ពោះវៀន​ដុះ​ខ្នែង

ពោះវៀន​ជា​សរីរៈ​មួយ​ដែល​រួម​ចំណែក​សំខាន់​សម្រាប់​មនុស្ស និង​សត្វ ហើយ​ក៏ចាំបាច់​ផងដែរ​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ប្រសិន​បើ​ពោះវៀន​មាន​បញ្ហា​ដូចជា​រលាក​ពោះខ្នែង​នោះ តើមាន​ផលវិបាក​អ្វីខ្លះ​ទៅ​សម្រាប់​មនុស្ស​គ្រប់រូប​ដែលកើត​ជម្ងឺ​នេះ? ជម្ងឺ រលាក​ពោះវៀន​ខ្នែង​កើតឡើង​ចំពោះ​មនុស្ស​គ្រប់វ័យ​ទាំងអស់ ហើយ​មូលហេតុ​ដែល​បង្កនោះ​វាមាន​ខុសប្លែក​ពីគ្នាទៅតាម​មេរោគ​ដែល​បង្ក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីឱ្យ​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​បានជ្រាប​នូវ​បញ្ហា​នៃជម្ងឺ​នេះ​កាន់តែ​ច្បាស់​ទៅទៀត​នោះ និងជា​ចំណេះដឹង​មួយ​បន្ថែម​ពីលើ​វិជ្ជា​ដែលមាន​នោះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេស​វះកាត់​ជម្ងឺ​ពោះវៀន​នៃមន្ទីរ​ពេទ្យ​ព្រះកេតុមាលា ដែលមាន​អត្ថន័យ​ដូចខាង​ក្រោម​នេះ។

រលាក​ពោះវៀន​ខ្នែង​ជាអ្វី?

រលាក​ពោះវៀន​ខ្នែង ឬដែល​ខ្មែរ​យើង​និយម​ហៅថា ពោះវៀន​ដុះខ្នែង មាន​ន័យថា​ការ​រលាក​នៃខ្នែង​ពោះវៀន ចាប់ពី​ស្រទាប់​ទីមួយ​ទៅ​ស្រទាប់​ទី៤។ រលាក​ពោះវៀន​ខ្នែង អាច​ធ្វើឱ្យ​អ្នកជម្ងឺ​មានការ​ឈឺចាប់​ខ្លាំង​ត្រង់ពោះ​ផ្នែក​ខាងស្ដាំ​នៃផ្ចិត ជាពិសេស​នៅពេល​ដែល​សង្កត់​ចំកន្លែង​នោះ ហើយ​ដកវិញ​យ៉ាងលឿន ធ្វើឱ្យ​អ្នកជម្ងឺ​មាន​អាការ​រឹតតែ​ឈឺចាប់​កាន់តែ​ខ្លាំង ជាងការ​សង្កត់​ជាប់មិនដក​មកវិញ។

រោគ​សញ្ញា​រលាក​ពោះវៀន​ខ្នែង

អ្នក​ជម្ងឺ​រលាក​ពោះវៀន​ខ្នែង​មាន​រោគ​សញ្ញា​ច្រើន​យ៉ាង​ដែលអាច​ស្ដែងចេញ​មកខាង​ក្រៅ និងអាច​ឱ្យអ្នក​ជម្ងឺដឹង​បានតាម​រយៈអាការ​ផ្សេងៗ​ដែលមាន​ដូច​ខាងក្រោម ៖

  • អ្នក​ជម្ងឺមាន​អាការ​ក្ដៅខ្លួន
  • ឈឺ​កន្លែង​កណ្ដៀត​ក្អម
  • ឈឺចុង​ដង្ហើម
  • ចេះតែ​ចង់ក្អួត
  • កន្ដ្រាក់​ត្រង់​ពោះវៀន​ខ្នែង និង​ក្រហាយ​ស្បែក
  • ឈឺខ្លាំង​នៅពេល​ដែល​សង្កត់​ត្រង់ពោះ​វៀនខ្នែង​ផ្នែក​ខាងស្ដាំ​នៃផ្ចិត។

ចំពោះ​អ្នកជម្ងឺ​ដែលមាន​អាការ​ដូច​ខាងលើ គ្រូពេទ្យ​អាចវាយ​តម្លៃ​បានថា គាត់​ពិតជា​មានជម្ងឺពោះវៀន​ខ្នែង​មែន។ មាន​វិធី​មួយទៀត​ផងដែរ ដោយធ្វើ​ការ​ពិនិត្យ​ឈាម​(អមគ្លីនិក) នោះ​យើង​នឹងឃើញ​គ្រាប់​ឈាម​សកើន​លើសពី​ធម្មតា និង​ឃើញពោះ​វៀនខ្នែង​នោះ​រីកធំ​ខុសពី​ធម្មតាផង​ដែរ តាមរយៈ​ការឆ្លុះ​អេកូសាស្ដ្រ។ បើអ្នក​ជម្ងឺមាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើ ហើយ ឃើញ​គ្រាប់​ឈាមស​កើនលើស​នោះ គ្រូពេទ្យ​អាច​សន្និដ្ឋាន​បានថា​គាត់​ពិតជា​មានការ​រលាក​ពោះវៀន​ខ្នែង​ពិតប្រាកដ​មែន។ រីឯ​ការព្យាបាល​វិញនោះ មាន​តែការ​វះកាត់​មួយមុខ​គត់ដែល​អាចជួយ​សង្គ្រោះ​អ្នក​ជម្ងឺ​ឱ្យរួច​ផុតពី​សេចក្ដី​ស្លាប់បាន។ ចំណែក​ឯការ​វះកាត់​ វិញនោះ​មិនសូវ​ជា​ប្រឈម​មុខទៅ​នឹង​គ្រោះថ្នាក់​ប៉ុន្មាន​ទេ ឱកាស​ដែល​ទទួល​បាន​ជោគជ័យ​មានភាគរយ​ច្រើន បើអ្នក​ជម្ងឺមកកាន់​មន្ទីរពេទ្យ​ឱ្យទាន់​ពេលវេលា និង​សភាព​ជម្ងឺ​អាចជួយ​សង្គ្រោះបាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​បង្ក​ជម្ងឺ​រលាក​ពោះវៀន​ខ្នែង

ភាគច្រើន​គឺ​បណ្ដាល​មកពី​ការ​បរិភោគ​ផ្លែឈើ​ដែលមាន​គ្រាប់រឹង ដូចជា​ផ្លែត្របែក ផ្លែព្រីង ផ្លែអំពិល ផ្លែកន្ទួត​ជាដើម ជាពិសេស​ការ​បរិភោគ​ទាំងគ្រាប់​ចូលទៅ​ក្នុងក្រពះ ហើយ​ក្រពះ​ធ្វើការ​រំលាយ​មិនបាន​ម៉ដ្ដ​ល្អ ធ្វើឱ្យ​ចូលទៅ​ដល់​ពោះវៀន​ខ្នែង និង មានផល​ប៉ះពាល់​ទៅដល់​ខ្នែងពោះ​វៀន ធ្វើឱ្យ​មានការ​រលាក​បានយ៉ាង​ងាយស្រួល។ មួយវិញ​ទៀត​ធ្វើឱ្យ​រលាក​ទ្វារខ្នែង​ពោះវៀន កាលណា​សភាព​ទាំងនេះ​កាន់តែ​ច្រើនដង​ទៅធ្វើ​ឱ្យមាន​ការ​រលាក​ពោះវៀន​ខ្នែង​ដាយ​មិនដឹង​ខ្លួនបាន។

ប្រការ​ទប់ស្កាត់​ជម្ងឺ​រលាក​ពោះវៀន​ខ្នែង

នៅពេល​បច្ចុប្បន្ន​នេះ យើងនៅ​ពុំទាន់​មានថ្នាំ​វ៉ាក់សាំង​អ្វីដែល​អាច​ជួយ​ការពារ​ជម្ងឺរលាក​ពោះវៀន​ខ្នែងនេះ​បានទេ។ ប្រការ​ដែលគួរ​តែ​ប្រតិបត្ដិ​នោះគឺ​គ្រាន់តែ​អ្នក​បរិភោគ​ចំណីអាហារ​ណាដែល​ទន់ៗ បើ​ចៀសញ៉ាំ​រឹងមិន​បានទេ​នោះ គួរតែ​បរិភោគ​ក្នុង​បរិមាណ តិចតួច​បាន​ហើយ។ ព្រោះ​ការញ៉ាំ​ចំណី​អាហារ​ដែលរឹង​ពេកនោះ វាអាច​ធ្វើឱ្យ​មាន​រលាក​ពោះវៀន​ខ្នែង​នៅថ្ងៃ​ណាមួយ​ជាក់ជា​មិនខាន​ឡើយ។ ដូច្នេះ​ដើម្បី​ឱ្យ​សុខភាព​ល្អ លោកអ្នក​គួរតែ​ចៀសវាង​អាហារ​រឹងៗ និង​ងាកមក​បរិភោគ​អាហារ​ដែល​ទន់ៗ និងមាន​ជាតិ​សរសៃ​វិញ។

វិធី​ព្យាបាល​ជម្ងឺ​រលាក​ពោះវៀន​ខ្នែង

ជម្ងឺ​រលាក​ពោះវៀន​ខ្នែងនេះ បើ​កើតមាន​ចំពោះ​អ្នកជម្ងឺ​ហើយ មានតែ​ធ្វើការ​វះកាត់​តែមួយ​មុខគត់ ទើប​អាចជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នកជម្ងឺ​បាន។ ការ​វះកាត់​អាស្រ័យ​ទៅតាម​ទីកន្លែង​ដែលមាន​ការ​រលាក​ពោះវៀន​ខ្នែង និងធ្វើ​រោគ​វិនិច្ឆ័យ យ៉ាង​ច្បាស់លាស់ ទើប​ឈានទៅដល់​ការ​វះកាត់​បាន។ បច្ចុប្បន្ន​នេះ ដោយសារ​វិទ្យាសាស្ដ្រ​មានការ​រីក​ចម្រើន នៅក្នុង​វិធី​សាស្ដ្រ​ក្នុងការ​វះកាត់ អ្នក​ជំនាញ​មិន​ចាំបាច់​ប្រើថ្នាំ​សណ្ដំ​ទៅលើ​អ្នកជម្ងឺ​នោះទេ គឺ​គ្រាន់តែ​ប្រើប្រាស់​ថ្នាំស្ពឹក​តែ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​គ្មាន ការ​ឈឺចាប់។

ផលវិបាក​នៃជម្ងឺ​រលាក​ពោះវៀន​ខ្នែង

ជម្ងឺ​រលាក​ពោះវៀន​ខ្នែង​នេះក៏មាន​ផលវិបាក​ខ្លះផង​ដែរ ចំពោះ​អ្នកជម្ងឺ។ ផល​វិបាក​ចម្បង​នោះគឺអាច​ធ្វើឱ្យ​ធ្លាយ​ពោះវៀន ដែលអាច​ជះឥទ្ធិពល​ទៅដល់​ស្រោម​ពោះ។ ប្រសិន​បើ​ករណី​មិនធ្លាយ​ទេ ក៏អាច​ធ្វើឱ្យ​ពោះ​ឡើងរឹង​នៅត្រង់​ចំណុច​ពោះវៀន​ខ្នែងនោះ ហើយ​បណ្ដាល​ឱ្យមាន​បូស​ឬអាប់​សែ​តែម្ដង។ បើធ្វើ​ការ​ព្យាបាល​មិនទាន់​ពេលវេលា​ទេនោះ អាច​ធ្វើឱ្យ​អ្នកជម្ងឺ​រលាក​ស្រោម​ពោះ ហើយ​បើការ​រលាក​នេះ​កាន់តែ​យូរទៅៗ អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​ស្លាប់​បាន ដោយសារ​តែ​មេរោគ​ជ្រាប​ចូលទៅ​ក្នុងឈាម​ច្រើនពេក។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​មាន​អាការ​ដូចបាន​រៀបរាប់​ខាងលើ ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​មិនមាន​វេជ្ជ​បញ្ជា​ត្រឹមត្រូវ ត្រូវ​ប្រញាប់​មកកាន់​មន្ទីរ​ពេទ្យ​ពិគ្រោះ និងធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យបាន​ត្រឹម​ត្រូវ ដោយ​គ្រូពេទ្យ​ដែលមាន​ជំនាញ និង​ឯកទេស​ពិតប្រាកដ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេល​វេលា​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative