្ចុប្បន្ន​នេះ កញ្ញា សុខ សោម៉ាវត្ដី មាន​ភាព​មមាញឹក​ក្នុងការ​ងារ​ជា​អ្នក​សិល្បៈទាំង​ការ​សម្ដែង​រឿង និង​ជា​ពិធី ការិនី​ក្ដី​ក៏​មិន​ភ្លេច​ការ​ថែរ​ក្សា​សុខភាព និង​សម្រស់​ដែរ។ ខាង​ក្រោម​នេះ​គឺជា​វិធី​ថែទាំ​សម្រស់ និង​សុខភាព​របស់​សោម៉ាវត្ដី​ដែល​បាន​ធ្វើ ការ​អនុវត្ដន៍​ជា​ប្រចាំ មុន​នឹង​ក្រោយ​ការ​សម្ដែង និង​ការ​សម្រាក​នានា។

  • ការ​ថែ​រក្សាសក់ ៖ ចំពោះ​សរសៃ​សក់​​របស់កញ្ញា​ដែល​មាន​សរសៃ​ទន់​ល្មើយ​មាន​សុខភាព​ល្អ​នេះ ដោយ​សារ​សោម៉ាវត្ដី ​បាន​ជ្រើសរើស​យក​សាប៊ូ​កក់​បន្ទន់​ធម្មតា។ ក្នុង​មួយ​សប្ដាហ៍​ត្រូវ​ការ​ថែទាំ​សក់​ឱ្យ​បាន​២ទៅ​៣ដង ព្រោះ​ការ​ពារកុំ​ឱ្យ​សក់​បែក​ចុង ហើយ​មាន​លក្ខណៈ​រស់​រវើក​បាន​យូរ​ទៀត​ផង។ ប៉ុន្ដែ​នៅពេល​ចូលរួម​ថត​ក្នុង​កម្មវិធី​ម្ដងៗ នាង​បាន​ប្រើ​ថ្នាំ​ជំនួយ​សរសៃ​សក់​ផ្សេងៗ ផង​ដែរ ដើម្បី​ការពារ​លើ​វិធី​កក់​បន្ទន់​សក់​ខាង​លើ។
  • ការ​ថែរក្សា​ស្បែក​មុខ ៖ ជាការ​ចាំ​បាច់​បំផុត​សម្រាប់​ស្បែក​មុខ ដោយ​បាន​ធ្វើការ​ថែទាំ​យ៉ាង​យកចិត្ដ​ទុក​ដាក់ គួប​ផ្សំ នឹង​ការ​ប្រើ​ប្រាស់​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​នៅ​ពេល​ដែល​ចេញ​ទៅ​សម្ដែង ឬ​ថត​ក្នុង​កម្មវិធី​ផ្សេងៗ។ ប៉ុន្ដែ​នៅពេល​យប់​សោម៉ាវត្ដី​មិន​បាន ប្រើប្រាស់​ឡេ ឬ​ម្សៅអ្វី​នោះ​ទេ ព្រោះ​កញ្ញា​យល់ថា​ពេល​យប់​អាកាស​ធាតុ​ត្រជាក់ ហើយ​ផ្ទៃមុខ​របស់​នាង​មាន​សំណើម​ស្រាប់ មិន​ចាំ​បាច់​ប្រើប្រាស់​ម្សៅ​ឬឡេ​ការពារ​អ្វីឡើយ ហើយ​ក៏ពុំ​មាន​ពន្លឺ​ថ្ងៃ​ឯណា​មក​ប៉ះពាល់​លើ​ផ្ទៃមុខ​ទៀត​ផង។
  • ការ​ថែរក្សា​ដងខ្លួន ៖ ចំពោះ​ស្បែក​ដង​ខ្លួន សោម៉ាវត្ដី​ធ្វើការ​ថែទាំ​ជា​ធម្មតា ដោយ​ប្រើ​សាប៊ូ​ដុសខ្លួន​ដែល​អាច កម្ចាត់​មេរោគ​បាន។ ប៉ុន្ដែ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មួយ​ខែ​ម្ដងៗ ដោយ​មិន​ដុស​នឹង​សាប៊ូ​ដដែលៗ​ឡើយ។ នៅ​ពេល​ថ្ងៃ សោម៉ាវត្ដី ក៏​ជ្រើស​រើស​យក​ឡេ​ការពារ​កម្ដៅ​ថ្ងៃលាប​លើ​ដងខ្លួន ខណៈ​ពេល​ដែល​ចេញ​ទៅ​ថត​សម្ដែង​នានា​នៅតាម​ខេត្ដ។
  • ការ​ថែរក្សា​ធ្មេញ ៖ រីឯ​សុខភាព​មាត់ធ្មេញ សោម៉ាវត្ដី​ថែទាំ​ដោយ​ដុស​ធ្មេញ​មួយថ្ងៃ​៥ដង ក្រោយ​ពេល​ទទួល​ទាន ចំណី​អាហារ និង​មុន​ពេល​ចូល​​​​ទទួល​​ទាន​​ដំណេក។ កញ្ញា​បញ្ជាក់​ថា វិធី​នេះ​អាច​ជួយឱ្យ​ធ្មេញ​រឹងមាំ និង​ដង្កូវមិន​ស៊ី មិន​ឆាប់​ពុក ហើយ​ក្លិន​មាត់​ល្អ​រហូត ទោះ​យើង​និយាយ​ស្ដី​ជា​មួយ​អ្នក​ដទៃ​មិន​បាច់​បារម្ភ​ចំពោះ​ក្លិនមាត់​ឡើយ។ ជាង​នេះ​ទៅ​ទៀត កញ្ញា​តែងតែ ទៅ​មន្ទីរ​ព្យាបាល​ធ្មេញ​រាល់​៤ខែម្ដង ដើម្បី​ឱ្យ​ទន្ដបណ្ដិត​ពិនិត្យ​ព្យាបាល និង​សម្អាត។
  • ការ​ថែរក្សា​ភ្នែក ៖ ភ្នែក​មាន​សារៈ​សំខាន់​ណាស់ សុម៉ាវត្ដី​តែងតែ​មាន​ការ​ការពារ​ជានិច្ច​រាល់​ពេល​ដែល​មាន​ភាព​ងងឹត មក​ដល់ នាង​មិន​ដែល​សម្លឹង​អ្វី​មួយ​ដោយ​ធ្វើការ​ផ្ទៀង​ផ្ទាត់ឡើយ ដូចជា​មើល​សៀវភៅ អាន​ទស្សនាវដ្ដី​នោះទេ។ កញ្ញា​តែងតែ​យក ចិត្ដ​ទុកដាក់​ថែរក្សា​ជានិច្ច​ផងដែរ នៅ​ពេលណា​ដែល​ភ្នែក​មើល​ទៅ​ហាក់​បីដូច​ជា​ស្រវាំង ដោយ​តែងតែ​ស្វះស្វែង​រក​វិធីការ​ពារ និង ព្យា​បាល​ពីគ្រូពេទ្យ​ជំនាញ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ សោម៉ាវត្ដី​តែង​តែ​យកចិត្ដ​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​បបូរមាត់ ជ្រើស​រើស​យក ផលិត​ផល​ដែល​ល្អ​ប្រើប្រាស់ ព្រោះ​ថា​បបូរមាត់​ត្រូវតែ​ថែ​រក្សា​ដោយ​លាប​ក្រែប​ជានិច្ច​មិនអាច​ខាន​បាន​ឡើយ ទាំង​ពេល​គេង និង​ពេល​ចេញ​សម្ដែង។ ចំពោះ​រោម​ភ្នែក និង​ចិញ្ចើម កញ្ញា​ជ្រើសរើស​វិធី​ថែរ​ក្សា​ជា​ធម្មតា​តែ​ប៉ុណ្ណោះ ទោះ​បី​ទៅ​ថត​សម្ដែង ឬ​ធ្វើ​ជា​ពិធីការិនី​ក៏​ដោយ។
  • ការ​ថែរក្សា​ក្រចក​ជើង ក្រចក​ដៃ ៖ ចំពោះ​ក្រចក​ដៃក្រចក​ជើង សោម៉ាវត្ដី​មិន​សូវ​ចូលចិត្ដ​លាប​ពណ៌​ប៉ុន្មាន​ទេ គ្រាន់​តែ កាត់​សាច់​ឬ​លាប​ឡេ​ឱ្យទន់​ហើយ​លាប​ទឹក​រលោង​២ឬ​៣ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ រី​ឯ​ប្រអប់​ដៃ​ប្រអប់​ជើង កញ្ញា​ក៏បាន​ប្រើ ប្រាស់​ឡេ​ការពារ​ផង​ដែរ ដើម្បី​ឱ្យ​ស្បែក​ទន់ និង​ម្រាមដៃ​ម្រាមជើង​មាន​ភាព​ស្រឡូន។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

    សុខភាព​រាងកាយ​ជារឿង​សំខាន់

    ពិធី​ការិនី​ស្រស់ស្អាត​សោម៉ាវត្ដី​នៅតែ​ប្រកាន់​ខ្ជាប់​ជានិច្ច​ចំពោះ​សុខភាព​រាងកាយ គឺ​ជាការ​ចាំបាច់​សម្រាប់​អាជីព​ជាអ្នក សិល្បៈ ដែល​ត្រូវតែ​មាន​សម្រស់​ស្រស់​ស្អាត​ជានិច្ច និង​សុខភាព​បរិបូរណ៍ រាងកាយ​មាំមួន។ លើស​ពីនេះ​ដើម្បី​ឱ្យរាង​កាយ​មាំមួន និង​សម្រស់​កាន់តែ​ស្រស់ស្អាត​នោះ នាង​តែងតែ​ហាត់កីឡា និង​ទទួល​ទានដំណេក​យ៉ាង​គ្រប់គ្រាន់ គួ​បផ្សំ​នឹង​ការ​ជ្រើសរើស​អាហារ បំប៉ន​មួយ​ចំនួន​ដែល​មាន​ជាតិ​វីតាមីន​អាច​ជួយ​បង្កើន​ស្មារតី និង​ការ​ចងចាំ​បាន​ច្រើន​ផង​ដែរ។

    បំណង​ទៅថ្ងៃ​អនាគត

    ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ សោម៉ាវត្ដី​មាន​បំណង​ចង់ក្លាយ​ទៅជា​ថៅកែ​ភោជនីយដ្ឋាន​ម្នាក់។ ប៉ុន្ដែ​ប្រសិន​បើ​ទស្សនិកជន នៅ​តែគាំ​ទ្រ កញ្ញា​ប្រឹង​ប្រែង​បន្ដប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថែម​ទៀត ដើម្បី​ឱ្យ​សម​ស្រប​ទៅនឹង​ការ​គាំទ្រ​របស់​ពួក​គាត់។

    បណ្ដាំ​ផ្ញើ​របស់ សុខ សោម៉ាវត្ដី

    នារី​ទាំងឡាយ​ត្រូវ​ការ​ជាចាំ​បាច់​នូវ​សម្រស់ និង​សុខភាព។ ដូច្នេះ​ហើយ​គ្រប់​សុភាព​នារី​ត្រូវ​តែ​យកចិត្ដ​ទុកដាក់​ឱ្យបាន ត្រឹម​ត្រូវ​ក្នុង​ការ​ថែ​ទាំង​សុខភាព សម្រស់ និង​ជ្រើសរើស​រក​ចំណី​អាហារ​ណា​ដែល​ទទួល​ទាន​មាន​ជាតិ​វីតាមីន​បំប៉ន​ដល់​រាង​កាយ ដើម្បី​សាច់​ភ្លឺថ្លា។ ម្យ៉ាង​ទៀត​ការ​ទទួលទាន​ដំណេក​គ្រប់គ្រាន់​ជាការ​សំខាន់​ណាស់​ព្រោះ​អាច​ជួយ​បង្កើន​នូវ​កម្លាំង​ពលំ​មាំមួន រាង​កាយ​ស្រស់​ស្អាត ព្រម​ទាំង​​សម្រស់​ស្រស់​ត្រកាល​ទៀត​ផង។ ការ​រៀបរាប់​ជូន​ខាង​លើនេះ ជា​ការ​យល់​ឃើញ និង​ការ​អនុវត្ដ​របស់​កញ្ញា សុខ សោម៉ាវត្ដី តែ​ប៉ុណ្ណោះ។ សូម​លោក​ស្រី អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

    ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ សុខ សោម៉ាវត្ដី
  • អាយុ ៖ ២០ឆ្នាំ
  • កម្ពស់ ៖ ១,៦១ម៉ែត្រ
  • ទម្ងន់ ៖ ៤៥គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៦ ២៦ ៣៦
  • បងប្អូន៣នាក់ ៖ ស្រីទាំងអស់​ (ជាកូនទី១)
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • អាជីព​បច្ចុប្បន្ន ៖ ជា​ពីធីការិនី និង​តារាសម្ដែង
  • កម្រិត​វប្បធម៌ ៖ កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ន័រតុន ឆ្នាំទី១ ផ្នែក​ទេសចរណ៍
  • ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

    Google Analytics Alternative