មូលហេតុ​ដែល​នាំឱ្យ​ប្រពន្ធ​មាន​សហាយ

មូលហេតុ​មួយក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ដែលធ្វើ​ឱ្យ​ប្ដីប្រពន្ធ​បែកបាក់ គឺ​ប្រពន្ធ​ខ្ញុំមាន​សហាយ! ប្រយោគ​នេះចាត់​ទុកថា សែន​ហួសហេតុ និង​មហា​អាក្រក់​សម្រាប់​ស្ដ្រីខ្មែរ​ទូទៅ។ បុរស​ដែលត្រូវ​ប្រពន្ធ​មានប្រុស​សហាយ​នោះ ស្ទើរតែ​ជ្រែក​ឈ្មុល​ចូលទៅ​ក្នុង ដីឱ្យ​បាត់ ព្រោះ​ពិបាក​នឹង​ទ្រាំទ្រ​ចំពោះ​ភាព​អាម៉ាស់ ក្រោម​ខ្សែភ្នែក​អ្នកដទៃ។ ស្ដ្រី​លួចលាក់​ស្នេហា​ជាមួយ​នឹងបុរស​ផ្សេង​ក្រៅ អាពាហ៍ពិពាហ៍ ចាត់ទុក​ជាកំហុស​ពិបាក​នឹង​លើកលែង​ទោស​ឱ្យណាស់​សម្រាប់​ស្ដ្រីខ្មែរ។ សង្គម​បាន​ចាត់ទុក​ថា នេះជា​ការ​ប្រព្រឹត្ដិខុស​នឹង​វប្បធម៌​ប្រពៃណី សីលធម៌ និង​ច្បាប់ប្ដី​មួយ​ប្រពន្ធ​មួយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកណាៗ​ក៏យល់​ស្រប​ដែរថា​ជាកំហុស​របស់​ស្ដ្រី ប៉ុន្ដែ​បើយើង​សាកល្បង​ចោទសួរ​ទៅវិញ​ថា ៖ “តើហេតុ​អ្វីបាន​ជាស្ដ្រី​មាន សហាយ បើនាង​កំពុង​មានប្ដី​រស់ក្នុង​ចំណង​អាពាហ៍ពិពាហ៍នោះ?” សំណួរ​នេះសូម​បុរស​ជាប្ដី​ងាកមក​ចាប់​អារម្មណ៍ និង​រិះរក​ចម្លើយ មកឆ្លើយ​ឱ្យបាន​សមស្រប​ផង។ តាមការ​សិក្សា​របស់អ្នក​ចិត្ដសាស្ដ្រ​ទៅលើ​បញ្ហា​គ្រួសារ​ដែលបាន​លែងលះគ្នា ព្រោះតែ​បញ្ហា​មាន សហាយ​នេះ​ត្រូវបាន​គេរក​ឃើញ​ថា មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ស្ដ្រី​ជាប្រពន្ធ​មាន​សហាយ​ក្បត់ចិត្ដ​ប្ដីនោះ។

1 . ការគ្មាន​តុល្យភាព​ខាងជីវភាព​ផ្លូវភេទ ៖ ប្រការ​ដែលគូ​ប្ដីប្រពន្ធ​លើកយក​មកប្រឹក្សា​គ្នា ដូចជា​ពិភាក្សា​អំពី​រសជាតិ ស្នេហា តើ​ទាំងពីរ​នាក់នឹង​ចូលចិត្ដ​បែបណា ឬតើ​គប្បីនឹង​កែច្នៃ​ទំនាក់ទំនង​នោះ​យ៉ាងម៉េច ដើម្បី​រកឃើញ​ភាព​ផ្អែមល្ហែម​បន្ថែម​ទៀត ទប់ស្កាត់​ស្នេហា​របស់​គូខ្លួន​កុំឱ្យ​ជិនណាយ ឬ​សាកសួរ​គ្នាអំពី​បណ្ដា​ប្រការ​ដែលធ្វើ​ឱ្យខ្លួន​មិនបាន​ទៅដល់​ចំណុច​ពេញចិត្ដ ក្នុងនោះ​មាន ទាំង​ឥរិយាបថ ពេលវេលា និង​ទីកន្លែង​ផងដែរ។ ទាំងអស់​នេះ​សុទ្ធតែ​មាន​ផល​ប្រយោជន៍​ដល់ការ​គ្រប់គ្រង​គូជីវិត​របស់ខ្លួន​ឱ្យ​សោយសុខ​ក្នុង​សុភមង្គល។ យើងនឹង​ឃើញ​ថា ការ​រស់នៅ​រួមគ្នា​របស់​មនុស្ស​ពីរនាក់ ដែលមាន​ជីវិតពីរ ចាំបាច់​ត្រូវមាន​តុល្យភាព​នឹង​គ្នា បើមិន​ច្រើនក៏​មិនឱ្យ​តិចពេក​ដែរ និងត្រូវ​ធ្វើយ៉ាង​ណា​កុំឱ្យ​ជីវិត​ទាំងគូ​នេះមាន​ការខុស​ប្លែក​គ្នាពេក រហូត​ដល់​ភាគី​ណាម្នាក់​មិនអាច ទទួល​បាននោះ។ ជាការ​ប្រាកដ​ណាស់ ប្រសិន​បើធានា​មិនបាន​តុល្យភាព​សម្រាប់​គូជីវិត ឬការ​ខុសប្លែក​គ្នាដល់​ថ្នាក់​ទទួល​មិនបាន ពិតជា​បញ្ហា“មាន​សហាយ”អាចកើត​មានឡើង​ដែរ។ ផ្លូវដែល​ត្រូវដើរ​នោះគឺ​អ្នកទាំង​ពីរ​គប្បី​បើក​ចំហ​ចិត្ដឱ្យ​គ្នា បង្ហើប​មាត់​និយាយ ផ្ដោះផ្ដង​គ្នាតែ​ម្ដងទៅ ថាតើ​រៀងៗ​ខ្លួនចូល​ចិត្ដ​ដូចម្ដេច និងមិន​ចូលចិត្ដ​យ៉ាង​ម៉េច រួចហើយ​ទាំងពីរ​នាក់​រួមគ្នា​រកផ្លូវ​ដោះស្រាយ។

2 . ប្ដីគ្មាន​ពេលវេលា​សម្រាប់​គ្រួសារ ៖ មាន​គ្រួសារ​ខ្លះ​បុរស​ឧស្សាហ៍​ការងារ ឬ​ឧទ្ទិស​ខ្លួន​ដល់សង្គម​វីវក់​ជ្រុលពេក​ដល់ថ្នាក់ ព្រលឹម​ចេញ​ព្រលប់​ចូល មួយ​សប្ដាហ៍​គ្មាន​សៅរ៍​អាទិត្យ។ ក្នុង​ខួរក្បាល​របស់​បុរស​ជាប្ដី​មានតែ​រឿង​ការងារ! ការងារ! និង​ការងារ! ចប់ពី​ការងារ​ក៏ទៅ​ជប់លៀង​នៅទីនេះ​នៅទីនោះ។ ទោះបុរស​ធ្វើយ៉ាង​នេះក៏​ព្រោះ​ដើម្បី​ឈានមុខ និងឱ្យ​ឋានៈ​គ្រួសារ​ប្រសើរ​ឡើង។ ប៉ុន្ដែ​សូម​ក្រើន​រម្លឹក​ថា កុំបណ្ដោយ​ឱ្យភាព​អផ្សុក​កណ្ដោច​កណ្ដែង​របស់ប្រពន្ធ​ដល់ថ្នាក់​ជំរុញ​បង្ខំ​ឱ្យនាង​ធ្វើអ្វី​ដែល​នាងមិន​ចង់ធ្វើ។ ប្រពន្ធ​ដែល​រង់ចាំ​នៅឯ​ផ្ទះក៏​ជាមនុស្ស​មាន​ប្រមាត់ មាន​បេះដូង មាន​ស្នេហា និងមាន​សេចក្ដី​ប្រាថ្នា​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . បញ្ជោះ​បន្សោក ឬ​សងសឹក​តបប្ដី​វិញ ៖ អាច​និយាយ​បានថា វិធី​បញ្ជោះ​បន្សោក​របស់​ស្ដ្រី(ឬការ​ធ្វើត្រាប់​តាមប្ដី ដើម្បី​ជាការ​សងសឹក) ក៏ជា​ហេតុផល​មួយ​កំពុងតែ​កើតមាន​ក្នុង​សង្គម​សព្វថ្ងៃ​នេះ និងអាច​កើតមាន​ច្រើនទៀត​ទៅតាម​ដង្ហើម​រីកចម្រើន របស់​សង្គម​ក្នុងពេល​អនាគត។ សព្វថ្ងៃ​នេះ ស្ដ្រីផិត​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​បាន​ចាប់ផ្ដើម​ឡើង ដោយសារ​ខាង​ភាគីបុរស​ដែលបាន ទៅរក​សេចក្ដី​សុខ​ជាមួយ​របស់​ចម្លែក​ប្លែកមាត់​នៅខាង​ក្រៅផ្ទះ។ ប្រពន្ធ​ខ្លះដែល​ជួបនឹង​ស្ថានភាព“ប្ដីភ្លេច​បាយផ្ទះ”បាននាំ​គ្នាគិត ងាយៗ​ថា ៖ “គេធ្វើ​បាន រឿងអី​យើងធ្វើ​មិនបាន!”។ អាច​និយាយ​បានថា ស្ដ្រី​បរិភោគ​ខាងក្រៅ​ផ្ទះអាច​ខុសមក​ពីបុរសៗ​ជាអ្នក បង្រៀន ឬ​ជាអ្នក​ផ្ដើមមុន។ ទន្ទឹម​នោះ មាន​បុរសខ្លះ​ពុំបាន​គិត ឬមើល​ឃើញ​ថា “ការមាន​ស្រីជា​កំហុស​ខុសឆ្គង ឬជា​ការផិត​ក្នុង អាពាហ៍​ពិពាហ៍​របស់ខ្លួន​នោះទេ!” ឬពុំបាន​គិតដល់​ផ្លូវចិត្ដ​របស់​ប្រពន្ធ​ដែល​ទ្រាំទ្រ​ចុកចាប់​ប៉ុណ្ណា​ជាមួយ​នឹងការ​ផិតនេះ​នោះទេ។ ប៉ុន្ដែ​បើរឿង​ដូចគ្នា​នេះដែល​ខាងស្ដ្រី​ជាអ្នក​ប្រព្រឹត្ដ​វិញ បុរស​បែរជា​ខឹង​ច្រឡោត​តូងតាង​រករឿង​ទាត់ធាក់​កាប់ចាក់ បាញ់​ប្រហារ និង​លែង លះ។ ចំណុច​ត្រង់នេះ​ហើយ​ដែលអាច​ឱ្យមើល​ឃើញថា ៖ “បុរសៗ​មិនអាច​ធ្វើចិត្ដ​ដូចជា​ស្ដ្រីបាន​ឡើយ! ស្ដ្រីអាច​ខាំមាត់​អត់ធន់​បានខ្លះ នៅពេល​បានដឹង​ថា ប្ដីមាន​ស្រីនៅខាង​ក្រៅ!”។

4 . ខ្វះការ​ជឿជាក់​ទៅលើ​បរិស្ថាន​គ្រួសារ ៖ បរិស្ថាន​គ្រួសារ​នៃសង្គម​សព្វថ្ងៃ​មានការ​ប្រែប្រួល​ខុសពី​ដើមច្រើន​ណាស់។ ស្ដ្រី​មួយចំនួន​ដោយសារ​តែការ​ឈ្លក់​វង្វេងនឹង​វប្បធម៌​បរទេស តាមរយៈ​ខ្សែវីដេអូ​ដែលបាន​បញ្ចាំង​នោះ ដែល​ឃើញតែ​កើតមាន​បញ្ហា ដណ្ដើម​ប្ដីដណ្ដើម​ប្រពន្ធ​គ្នា ដល់ថ្នាក់​ប្រើហិង្សា​គ្រប់យ៉ាង​រហូត​ដល់​អំពើ​ខ្លះជាប​ទឧក្រិដ្ឋ​ទៀតផង ធ្វើយ៉ាង​ណាឱ្យតែ​ដណ្ដើម​បានស្ដ្រី ឬ​បុរសនោះ​មកជា​របស់​ខ្លួន។ ក្នុង​សាច់រឿង​វីដេអូ​ទាំងនោះ តែងឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ភាពមិន​ស្មោះត្រង់​ចំពោះ​ប្ដី ចំពោះ​ប្រពន្ធ ចំពោះ​កូន ឬ​ចំពោះ​គូស្នេហ៍។ គ្រប់ពេល​វេលា​ទាំងអស់​តែងតែ​ប្រទះនឹង​សាច់រឿង​ផិត រហូត​ដល់ការ​ឃើញ​ញឹកញាប់​នោះបាន​ក្លាយ​ទៅជា​រឿង​ធម្មតា​ស៊ាំក្នុង​អារម្មណ៍។ ដូចនេះ​ក៏យល់​ឃើញថា “ការ​ផិតក្នុង​អាពាហ៍​ពិពាហ៍”ជារឿង​ធម្មតា។ ស្ដ្រីខ្លះ​មាន​អារម្មណ៍​ដក់ជាប់ ទៅតាម​រូបភាព​ខ្សែរឿង ទើបនៅ​ក្នុង​ជីវភាព​រស់នៅ​ក៏​ចេះតែ​បណ្ដោយ​ឱ្យខ្សែ​ជីវិត​ឆ្លងកាត់​ស្នេហា​ពីមួយ​ទៅមួយ​តាម​តម្រាប់​កុន ល្ខោន។

5 . មនុស្សថ្មី​ត្រូវចិត្ដ​ជាង ៖ ស្ដ្រី​ជាច្រើន​បាន​ជឿជាក់​ថា គូស្នេហ៍​ដែលបាន​ឈានទៅ​ដល់អាពាហ៍​ពិពាហ៍​ជាមួយ​នឹងនាង គឺជា​បុរស​ដែលនាង​ស្វែងរក។ ប៉ុន្ដែ​នៅពេល​រួមរស់​ជាមួយ​នឹងគ្នា​ក្នុង​ជីវិត​ប្ដីប្រពន្ធ​យូរៗ​ទៅ និង​ដោយ​ចៃដន្យ ស្ដ្រី​បានជួប​នឹង​មនុស្ស​ថ្មី ម្នាក់​ទៀត ស្រាប់ធ្វើ​ឱ្យនាង​មានការ​ពេញចិត្ដ​មនុស្ស​ថ្មីជាង​ប្ដី​របស់​នាង​ទៅទៀត។ នាងបាន​ឃើញ​បុរស​ថ្មីម្នាក់នោះ​មាន​គុណ​សម្បត្ដិ ច្រើនជាង​ប្ដី​របស់​នាង។ នៅក្នុង​ស្ថានភាព​រំជួល​ចិត្ដ​យ៉ាងនេះ ប្រសិន​បើស្ដ្រី​នោះមាន​សីលធម៌ និង​កម្លាំង​ចិត្ដអាច​នឹងទប់​ប្រាណ​នាងបាន ព្រោះនាង​គិតថា នាង​ជាស្ដ្រី​មានប្ដី​រួចទៅ​ហើយ! នាង​មិនអាច​ធ្វើអ្វី​បានទៀត​ឡើយ​នៅក្នុង​ចំណង​អាពាហ៍​ពិពាហ៍​នេះ។ ប៉ុន្ដែ​ក៏មាន​ស្ដ្រីខ្លះ​អាចនឹង​បណ្ដោយ​ចិត្ដ​បណ្ដោយ​កាយ​ឱ្យ​ភ្លើតភ្លើន​ទៅតាម​ការញ័រ​រំជួល​របស់​បេះដូង​ផងដែរ ហើយ​ពេលនោះ​នាងក៏​ធ្លាក់​ទៅក្នុង អន្លង់​មាន​សហាយ។

បណ្ដាំ​ផ្ញើ

អ្វីដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ ជា​មូលហេតុ​មួយចំនួន​អាចនាំ​ឱ្យស្ដ្រី​ដែល​ស្ថិតក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ភ្លាត់​ស្នៀត​មាន​សហាយ។ ហើយ​ទាំងនេះ​ក៏ជា​បញ្ហា​ដែល​ពញ្ញាក់​អារម្មណ៍​បុរស​ទាំងឡាយ​ដែល​កំពុង​ស្ថិតក្នុង​ចំណុច​ប្រកាស​អាសន្ន​ឱ្យប្រឹង​ស្ដារ ចំណង​នេះឡើង​វិញ។ ពេលខ្លះ​ការមាន​សហាយ​មិនមែន​ជាកំហុស​របស់​ស្ដ្រីតែ​ម្នាក់នោះ​ទេ ហេតុនេះ​ត្រូវរក​ឱ្យឃើញ​ថា អ្នកណា​ដែលបង្ក​ឱកាស​ឱ្យនាង​មាន​សហាយ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Google Analytics Alternative