វិធី​ផ្ដាច់​ស្រា

សុរា​បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បំផ្លាញ​សុខភាព​មនុស្ស​ជាតិ​ទូទៅ មិនថាស្រី​ឬប្រុស។ សុរាក៏​តែងផ្ដល់​ទុក្ខទោស​ជា ច្រើន​ដល់អ្នក​ទទួលទាន និង​សង្គមជាតិ។ មនុស្ស​ជាច្រើន​បាន​ស្វែងរក​ជំនួយ​ផ្សេងៗ​ក្នុងការ​ផ្ដាច់​សុរា​តាមវិធី​ណែនាំ​ផ្សេងៗ ដែល​អាចជួយ​ពួកគេ​បាន។ ប៉ុន្ដែ​ការផ្ដាច់​សុរា​នៅតែ​ជាបញ្ហា​លំបាក​សម្រាប់​មនុស្ស​មួយចំនួន​ធំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ លោក អ៊ូចប៉ាត់ អមត្ថៈ ជាប្រធាន​កម្មវិធី​គ្រឿង​ញៀន នៅ​អង្គការ​មិត្ដសម្លាញ់​បានចូល​ខ្លួនមក​បកស្រាយ អំពី​របៀប​ផ្ដាច់ស្រា តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ស្រា ជាអ្វី?

ស្រាគឺ​សារធាតុ​អាល់កុល​ដែលបង្កប់​សារធាតុ​ញៀន និងអាច​បំផ្លាញ​សុខភាព​មនុស្ស​បាន បើសិនជា​លោកអ្នក​មិនចេះ​គ្រប់ គ្រង​ចំពោះ​ការ​ទទួលទាន​ឱ្យបាន​ល្អ។ ព្រោះស្រា​មានផល​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ដំណើរ​ការរបស់​ថ្លើម។

មូលហេតុ​ដែលធ្វើ​ឱ្យមាន​ការ​ញៀន​ស្រា

ស្រាគឺ​ជាជាតិទឹក​ស្រវឹង​ម្យ៉ាង​ដែលអាច​បង្កើន​នូវភាព​រីករាយ និង​កំដរ​នូវភាព​សោកសៅ​របស់​មនុស្សបាន។ មាន​មូលហេតុ​ជាច្រើន​ដែលធ្វើ​ឱ្យមនុស្ស​ទទួលទាន​សុរា ដូចជា​ធ្វើ​ពិធី​ជួបជុំ យកសុរា​បំបាត់​ទុក្ខ និងការ​ជឿថា​សុរា​អាចជួយ​ចម្រើន​កម្លាំង​ក្រោយ​ពីការ​ធ្វើការ​អស់​កម្លាំង។ មិនតែ​ប៉ុណ្ណោះ​នៅក្នុង​ស្រាក៏​មានការ​លាយ​បញ្ចូល​ជាមួយ​សារធាតុ​ញៀន​ផងដែរ ការ​ទទួលទាន​ញឹកញាប់ពេក ឬ​រៀងរាល់​ថ្ងៃ​ធ្វើឱ្យ​អ្នកដែល​ទទួលទាន​ញៀន ហើយ​ពិបាក​នឹងផ្ដាច់ ឬ​ពិបាក​ឈប់​ទទួលទាន​ស្រាបាន។

វិធី​ផ្ដាច់​ការ​ញៀន​ស្រា

លោកអ្នក​អាច​បោះ​ជំហាន​ទៅខាង​មុខក្នុង​ការផ្ដាច់​ការ​ទទួលទាន​សុរា​បាន​នៅក្នុង​ថ្ងៃនេះ ដោយខ្លួន​លោកអ្នក​ផ្ទាល់ ឬ​តាម រយៈ​ជំនួយ​របស់​គ្រូពេទ្យ និង​វិធី​សាស្ដ្រ​ដែលមាន​តម្លៃ​ផ្សេងៗ នៅក្នុង​ខណៈពេល​ដែល​លោកអ្នក​ដទៃទៀត​កំពុង​តែបន្ដ​ការ​ញៀន​របស់​ពួកគេ។ សូម​លោកអ្នក​ស្វែងរក​ជំនួយ​ដោយការ​ណាត់ជួប​ជាមួយ​អ្នក​ជំនាញ ហើយ​ប្រាប់​អំពី​ស្ថានភាព​នៃការ​ញៀន​របស់​លោកអ្នក ទៅដល់​គ្រូពេទ្យ​ជំនាញ​ទាំងនោះ។ ព្រោះ​គ្រូពេទ្យ​អាចបង្ក​ភាព​ងាយស្រួល​ក្នុងការ​យល់អំពី​វិធី​សាស្ដ្រ​ដែលអាច​ជួយ​លោកអ្នក និង ជំនួយ​តាមរយៈ​ការផ្ដល់​ថ្នាំ​សម្រាប់​ទទួលទាន។ ជំនួយ​របស់​គ្រូពេទ្យ​អាចជួយ​លោកអ្នក​ឱ្យផ្ដាច់​ស្រាបាន​ដោយ​សុវត្ថិភាព ប្រសិន​ជា លោកអ្នក​គិតថា​ការញៀន​របស់អ្នក​ទើបជា​ជំហាន​ដំបូង​ពុំមាន​សភាព​ធ្ងន់ធ្ងរ​ទេ លោកអ្នក​អាច​សាកល្បង​តាម​វិធីសាស្ដ្រ​ផ្សេងៗ ដូចជា​បង្កើត​ទម្លាប់​កាត់បន្ថយ​ការ​ទទួលទាន​ជាប្រចាំ​ថ្ងៃ ធ្វើការ​ហាត់ប្រាណ ទទួលទាន​អាហារ​ជំនួយ នៅជាប់​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកអ្នក​ដោយ​តាំងចិត្ដ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ឈប់ ហើយ​នៅឱ្យ​ឆ្ងាយពី​មិត្ដ ឬ​មនុស្ស​ទាំងឡាយ​ណាដែល​អាចអូស​ទាញ​លោកអ្នក​បាន។

សារៈ​ប្រយោជន៍​ក្នុងការ​ផ្ដាច់​ស្រា

ក្រោយពី​លោកអ្នក​បានអនុវត្ដ​បញ្ឈប់​ការ​ញៀន​របស់​លោកអ្នក​បាន​ប្រកប​ដោយភាព​ប្រុង​ប្រយ័ត្ន នោះ​លោកអ្នក​នឹង​អាច ទទួល​បានសារៈ​ប្រយោជន៍​ជាច្រើន​ដូចជា ៖

  • ការពារ និង​កាត់បន្ថយ​ចំពោះ​បញ្ហា​សុខភាព​ដែល​បណ្ដាល​មកពី​សារធាតុ​ញៀន​ទាំងនោះ
  • បញ្ចៀស​គ្រោះថ្នាក់​ដល់​ទារក​ដែល​មិនកើត បើសិនជា​អ្នក​ជាស្ដ្រី​មាន​ផ្ទៃពោះ
  • បង្កើន​សមត្ថភាព​ក្នុងការ​ចងចាំ ការ​ធ្វើការ ការ​រៀនសូត្រ​ជាដើម
  • ចំណេញ​ពេល​វេលា ប្រាក់​កាស និង​ទំនាក់ទំនង​ក្នុង​ក្រុមគ្រួសារ
  • កាត់​បន្ថយ​វិវាទ​ផ្សេង​ដែល​កើតចេញពី​សុរា។

ដំបូន្មាន​អ្នក​ជំនាញ

ស្រា​គឺជា​គ្រឿងថ្នាំ​បំពុល​ដែលបាន​បំផ្លាញ​សុខភាព​ប្រជាជន និង​សង្គម។ ដូចនេះ​គ្រប់​បុគ្គល​ដែល​កំពុង​មាន​ទំនាក់ទំនង​ជា សារធាតុ​ទាំងនេះ​គួរតែ​ខិតខំ​ស្វែងរក​វិធី​រំដោះ​ខ្លួន និង​គិតគូរ​ពិចារណា​ឡើងវិញ​ចំពោះ​បញ្ហា​ទាំងអស់​នេះ។ ការ​ទទួលទាន​សុរាមួយ​កែវ ហាក់ដូច​ជាអ្នក​បាន​ទទួលទាន​នូវសារ​ជាតិពុល​មួយកែវ​ដូចនោះ​ដែរ។ ស្រឡាញ់​សុខភាព​គឺជា​ការនៅ​ឆ្ងាយពី​ស្រា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative