មហារីក​ប្រព័ន្ធ​ប្រសាទ

ប្រព័ន្ធ​ប្រសាទ​មាន​នៅលើ​ខួរក្បាល​របស់​មនុស្ស វាអាច​បញ្ជា​ឱ្យ​រាងកាយ​មនុស្ស​ដំណើរ​ការ​គ្រប់​កន្លែង​ទាំងអស់។ ប្រព័ន្ធ​ប្រសាទ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​មនុស្ស ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​រាងកាយ​ទាំងមូល​ទៅនឹង​មជ្ឈដ្ឋាន​ដែលនៅ​ជុំវិញ​ខ្លួនយើង។ ជម្ងឺមហារីក​ប្រព័ន្ធ​ប្រសាទ​នេះអាច​ចាត់ទុក​បានថា ជាជម្ងឺ​មួយ​ដែល​ធ្ងន់ធ្ងរ ព្រោះវា​អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​ស្លាប់ ទោះបី​ជាពេល​បច្ចុប្បន្ន​នេះអ្នក​វិទ្យាសាស្ដ្រ​មានថ្នាំ​ព្យាបាល​ជម្ងឺនេះ​ក៏ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត គួយ សំណាង ឯកទេស​ជម្ងឺ​មហារីក និង​វេជ្ជ សាស្ដ្រ​ទូទៅ និងជា​សាស្ដ្រាចារ្យ​បង្រៀន​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ដ្រ​សុខាភិបាល ប្រយោជន៍​ទទួលបាន​ការ​បកស្រាយ​យ៉ាងក្បោះក្បាយ​នូវ​ប្រធានបទ​ខាងលើ ដើម្បី​ចែកចាយ​ជូន​មិត្ដអ្នក​អាន​ទាំងអស់។

និយមន័យ​ជម្ងឺ​មហារីក

ពាក្យថា​ជម្ងឺ​មហារីក គឺជា​ដុំសាច់​មួយ​ប្រភេទ​ដែល​កាច ហើយ​មាននៅ​លើខ្លួន​របស់មនុស្ស​គ្រប់ទី​កន្លែង​ទាំងអស់​។ ដុំ​សាច់ ដែល​សន្និដ្ឋាន​បានថា​ជាដុំ​មហារីក​មាន​លក្ខណៈ​៣យ៉ាង។ ទីមួយ​គឺដុំ​នោះមាន​ការ​វិវឌ្ឍន៍​យ៉ាងឆាប់​រហ័ស ការធ្វើ​មីតូស​លឿន និង​គ្មានសណ្ដាប់​ធ្នាប់​ដោយ​អនាធិបតេយ្យ។ ទីពីរ​ទៀត ក្រៅអំពី​ការរីក​លូតលាស់​គ្មាន​សណ្ដាប់ធ្នាប់​ហើយ ដុំនោះ​ថែមទាំង​​អាច​ឈ្លាន​ពាន ទៅលើ​ជាលិកា​ដទៃ​ទៀត​ដែល​នៅ​ជុំវិញ​វា ឬអាច​និយាយ​បាន​ថាវា​អាចស៊ី​គេស៊ី​ឯង ដែល​នៅត្រង់​បរិវេណ​ដុំសាច់​ដែលកើត​នោះ។ ចំណែក​ឯ​លក្ខណៈ​ទីបីរបស់​ជម្ងឺ​មហារីក វាអាច​រីក​រាលដាល​ទៅដុះ​នៅ​ទីកន្លែង​មួយ ឬច្រើន​ផ្សេង​ទៀត ដោយ​វាមាន​លក្ខណៈ និង សណ្ឋាន​ការ​លូតលាស់​ដូចគ្នា​ទៅនឹង​ការ​លូតលាស់​លើក​ដំបូង​បេះបិទ។ បើ​អ្នកជម្ងឺ​ដែលមាន​ដុះ​ដុំសាច់​នេះ ហើយ​មាន​លក្ខណៈ​ទាំងបី ខាងលើ​នេះ គេអាច​សន្និដ្ឋាន​បានថា ពិតជា​ដុំសាច់​មហារីក​ជាក់ជា​មិនខាន​ឡើយ។

មូលហេតុ​បង្កជម្ងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ

ជាទូទៅ​ជម្ងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ​មានពីរ​ប្រភេទ គឺ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្ដាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ហើយ​មាន​ចែកជា​ពីរទៀត គឺ​ជម្ងឺ​មហារីក​ដែល​កើត​នៅលើ​ខួរក្បាល និង​ជម្ងឺ​មហារីក​ដែល​កើត​នៅ​សរសៃ​ប្រសាទ​ខាងៗ ឬ​ខាងចុង។ ពេល​នេះ សូម​លើកយក​មហារីក​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផ្នែក​ខាងចុង មក​បកស្រាយ​ជូន​បងប្អូន​ទាំងអស់​ឱ្យបាន​ជ្រាប​ដូចតទៅ​នេះ។

ជម្ងឺ​មហារីក​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខាងចុង ភាគច្រើន​កើត​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម​៥ឆ្នាំ ដែលមាន​ភាគរយ រហូត​ដល់ទៅ​៩០%​ នៃក្មេង​ដែលមាន​ដុំ​មហារីក​ប្រព័ន្ធ​ប្រសាទ​ចុងៗ ឬខាងៗ​នេះ។ គេសង្កេត​ឃើញ​ថា បើក្មេង​មាន​អាយុ​ក្រោម​១ឆ្នាំ ដុំ​មហារីក​ច្រើន​កើតនៅ​ក្នុង​ពោះ​របស់ក្មេង​ប្រហែល​ជា​៦២% និងមាន​កើត​នៅក្នុង​ប្រអប់​សួត​ប្រហែល​ជា​១៩% ក្រៅពី​នេះទៀត​មានកើត​នៅលើ-ក និង​កន្លែង​ផ្សេងៗ​ទៀត​ប្រហែល​ជា​១៩%​ទៀត។ ប្រសិន​បើក្មេង​ដែល​មាន​អាយុ​លើសពី​១ឆ្នាំ ដុំ​មហារីក​នៅក្នុង​ពោះ​របស់​ក្មេងមាន​ប្រមាណ​ជា៧៩%​ និង​នៅក្នុង​ប្រអប់​ទ្រូង​១០%។

មាន​មូលហេតុ​ជាច្រើន ដែលអាច​បណ្ដាល​ឱ្យកើត​មានជម្ងឺ​មហារីក​ប្រព័ន្ធ​សរសៃ​ប្រសាទ​នេះ គឺដោយ​សារ​បម្រែ​បម្រួល សែន​ក្នុងខ្លួន​របស់​មនុស្ស​ម្នាក់ៗ។

រោគ​សញ្ញា​របស់​មហារីក​ប្រព័ន្ធ​ប្រសាទ​ខាងចុង

ដោយសារ​តែ​ជម្ងឺនេះ​ច្រើន​កើតមាន​ចំពោះតែ​កុមារ​ដែលមាន​អាយុ​ក្រោម​៥ឆ្នាំ។ ដូច្នេះ​គេមិន​សូវ​ទទួល​បាន​អាការ​ណាមួយ ដែល​បញ្ចេញ​ដោយ​ក្មេងនោះ​ទេ គឺ​គ្រាន់តែ​មានការ​យំយែក​ពីកុមារ​នោះតែ​ប៉ុណ្ណោះ ឬអាច​មានការ​ហើមពោះ ដូចជា​មានដុំ​នៅក្នុង​ពោះ​ជាដើម។ កុមារ​ពិបាក​នឹង​រៀបរាប់​ប្រាប់ពី​អាការ​ក្នុងខ្លួន​ប្រាប់អ្នក​ដទៃ​ខ្លាំង​ណាស់។ ដូច្នេះ​ដើម្បី​ឱ្យដឹង​កាន់តែ​ច្បាស់ថា កុមារ ពិតជា​មានកើត​ជម្ងឺ​មហារីក​ប្រព័ន្ធ​សរសៃ​ប្រសាទ​មែនឬ​ក៏អត់ ត្រូវ​ទាមទារ​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​អេកូសាស្ដ្រ និងថត​ស្កេនណ័រ ដើម្បី​ដឹងថា​ដុំដែល​កើតនោះ​មាន​ទំហំប៉ុណ្ណា ស្ថិតនៅ​កន្លែង​ណា និង​ប៉ះពាល់​ទៅលើ​សរីរាង្គ​ណាខ្លះ។ ហើយ​វាសាយ​ភាយ​ទៅដល់ សរីរាង្គ​ដែលនៅ​ឆ្ងាយ​ជុំវិញទី​កន្លែង​នោះ​ហើយ​ឬនៅ និងធ្វើ​ការ​ពិនិត្យ​ឈាម ពិនិត្យ​ទឹកនោម អាច​នាំឱ្យ​គ្រូពេទ្យ​ធ្វើរោគ​វិនិច្ឆ័យ​បាន និង​កំណត់​ដំណាក់​កាល​របស់​ជម្ងឺ ទើបយើង​ឈាន​ទៅដល់​ការ​ព្យាបាល។
វិធី​ព្យាបាល​ជម្ងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ​ខាងចុង

ការ​ព្យាបាល​ជម្ងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ ដែល​កើតឡើង​ចំពោះ​ក្មេងមាន​អាយុ​ក្រោម៥ឆ្នាំនេះ គឺការ​ព្យាបាល​ដោយ​ការវះ កាត់យក​ដុំសាច់​មហារីក​នោះចេញ​ឱ្យអស់ ឬការ​ប្រើប្រាស់​ថ្នាំគីមី​ម្យ៉ាង ដើម្បី​ធ្វើឱ្យ​ដុំនោះ​រួមតូច ទើបធ្វើ​ការ​វះកាត់​យកដុំ​ចេញ។ ក្នុង​ករណី​ដែលដុំ​នៅកន្លែង ដែល​យើង​មិនអាច​វះយក​បាន គឺយើង​ត្រូវរត់​ទៅយក​ការ​ព្យាបាល​ដោយថ្នាំ​គីមី ដែល​ប្រើ​កម្រិតថ្នាំ​ខ្ពស់ធ្វើ​ឱ្យអ្នក​ជម្ងឺ​(កូនក្មេង)​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ក៏​កាន់តែ​ខ្ពស់ដែរ។

ផល​វិបាក​នៃជម្ងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ​ខាងចុង

ផលវិបាក​នៃជម្ងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ​នេះ មាន​ដូចជា​អាចធ្វើ​ឱ្យកុមារ​ស្លាប់​បានបើធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​មិន​ត្រឹមត្រូវ គ្មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ជាដើម។ ក្រោយពី​ទទួលការ​ព្យាបាល​ត្រឹមត្រូវ​(ប្រទេស​ជឿនលឿន) សម្រាប់​ក្មេង​ដែលមាន​អាយុ​លើស​ពី១ឆ្នាំ និង​ស្ថិតក្នុង​ស្ថានភាព​មិន​ធ្ងន់ធ្ងរ អាច​​​​ជា​សះស្បើយ​៨០%។ ក្មេង​ដែលមាន​អាយុតិច​ជាង១​ឆ្នាំ និងក្នុង​សណ្ឋាន​ធ្ងន់ធ្ងរ​អាចជា​សះស្បើយ​តិចជាង​១០%តែ​ប៉ុណ្ណោះ។

ដំបូន្មាន​អ្នក​ជំនាញ

ក្នុងនាម​ជា​គ្រូពេទ្យ សូមផ្ដាំ​ផ្ញើ​ទៅកាន់​មិត្ដអ្នក​អាន​ទាំងអស់​ថា បើមាន​អ្វីមិន​ស្រួលក្នុង​ខ្លួនត្រូវ​ប្រញាប់​មកកាន់​មន្ទីរពេទ្យ មិនត្រូវ​ទុកជម្ងឺ​របស់​ខ្លួន​ទាល់តែ​ធ្ងន់ធ្ងរ ទើប​មកកាន់​មន្ទីរពេទ្យ​ទេ វាអាច​នឹង​ហួសពេល​វេលា​ក្នុងការ​ព្យាបាល។ ម្យ៉ាងវិញ​ទៀត ឱកាស​នៃការ​ជាសះស្បើយ​ក៏មាន​តិច​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative