ភាំង ជា​រោគ​សញ្ញា​ជម្ងឺ​ផ្លូវចិត្ដ

តើ​លោកអ្នក​ធ្លាប់ភាំង​ភ្លឹកភ្លេច​ខ្លួនដែរ​ឬទេ? ជួនកាល​លោកអ្នក​កំពុង​ធ្វើអ្វី​មួយ​ស្រាប់តែ​ឈប់នៅ​ស្ងៀមធ្មឹង​មួយ​រំពេច ដោយ​មិនដឹង​ខ្លួន តែមាន​អារម្មណ៍​ភ្ញាក់ព្រើត​នៅពេល​ដែលមាន​នរណា​ម្នាក់មក​ប៉ះ ឬ​អង្រួន។ ជួនកាល​ទៀតនោះ​លោកអ្នក​ហាក់​ដូចជា​កំពុងតែ​គិតអំពី​បញ្ហា​អ្វីមួយ ប៉ុន្ដែ​កំឡុង​ពេលនោះ​លោកអ្នក​ពុំដឹង​ខ្លួន​សោះឡើយ ទោះបីជា​មាន​ហេតុការណ៍ ឬ​សកម្មភាព​របស់ នរណា​ម្នាក់​កើតឡើង​ជុំវិញ​ខ្លួន​របស់​លោកអ្នកក៏ដោយ។ អាការ​ទាំងនេះ​ហើយ​ដែល​ជារោគ​សញ្ញា​នៃ​ជម្ងឺផ្លូវ​ចិត្ដ ដែល​លោកអ្នកត្រូវយក​ចិត្ដទុក​ដាក់​ធ្វើការ​ព្យាបាល​ជាបន្ទាន់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ​នៅមន្ទីរពេទ្យ​មិត្ដភាព ខ្មែរសូវៀត ដើម្បី​បកស្រាយ​អំពី​បញ្ហានេះ។

ភាំង ជាអ្វី?

ភាំង​មិនមែន​ជាជម្ងឺ​នោះទេ ក៏ប៉ុន្ដែ​ជាទូទៅ​វាជា​រោគសញ្ញា ឬជា​អាការ​នៃជម្ងឺ​ផ្លូវចិត្ដ​មួយចំនួន ដូចជា​ជម្ងឺ​ស្កន់ជ្រូក (ឆ្កួតជ្រូក)ប្រភេទ​ស្រាល ជម្ងឺ​វិកល​ចរិត(ទម្រង់​គាំង​ចលនា) កម្សត់ ថប់​អារម្មណ៍ ស្ដ្រេស្ស ជម្ងឺ​ខន់វឺសិន ដែល​ពីមុន​គេស្គាល់​ថាជា ជម្ងឺ​ឌីស្ដូនី ជម្ងឺ​ដេអិនវេ​ជាដើម។

រោគ​សញ្ញា​នៃអាការ​ភាំង

អាការ​ភាំង​កើតឡើង​ពុំ​ទៀងទាត់​នោះទេ គេ​មិនអាច​ដឹងថា​ខ្លួន​របស់គេ​ថានឹង​ភាំង​នៅពេល​ណាឡើយ។ វា​កើតឡើង​ដោយ ឯកឯង ហើយ​បាត់​ទៅវិញ​ដោយ​ឯកឯង​មួយ​រំពេច។ យើង​ខ្លួនឯង​ផ្ទាល់​មិនអាច​ដឹងថា​ខ្លួនឯង​ភាំង​នោះទេ នៅ​កំឡុង​ពេលនោះ ប៉ុន្ដែ​អ្នកដទៃ​ក្រៅពី​ខ្លួនយើង​អាចដឹង​បាន តាមរយៈ​ការ​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក។

កត្ដា​បណ្ដាល​ឱ្យភាំង

ភាំង​ពាក់ព័ន្ធ​ទៅនឹង​កត្ដា​ផ្លូវចិត្ដ​របស់​មនុស្ស។ បើ​កាលណា​យើង​គិតច្រើន ធ្វើឱ្យ​អារម្មណ៍​ហាក់​ដូចជា​ដាច់​ឆ្ងាយពី​ពិភព​ជុំវិញ ខ្លួន​យើង។ ក៏ប៉ុន្ដែ​អាការ​នេះវា​កើតឡើង​តែមួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​នឹងបាត់​ទៅវិញ​ដោយ​ឯកឯង នៅពេល​ដែល​ញាណ​របស់​យើង មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាមួយ​ពិភព​ខាងក្រៅ​ទាំងនោះ ដូចជា​ការ​បន្លឺជា​សម្លេង​ខ្លាំងៗ សភាព​មាន​អ្វីមួយ​មកប៉ះ​នឹង​រាងកាយ​របស់​យើង ដែល​បណ្ដាល​ឱ្យមាន​រំញោច។ ភាំង​ជា​ទូទៅ​បណ្ដាល​មកពី​ជម្ងឺ​ផ្លូវចិត្ដ​មួយចំនួន​ដូច​ដែលបាន​រៀបរាប់​ខាងលើ ដែល​ពាក់ព័ន្ធ​ទៅនឹង​កត្ដា តូនិក(គាំងចលនា) ហើយ​ម្យ៉ាងទៀត​ការ​ដែលមាន​ការប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដល់​ផ្នែក​អារម្មណ៍ ការ​ស្លុតចិត្ដ និងការ​រន្ធត់​ក៏អាច​បណ្ដាល​ឱ្យទៅ​ជាភាំង​ផងដែរ។ ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​មួយ​ចំនួន ដូចជា​ថ្នាំ​ងុយដេក ថ្នាំញៀន​ជាដើម ក៏អាច​បណ្ដាល​ឱ្យភាំង​ផងដែរ ព្រោះ​ពេលដែល​មានការ​ប្រើប្រាស់​ថ្នាំនោះ ខ្លួន​យើង​កំពុង​ឋិត​នៅក្រោម​ឥទ្ធិពល​នៃថ្នាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​អាការ​ភាំង

វិធី​ព្យាបាល​អាការ​ភាំងគឺ​គ្មានអ្វី​ក្រៅពី​ធ្វើការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​នោះទេ។ ត្រូវ​ធ្វើឱ្យ​អារម្មណ៍​ផ្លូវចិត្ដ​របស់​ខ្លួនឋិត​ក្នុង សភាព​មួយមិន​តានតឹង​អួរអាប់​ពេក។ រឿងរ៉ាវ​ដែល​លំបាក​ក្នុងចិត្ដ​របស់​យើង វាជះ​ឥទ្ធិពល​ដល់ផ្នែក​សតិ​អារម្មណ៍​របស់​យើង។ ដូចនេះ​យើង​ត្រូវចេះ​លៃលក​យ៉ាងណា​បំបាត់​វា ឬ​សម្រាល​វាឱ្យ​បាន ដើម្បី​ចៀសវាង​ការមាន​វិបត្ដិ​ធ្ងន់ធ្ងរ។ មាន​អ្នកខ្លះ​តែង​និយាយ​ថា តឹងទ្រូង​ខ្លាំង​ណាស់ ក៏ប៉ុន្ដែ​គេនឹង​បាន​ធូរស្រាល​ឡើងវិញ​ប្រសិនបើ​គេ​ក្លាហាន​ហ៊ាន​និយាយ​រឿងរ៉ាវ​ទាំងនោះ​ចេញមក។ វិធី​មួយវិញ​ទៀតគឺ​ព្យាបាល​តាមរយៈ​អ្នកដែល​ស្និទ្ធ​ជាមួយ​អ្នក​ជម្ងឺ។ បុគ្គល​នេះគឺ​ត្រូវតែ​ចេះ​និយាយ​លួងលោម អប់រំ​ណែនាំ​ដោយ​ប្រការ​ផ្សេងៗ ដើម្បីឱ្យ​រូបអ្នក​មាន​វិបត្ដិ​នោះបាន​ស្រាកស្រាន្ដ ពោល​គឺត្រូវ​ធ្វើយ៉ាង​ណា​ដើម្បី​ធ្វើឱ្យ​អ្នកនោះ​ហាក់​ទទួល​បានភាព​កក់ក្ដៅ​ខាង​ផ្លូវចិត្ដ ដោយគេ​គិតថា គេនៅ​មាន​មនុស្ស​ដែលយក​ចិត្ដទុក​ដាក់​ជាមួយ​ខ្លួនគេ។ រីឯ​វិធីដែល​ល្អបំផុត​នោះគឺ​ត្រូវទៅ​រកសេវា​ប្រឹក្សា ឬ​ព្យាបាល ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឱ្យបាន​ទាន់​ពេលវេលា ប្រសិន​បើភាព​ភាំងនេះ​មិន​ទាក់ទង​ទៅនឹង​អ្វី​ទាំងអស់។

វិធី​បង្ការ​អាការ​ភាំង

យើង​អាច​ទប់ស្កាត់​អាការ​ដែល​បណ្ដាល​ឱ្យ​ភាំងបាន ដោយ​អនុវត្ដ​វិធី​ផ្ទេរវិបត្ដិ​ផ្លូវចិត្ដ​ដោយមាន​ទំនុក​ចិត្ដ។ បើកាល​ណា យើងមាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​ខ្លួន ដែល​ប៉ះពាល់​ដល់​ផ្លូវចិត្ដ​របស់យើង អាចធ្វើ​ឱ្យយើង​មាន​អារម្មណ៍​ស្មុគស្មាញ ធុញ​ថប់ តានតឹង ដែល​ធ្វើឱ្យ​គិតច្រើន​ហើយ​ឈាន​ទៅរក​ការភាំង។ ដូចនេះ​ចូរតោង​យើងចេះ​សម្រួល​វាដោយ​វិធី​ផ្សេងៗ។ វិធី​មួយ​ដែលមាន ប្រសិទ្ធភាព គឺការ​និយាយ​អំពី​រឿងរ៉ាវ​ទាំងនោះ​ប្រាប់​ដល់អ្នក​ដទៃ​ដែល​យល់ចិត្ដ​យើង ឬ​ស្និទ្ធស្នាល​ជាមួយ​យើង។ បញ្ហា​នោះនឹង រសាយ​បានមួយ​កម្រិត ដែល​ធ្វើឱ្យ​យើងមាន​អារម្មណ៍​ធូរស្រាល​ឡើងវិញ។

ផលវិបាក​បណ្ដាល​មកពី​អាការ​ភាំង

នៅពេល​ដែល​ភាំងនោះ​អារម្មណ៍​របស់យើង​ហាក់​លែង​ទទួល​ព័ត៌មាន​បានមួយ​រំពេច។ មាន​ពេលខ្លះ​យើង​កំពុង​តែកាន់ សម្ភារ​អ្វីមួយ សម្ភារ​នោះអាច​នឹងធ្លាក់​ពីដៃ​របស់យើង​ដោយ​មិនដឹង​ខ្លួន ឬ​ដឹងខ្លួន​ក្រោយពេល​ដែលឮ​សម្លេង​នៃការ​ធ្លាក់នោះ។ មានពេល​ខ្លះទៀត​យើង​អាចនឹង​ភ្លេចនូវ​កិច្ចការ​អ្វីមួយ​ដែលយើង​ពុំទាន់​បាន​បំពេញ ឬក៏​បំពេញ​មិនទាន់​ចប់ ដែលជា​ហេតុធ្វើ​ឱ្យខូច​ការងារ​ទាំងនោះ ឬ​បណ្ដាល​ឱ្យមាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ដោយការ​ធ្វេស​ប្រហែស​នេះ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ត្រូវចេះ​បង្កើត​បរិយាកាស​រីករាយ​ឱ្យបាន​ច្រើន​នៅក្នុង​សង្គម​គ្រួសារ​ក៏ដូចជា​មិត្ដភក្ដិ ចៀសវាង​ការបង្ក​ទំនាស់​ច្រើន​ដែលអាច​បណ្ដាល​ឱ្យប៉ះ​ពាល់ដល់​អារម្មណ៍​ខ្លួនឯង និង​អ្នកដទៃ​ធ្ងន់ធ្ងរ ដែលអាច​វិវត្ដ​ទៅជា​មានវិបត្ដិ​ផ្លូវចិត្ដ។ ត្រូវហ៊ាន​និយាយ​ដោយ​ចំហ អំពី​បញ្ហា​ដែល​កើតឡើង​ចំពោះខ្លួន ដើម្បី​ធ្វើឱ្យ​ផ្លូវចិត្ដ​របស់​យើង​បាន​ធូរស្រាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative