លើក​អាល់ទែរ​ជួយឱ្យ​រាងកាយ​មាំមួន

ការលេង និងការ​ហាត់​កីឡា​បញ្ចេញ​ញើស​ចេញពី​រាងកាយ ជានិច្ចកាល​តែងតែ​នាំមក​នូវ​រាងកាយ​មាំមួន និង​សុខភាព​ល្អ ដរាបណា​ការ​ហាត់លេង​ទាំងអស់់​នោះ​សមស្រប​ទៅតាម​ក្បួន និងតាម​កម្រិត​ត្រឹមត្រូវ​ច្បាស់​លាស់។ ការលើក​ដុំ​អាល់ទែរ ក៏ជា​ប្រភេទ កីឡា​មួយ​នៅក្នុង​ការហាត់​កីឡា​ផងដែរ។ តើ​ការលើក​ដុំ​អាល់ទែរ​នាំមក​នូវ​អ្វីខ្លះ​ដល់​រាងកាយ និង​សុខភាព?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទង​ទៅនឹង​ចម្ងល់​នេះ លោក ហ៊ី ឌីណារិន្ទ គ្រូបង្វឹក​កីឡា​សាច់ដុំ​នៅក្លឹប​គីងកុង បាន​ចូលរួម​ធ្វើការ​ស្រាយ​បំភ្លឺ​យ៉ាងច្បាស់ ពីផល​ប្រយោជន៍ និង​វិធី​នៃការ​លើកដុំ​អាល់ទែរ​នេះ ដើម្បី​ជា​ចំណេះ​ដឹងខ្លះៗ​សម្រាប់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ និងទុក​គ្រាន់ជា​ជម្រើស​សម្រាប់អនុវត្ដ។

របៀប​នៃការ​លើកដុំ​អាល់ទែរ

ការ​លើកដុំ​អាល់ទែរ ភាគច្រើន​មិនសូវ​ជាយក​ចិត្ដទុក​ដាក់ទៅ​លើវិធី​សាស្ដ្រ និង​ក្បួន​ច្បាប់​នៃការ​លើក​​ប៉ុន្មាន​​នោះទេ។ ការ​លើកដុំ​អាល់ទែរ​នេះ គឺធ្វើ​ឡើង​នៅពេល​ណាដែល​នឹក​ឃើញ​ចង់លើក ដោយ​មិនបាន​គិតទៅ​ដល់​ពេលវេលា និង​កម្រិត​នោះ​ឡើយ។ ទាំងអស់​នេះ​វាគឺ​ជា​ប្រការ​មួយ​ដែល​ខុសឆ្គង និង​អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ជាច្រើន​ទៅដល់​សាច់ដុំ ការ​លូតលាស់​របស់​រាងកាយ ហើយ​ជាពិសេស​អាច​ប៉ះពាល់​ទៅដល់​សុខភាព​ថែមទៀត​ផង។

ប្រភេទ​កីឡា​លើកដុំ​អាល់ទែរ​នេះ បែងចែក​ចេញជា​ពីរ​ប្រភេទ។

1 . លើក​ដើម្បី​តម្លើង​សាច់ដុំ ៖ ការ​លើក​ដើម្បី​តម្លើង​សាច់ដុំ គឺ​តម្រូវឱ្យ​អ្នក​លើក​មាន​កម្លាំង​បរិបូរណ៍ និង​រាងកាយ​សម្បទា​មាំមួន។ មុនពេល​ធ្វើការ​លើក ជា​ដំបូង​តម្រូវឱ្យ​អ្នក​លើក​ធ្វើការ​កម្ដៅ​សាច់ដុំ​ជាមុន​ចំនួន​១៥-២៥​នាទី ដើម្បី​ឱ្យ​ដំណើរ​ការនៃ​ចលនា ឈាម​រត់បាន​ស្រួល និង​ទប់ស្កាត់​មិនឱ្យ​មានការ​ប៉ះពាល់​ទៅដល់​សាច់ដុំ នៅពេល​ដែលយើង​ធ្វើការ​លើក​ដុំអាល់ទែរ​ដែលមាន​ទម្ងន់​ធ្ងន់ៗ។ ការ​អនុវត្ដន៍​ត្រូវ​គោរព​ទៅតាម​ពេលវេលា និង​តាម​ក្បួនច្បាប់​ត្រឹមត្រូវ ជាពិសេស​ត្រូវ​ពិនិត្យ​ទៅលើ​សុខភាព និង​រាងកាយ ជាមុន​ដើម្បី​កំណត់​ទម្ងន់​ដុំ​អាល់ទែរ។ ចូរ​ចងចាំ​ថា លើកដុំ​អាល់ទែរ​កាន់តែ​ធ្ងន់ សាច់ដុំ​កាន់តែ​ឡើង។ ជាទូទៅ​ការ​កំណត់​ទម្ងន់ អាល់ទែរ គឺ​ត្រូវយក​ទម្ងន់​ដងខ្លួន​គុណ​នឹងចំនួន​៧០​ភាគរយ។ ឧបមា​ថា ទម្ងន់​ដងខ្លួន​មាន៦០គីឡូ​ក្រាម យើង​ត្រូវគុណ​ជាមួយ​៧០ ភាគរយ​វាស្មើ​៤២។ ដូចនេះ​យើងត្រូវ​លើក​អាល់ទែរ​ដែលមាន​ទម្ងន់​ចាប់ពី​៤២​គីឡូក្រាម​ឡើង​ទៅ។

2 . លើក​ដើម្បី​សុខភាព ៖ ចំពោះ​ការ​លើក​ដើម្បី​សុខភាព រក្សា​ទម្ងន់ បញ្ចេញ​ញើស និង​ខ្លាញ់​ចេញពី​រាងកាយ​វិញ គឺត្រូវ​កំណត់​ទម្ងន់​ដុំ​អាល់ទែរ​ឱ្យ​សមល្មម​ទៅនឹង​កម្លាំង​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ធ្វើការ​លើក​នៅក្នុង​ទម្ងន់​ធ្ងន់ហួស​កម្លាំង​នោះទេ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណាក៏​ដោយ មុនពេល​លើក​ចាំបាច់​បំផុត​ត្រូវធ្វើ​ការ​ហាត់ប្រាណ​ដើម្បី​កម្ដៅ​សាច់ដុំ​ជាមុន​សិន ទើប​ជាការ​ប្រសើរ។

របប​អាហារ​សម្រាប់​អ្នកលើក​ដុំ​អាល់ទែរ

ចំណី​អាហារ​គឺជា​កត្ដា​មួយ​ដែល​សំខាន់​ចំពោះ​រាងកាយ ជាពិសេស​ចំពោះ​អ្នក​ដែល​លើកដុំ​អាល់ទែរ​ក្នុង​គោល​បំណង​តម្លើង សាច់ដុំ។ ជាការ​ពិត​ណាស់ នៅពេល​ដែល​លើកដុំ​អាល់ទែរ​ទាំងនោះ ត្រូវ​ចំណាយ​កម្លាំង​ថាមពល​ជាច្រើន។ ដូចនេះ​តម្រូវ​ឱ្យមាន​ការ​បំប៉ន​នូវ​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់។ ចំណី​អាហារ​ដែល​ចាំបាច់​នៅក្នុង​ការ​បរិភោគ មាន​ដូចជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ទៅដោយ វីតាមីន និង​ប្រូតេអ៊ីន ដែលមាន​ដូចជា​សាច់ ថ្លើម ស៊ុត បន្លែ ផ្លែឈើ ទឹកដោះគោ និង​ទឹក​សណ្ដែក។

ប្រការ​គួរ​ចៀសវាង

ជាការ​ពិតណាស់ ការ​ហាត់ប្រាណ និងលេង​កីឡា​ជួយ​បញ្ចេញ​ញើស និង​ខ្លាញ់ចេញ​ពី​រាងកាយ គឺជា​កត្ដា​មួយ​ដែល​ធ្វើឱ្យ សុខភាព​ល្អ​មាំមួន។ ប៉ុន្ដែ​ចំពោះ​អ្នក​ដែល​លើកដុំ​អាល់ទែរ មិនថា​លើក​ដើម្បី​សុខភាព ថែរក្សា​រាង ឬ​ដើម្បី​តម្លើង​សាច់ដុំ​នោះទេ ចាំបាច់​ត្រូវធ្វើ​ការ​បរិភោគ​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និងត្រូវ​អនុវត្ដ​ទៅតាម​ក្បួន​ច្បាប់​ត្រឹមត្រូវ។ ចៀសវាង​ការលើក​តាមការ នឹក​ឃើញ ដោយ​មិនបាន​ធ្វើការ​វិភាគ​ទៅលើ​ទម្ងន់​ដុំ​អាល់ទែរ​ធៀបទៅ​ជាមួយ​ទម្ងន់​ដងខ្លួន​របស់​យើង ដែលជា​ហេតុធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​ទៅដល់​សុខភាព និង​រាងកាយ។

ដំបូន្មាន​អ្នក​ជំនាញ

ការធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ​មាន​សារៈសំខាន់​ណាស់​ចំពោះ​រាងកាយ និង​សុខភាព។ ដើម្បី​ធ្វើឱ្យ​ការ​ហាត់ប្រាណ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​រាងកាយ និង​សុខភាព គួរ​គប្បី​ត្រូវ​ហាត់​ដោយ​មានគ្រូ​បង្វឹក​ត្រឹមត្រូវ ដើម្បី​ចៀសវាង​នូវការ​ប៉ះពាល់​ដល់​សុខភាព​ជាយថា​ហេតុ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative