របៀប​ថែរក្សា​ភ្នែក​ដោយ​ធម្មជាតិ

ចក្ខុជាញាណ​ទទួល​ចាប់រូបភាព​ទាំងឡាយ​មកកាន់​ខួរក្បាល​ដែលអាច​ឱ្យយើង​មើលឃើញ និងដឹង​ពីរឿង​រ៉ាវ​ទាំងឡាយ ដែល​កើតមាន​នៅជុំវិញ​ខ្លួន។ មនុស្ស​ភាគច្រើន​បាន​ទទួលរង​ឥទ្ធិពល​យ៉ាងខ្លាំង​ពីបញ្ហា​សុខភាព​ភ្នែក បើតាម​របាយការណ៍​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា ចំនួនអ្នក​ពិការ​ភ្នែកមាន​ការកើន​ឡើងខ្ពស់​រហូតដល់​៤០លាន​នាក់​នៅលើ​ពិភពលោក។ ដូចនេះ​ការ​ពិនិត្យ​ព្យាបាល និងការ​ថែរក្សា​សុខភាព​ភ្នែក​ជារឿង​មួយដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ពីការ​ថែរក្សា​ភ្នែក​ដោយ​ធម្មជាតិ​នេះ លោក​វេជ្ជ​បណ្ឌិត ងី ម៉េង អនុ​ប្រធាន​នៃកម្មវិធី​ជាតិ​សម្រាប់ សុខភាព​ភ្នែក បានផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ការ​ចាប់ផ្ដើម​ថែរក្សា​សុខភាព​ភ្នែក

ចំណុច​ចាប់ផ្ដើម​នៃការ​ថែរក្សា​ភ្នែក​គឺ​ចាប់តាំង​ពី​នៅពេល​ដែលយើង​កើតមក ទារក​ដែលកើត​មកភ្លាម​អាណាព្យាបាល​គប្បី ពិនិត្យ និងយក​ចិត្ដទុក​ដាក់​ទៅលើ​សុខភាព​ភ្នែក​របស់កូន​ថាតើ​មាន​សភាព​ធម្មតា​ឬខុស​ប្លែកអ្វី​ឬទេ។ បើសិន​ជាមាន​អ្វីខុស​ប្លែក ចាំបាច់ ត្រូវយក​កូនទៅ​ឱ្យជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ឱ្យទាន់​ពេលវេលា។ ក្មេងទើប​នឹងកើត​ជា​រយៈពេល​ដែល​សំខាន់​បំផុត​ក្នុងការ​វិវឌ្ឍន៍ នៃ​គំហើញ​ក្នុងពីរ​ឆ្នាំដំបូង។ យកចិត្ដ​ទុកដាក់​ទៅលើ​ការមើល​របស់​ក្មេងគឺ​សំខាន់​បំផុត ចាំបាច់​ត្រូវឱ្យ​មានពន្លឺ​គ្រប់គ្រាន់​នៅក្នុង​កន្លែង ដែល​កូនលេង ចៀសវាង​ទីកន្លែង​ដែល​ងងឹត។ ត្រូវ​ឱ្យកូន​អង្គុយ​រៀនឱ្យ​បាន​ត្រឹមត្រូវ ដោយ​ការមើល​សៀវភៅ​ក្នុងរយៈចម្ងាយ​មួយ ដែល​សមស្រប មិន​ត្រូវឱ្យ​ក្មេង​មើល​ជិតពេក​នោះទេ ព្រោះអាច​ធ្វើឱ្យ​ភ្នែក​របស់ក្មេង​មានបញ្ហា ដោយ​ការប្រឹង​សម្លឹង​មើល​របស់អ្វី​មួយ។ កុមារ​នៅអាយុ​ពី៧​ឆ្នាំទៅ​៨ឆ្នាំ គឺកុំ​ឱ្យលេង​ហ្គេម សម្លឹង​កុំព្យូទ័រ ឬ​ទូរទស្សន៍​ច្រើនពេក ជួនកាល​វាអាច​ធ្វើឱ្យ​ក្មេង​មានបញ្ហា ភ្នែក​មីញ៉ូប។ ដូចនេះ​ចាំបាច់​ឱ្យក្មេង​លេង ឬ​រៀនដោយ​កុំព្យូទ័រ​នេះ​ត្រូវមាន​រយៈពេល​កំណត់។

គួរធ្វើ​អ្វីខ្លះ​ដើម្បី​ថែរក្សា​ភ្នែក?

ចំពោះ​មនុស្ស​ធំក្នុង​វ័យសិក្សា​នៅក្នុង​ទីកន្លែង​សិក្សាក៏​ត្រូវឱ្យ​មានពន្លឺ​គ្រប់គ្រាន់​ដែរ ហើយ​ការមើល​ត្រូវឱ្យ​មានរយៈ​ចម្ងាយ មួយ​សមរម្យ គឺពី​៣ទៅ​៤តឹក។ ត្រូវការពារ​ពីសារ​ជាតិគីមី ឬ​ពន្លឺ​ជះខ្លាំង​ចំភ្នែក​ផ្ទាល់ ដោយ​មាន​ប្រដាប់​ការពារ​ដូចជា​ការពាក់​វ៉ែនតា ដើម្បី​កុំឱ្យ​ជះចំភ្នែក​បណ្ដាល​ឱ្យមាន​បញ្ហា។ រាល់ពេល​ដែលចេញ​ដើរទៅ​ណាត្រូវ​មានពាក់​មួក​ការពារ ដើម្បី​ការពារ​ភ្នែក​​​​​​​​​​​​​​ពី​ធូលី​ដីក៏ជា ការ​ការពារ​ការប៉ះ​ទង្គិច​ត្រូវក្បាល​ពេលដែល​មាន​គ្រោះថ្នាក់​ជាយថា​ហេតុ​ផងដែរ។ ចំពោះ​ការ​ទទួល​ទាន​ចំណី​អាហារ​វិញនោះ គប្បី ត្រូវ​បរិភោគ​អាហារ​ដែលសម្បូរ​ទៅដោយ​វីតាមីន មាន​ជីវជាតិ​ជំនួយ​ដល់ភ្នែក​ដែលជា​ប្រភេទ​បន្លែ​ពណ៌លឿង ឬ​បៃតង​ដែល​សម្បូរ ដោយ​ជាតិវីតាមីនអា ដូចជា​ល្ពៅ ឬល្ហុង និង​ទទួលទាន​សាច់ត្រី ហើយ​ផ្លែឈើ​ឱ្យបាន​គ្រប់គ្រាន់ នេះជា​វិធីដ៏​សាមញ្ញ​មួយដែល​ជាជំនួយ សម្រាប់​សុខភាព​ភ្នែក។ ចំពោះ​វ័យដែល​អាយុ​ចាប់ពី​៤០ឆ្នាំឡើង​ទៅគួរតែ​ទៅពិនិត្យ​ភ្នែក​ឱ្យបាន​មួយឆ្នាំ​ម្ដង ដើម្បី​ពិនិត្យ​រកជម្ងឺដែលកើត​មាន​ចំពោះភ្នែក​ដែល​មិនអាច​ដឹងមុន។ រីឯ​ចំពោះ​វ័យ​ចាប់ពី​៥៥ទៅ​៦០ឆ្នាំឡើង​ទៅ គប្បី​ត្រូវទៅ​ពិនិត្យ​ពី៦ខែ​ទៅ៨ខែ​ដើម្បីជាការ​ការពារ​សុខភាព​ភ្នែក ព្រោះវ័យ​នេះច្រើន​ជួប​ប្រទះ​ជា​ញឹកញាប់​គឺ​បញ្ហាភ្នែក​ឡើង​បាយ។

ដំបូន្មាន​អ្នក​ជំនាញ

រាល់ពេល​ត្រឡប់​មកពី​ក្រៅ លោកអ្នក​ត្រូវ​លុបមុខ​សម្អាត​ធូលីដី​ពីក្នុង​ភ្នែកចេញ ដើម្បី​ជួយកុំ​ឱ្យធូលី​ប៉ះទៅលើ​កញ្ចក់ភ្នែក។ វា​មិនមាន​ការពិបាក​អ្វីទេ​ក្នុងការ​ថែរក្សា​នោះ គឺ​គ្រាន់តែ​មើលក្នុង​រយៈ​ចម្ងាយ​មួយ​ឱ្យបាន​ត្រឹមត្រូវ ពាក់​វ៉ែនតា​ការពារ ឬ​មួក ការពារ​រាល់ពេល​ដែលធ្វើ​ដំណើរ ត្រូវ​ទទួលទាន​ចំណី​អាហារ​ដែលមាន​ជីវជាតិ​ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​គឺ​អាហារ​ដែលមាន ប្រយោជន៍​សម្រាប់​សុខភាព​ភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative