ពុល​អាហារ

គោល​បំណង​សំខាន់​នៃការ​បរិភោគ​អាហារ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើងម្នាក់ៗ​គឺ​ដើម្បី​ទ្រទ្រង់សុខភាព​រាងកាយ និងការ​រស់រាន​មាន​ជីវិត។ ការ​បរិភោគ​អាហារ​ត្រូវបាន​ទទួល​ការយក​ចិត្ដទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​បរិភោគ ព្រោះថា​ប្រសិន​បើការ បរិភោគ​មិនបាន​ត្រឹមត្រូវ វា​ធ្វើឱ្យ​លោកអ្នក​មាន​គ្រោះថ្នាក់​ផ្សេងៗ​បាន។ ការ​ពុល​អាហារ​ត្រូវបាន​លោកអ្នក​គ្រប់គ្នា​ខ្លាច​រអា។ ហេតុនេះ​លោកអ្នក​ត្រូវតែ​មាន​វិធី​ការពារ និងចេះ​ជ្រើសរើស​អាហារ​យកមក​បរិភោគ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​លោកអ្នក​ស្វែង​អំពី​ការពុល​អាហារ តាមរយៈ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធាន​មន្ទីរ សុខាភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។ ដោយ​សារ​បទសម្ភាសន៍​នេះវែង ទស្សនាវដ្ដី សុខភាពយើង នឹង​ធ្វើការ ចេញ​ផ្សាយ​ជាវគ្គ​បន្ដបន្ទាប់​គ្នា​នៅលើ​ទំព័រ​របស់ខ្លួន។

អ្វីដែល​ជាការ​ពុល​អាហារ?

អាហារ​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​ហើយ​ខុសៗ​គ្នា វាមាន​សក្ដានុពល​អាចបង្ក​បង្កើត​ឱ្យមាន​ការ​ប៉ះពាល់​សុខភាព។ ពុល​អាហារ​គឺ ជាជម្ងឺ​មួយដែល​កើតមាន​ឡើង​ក្នុង​រវាង​១ម៉ោង​ទៅ៧២ម៉ោង បន្ទាប់ពី​បរិភោគ​អាហារ​ពុល ដោយ​មាន​រោគ​សញ្ញា​ដូចតទៅ ៖ ឈឺពោះ ក្អួត​ចង្អោរ ឈឺក្បាល រមួល​ក្រពើ គ្រុន រាក ហើយ​ក្នុង​ករណី​ជាច្រើន​អាចមាន​ស្លាប់។ ឧទាហរណ៍ ៖ គេរក​ឃើញ​ករណី​ពុលអាហារ​គ្រប់​ទីកន្លែង​ទាំងអស់ ដោយ​ហេតុនេះ​ហើយ​អាហារ​ដែល​ចម្អិន​សម្រាប់​លក់ដូរ​មិនអាច​ផលិត​ឡើង​ដោយគ្មាន​វត្ដមាន​មេរោគ​នោះ​បានទេ។

លក្ខណៈ​នៃការ​ពុល​អាហារ

ការពុល​អាហារ​ត្រូវបាន​គេធ្វើ​ការកត់​សម្គាល់​ទៅលី​ប្រភព​ចម្លង​មេរោគ​ទៅនឹង​ចំណី​អាហារ ដូចជា​ពពួក​អតិសុខុម​ប្រាណ ដែល​បណ្ដាលឱ្យ​កើតជា​ជម្ងឺ ក្នុងនោះ​មាន​បាក់តេរី​ វីរុស និង​ផ្សិត។ បាក់តេរី​មាន​មូលហេតុ​ច្រើនជាង​គេ ក្នុងការ​បង្កឱ្យ​មានការ​ពុលអាហារ​ដោយ​បាក់តេរី។ ទោះបី​យ៉ាងណា​ក្ដី​ចំណេះដឹង​ក្រៅ​ពីនេះ ដូចជា​ការពុល​ដោយ​គីមី ឬ​ករណី​ពុល​ផ្សេងៗ​ទៀត​ក៏មាន​សារៈសំខាន់​ដូចគ្នា​ដែរ។

1 . ការចម្លង​ជាតិ​គីមី​ពុល​ទៅលើ​អាហារ ៖ តាមរយៈ​សារធាតុ​ពុល​ផ្សេងៗ ដូចជា​ថ្នាំសម្លាប់​សត្វល្អិត​ដែលបាញ់​ទៅលើ​អាហារ​ ឬ​សម្ភារៈ​ប្រើប្រាស់។ លោហៈ​ធាតុ​ដែល​ស្រោប ឬ​ផ្សារ គឺមិន​ត្រឹមត្រូវ​ជា​សម្ភារៈ​សម្រាប់​ទុកដាក់​អាហារ និង​ភេសជ្ជៈ​ឡើយ។ ឧទាហរណ៍ ៖ សម្ភារៈ​ប្រើប្រាស់​ដែលស្រោប ឬ​ជ្រលក់​ដោយ​សង្ក័សី​ងាយនឹង​រលាយ​ជាតិ​ចូល​ជាមួយ​អាហារ នឹងធ្វើ​ឱ្យ​អាហារ​ពុល​បាន។ ប្រសិន​ណាគេ​មិនបាន​ថែរក្សា​ស្ពាន់ឱ្យ​បាន​ស្អាតល្អ​ឥតខ្ចោះទេ អាហារ​អាច​ជ្រាប​ចូល​ជាមួយ​លោហៈ​ពុល​បង្កើត​ឱ្យមាន​ជម្ងឺ។ ការ​លាបថ្នាំ​លើ​សម្ភារៈ ដូចជា​ចាន ឆ្នាំង និងលើ​ចំណារ​ក្បាច់នៃ​សម្ភារៈ​បង្កើត​ឱ្យមាន​លោហៈ​ពុល ព្រោះ​ក្នុងថ្នាំ​លាបនេះ​មាន​លោហៈ​ធ្ងន់ ដូចជា​សំណ និង​កាត់មីញ៉ូម។ ប្រសិន​ណា​ជាគេ​ប្រើប្រាស់​ថ្នាំ​លាប​នេះមិនបាន​ត្រឹមត្រូវ​សម​ស្រប​ទេ ហើយ​ផ្ទៃនៃ​សម្ភារៈ​ប្រើប្រាស់ ដែល​លាប​ដោយ​ថ្នាំ​នោះនឹង​ជ្រាប​ចូលក្នុង​អាហារ ជាពិសេស​សម្ភារៈ​ដែលមាន​តម្លៃ​ថោកៗ។ ដូច្នេះ​ត្រូវប្រើ​តែ​សម្ភារៈ​ដែល​មា គុណភាព​ខ្ពស់​ទើប​ប្រសើរ។

2 . ការ​ចម្លង​ជាតិពុល​តាម​រយៈ​ការ​បន្ថែម​គ្រឿង ៖ ការ​បន្ថែម​គ្រឿង​បែប​គំរូ​គ្មានការ​អនុញ្ញាត ឬក៏​បន្ថែម​គ្រឿង​លើស ចំនួន​ទាំង​ចេតនា ឬ​អចេតនា អាចបង្កើត​ឱ្យមាន​ជម្ងឺ។ ឧទាហរណ៍ ប៊ីចេង ទោះបី​ជាការ​បន្ថែម​ដែលត្រូវ​យល់ព្រម​ឱ្យដាក់​ក្នុង​អាហារ​ខ្លះ​ក៏ដោយ ក៏អាច​បណ្ដាល​ឱ្យកើត​មាន​ប្រតិកម្ម​ដល់​មនុស្ស​ខ្លះៗ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . ការ​ចម្លង​រោគ​ដោយ​រូបសាស្ដ្រ​ទៅលើ​អាហារ ៖ វា​កើតឡើង​នៅពេល​មានវត្ថុ​ពី​ខាងក្រៅ មាន​វត្ដមាន​នៅក្នុង​អាហារ ឬ​នាំមក​ដោយ​សត្វល្អិត​ទៅប៉ះ​លើ​អាហារ វាកើត​មាន​ដែរ​នៅពេល​មានការ​បិទរូប​ឬក្បាច់​ជា​លំអ និង​នៅក្នុង​ទឹកកក។ របៀប​ដែល​អាច​ការពារ​ហាក់​ដូចជា​ជាក់ច្បាស់ តែជា​រឿយៗ​ច្រើនតែ​គេមិន​អើពើ។ របៀប​ការពារ​បាននាំ​មកនូវ​ការខាត​ផល​ប្រយោជន៍ និង​បាត់បង់​អតិថិជន។

4 . ការ​ចម្លង​ដោយ​សារជាតិ​ពុល ៖ សារជាតិ​ពុល​ធម្មជាតិ​មាន ផ្សិត​ពុល គ្រឹង​ដំឡូង និង​ត្រីពុល​(ត្រីកំពត)។ ការពុល​របស់​ផ្សិត​ដែលផ្សិត​ខ្លះ​ដុះចេញ​ពីសណ្ដែក​ដី និង​គ្រាប់​ធញ្ញ​ជាតិអាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​ធ្ងន់បាន ដូចជា​ជម្ងឺ​រលាក​ថ្លើម និង​ផ្ដើមឱ្យ​មាន​មហារីក​ជាដើម។

5 . ការ​ចម្លង​ដោយ​វីរុស ៖ ជម្ងឺ​ដែល​បង្កឡើង​ដោយ​វីរុស​តាមការ​បរិភោគ​អាហារ​ជាធម្មតា​តែងតែ​មានសភាព​ធ្ងន់ ហើយ មនុស្ស​ភាគច្រើន​ទំនង​ជាត្រូវ​បាន​ទទួល​រងនូវ​ជម្ងឺនេះ។ វីរុស​មិនបំបែក​ខ្លួនឱ្យ​មានចំនួន​ច្រើន​នៅក្នុង​អាហារ​ឡើយ គឺ​គ្រាន់តែ​ប្រើ​អាហារ​ជាយាន​ចម្លង​ដើម្បី​នឹង​ចូលទៅ​ខ្លួន​មនុស្ស។ មូលហេតុ​នៃការ​ចម្លង​នេះគឺ​បណ្ដាល​មកពី​អ្នកធ្វើ​ម្ហូប​អាហារ​មានជម្ងឺ​បង្កដោយ​វីរុស។ ឧទាហរណ៍ ៖ ជម្ងឺ​រលាក​ថ្លើម​ដោយ​វីរុសអា និង​ជម្ងឺ​រលាក​ក្រពះ​ពោះវៀន​ដោយ​វីរុស។

6 . ការពុល​អាហារ​ដោយ​បាក់តេរី ៖ ភាគច្រើន​នៃ​ករណី​ពុល​អាហារ​គឺជា​ការពុល​អាហារ​ដោយ​បាក់តេរី។ តែគេ​មិនបាន សន្និដ្ឋាន​ថា បាក់តេរី​ទាំងអស់​សុទ្ធតែ​មាន​គ្រោះថ្នាក់​នោះទេ បាក់តេរី​ជាច្រើន​មានផល​ប្រយោជន៍​ដល់​មនុស្ស ដូចជា​គេយក​ទៅធ្វើ​ហ្វ្រូម៉ាស ទឹកដោះ​គោជូរ និង​ឱសថ​មួយ​ចំនួន។

  • បាក់តេរី​ដែលធ្វើ​ឱ្យស្អុយ​រលួយ ផ្អូម​ដល់​អាហារ​ធ្វើឱ្យ​អាហារ​មានក្លិន និង​រសជាតិ​មិនល្អ។ ឧទាហរណ៍ ៖ សាច់ជាំ​ខៀវ នំប៉័ង​ដុះផ្សិត
  • បាក់តេរី​ដែលធ្វើ​ឱ្យពុល​អាហារ​គឺ ៖ ជា​បាក់តេរី​ដែលអាច​បង្កើត​ឱ្យមាន​ជម្ងឺ​ក្រៅ​ពីការ​ប្រើមីក្រូទស្សន៍​គ្មាន​មធ្យោបាយ ណាដែល​ប្រាប់ថា​មាន​បាក់តេរី​ធ្វើឱ្យ​ពុលដល់​អាហារ​ឡើយ។ ពោល​អាហារ​មានក្លិន និង​រសជាតិ​ដូច​ធម្មតា។ ឱកាស​ដ៏ល្អ​ត្រឹមត្រូវ​បាន ត្រូវផ្ដល់​ឱ្យ​បាក់តេរី​អាចបង្ក​បង្កើត និង​បំបែក​ខ្លួន​រៀងរាល់​២០នាទី​បាន ប្រសិនបើ​រយៈពេល​នោះល្មម​គ្រប់គ្រាន់ បាក់តេរី​តែ​បន្ដិច​បន្ដួច អាចនឹង​បំបែក​ខ្លួន​រហូត​ដល់​អាច​បង្កើត​ឱ្យក្លាយ​ទៅជា​ការពុល​ដែលមាន​នៅក្នុង​អាហារ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​នៅពេល​បរិភោគ ឬ​ចម្អិន​គ្រប់​ចំណី​អាហារ​ទាំងអស់ ត្រូវយក​ចិត្ដទុក​ដាក់ជា​ចម្បង​ទៅលើ​អនាម័យ លក្ខណៈ​ដែលអាច​បង្ក​ជាការ​ពុលអាហារ​បាន។ នៅលេខ​ក្រោយទៀត​លោកអ្នក​អាចស្វែង​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ​ដែល​បង្កឱ្យ​មានការ​ពុល​អាហារ​នេះ និង​ប្រការ​ផ្សេងៗ​ទៀត​ទាក់ទង​នឹងការ​ពុល​អាហារ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative