គម្រោង​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​របស់​កម្ពុជា​កំពុង​ជួប​បញ្ហា

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ ឯក​ឧត្តម​បណ្ឌិត ច័ន្ទ ​សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និងនេសាទ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​១២០​លាន​ដុល្លារ​ទៀត ដើម្បី​វិនិយោគ​ទៅ​លើ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ប្រសិន​បើ​ខ្លួន​ចង់​ឱ្យ​បាន​សម្រេច​គោល​ដៅ​ឆ្នាំ​២០១៥​ របស់​រដ្ឋា​ភិបាល​ក្នុង​ការ​នាំ​ចេញ​អង្ករ​ចេញ​ឱ្យ​បាន​មួយ​លាន​តោន​នោះ។​ តើ​កម្ពុជា​អាច​សម្រច​តា​ម​ផែន​ការ​នាំ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​បាន​ដែរ​ឬ​ទេ? តើ​បច្ចប្បន្ន​នេះ​ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ​?

រូបភាពគេហទំព័រសុខភាពកម្ពុជា

បើ​លោក​អ្នក​ចង់​ជ្រាប​ច្បាស់​ សូម​ប្រិយ​មិត្ត​តាម​អាន​ជាមួ​យ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ដូច​តទៅ៖​

កាល​ពី​ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០១២ ក្រុម​ការងារ​ទី៩​របស់​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក ច័ន្ទ សារុន បាន​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​ជា​បន្ទាន់​មួយ ដើម្បី​ពិនិត្យ​មើល​ស្ថាន​ការណ៍​ និង​បញ្ហា​ប្រឈម​នានា​របស់​ក្រុម​ហ៊ុន​ឯក​ជន ដែល​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សា​រអន្តរ​ជាតិ។ កិច្ច​ប្រជុំ​នេះ​បាន​ដំណើរ​ការ​ពេញ​មួយ​ព្រឹក​នៅ​ឯ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយ​មាន​ការ​ចូល​រួម​​ពី​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។​

នៅ​ក្នុង​ឱកាស​នេះ លោក​ ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​នានា ​របស់​រដ្ឋា​ភិបាល​ ពិនិត្យ​និង​ដោះស្រា​យ​បញ្ហាប្រ​ឈម​មុខ​នានា ​ដើម្បី​ជម្រុញ​ឲ្យ​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ក​រ​នៅ​កម្ពុជា​ នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ឲ្យ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធ​ភាព មិន​ស៊ី​រយៈ​ពេល​យូរ​នៃ​ការ​រត់​ការ​នាំ​ចេញ។ ជា​មួយ​គ្នា​នេះ​ដែ​រ​ លោក​ក៏​បាន​សុំ​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ជម្រុញ​ឲ្យ​កសិករ​ផលិត​ស្រូវ​មាន​គុណ​ភាព​ខ្ពស់ បរិមាណ​ច្រើន​ និង​មិន​ប្រើ​ជី​គីមី​ច្រើន​ដូច​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​វៀត​ណាម និង​ថៃ​ជា​ដើម។ ការ​ស្នើ​នេះ​ ធ្វើ​ឡើង​ដើម្បី​ជម្រុញ​ឲ្យ​ផែន​ការ​របស់​​រដ្ឋា​ភិបាល​ទទួល​ជោគ​ជ័យ ក្នុង​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង​១​លាន​តោន​នៅ​ឆ្នាំ​២០១៥​ ទៅ​ទីផ្សារ​អន្តរ​ជាតិ​។ លោក ​ច័ន្ទ សារុន​ បាន​បន្ត​ថា កម្ពុជា​ត្រូវ​ការ​នាំ​ចេញ​អង្ករ​ប្រណិត​ ឬ​អង្ករ​ក្រអូប​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ ដោយ​សារ​តែ​អង្ករ​ខ្មែរ​បរិសុទ្ធ​មិន​ប្រើ​ជី​គីមី​ច្រើន​។ ចំណុច​នេះ​គឺ​ជា​អាទិ​ភាព​របស់​អង្ករ​កម្ពុជា​។ លោក ​ច័ន្ទ សារុន​ បាន​ឲ្យ​ដឹង​បន្ថែម​ថា៖​ «ដើម្បី​ប្រមូល​ទិញ​ស្តុក​ស្រូវ​នៅ​ពេល​ប្រមូល​ផល នៅ​ខ្វះ​ម៉ាស៊ីន​សម្ងួត ខ្វះ​ឃ្លាំង​ស្តុក​ស្រូ​វ​ សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូ​វនៅ​មាន​កម្រិត​នៅ​ឡើយ​សព្វ​ថ្ងៃ​នេះ ដែល​ហេតុ​នាំ​ឲ្យ​ស្រូវ​ត្រូវ​បាន​លក់​ចេញ​ទៅ​ក្រៅ អ៊ីចឹង​ទៅ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ ចង់​និយាយ​ថា ជួយ​ដល់​ផ្នែក​ឯក​ជន វិស័យ​ទុន»។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័​រសារ​ព័ត៌​មាន​អាស៊ី​សេរី។​

ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា លោក​ គឹម សាវុធ បាន​មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ នៅ​រយៈ​ពេល​ ៦​ខែ​នៃ​ឆ្នាំ​២០១២​ បាន​ធ្លាក់​ចុះដោ​យសារ​តែ​មាន​បញ្ហា​ជា​ច្រើន ដូច​ជា​បញ្ហា​រត់​ការ​នាំ​ចេញ​រយៈ​ពេល​យូរ​នៅ​ច្រក​ចេញ​ចូល​តែ​មួយ។ លោក ​គឹម​ សាវុធ បាន​លើក​ឡើង​ថា៖ «អ៊ី​ចឹង​មក​ដល់​ឆ្នាំ​នេះ ទី​១ អឺរ៉ុប​ខ្លួន​ឯង​គាត់​មាន​វិបត្តិ​ ទី២ ក្រុម​ហ៊ុន​ដែល​ធ្លាប់​លក់​ទៅ​អឺរ៉ុប​ឆ្នាំ​ទៅ​ គាត់​បាត់​បង់​ទីផ្សារ។ ក្រុម​មួយ​ចំនួន​នៅ​អឺរ៉ុប​គាត់​សល់​អង្ករ អ៊ីចឹង​ឆ្នាំ​នេះ​គាត់​លក់​ធូរ​ថ្លៃ ដល់​យើង​នេះ​វាទ​ន្ទឹម​កុង​តឺន័រ​ឡើង​ថ្លៃ​ទៀត​ទៅ​ យើង​ទៅ​អត់​រួច»។

​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី (CDC) លោក​ សុខ​ ចិន្តា​ បាន​មាន​ប្រសាសន៍​ថា​ លោក​គ្រោង​កោះ​ហៅ​តំណាង​ក្រុម​ហ៊ុន និង​សមាគម​នាំ​ចេញ​អង្ក​រនៅ​សប្ដាហ៍​ក្រោយ​នេះ​ ដើម្បី​ជួប​ពិភាក្សា​ពិស្ដារ​លើ​បញ្ហា​ប្រឈម​មុខ​នីមួយៗ​ និង​ដោះ​ស្រាយ។ លោក​បាន​បន្ត​ថា៖​ «ដូច្នេះ​កិច្ចការ​នេះ​មិន​អាច​ដោះ​ស្រាយ​នៅ​ទីនេះ​ បាន​ទេ ខ្ញុំ​នឹង​អញ្ជើញ​អស់​លោក​ទាំង​ផ្នែក​ឯក​ជន ទាំង​ផ្នែក​មន្ត្រី​តំណាង​ក្រសួង​ទាំង​៥​ ទៅ​អង្គុយ​ធ្វើ​ការ​នៅ ​CDC​ ដើម្បី​ខ្ញុំ​ស្ដាប់​ឲ្យ​អស់ កត់​ត្រា​ឲ្យ​អស់ ​និយាយ​តែ​ពី​រឿង​ហ្នឹង។ រឿង​ខ្ញុំ​ រឿង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បែប​បទ​ក្នុង​ការ​នាំចេញ​ហ្នឹង​ឲ្យ​ខ្លី​ជាង​មុន ឲ្យ​ស្រួល​ជាង​មុន»។

​យោង​តាម​ឯក​សារ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​រយៈ​ពេល​៦​ខែ​ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ធ្លាក់​ចុះ​មក​ចំនួន​ជាង​៧​ម៉ឺន​៨​ពាន់​តោន បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ ៦ខែ​ដូច​គ្នានៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ ការ​នាំ​ចេញ​អង្ករ គឺ​កើន​ដល់​ចំនួន​ជាង​១សែន​៧​ម៉ឺន​តោន។​

ប្រធាន​ក្រុម​ហ៊ុន ឡូរ៉ង់​ នាំ​ចេញ​អង្ករ លោក​ឧក​ញ៉ា លឹម​ ប៊ុន​ហេង បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្លាក់​ចុះ​នោះ​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ដូច​ជា​ការ​រត់​ការ​ឯក​សារ​នាំ​ចេញ​ជួប​បញ្ហា​យឺត​យ៉ាវ​ជាង​ឆ្នាំ​មុន។​ តំលៃ​​អង្ករ​នាំ​ចេញ​របស់​វៀត​ណាម និង​ថៃ ថោក​ជាង​កម្ពុជា​នៅ​ទីផ្សារ​អន្តរ​ជាតិ។ សេវា​ដឹក​ជញ្ជូន​ផលិត​ផល​កសិកម្ម​នៅ​កម្ពុជា​ មាន​តំលៃ​ថ្លៃ និង​តំលៃ​អគ្គិសនី​នៅ​កម្ពុជា ថ្លៃ​ជាង​វៀត​ណាម និង​ថៃ ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​សម្ងួត​ស្រូ​វ និង​ម៉ាស៊ីន​កែ​ច្នៃអ​ង្ករ​ចំណាយ​ថវិកា​អស់​ច្រើន។​

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រទេស​ដែល​មាន​សក្តា​នុពល​កសិ​កម្ម​មួយ​នៅ​លើ​ពិភព​លោក ​ហើយ​ស្ទើរ​តែ​៨០​ភាគ​រយ​នៃប្រ​ជាជន​ប្រកប​របរ​លើ​ផ្នែក​កសិកម្ម​ ជា​ពិសេស​ផលិត​កម្ម​ស្រូវ​នេះ​តែ​ម្តង។​ ការ​សម្រេច​បាន​១​លាន​តោន​ការ​នាំ​ចេញ​នា​ឆ្នាំ​២០១៥​ខាង​មុខ​មាន​ន័យ​ថា​ គឺ​ជា​ការ​ផ្តល់​នូវ​កំណើន​ផល​ទុន​សរុប​ជាតិ​ឱ្យ​កាន់​តែ​ធំ​ថែម​ទៀត និង​រួម​ផ្តល់​ចំណូល​កាន់​តែ​ខ្ពស់​ដល់​ប្រជាជន​ខ្មែរ ព្រោះ​ថា​ ស្រូវ​ផលិត​ឡើង​ដោយ​កសិករ រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​ជា​អ្នក​ក្នុង​ស្រុក​ត្រូវ​ការ​ទិញ​ពីកសិ​ករ។​ បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​វិស័យ​ដទៃ​ វិស័យ​កសិកម្ម ជា​ពិសេស​គឺ​ផ្នែគផ​​លិត​កម្ម​ស្រូវ​ និង​អង្ករ​គឺ​ផ្តល់​ផល​ប្រយោជន៍​ផ្ទាល់​ជាង​គេ​ទៅ​ដល់​ប្រជាជន​ខ្មែរ ព្រោះ​អ្នកដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ខ្សែស​ង្វាក់​វិស័យ​នេះ​ធំ​ជាង​គេ​គឺ​ កសិករ​ខ្មែរ រោង​ម៉ាស៊ីន​ខ្មែរ ក្រុម​ហ៊ុន​នាំ​ចេញ​ក៏​ខ្មែរ​ ហើយ​ចំណូល​ដែល​បាន​ពី​វិស័យ​នេះ គឺ​វិល​ត្រឡប់​ចូល​ប្រទេស​ស្ទើរ​តែ​ទាំង​ស្រុង​តែ​ម្តង។​ តែ​ផ្ទុយ​ទៅ​វិញ​វិស័យ​មួយ​ចំនួន ភោគ​ផល​នៃ​ប្រាក់​ចំណូល​មួយ​ភាគ​ធំ គឺ​មិន​ដល់​ដៃប្រ​ជាជន​ខ្មែ​រ​ទេ គឺ​បាន​ទៅ​ក្រុម​ហ៊ុន​បរទេស​ និង​ភោគ​ផល​វិល​ត្រឡប់​ទៅ​ក្រៅប្រ​ទេស​វិញ​តែ​ប៉ុណ្ណោះ។​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative