ការ​គ្រប់គ្រង​សំណល់ ៖ ទីលាន​ចាក់​សំណល់(ត)

ក្រោយពី​ការ​បោះបង់​ចោល​សំណល់ ការ​ជ្រើសរើស​ទីលាន​ចាក់​សំណល់​ក៏ជា​រឿង​សំខាន់។ ភាគច្រើន​នៃការ​ទទួល​ខុសត្រូវ លើការ​ជ្រើសរើស​ទីលាន​ចាក់​សំណល់​ជាការ​ទទួល​ខុសត្រូវ​របស់​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ។ ទន្ទឹម​នឹងនោះ​ផងដែរ លោកអ្នក​ជា​ប្រជាពលរដ្ឋ​ក៏គប្បី​ជ្រាប​អំពី​បញ្ហា​នេះ។ សូមអាន​ទស្សនាវដ្ដី សុខភាពយើង អំពីការ​ជ្រើសរើស​ទីលាន​ចាក់​សំណល់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចំណាត់​ថ្នាក់នៃ​ទីលាន​ចាក់​សំណល់​រឹង

ការ​ចាត់ថ្នាក់​សំណល់​រឹង​គឺធ្វើឡើង​តាម​ប្រភេទ​សំណល់​ដែលមាន​ភាព​គ្រោះថ្នាក់ ឬ​ពុំបង្ក​គ្រោះថ្នាក់ ដែល​ចែកចេញ​ជាប្រភេទ​ដូចខាង​ក្រោម ៖

1 . ទីលាន​ចាក់​ចំហ​ដោយគ្មាន​បច្ចេកទេស​ត្រឹមត្រូវ ៖ ទីលាន​នេះជា​ប្រភេទ​ដែលគ្មាន​បច្ចេកទេស​អ្វី​ទាំងអស់ គឺ​គ្រាន់តែ​ដឹកសំណល់​រួចចាក់​តែម្ដង​នៅទី​វាល រណ្ដៅ បឹង ទីកន្លែង​ផ្សេងៗដោយ​គ្មាន​ប្រព័ន្ធ​ប្រមូល​ទឹកសម្អុយ​ចេញពី​សំណល់ និង​ប្រព័ន្ធ​សម្អាត សំណល់​រាវ​ដែលជា​ផ្នែកសំខាន់​ក្នុងការ​សម្អាត​សំណល់​រាវ​មុនធ្វើ​ការ​បញ្ចេញ​ចោល​ចូល​ប្រភព​ទឹក​សាធារណៈ និង​ប្រព័ន្ធ​គ្រប់គ្រង​ឧស្ម័ន ចេញពី​សំណល់។ ប្រភេទ​ទីលាន​ចាក់​កណ្ដាល​​វាលនេះ​គឺច្រើន​មានអនុវត្ដ​នៅប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន ក៏​ដូចជា ព្រះរាជា​ណាចក្រ​កម្ពុជាយើង​ដែរ ដែលគ្មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​សាងសង់​ទីលាន​ចាក់​សំណល់​តាមលក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ជារឿយ​ច្រើន​មានដុត​នៅទីលាន​នេះ ដើម្បី​កាត់បន្ថយ​បរិមាណ និងមាឌ​សំណល់​ក្នុង​គោលបំណង​បន្ដការ​ប្រើប្រាស់ទីលាន​ឱ្យបាន​រយៈពេល​យូរ ព្រមទាំង​ពុំមាន​គ្រប់ដី​ប្រចាំថ្ងៃ​ពីលើ​សំណល់​ដែលបាន​ចាក់​ជារៀង​រាល់ថ្ងៃ ជាហេតុ​ធ្វើឱ្យ​មានផ្សែង និងក្លិន​ស្អុយ យ៉ាងខ្លាំង​នៅ​បរិវេណ​ទីលាន។

2 . ទីលាន​ចាក់​សំណល់​ដែលមាន​ការត្រួត​ពិនិត្យ ៖ ជាប្រភេទ​ទីលាន​ដែល​បច្ចុប្បន្ន​ក្នុងបណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានាត្រូវបាន​គេចាប់​អារម្មណ៍ និង​ត្រូវកែ​ប្រែពី​ទីលាន​ចាក់​កណ្ដាល​វាល និង​ដុតជា​ប្រចាំ​ទៅជា​ទីលាន​ដែលមាន​ការត្រួត​ពិនិត្យ ដែល​ទីលាន​នេះបាន​កាត់បន្ថយ​ការបំពុល​ពីការ​ប្រតិបត្ដិ និង​ដំណើរការ​ទីលាន។ លក្ខណៈ​នៃ​ទីលាន​ចាក់​សំណល់​ដែលមាន​ការត្រួត​ពិនិត្យ​គឺ

  • មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ឧស្ម័ន
  • មាន​ប្រព័ន្ធ​ប្រមូល​ទឹកកខ្វក់ និង​អាង​ប្រព្រឹត្ដ​កម្ម​សម្អាត​សំណល់​រាវ ​(Leachate)​ ចេញពី​សំណល់​ទៅធ្វើ​ប្រព្រឹត្ដ​កម្ម​សម្អាត
  • មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ទឹកក្រោម​ដី ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​គុណភាព​ទឹកនៅ​ទីលាន​ចាក់​សំណល់
  • ធ្វើការ​គ្របដី​ពីលើ និង​បង្ហាប់​ជារៀង​រាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​ក្លិនស្អុយ​ចេញពី​ការបំបែក​ធាតុនៃ​សំណល់
  • មាន​របងព័ទ្ធ​ការពារ​ការចូល​របស់​មនុស្ស ឬសត្វ​នានា​ចូលដោយ​គ្មាន​សណ្ដាប់​ធ្នាប់
  • មានការ​ថែរក្សា និង​ជួសជុល​ផ្លូវចូល​ទីលាន​ចាក់សំណល់​ក៏ដូចជា​នៅទី​លាន
  • បានត្រួត​ពិនិត្យ និង​គ្រប់គ្រង​ការ​រើស​សម្រាម និង​ការរកស៊ី​ផ្នែក​សម្រាម។

3 . ទីលាន​ចាក់​សំណល់​ប្រកប​ដោយ​អនាម័យ ៖ ជាប្រភេទ​ទីលាន​មាន​ប្រព័ន្ធ​ការពារ​ដែល​ធានា​បាននូវ​និរន្ដរ​ភាព​បរិស្ថាន ក៏ដូចជា​គុណភាព​បរិស្ថាន​បានល្អ​ក្នុង​តំបន់ ឬ​ជុំវិញ​ទីលាន​ចាក់​សំណល់​ប្រកប​ដោយ​អនាម័យ​នេះ។ លក្ខណៈ​នៃទីលាន​ចាក់​សំណល់ ប្រកប​ដោយ​អនាម័យ​គឺ ៖

  • ការ​រៀបចំ​ទីលាន​នេះគឺ​អាស្រ័យ​លើមូលដ្ឋាន​ការវាយ​តម្លៃ​គ្រោះថ្នាក់​បរិស្ថាន និងការ​វិភាគ​លើដី និង​ភូមិសាស្ដ្រ​នៃដី
  • រៀបចំ​ផែនការ​អភិវឌ្ឍន៍​ចាក់សំណល់​ជាបន្ទប់ៗ
  • មាន​ប្រព័ន្ធ​គ្រប់គ្រង​ទឹកសម្អុយ​ដោយមាន​ការទាញ​យកចេញ​ទឹកសម្អុយ​ពីសំណល់ និងមាន​ប្រព័ន្ធ​ប្រព្រឹត្ដ​កម្ម​សម្អាត សំណល់​រាវជា​ប្រចាំ
  • មាន​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ឧស្ម័ន ដូចជា​ការ​ទាញយក​ឧស្ម័ន​ចេញពី​សំណល់​នៅកន្លែង​ណា​ចាំបាច់
  • អនុវត្ដការ​គ្របដី​ជាបន្ទាន់ ឬពេល​បញ្ចប់​ប្រចាំថ្ងៃ​នៅពេល​ដំណើរ​ការចាក់​សំណល់​ជារៀង​រាល់ថ្ងៃ
  • ធ្វើការ​បង្ហាប់​សំណល់ ដើម្បី​បន្ថយ​ដង់ស៊ីតេ​តាមការ​កំណត់នៃ​ទិសដៅ
  • ធ្វើការ​កំណត់​ពីដំណើរ​ការ​ប្រតិបត្ដិ​ដើម្បី​ការពារ​ស្ថានភាព​ខាងក្នុង ដោយមាន​ការត្រួត​ពិនិត្យ​ដោយ​ប្រព័ន្ធ​កំណត់​បង្ហាញ ស្វ័យ​ប្រវត្ដិ
  • មាន​របង និង​ទ្វារ​ការពារ​ការចូល​របស់​មនុស្ស ឬសត្វ
  • ធ្វើ​ការពាស ឬ​ចាក់បន្ថែម​ពីលើ​ផ្លូវចូល​ទីលាន និងការ​ថែទាំ​ផ្លូវដែល​រថយន្ដ​ត្រូវបើក​បរឆ្លង​កាត់
  • មានការ​កត់ត្រា​ជាប្រចាំ​នូវ​បរិមាណ ប្រភេទ និង​ប្រភព​សំណល់
  • ល័ក្ខខ័ណ្ឌ និង​ដំណើរ​ការពិសេស​ទាក់ទង​ជាមួយ​នឹងសំណល់​ពិសេស​រួមទាំង​ការវិភាគ
  • បណ្ដុះ​បណ្ដាល និងផ្ដល់​បទពិសោធន៍​ជាប្រចាំ​ដល់​កម្មករ ឬអ្នក​ធ្វើការ​នៅទី​លាន
  • ពង្រីក​រយៈពេល​ដំណើរ​ការ​ទីលាន
  • ផ្ដល់ការ​ថែរក្សា និងស្ដារ​ទីលាន​ក្រោយពេល​ទីលាន​ត្រូវបាន​បញ្ចប់​(បិទ)
  • គ្មានការ​រើស​សម្រាម​នៅទីលាន។

4 . ទីលាន​ចាក់សំណល់​ដែលមាន​ការត្រួត​ពិនិត្យ​ដោយ​តឹងរ៉ឹង​បំផុត ៖ ជាប្រភេទ​ទីលាន​មានការ​រៀបចំ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដែលទុក​សម្រាប់​ដាក់តែ​ប្រភេទ​សំណល់​ប្រកបដោយ​គ្រោះថ្នាក់​ខ្លាំង​បំផុត ដែលមាន​ផ្ទុក​សារធាតុ​ពុល និងមិន​បំបែក​ធាតុ។ ទីលាននេះ​ត្រូវបាន​គេរៀបចំ​ដោយមាន​ជញ្ជាំង​បេតុង​រឹង និង​ខាំងចែក​ជាបន្ទប់ៗ​សម្រាប់​ដាក់​សំណល់ ព្រមទាំង​មានដំបូល​សម្រាប់ ការពារ​ទឹកក្ដៅ ទឹក​ភ្លៀង និង​ប្រព័ន្ធ​ប្រឡាយ​ទឹកភ្លៀង។ (សូមបន្ដ​អាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative