ហាត់ប្រាណជួយឱ្យជីវិតស្រស់ថ្លា

ការលេង​កីឡា​បាន​ត្រឹមត្រូវ និង​តាម​ក្បួន​ខ្នាត​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​រាងកាយ។ ផ្ទុយ​ទៅវិញ​បើ​លោកអ្នក មិន​យល់​ពី​ការ​ហាត់ប្រាណ​ឱ្យមាន​លក្ខណៈ​ប្រសើរ​នោះទេ វា​ក៏អាច​ធ្វើឱ្យ​លោកអ្នក​មាន​ជម្ងឺ​បាន​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ ការ​ហាត់ ប្រាណ​ក៏​ដូចជា​ការ​លេង​កីឡា​នានា​ដែរ គឺ​សុទ្ធ​តែ​ធ្វើ​ឱ្យ​លោក​អ្នក​បញ្ចេញ​នូវ​សារ​ជាតិ​ពុល​ផ្សេងៗ​មក​ខាង​​ក្រៅ​តាមរយៈ​ញើស​នេះ​ឯង។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក ហ៊ី ឌីណារិន្ទ ប្រធាន​ក្លឹប​គីងកុង ដើម្បី​​នាំមក​នូវការ​យល់​ដឹង​ពីការ​ហាត់ប្រាណ​ដែលជា​កាយវិការ​មួយ​ល្អ​សម្រាប់​ជីវិត​រស់​នៅ​ជូន​លោក​អ្នក​អាន។

ប្រយោជន៍​នៃការ​ហាត់ប្រាណ

បច្ចុប្បន្ន​នេះ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​យល់ដឹង​អំពី​ការ​ធ្វើ​លំហាត់​ប្រាណ​ស្ទើរតែ​គ្រប់គ្នា​ទៅហើយ ព្រមទាំង​នាំគ្នា​អនុវត្ដច្រើន​គួរសម​ដែរ។ ការ​ហាត់ប្រាណ​មាន​សារៈ​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ ជា​ពិសេស​វាធ្វើឱ្យ​លោក​អ្នក​អាច​កាត់បន្ថយ​អាការ​ជម្ងឺ​បាន​មួយ​កម្រិត​ផងដែរ។ ការ​ហាត់ប្រាណ​តាម​ក្បួនខ្នាត​ត្រឹម​ត្រូវ ប្រកប​ដោយ​សុវត្ថិភាព មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ជម្ងឺ​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​របស់​លោក​អ្នក​ស្អាត​ទៅ​តាម​ចិត្ដ​ចង់​បាន​ទៀត​ផង។ លំហាត់​ប្រាណ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​សប្បាយ​រីករាយ មាន​សុខភាព​ល្អ។

កត្ដា​ដែលនាំ​ឱ្យ​ហាត់ប្រាណ​មាន​សុខភាពល្អ

មាន​កត្ដា​ហាត់ប្រាណ​មួយ​ចំនួន​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព​ល្អបាន ៖

  • ត្រូវ​កម្ដៅ​សាច់ដុំ​មុនពេល​ហាត់ប្រាណ​គ្រប់​ប្រភេទ
  • បន្ទាប់​មកទៀត​ទើប​ចាប់​ផ្ដើម​ហាត់​យក​តែម្ដង
  • ជា​ចុង​ក្រោយ​ទើប​សម្រួល​សាច់ដុំ ឬ​ពត់​សាច់​ដុំឱ្យ​បាន​ត្រឹមត្រូវ។
  • លោកអ្នក​ត្រូវហាត់​ដោយ​ផ្លាស់​ប្ដូរគ្នា ដោយ​ចល័តមិន​ត្រូវហាត់​តែ​កីឡា​ដដែលៗ​នោះទេ។ ឧទាហរណ៍ ថ្ងៃនេះ​លោកអ្នក ​ហាត់​កីឡា​មួយ​ដែល​ធ្វើឱ្យ​លោក​អ្នក​មាន​ចលនា​បេះដូង​ដើរ​បានល្អ ដោយរត់ ឬ​ជិះកង់​ជាដើម។ ចំណែក​ថ្ងៃស្អែក​វិញ លោក​អ្នក​គួរតែ ចាប់​ផ្ដើម​ហាត់​កីឡា​មួយ​ប្រភេទ​ទៀត ដូច​ជា​កីឡា​ដើម្បី​កម្ចាត់​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម ខ្លាញ់​រុំ​បេះ​ដូង ឬ​បេះដូង​ដើរ​មិន​ស្រួល ជាដើម។ កុំ​គិតតែ​ហាត់​តែ​រាង​កាយខាង​ក្រៅ ចង់​បាន​សាច់​ដុំធំ តែ​រាង​កាយ​ខាង​ក្នុង​មិន​រវីរវល់​នោះ​ទេ កត្ដា​នេះ​ក៏មិន​អាច​ឱ្យ លោក​អ្នក​ទទួល​បាន​សុខភាព​ល្អបាន​ដែរ។

    ការ​គិតគូរ​អំពី​របប​អាហារ​រឹតតែ​ប្រសើរ​ចំពោះ​សុខភាព ព្រោះ​អាហារ​ដែល​យើង​បរិភាគ​ចូល​ក្នុង​រាងកាយ​រាល់ថ្ងៃ អាហារ​មួយ​ចំនួន​គឺ​មាន​ជាតិ​កាឡូរី​ខ្ពស់​ណាស់។ ដូច​នេះ​លោកអ្នក​ត្រូវញ៉ាំ​អាហារ​ទៅតាម​សុខភាព​របស់​ខ្លួន ដូចជា​ចង់​សម្រក​ទម្ងន់ ត្រូវញ៉ាំអាហារ​ប្រភេទ​ណា ហើយ​ចង់​ឡើង​ទម្ងន់ ត្រូវ​ញ៉ាំ​អាហារ​ប្រភេទ​ណា​ជា​ដើម។ ប៉ុន្ដែ​មនុស្ស​ភាគច្រើន​តែង​តែគិត​ពីការ​ឡើង​ទម្ងន់​ខ្ពស់ ឬ​លឿន។ ដូចនេះ​បើ​លោកអ្នក​ចង់​សម្រក​ទម្ងន់​អ្នក​ត្រូវ​គិត​ទៅ​លើ​កត្ដា៣​យ៉ាងគឺ ៖

  • ដំបូង​គេបង្អស់​គឺហាត់​ចលនា​បេះដូង
  • ត្រូវគិត​ទៅលើ​កត្ដា​ចំណី​អាហារ គួរតែ​បរិភាគ​អាហារណា​ដែល​មាន​ពណ៌ស ​(សាច់មាន់ សាច់ត្រី)
  • ត្រូវ​ដឹង​ខ្លួន​ឯង​ថា លោក​អ្នក​ចង់​ស្រក​កន្លែង​ណា ​(ត្រង់ពោះ ត្រគាក ដៃ ជើងជាដើម)។
  • ប្រការ​គួរប្រតិបត្ដិ​ពេល​ហាត់ប្រាណ

    ការ​ហាត់ប្រាណ​ក៏​ត្រូវ​តែ​មាន​គោលការណ៍​ច្បាស់​លាស់​មួយ​ផង​ដែរ ដោយ​ធ្វើការ​កំណត់​អំពី​ការ​ហាត់​ឱ្យបាន​ត្រឹមត្រូវ។ អ្នកដែល​លើក​សាច់ដុំ ដើម្បី​ឱ្យ​សាច់​ដុំធំ​បាន តើ​គេ​ត្រូវ​ធ្វើយ៉ាង​ណា ដំបូង​គេហាត់​អ្វីមុន? ពេល​ចាប់​ផ្ដើម​ហាត់​ដំបូង​នោះ​គេត្រូវ​ហាត់​ដោយយឺតៗ បន្ដិច​ម្ដងៗ មិន​បង្ខំ​ហួសហេតុ​ពេក។ មិន​មែន​មក​ដល់​ភ្លាម​ចាប់​ផ្ដើម​ហាត់​ដូចគេ​ដែល​ហាត់​យូរ​នោះទេ វា​អាច​បង្កគ្រោះថ្នាក់​ដល់​អ្នក​ហាត់​បាន ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​គេចែក​ការហាត់​ក្នុង​មួយ​ថ្ងៃចាប់​ពី១ម៉ោង​ទៅ១:៣០នាទី ជាការ​ល្អ​ដើម្បី​សុខភាព។ បើ​យើង​ហាត់​ចាប់​ពី២​ម៉ោង​ទៅ​៣ម៉ោង នោះ​វាធ្វើ​ឱ្យ​កម្លាំង​ក្នុង​ខ្លួន​យើង​ចុះអន់​ថយ ខ្សោយ​កម្លាំង​បាន ការហាត់​បែប​នេះគ្មាន ប្រយោជន៍​អ្វីដែរ។ បើហាត់​ជាប្រចាំ​ទៅ គេ​ហាត់​តែ​៥ថ្ងៃ​ក្នុងមួយ​សប្ដាហ៍​តែប៉ុណ្ណោះ ដោយ​សម្រាក​ចំនួន​២ថ្ងៃ ដើម្បី​ឱ្យសាច់ដុំ មាន​ការ​សម្រាក និង​ធ្វើការ​លូតលាស់។

    ដំបូន្មាន​អ្នកជំនាញ

    លោកអ្នក​គួរតែ​ឆ្លៀត​ពេលវេលា​ទៅ​ធ្វើការ​ហាត់ប្រាណ​ដើម្បី​សុខភាព។ ព្រោះថា​ការហាត់​ប្រាណ​អាច​ធ្វើឱ្យ​លោកអ្នក មាន​អាយុ​កាន់​តែ​វែង​បាន ចៀស​ផុត​ពីជម្ងឺ​ផ្សេងៗ​ទៀតផង។ លោក​អ្នក​គួរតែ​ធ្វើ​តារាង​មួយ​សម្រាប់​ការហាត់​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្រក ឬ​តម្លើង​នៃរាង​កាយ​ទទួល​បានលទ្ធ​ផលល្អ​ទៀត​ផង។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Categories:

    Leave a Reply

    Your email address will not be published. Required fields are marked *