សុខ ស្រីពេជ្រ សុខភាពធ្លាក់ចុះ សម្រស់អន់ថយ

បន្ទាប់​ពី​បាន​ចូល​ប្រឡូក​នៅក្នុង​ពិភព​សិល្បៈ​អស់​រយៈកាល​ប្រមាណ​ជា​១០ឆ្នាំ​កន្លង​មក​នេះ គេ​សង្កេត​ឃើញ​ថា កញ្ញា សុខ ស្រីពេជ្រ ពិធី​ការិនី​រូបស្រស់​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប៉ុស្ដិ៍​លេខ១១ មានភាព​លេចធ្លោ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន តាមរយៈ​កម្មវិធី​ចំណាប់​អារម្មណ៍​ស្ដ្រី។ លើស​ពីនេះ​ទៅទៀត សម្រស់​របស់​នាង​កាន់តែ​មានភាព​ស្រស់ស្អាត​ជាងមុន​ទៅទៀត។ តើនាង​មាន​វិធីសាស្ដ្រ​យ៉ាងណា​ក្នុងការ​ថែរក្សា​សម្រស់​ដ៏​ផូរផង់​យ៉ាង​ដូច្នេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាង​ក្រោម​នេះ​គឺជា​វិធី​សាស្ដ្រ​មួយ​ចំនួន​ដែល​កញ្ញា សុខ ស្រីពេជ្រ តែងតែ​ជ្រើសរើស​យកមក​ធ្វើការ​អនុវត្ដ ដើម្បី​សុខភាព​រាងកាយ​មាំមួន អារម្មណ៍​ជ្រះថ្លា និង​សម្រស់​កាន់​តែ​ស្រស់​ស្អាត។

ប្រវត្ដិ​មុនពេល​ឈានចូល​វិស័យ​សិល្បៈ

កញ្ញា សុខ ស្រីពេជ្រ បានចូល​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​ដំបូង​បង្អស់​នៅឆ្នាំ១៩៩៩ តាមរយៈ​ការ​ប្រឡង​ចម្រៀង​នៅ​ក្នុង​កម្មវិធី​ ពន្លក​តារា នៅ​ស្ថានីយ​ទូរទស្សន៍​កង​យោធពល​ខេមរៈ​ភូមិន្ទ ប៉ុស្ដិ៍​លេខ៥។ ​ជា​អកុសល​ការ​ប្រឡង​របស់​នាង​មិន​បាន​ទទួល​ជ័យលាភី​ឡើយ ដោយ​នាង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២។ ក្រោយ​មក​ដោយ​មាន​ទឹក​ចិត្ដ​ស្រឡាញ់​ផ្នែក​សិល្បៈ ស្រីពេជ្រ​បាន​ព្យាយាម​ស្វែង​រក​អាជីព​ជាអ្នក​ចម្រៀង។ ដំបូង​ឡើយ​នាង​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​ហង្សនាគ ហើយ​ក្រោយ​មក​នាង​បាន​ចូល​ច្រៀង​នៅក្នុង​បណ្ដា​ភោជនីយដ្ឋាន​ជា​ច្រើន​ទៀត។ បន្ទាប់​ពីនោះ​កេរ្ដិ៍​ឈ្មោះ​របស់​នាង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​បោះសម្លេង រហូត​បាន​ចេញ​ទៅ​សម្ដែង​នៅ បរទេស​ថែមទៀត​ផង ដូច​ជា​ប្រទេស​អូស្ដ្រាលី កាណាដា បារាំងជាដើម។ ក្រៅពី​នោះ ស្រីពេជ្រ​ថែមទាំង​បាន​ចូល​ច្រៀង​នៅក្នុង ផលិត​កម្ម​តោមាស​រៃមាស។ ហើយ​រហូត​មកដល់​បច្ចុប្បន្ននេះ ស្រីពេជ្រ​ក៏ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប៉ុស្ដិ៍លេខ១១ ក្នុង កម្មវិធី​ចំណាប់​អារម្មណ៍​ស្ដ្រី។

ការថែ​រក្សា​សម្រស់

បើ​ទោះបី​ជា​មាន​ភាព​មមាញឹក​ជាមួយ​អាជីព​ជាអ្នក​សិល្បៈ​យ៉ាងណា​ក៏ដោយ ក៏​សម្រស់​របស់​ស្រីពេជ្រ​នៅតែ​ស្រស់​ថ្លាជា​និច្ច​ជាមួយ​នឹង​វិធី​ថែរក្សា​សម្រស់​ដ៏​សាមញ្ញ​របស់​នាង។

  • ការ​ថែរក្សា​ស្បែក​មុខ ៖ ជា​រៀងរាល់​ថ្ងៃ​ក្រោយ​ពី​សម្រាក​ពី​ការងារ និង​ឆ្លៀត​ពេល​ទំនេរ ស្រីពេជ្រ​តែងតែ​ធ្វើការ​ថែរក្សា​ស្បែក​មុខ​ដ៏​ផូរផង់​របស់​នាង​ជាមួយ​នឹង​ត្រសក់ ផ្លែ​ប៉េងប៉ោះទុំ និង​ផ្លែ​ចេក​ណាំវ៉ា​ទុំជា​ដើម ដោយ​ចិត​ជា​ចំណិត​ស្ដើងៗ រួចយក​មក​បិត នៅ​លើ​ផ្ទៃ​មុខ។ ក្រៅ​ពី​នោះ ក្រោយ​ពី​ក្រោក​ពីដំណេក និង​ងូតទឹក នាង​តែងតែ​ធ្វើការ​ជម្រះ​ផ្ទៃ​មុខ​ជា​មួយ​សាប៊ូ​លាង​មុខដែល​សក្ដិសម​ទៅនឹង​ស្បែកមុខ​របស់នាង។
  • ការថែ​រក្សា​ស្បែក​ដងខ្លួន ៖ ក្នុងនាម​ជា​ពិធីការិនី និង​ជា​តារា​មួយដួង ចំពោះ​ស្បែក​ដងខ្លួន​រឹតតែ​មិនអាច​ធ្វេសប្រហែស​ទៅបាន។ គ្រប់ពេល​ក្រោយពី​ការ​ងូតទឹក​សម្អាត​រាងកាយ និង​ចេញ​ទៅក្រៅ ឬ​ចេញទៅ​សម្ដែង ជានិច្ច​កាល​នាង​តែង​តែ​ប្រើ​នូវ​ផលិតផល​ជំនួយ​ស្បែក ដែល​ធ្វើឱ្យ​ស្បែក​មាន​សំណើម និង​ទប់ទល់​ជាមួយ​កម្ដៅថ្ងៃ ដែលជា​សត្រូវ​ទីមួយ​ជាមួយ​នឹង​ស្បែក​ដ៏ម៉ដ្ឋ សរ​លោង​របស់នាង​ជាប្រចាំ។
  • ការថែ​រក្សា​សក់ ៖ ការ​តុបតែង​សក់ និង​ការ​ទទួល​រង​នូវការ​គាប គឺជា​រឿង​ដែល​មិនអាច​ចៀស​ផុត​ចំពោះ​អ្នក​ដែល​មាន អាជីព​ជាអ្នក​សិល្បៈ ជា​ពិសេស​ពិធី​ការិនី​ដូចជា​រូបនាង ដែល​ជា​ហេតុ​ធ្វើឱ្យ​សក់​ងាយ​ខូច ស្រួយ និងបែកចុង។ ដូច​នេះ​ស្រីពេជ្រ​តែង តែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការថែ​រក្សា​សុខភាព​សក់ ដោយ​រៀងរាល់​២-៣ថ្ងៃ​នាង​ត្រូវ​តែ​ធ្វើការ​កក់សក់​១ដង ហើយ​មួយ​សប្ដាហ៍ ធ្វើ​ការកក់​បន្ទន់ និង​អប់សក់​ម្ដង។
  • ការ​ថែ​រក្សា​រោម​ភ្នែក និង​ចិញ្ចើម ៖ ស្រីពេជ្រ​មិន​សូវ​ជាចូលចិត្ដ​រោម​ចិញ្ចើម​ក្រាស់​ពេក​នោះ​ទេ។ ដោយ​ឡែក​នៅ​ពេលដែល​ចេញ​ទៅ​សម្ដែង ឬ​បម្រើ​ការងារ នាង​គ្រាន់តែ​គូស​តុបតែង​ពីលើ​បន្ថែម​បន្ដិច​ជាការ​ស្រេច។ ប៉ុន្ដែ​ចំពោះ​រោម​ភ្នែក ស្រី​ពេជ្រ ចូល​ចិត្ដ​ក្រាស់ ហើយ​ង​បន្ដិច។ ដូច្នេះ​នៅពេល​ដែល​នាង​ចេញ​ទៅ​សម្ដែង នាង​តែងតែ​ប្រើ​ម៉ាស្ការ៉ា​ពណ៌​ខ្មៅ​មក​លាប និង​ពត់រោម​​​ដើម្បី​ឱ្យ​កោង និង​ក្រាស់បន្ដិច។
  • ការ​ថែរ​ក្សា​ភ្នែក ៖ ក្នុងពេល​ចេញ​ទៅ​សម្ដែង រាល់​ថ្ងៃ​តែង​តែ​ប្រឈម​មុខ​ទៅ​នឹង​ពន្លឺ និង​កម្ដៅ​ព្រះ​អាទិត្យ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្នែក។ ដូច្នេះ​គ្រប់​ពេល​ដែល​ចេញដំណើរ​ទៅ​ក្រៅ​ទោះ​ទីជិត​ឬឆ្ងាយ កញ្ញា​តែងតែ​ប្រើ​វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ​ជាប់​ជា​និច្ច។ ម្យ៉ាង​វិញ​ទៀត​ឆ្លៀតពេល​ទំនេរ​ពី​ការងារ រៀង​រាល់​ខែ​នាង​តែងតែ​ទៅ​គ្លីនិក​ដើម្បី​ពិនិត្យ​ភ្នែកម្ដង។
  • ការ​ថែ​ទាំ​សុខ​ភាព​មាត់​ធ្មេញ ៖ ការងារ​នៅក្នុង​សិល្បៈ ការ​ទំនាក់​ទំនង​គឺ​ពិត​ជា​រឿង​ដែល​សំខាន់ ជា​ពិសេស​គឺការ​ប្រាស្រ័យ​ដោយ​ទឹកមុខ និង​ពាក្យ​សម្ដី។ បញ្ហា​ថែទាំ​សុខភាព​មាត់​ធ្មេញ​គឺជា​រឿង​ដែល​ត្រូវតែ​យកចិត្ដ​ទុកដាក់។ រាល់​ថ្ងៃក្រោយ​ពី បរិភោគ​អាហារ នាង​តែងតែ​ធ្វើការ​សម្អាត​មាត់​ធ្មេញ​ជានិច្ច ដើម្បី​ថែទាំ​សុខភាព​មាត់ធ្មេញ យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៣ដង​ក្នុង​មួយ​ថ្ងៃដែរ។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង

    ការ​ធ្វើ​លំហាត់ប្រាណ​ដើម្បី​សុខភាព

    បើទោះបី​ជា​មាន​ភាព​មមាញឹក​ជាមួយ​នឹង​ការងារ​យ៉ាងណា​ក៏ដោយ ក៏​ស្រីពេជ្រ​មិន​ដែល​បោះបង់​ចោល​នូវការ​ធ្វើលំហាត់​ប្រាណដែរ។ នៅ​ពេល​រសៀល​នាង​តែង​តែ​ចេញ​ទៅ​ធ្វើលំហាត់​ប្រាណ​ជានិច្ច ដូចជា​ការលេង​កីឡា​វាយសី ឬ​រត់​ជាដើម។ លើស​ពីនេះ​ទៅ​ទៀត នាង​ចូលចិត្ដ​កីឡា​ហែលទឹក ព្រោះ​នាង​យល់ថា​ការហែល​ទឹក​អាច​ធ្វើឱ្យ​រាងកាយ និង​ដងខ្លួន​របស់នាង​ស្រឡូន​បានល្អ។ អ្វី​ដែល​គួរឱ្យ​មាន​ការ​កត់​សម្គាល់​នោះ គឺ​របប​អាហារ​ប្រចាំថ្ងៃ។ បើ​តាមការ​រៀបរាប់​ប្រាប់​របស់​នាង​បាន​ឱ្យ​ដឹងថា អាហារ​៣ពេល​ក្នុង​មួយថ្ងៃ​ភាគ​ច្រើន​គឺបន្លែ​ច្រើន​ជាង​សាច់។ មូលហេតុ​ដែល​នាង​បរិភោគ​បន្លែ ព្រោះ​នាង​យល់​ថា​បន្លែ​អាច​ជួយ​ឱ្យស្បែក​ស្អាត ហើយ​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ធ្វើឱ្យ​ប្រាស​ចាក​ពីបញ្ហា​ធាត់​បាន។

    បំណងថ្ងៃ​អនាគត

    ទោះ​ជាយ៉ាង​ណាក្ដី អាជីព​នាពេល​បច្ចុប្បន្ន​នេះ នៅ​មិនទាន់​គ្រប់​បំណង​ប្រាថ្នា​របស់នាង​នៅឡើយ​នោះទេ។ ទៅ​ថ្ងៃ​អនាគត ស្រីពេជ្រ​មាន​បំណង​បើក​អាជីវកម្ម​ធុនតូច​ល្មម​នឹង​ជីវភាព​គ្រួសារ​របស់នាង ដើម្បី​អាច​រក​កម្រៃ​បន្ថែម​ពី​ការងារ​អាជីព​ជាអ្នក​សិល្បៈ​​នេះ​បន្ដិច​​ទៀត។

    បណ្ដាំ​ផ្ញើរបស់​កញ្ញា សុខ ស្រីពេជ្រ

    ការងារ​គឺជារឿង​សំខាន់ ដែល​តម្រូវ​ឱ្យយកចិត្ដ​ទុកដាក់​យ៉ាង​ម៉ឺងម៉ាត់​បំផុត។ ប៉ុន្ដែ​សុខភាព​រឹតតែ​សំខាន់ និង​ត្រូវតែ​យកចិត្ដ​​ទុកដាក់​ថែរក្សា​ជាង​កិច្ច​ការងារ​ទៅទៀត។ បើ​សុខភាព​រាងកាយ​ធ្លាក់ចុះ សម្រស់​អន់ថយ ទោះ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​យ៉ាង​ណាក្ដី ក៏​មិនអាច​បង្កើត​នូវ​សុភមង្គល​បានដែរ។ ដូច្នេះ​អ្វី​ដែល​ប្រសើរ​បំផុត​នោះ គឺ​សុខភាព​រឹងមាំ​បរិបូរណ៍ សម្រស់​ស្រស់ថ្លា ទើប​ជា​ប្រការ​មួយ​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗនៅក្នុង​សង្គម។
    ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់ឃើញ និង​ជាការ​អនុវត្ដ​ផ្ទាល់​របស់​កញ្ញា សុខ ស្រីពេជ្រ តែប៉ុណ្ណោះ។ សូមលោក​ស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យក​អ្វី​ដែល​លោកអ្នក​យល់​ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

    ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ សុខ ស្រីពេជ្រ
  • អាយុ ៖ ២៥ឆ្នាំ
  • កម្ពស់ ៖ ១,៥៥ម៉ែត្រ
  • ទម្ងន់ ៖ ៤៦គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៦ ២៧ ៣៤
  • បងប្អូន ៖ ៤នាក់ ប្រុស១នាក់ (កូនស្រីទី២)
  • កម្រិតវប្បធម៌ ៖ បញ្ឈប់ការសិក្សា​ត្រឹមថ្នាក់ទី៩​(២០០០)
  • អាជីពបច្ចុប្បន្ន ៖ តារា​ចម្រៀង និង​ពិធីការិនី
  • ស្រុកកំណើត ៖ ខេត្ដព្រៃវែង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ
  • ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Google Analytics Alternative