មូលហេតុ​បណ្ដាល​ឱ្យ​វៀច​ខ្ទង់​ច្រមុះ

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ការ​វៀចខ្ទង់​ច្រមុះ អាច​កើតមាន​ឡើង​តាំង​ពី​កំណើត​ស្រាប់ និង​អាច​បណ្ដាល​មក​ពី ការ​ប៉ះទង្គិច​ខាង​ក្រៅ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។ ម្យ៉ាង​វិញ​ទៀត ចំពោះ​អ្នក​ដែល​ចូលចិត្ដ​ធ្វើ​ការកែ​សម្ផស្ស ធ្វើ​ឱ្យខ្ទង់​ច្រមុះ មាន​សភាព​ខ្ពស់​ត្រង់ ឬ​កោង​ល្អ ឬ​ធ្វើឱ្យ​ច្រមុះ​ស្រួច ក៏អាច​ប្រឈម​មុខ​ទៅនឹង​បញ្ហា​វៀច​ខ្ទង់​ច្រមុះ​នេះបាន​ដែរ ដោយ​សារ​តែការ​ធ្វេស​ប្រហែស​របស់​អ្នក​ជំនាញ​នៅ​ក្នុង​ពេល​ធ្វើការ​វះកាត់។ ម្យ៉ាង​វិញទៀត​ប្រការ​នេះ​អាច​កើត​មាន​នៅ​ពេល​ដែល​អ្នកជំនាញ​មិន​បាន​ធ្វើ​ការ​វិភាគ​ឱ្យបាន​ច្បាស់​លាស់​មុន​ពេល​ធ្វើការ​វះកាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​ជម្ងឺ​វៀច​ខ្ទង់ច្រមុះ

បើ​តាម​ការ​សង្កេត​មើល​រោគសញ្ញា​ដំបូង អ្នក​ជម្ងឺ​មាន​អាការ​រមាស់​ក្នុង​រន្ធ​ច្រមុះ រក​កល​កណ្ដាស់ ដែល​មាន​សភាព​ដូចជា ជម្ងឺ​ផ្ដាសាយ។ បន្ទាប់​មក​អ្នក​ជម្ងឺ​តែងតែ​តឹង​ច្រមុះ(តឹង​ខាងខ្ទង់​ច្រមុះ​ប៉ោង​ឡើង) និង​មាន​អាការ​ដូច​ជា​ពិបាក​នៅក្នុង​ការដក​ដង្ហើម ចេញ​ចូល ឈឺ​ក្បាល ហៀរ​សម្បោរ​ថ្លាៗ ឬ​វិលមុខ​ជាដើម។

វិធី​ព្យាបាល​វៀច​ខ្ទង់​ច្រមុះ

វិធី​សាស្ដ្រ​នៅក្នុង​ការព្យាបាល​គឺ​អាស្រ័យ​ទៅ​លើស​ភាព​ជាក់​ស្ដែង​ដែល​បង្ក​ឱ្យ​មាន​ផលវិបាក​ទៅ​លើ​អ្នក​ជម្ងឺ​ម្នាក់ៗ។

1. ករណីទី១ ៖ ប្រសិន​បើ​ការ​វៀច​ខ្ទង់​ច្រមុះ​នេះ​មិន​បណ្ដាល​ឱ្យ​មាន​បញ្ហា​ខ្លាំង​ក្លា​ទៅ​ដល់​អ្នក​ជម្ងឺ​នោះ​ទេ គឺ​គេ​គ្រាន់​តែ​ប្រើ ថ្នាំ​បន្ដក់​ចូល​ទៅក្នុង​រន្ធ​ច្រមុះ​ដើម្បី​ជួយ​បន្ធូរ​ច្រមុះ និង​សម្រួល​ដល់​ការ​ដក​ដង្ហើម​ជា​ស្រេច។

2. ករណីទី២ ៖ នៅ​ពេល​ដែល​អ្នកជំនាញ​ពិនិត្យ​ឃើញ​ថា ការ​វៀច​ខ្ទង់​ច្រមុះ​បណ្ដាល​ឱ្យ​មាន​ការ​រលាក​ដល់​ដុំសាច់​ច្រមុះ (កកណេ ឬ​ធួរ​ទី​ណេត) ឬ​អាច​អាលែស្ស៊ី នោះ​អ្នកជំនាញ​អាច​ប្រើវិធី​សាស្ដ្រ​ព្យាបាល​បញ្ហា​ទាំង​នោះ​ទៅតា​មបច្ចេកទេស និង​ជំនាញ​ផ្ទាល់ខ្លួន ដើម្បី​កែខៃ និង​លុប​បំបាត់​នូវរាល់​បញ្ហា​ទាំង​អស់​នោះ។

3. ករណីទី៣ ៖ ក្នុង​ខណៈ​ពេល​ដែល​អ្នក​ជំនាញ​ធ្វើ​ការ​ព្យាបាល​ទៅ​តាម​វិធី​សាស្ដ្រ​ទាំង​ពីរ​ករណី​ខាង​លើ នៅ​តែ​ពុំអាច ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ទៀត នោះ​អ្នក​ជំនាញ​ចាំបាច់​ត្រូវតែ​អនុវត្ដ​វិធី​សាស្ដ្រ​វះកាត់ ដើម្បី​ដាប់​យក​ឆ្អឹង​ខ្ទង់​ច្រមុះ​ណា​ដែល​វៀច ឬ​កោង​នោះ​ចេញ ដើម្បី​បើក​ឱ្យ​រន្ធ​ច្រមុះ​ទូលាយ ងាយ​ស្រួល​ក្នុង​ការ​ដក​ដង្ហើម និង​មិន​បណ្ដាល​ឱ្យ​កើត​មាន​បញ្ហា​ទៅថ្ងៃ​ក្រោយ។

ផល​វិបាក​ដែល​បណ្ដាល​មក​ពីវៀច​ខ្ទង់​ច្រមុះ

អ្នកជម្ងឺ​ដែល​មាន​ការ​វៀច​ខ្ទង់ ឬ​ក្ដោង​ច្រមុះ​ក្នុង ឬ​ក្រៅក្ដី តែងតែ​មាន​ការ​ប៉ះពាល់​ដល់់​អារម្មណ៍​របស់​អ្នក​ជម្ងឺ និង​មាន អាការ​ខុស​ប្លែក​ពីគ្នា ទៅ​តាម​ទ្រង់ទ្រាយ​នៃ​ការ​វៀចខ្ទង់​នោះ។ ផល​វិបាក​នៃការ​វៀច​ខ្ទង់​ច្រមុះ មាន​ដូចជា​ធ្វើឱ្យ​អ្នក​ជម្ងឺ​មាន​អាការ ​រមាស់​នៅ​ក្នុង​ច្រមុះ រកកល​កណ្ដាស់ ពិបាក​នៅក្នុងការ​ដកដង្ហើម​ចេញចូល ឈឺក្បាល ហៀរ​សម្បោរ​ថ្លាៗ តឹង​ច្រមុះ ឬ​វិលមុខ ជា ពិសេស​ក៏អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​រលាក​ច្រមុះ​អាលែស្ស៊ី កើត​ហឺត ឬ​ការរ​លាក​ផ្សេងៗ​ទៀត។ លើសពី​នេះទៅ​ទៀត វាក៏​អាច បណ្ដាល​ឱ្យ​មាន​ការ​រលាក​ស៊ីនុស​បាន​ថែម​ទៀត​ផង ប្រសិន​បើពុំ​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

វិធី​ការពារ​វៀច​ខ្ទង់​ច្រមុះ

ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការវៀច​ខ្ទង់​ច្រមុះ ដែល​នាំឱ្យ​បាត់បង់​សម្រស់​ដ៏ផូរ​ផង់ និង​ប៉ះពាល់​ទៅ​ដល់​សុខភាព​របស់​លោក អ្នក ប្រការ​ល្អ​គួរ​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ ឬ​ហេតុការណ៍​ទាំង​ឡាយ​ណា​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ខ្ទង់ ច្រមុះ។ ជា​ពិសេស​ត្រូវ​មាន​ការ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​នៅ​ពេល​ដែល​មាន​ការ​សង្ស័យ​ថា ខ្ទង់​ច្រមុះរ​បស់​ខ្លួន​ខុស​ប្រក្រតី ដើម្បី​រក​ដំណោះ​ស្រាយ និង​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់។ ចៀសវាង​ការទុក​បង្អង់​យូរ ដែល​អាច​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​ជម្ងឺ ជា ហេតុ​ធ្វើឱ្យ​ពិបាក​ក្នុងការ​ព្យាបាល។

ដំបូន្មាន​អ្នក​ឯកទេស

ចំពោះ​ការ​វៀចខ្ទង់ ឬ​ក្ដោង​ច្រមុះ ភាគ​ច្រើន​ពុំ​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ប៉ះពាល់​ទៅ​ដល់​សុខភាព​នោះទេ។ ប៉ុន្ដែ​ទោះបី​ជាវា​មិនអាច​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាង​ណា​ក៏ដោយ ពេល​ដែល​ជួប​ប្រទះ​ជាមួយ​នឹង​បញ្ហា​ទាំង​នេះ គប្បី​ត្រូវ​យក​ចិត្ដ​ទុក ដាក់​តំហែទាំ ដើម្បី​ចៀសវាង​ការ​រីករាល​ដាល​នៃជម្ងឺ ដែល​ជាហេតុ​ធ្វើ​ឱ្យ​បញ្ហា​តូច​ក្លាយ​ទៅ​ជា​បញ្ហា​ធំចំពោះ​សុខភាព។ ជា​ពិសេស​ត្រូវ ទៅ​ពិនិត្យ​នៅតាម​បណ្ដា​គ្លីនិក ឬ​អ្នកជំនាញ​ផ្សេងៗ ដើម្បី​ឱ្យ​ដឹង​ច្បាស់ និង​ទទួល​នូវការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative