វិធី​បំបាត់​ស្នាមជ្រួញ​លើ​ចិព្ចើាម

បើស្នាម​ជ្រាវជ្រួញ​នៅលើ​ផ្ទៃមុខ​ជាក្ដី​កង្វល់​សំរាប់​លោកអ្នក​នោះ កុំបារម្ភ​ពិតជា​មានវិធី​សំរាប់​ដោះស្រាយ​នូវការ​ខ្វល់ខ្វាយ នេះ។ លោកអ្នក​មួយចំនួន​បាន​ជ្រើសរើស​យកវិធី​បំបាត់​ស្នាមជ្រួញ​ទាំងនេះ​ដោយការ​ចាក់ថ្នាំ និងការ​ដោយការ​វះកាត់​ជាដើម។ មូលហេតុ​ដែលបង្ក​ឱ្យមាន​ស្នាមជ្រួញ​មកពី​ការធ្វើ​ចលនា​សាច់ដុំ​មុខច្រើន​ពេក និង​ដោយ​សារតែ​គុណភាព​ស្បែកទន់ ដូចនេះ​ស្នាមនឹង​លេចឡើង​ឱ្យយើង​ឃើញ​នៅលើ​ថ្ងាស ចន្លោះ​ចញ្ចើម ឬ​នៅចុង​កន្ទុយភ្នែក​ជាដើម នៅពេល​ណាដែល​យើងមើល​ទៅលើ​ញាក់​ចញ្ចើម​ឡើង​សើច និងការ​ធ្វើ​ចលនា​ផ្សេងៗ​ទៀត​នៅលើ​មុខ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញ​សើ​ស្បែក​នៅ​មជ្ឈមណ្ឌល​ព្យាបាល​អាមេរិកកាំង​បានផ្ដល់​កិច្ចសំភាសន៍​ជាមួយ ទស្សនាវដ្ដី សុខភាពយើង ដើម្បី​បកស្រាយ​ឱ្យ​ប្រិយមិត្ដ​ស្វែងយល់​ពីការ​ព្យាបាល​បំបាត់​ស្នាម​ជ្រួញលើ​ចញ្ចើម។

វិធី​បំបាត់​ស្នាម​ជ្រួញ

ភាគច្រើន​ដែលយើង​ជួប​ប្រទះ​ជាញឹកញាប់​ជាងគេ គឺជា​ស្នាម​ជ្រាវជ្រួញ​ដែលកើត​មាន​ចំពោះ​វ័យ​ពី​២០​ឆ្នាំទៅ​៣០ឆ្នាំ ដែល គេ​ហៅជា​ប្រភេទ​ដាយណាមិក​។ នៅពេល​ដែលមាន​បញ្ហា​ប្រភេទ​នេះ​គេ​តែងតែ​ប្រើវិធី​បំបាត់​ដោយចាក់​បូថក​ (Botox)។ បូថក​ជាប្រភេទ​ថ្នាំ​ដែលជា​ជាតិពុល​សំរាប់​បញ្ចេញ​មេរោគ​វាជួយ​ធ្វើឱ្យ​សាចដុំ​របស់យើង​សំរាក មិនមាន​ការ​កន្ដ្រាក់ គេប្រើ​វាក្នុង​ការ​ព្យាបាល​ផ្នែកដាយ​ណាមិក​នេះ។ ការប្រើ​វិធីនេះ​ជាការ​ពេញនិយម​បំផុត​សំរាប់​ការ​បំបាត់​ស្នាមជ្រួញ​នៅលើ​ផ្ទៃមុខ ដូចជា​ស្នាម​ជ្រួញ ត្រង់ចុង​ភ្នែក ក៏ដូចជា​ត្រង់ផ្នែក​លើចិញ្ចើម​ផងដែរ ហើយការ​ធ្វើវិធី​បំបាត់​នេះវា​មាន​ប្រសិទ្ធភាព​ពី៣ខែ​ទៅ៦ខែ។ បន្ទាប់ពី​ចាក់​ប្រភេទ ថ្នាំនេះ​ហើយ រយៈពេល​ពេល​ប្រហែល​ជាពីរ​អាទិត្យ​យើងនឹង​អាចមើល​ឃើញពី​ប្រសិទ្ធភាព​ថ្នាំ។ តែអាច​មាន​មនុស្ស​មួយចំនួន​ចាក់ត្រឹម​រយៈពេល​ពីរទៅ​បីថ្ងៃ​ក៏អាច​ឃើញ​លទ្ធផល​តែម្ដង។ រីឯ​បញ្ហាមួយ​ទៀត​ដែលគេ​ហៅថា​ស្ដាធិក (Static) វា​ទាក់ទង​ជាមួយ​នឹង មនុស្ស​ដែលមាន​វ័យ​ចំណាស់ ឬអ្នក​ដែលត្រូវ​កំដៅ​ថ្ងៃច្រើន​ធ្វើឱ្យ​ឃើញមាន​ស្នាម​គួរកត់​សំគាល់។ បញ្ហា​ប្រភេទ​នេះ​គឺគេ​ធ្វើការ​វះកាត់ ដោយ​កាត់សាច់​ទាញ​បណ្ដឹង​ឡើង នោះទើប​មាន​ប្រសិទ្ធភាព​ជាជាង​ការចាក់​បូថក ព្រោះ​នេះវា​ទាក់ទង​ទៅនឹង​ប្រភេទ​ស្បែក​របស់ មនុស្ស​ម្នាក់ៗ។

ការ​ប្រតិបត្ដិ​ខ្លួន​ក្រោយការ​វះកាត់

ជាធម្មតា​ការចាក់​បូថក​បើនិយាយ​ចំពោះ​បរទេស​ភាគច្រើន​គេស្គាល់​ថាអ្វី​ជាបូថក​យ៉ាង​ច្បាស់​ព្រោះ ថាវិធី​ការចាក់​បូថក​នេះ គឺមាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​មនុស្ស​មួយចំនួន​ពិសេស​ជាជន​បរទេស។ការចាក់​បូថក​នេះគឺ​យើងត្រូវ​មកធ្វើ​ការ​តាមដាន​រៀងរាល់​បីខែទៅ​ប្រាំមួយ​ខែម្ដង។ ក្នុងការ​ចាក់នេះគ្មាន​អ្វីត្រូវ​តមនោះ​ទេ។ បើការ​ចាក់​នៅត្រង់​បរិវេន​ភ្នែកវិញ​បន្ទាប់ពី​ចាក់រួច​គឺតម្រូវ​ឱ្យអង្គុយ ឬ​ឈរធម្មតា​រយៈពេល​បីម៉ោង​មិនត្រូវ​ឱ្យដេក​ទេ គឺដើម្បី​ការពារ​កុំឱ្យជាតិ​ថ្នាំជ្រៀប​ចូលទៅ​ក្នុងភ្នែក។ តែអ្នក​ដែលមាន​បញ្ហា​ផ្នែក សាច់ដុំ ឬ​បញ្ហាស្បែក​មាន​ប្រតិកម្ម គឺ​មិនអាច​ធ្វើការ​ចាក់ថ្នាំ​នេះបាន​ទេ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែលយើង​ចាក់​ដោយ​អ្នកជំនាញ​បានយ៉ាង​ត្រឹមត្រូវ​គឺគ្មាន​បញ្ហា​ប៉ះពាល់​អ្វីនោះ​ទេ។ ក្នុង​អំឡុងពេល​ចាក់គឺ​ថ្នាំនោះ ធ្វើឱ្យ​សាច់ដុំ​មុខរបស់​យើង​កំរើក​មិនរួច ដូចនេះ​វាអាច​ប៉ះពាល់​ទៅដល់​សកម្មភាព​នៅលើ​ផ្ទៃមុខ​ដែលធ្វើ​ឱ្យយើង​មិនអាច​ធ្វើខ្លាំង។ យើងក៏​មិនអាច​មកចាក់​ញឹកញាប់​ពេកដែរ​គឺវា​មិនល្អ​សំរាប់​លោកអ្នក​ដែរ ព្រោះ​ខ្លួនយើង​អាចនឹង​ឱ្យមាន​ភាពស៊ាំ​នឹងថ្នាំ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative