ធ្មេញស្អាត សុខភាពល្អ

បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​មាត់ធ្មេញ​ជារឿង​មួយ​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ការ​ពិបាក និង​មាន​ចម្ងល់​ជាច្រើន​ក្នុង​ពេល​កន្លង​មក។ ហេតុនេះ​ហើយនៅ​ពេល​នេះ​ដើម្បី​ឱ្យ​លោកអ្នក​ជ្រះ​ស្រឡះ​នៅ​ក្នុង​ចិត្ដ​ទស្សនាវដ្ដី សុខភាព​យើង នឹង​លើកយក​ការ​បកស្រាយ​របស់​ទន្ដ​បណ្ឌិត គង់ កល្យាណ នៅ​គ្លីនិក​ទន្ដសាស្ដ្រ​រំចង់។ សុខភាព​មាត់ធ្មេញ​ពិតជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​លោកអ្នកគ្រប់គ្នា ព្រោះ​នៅ​ពេល​ដែល​ធ្មេញ​មិន​ល្អ​លោកអ្នក​មានការ​រំខាន​ផ្នែក​ការ​ទទួលទាន​អាហារ រីឯ​បញ្ហា​សុខភាព​សម្រស់​ត្រូវ​បាត់បង់​មួយ​ផ្នែក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ​ជា​សំណួរ និង​ចម្លើយ​ចំនួន​៩​ដែល​ពាក់​ព័ន្ធ​នឹង​សុខភាព និង​សម្រស់​ធ្មេញ​ដែល​រៀបចំ​ជា​ពិសេស​សម្រាប់​លោកអ្នក។

1. តើ​ធ្មេញ​មាន​សុខភាព​ល្អ​មានន័យ​ដូច​ម្ដេច?
ធ្មេញ​​មាន​សុខភាព​ល្អ​មានន័យ​ថា ធ្មេញ​មិនឈឺគ្មាន​រោគ​ពុក គ្មាន​ប្រហោង ឬ​បង្ករោគ​អ្វី​ទាំងអស់ ព្រម​ទាំង​ត្រង់​ល្អ​គ្មានប្រ​ជ្រួស។

2. តើ​ធ្មេញ​មានសុខភាព​ល្អ​មាន​ប្រយោជន៍​អ្វីខ្លះៗ
ធ្មេញ​មាន​សុខភាពល្អ​បណ្ដាល​ឱ្យ​សុខភាព​ទូទៅ​ល្អ​ដូចគ្នា ព្រោះ​ធ្មេញ​អាច​រក្សា​តួនាទី​ទំពា​អាហារ​បានល្អ។ ម្យ៉ាង​ទៀត​បើ​ធ្មេញមាន​សុខភាព​ល្អទើបអាច​នៅ​គង់វង្ស​ជា​រៀង​រហូត។ កាល​ណា​បើ​មនុស្ស​មាន​ធ្មេញ​ឈឺហើយ​បាត់បង់​នោះ​នឹង​មាន​បញ្ហា​ក្នុង​ការបរិភោគ​មិន​ស្រួលដក​ដង្ហើម​មិន​ស្រួលនិយាយ​មិន​ច្បាស់ ផត​មុខ ផត​ថ្ពាល់​ចាស់​ជាង​អាយុ។

3. ធ្មេញ​មាន​សុខភាព​ល្អ​អាច​ចាត់​ទុក​ថា​ជា​ធ្មេញ​មាន​សម្ផស្ស​ល្អ​បាន​ដែរ​ឬទេ?
សុខភាព​ជា​ចំណែក​មួយ​របស់​សម្ផស្ស ហើយ​សម្ផស្ស​ក៏​ជា​ចំណែក​មួយ​របស់​សុខភាព​ដែរ។ ពោល​គឺ​កាលណា​ធ្មេញ​ល្អគឺ​គ្មាន​ស្នាម​ពុក ខ្មៅ ឬ​ប្រហោង​អ្វីទេ។ ប៉ុន្ដែ​ធ្មេញ​ដែល​ចាត់​ទុក​ថា​ស្អាត​តែ​ម្ដងគឺ​កាលណា​ដែល​ធ្មេញ​នោះ​ស​ស្អាតមាន​ទម្រង់​សមមិន​ខុប​ពេក មិន​ពយ​ពេក បណ្ដាល​ឱ្យ​ផ្ទៃមុខ​សម​ទាំង​មើល​ពី​ចំហៀង និង​មើល​ពីមុខ។ មនុស្ស​ភាគ​ច្រើនស្ទើរ​តែ​គ្រប់​ជនជាតិជា​ទូទៅ​ចង់​បានធ្មេញ​មាន​ទំហំ​ល្មមមិន​ធំពេក មិន​តូច​ពេក ហើយ​តម្រៀប​គ្នា​ក្នុង​តំណោង​ឆ្អឹង​ថ្គាម​យ៉ាង​ត្រង់​ល្អគ្មាន​ប្រ​ជ្រួស គ្មាន​ចន្លោះ​អ្វីទេ។ ក្នុង​សម័យ​បច្ចុប្បន្ន​យើង​ឃើញ​អ្នក​ខ្លះ​ស្រឡាញ់​ធ្មេញ​មុខ​ពីរ​ធំៗ​វែងៗ ហៅថា​ធ្មេញ​ទន្សាយ។

4. ហេតុអ្វី​អ្នក​ខ្លះ​មាន​ធ្មេញ​សស្អាត ឯ​អ្នក​ខ្លះ​ទៀត​មាន​ធ្មេញ​លឿង ឬ​ប្រផេះ?
ប្រៀប​ដូច​ជា​សរ​សៃ​សក់ និង​ស្បែក​ដូច្នេះ​ដែរ។ អ្នក​ខ្លះ​មាន​សក់​ខ្មៅ ខ្លះ​ទង់​ដែង ខ្លះ​មាន​ស្បែកស ខ្លះ​ខ្មៅ​ស្រអែម សណ្ដែកបាយ​ លឿង​ជា​ដើម។ យ៉ាងណា​មិញ ធ្មេញ​របស់​មនុស្ស​យើង​ក៏​ប្រែប្រួល​ដូច្នោះ​ដែរ។ តែ​គួរកត់​សម្គាល់​ថា អ្នក​ខ្លះមាន​ធ្មេញ​ប្រផេះ ខ្លាំង​ណាស់ គឺ​ដោយសារ​ឥទ្ធិពល​របស់​ថ្នាំ​ផ្សះ​ម្យ៉ាង​ឈ្មោះ​តេត្រា​ស៊ីក្លីន ដែល​គាត់​បាន​ទទួលទាន​កាល​នៅ​ក្មេង ឬ​ពេល​គាត់​នៅ​ក្នុង ផ្ទៃម្ដាយ ហើយ​ម្ដាយគាត់​បាន​ទទួលទាន​ថ្នាំ​ប្រភេទ​នេះ។ រី​ឯ​កម្រិត​នៃ​ពណ៌​ប្រផេះ​នោះ​គឺ​អាស្រ័យ​តាម​កម្រិត​ថ្នាំ​នោះឯង។ ក្រៅ​ពីនេះ ​យើង​ឃើញ​ថា ធ្មេញ​អាច​ប្រែ​ពណ៌​ដោយ​សារ​ស្នឹម​បារី កាហ្វេ តែ ឬ​អាហារ​ផ្សេងៗ ឬ​ប្រែពណ៌​ក្រោយ​ពេល​ធ្មេញ​បាត់​បង់​សរសៃ បណ្ដូល​ហើយ ឬ​ប្រែពណ៌​លឿង​ឡើងៗ​នៅ​ពេល​មនុស្ស​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ដូច្នេះ​ហើយ​ទើប​បានជា​កាល​ណាយើង​មាន​ធ្មេញ ស​ស្អាត​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ។

5. ធ្មេញ​ស​ស្អាត​មាន​ប្រយោជន៍​ណាស់ តើ​មាន​វិធី​អ្វី​ដើម្បី​កែប្រែ​ទៅ​បើ​មនុស្ស​ម្នាក់​មាន​ធ្មេញ​ពណ៌​មិនល្អ​នោះ?
តាម​ពិត​មាន​វិធី​ជា​ច្រើន​ដើម្បី​កែ​ប្រែ​ពណ៌​ធ្មេញ​មិនល្អ ដូច​ជា​ប៉ះ​ធ្មេញ​ពណ៌​ស​ដូច​ធម្មជាតិ​ពាស​ពីក្រៅ ឬ​ស្រោប​ធ្មេញ​ថ្មី​ដោយសារ​ធាតុ​សេរ៉ា​ម៉ិក ឬ​សៀកូ​នាម​កូម​តែ​ម្ដង។ ក៏​ប៉ុន្ដែ​វិធី​នេះ​ត្រូវ​ការពារ​វេលាយូរ និង​ថវិកា​ច្រើន ព្រមទាំង​​ត្រូវ​ឆាប​សាច់​ធ្មេញ​ធម្មជាតិចេញ​ទៀត​ផង។ ដូច្នេះ​វិធីសាស្ដ្រ​ដែល​ល្អ​បំផុត​គឺមាន​តែ​ការ​ប្ដូរពណ៌​ធ្មេញ​ឱ្យសដោយ​ប្រើថ្នាំ និង​កាំរស្មី​តែ​ប៉ុណ្ណោះ។

6. តើ​ត្រូវ​ប្រើថ្នាំ​អ្វី ឬ​កាំរស្មី​អ្វីទៅដើម្បី​ធ្វើឱ្យ​ធ្មេញស? តើ​មាន​សុវត្ថិភាព​ឬទេ?
ជាទូទៅ​ថ្នាំ​ដែល​យក​មក​ប្រើ​ជា​ប្រភេទ​អ៊ីដ្រូសែន​ពែអុកស៊ីត ឬ​កាបាម៉ីដពែ​អុកស៊ីដ ឯ​កាំរស្មី​ពិសេស​នោះ​វិញ​មាន​ច្រើនប្រភេទ ​ដូចជា​ឡេស៊័ររអែលអ៊ីឌី និង​ផ្លាស្មា។ វា​ពិត​ជាមាន​សុវត្ថិភាព​បំផុតបើ​លោកអ្នក​បានជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ព្រោះ​គាត់​នឹង​យក​ចិត្ដ​ទុកដាក់​ក្នុង​ការ​ពិនិត្យ​រក​មើល​ក្រែង​លោកអ្នក​មាន​ធ្មេញ​ពុក ឬ​បញ្ហា​ផ្សេងៗ​ដែល​តម្រូវ​ឱ្យមាន​ការ​ព្យាបាល​ជាមុន។ ម្យ៉ាង​ទៀត គ្រូពេទ្យ​ជំនាញ​ប្រាកដ​ជាយល់​ច្បាស់​ពី​បច្ចេកទេស​ត្រឹមត្រូវ​ក្នុងការ​ព្យាបាល​កុំឱ្យ​មាន​ផល​ប៉ះពាល់​អ្វីកើត​ឡើង ព្រមទាំង​អាច​​ផ្ដល់​ជូន​លោកអ្នក​នូវ​ដំបូន្មាន​ល្អៗ​ដែល​លោកអ្នក​ត្រូវ​ធ្វើមុន និង​ក្រោយ​ពេល​ព្យាបាល។

7. តើ​ការ​ប្ដូរពណ៌​ធ្មេញ​ឱ្យ​ស​ដោយ​ថ្នាំ និង​កាំរស្មី​អាច​បណ្ដាល​ឱ្យ​ធ្មេញ​ខូច​ដែរ​ឬទេ? ហើយ​តើ​មាន​ការ​ឈឺចាប់​ឬទេ?
ធ្មេញ​មិន​ខូច​ដោយ​សារ​ថ្នាំ​ធ្វើ​ឱ្យ​ធ្មេញ​ស​ទេ ផ្ទុយ​ទៅ​វិញ​ថ្នាំ​ដែល​ប្រើ​ក្នុង​ពេល​ប្ដូរពណ៌​ធ្មេញ​នោះ​នឹង​បញ្ចេញ​សារធាតុ​ម្យ៉ាងឈ្មោះ​យូរៀ ដែល​អាច​ការពារ​ធ្មេញ​មិន​ឱ្យ​ពុក​ទៀត​ផង។ ចំណែក​ឯការ​ឈឺចាប់​ក៏​ពុំមាន​ដែរ មាន​តែការសង្កៀរ​បន្ដិច​បន្ដួច​មួយ​រយៈ​ខ្លី​បើ​សិន​ណា​យើង​ពុំបាន​ប្រយ័ត្ន​ទៅ​ញ៉ាំ​ទឹក​ត្រជាក់​ពេក ឬ​ក្ដៅពេក​ក្នុង​១ថ្ងៃ​ដំបូង។ តែ​ដើម្បី​បង្ការ​កុំឱ្យ​សង្កៀរ​គ្រូពេទ្យ​របស់​លោក​អ្នក​ប្រាកដ​ជា​ណែនាំ​អ្នក​ឱ្យ​ប្រើថ្នាំ​សម្រាប់​ធ្មេញ​ម្យ៉ាង។

8. តើ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ​ដែល​ធ្វើ​ធ្មេញ​ឱ្យស​បាន​យូរ​ប៉ុណ្ណា?
តាម​ពិត​វា​ប្រែប្រួល​ពីមនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់ តែ​ជាទូទៅ​ធ្មេញ​របស់​លោកអ្នក​ត្រូវ​នៅ​សស្អាត​បាន​រយៈពេល​២ទៅ៣ឆ្នាំ បើ​លោក​អ្នក​ថែរក្សា​អនាម័យ​សុខភាព​មាត់ធ្មេញ​បានល្អ និង​ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​បំពាក់​ពណ៌ខ្លាំង។ ក្រោយ​ពី២​ទៅ៣ឆ្នាំ​មក ធ្មេញ​របស់​លោកអ្នក​ប្រហែល​ជាមិន​សថ្លា​ដូច​ក្រោយ​ធ្វើស ហើយ​ថ្មីៗ​នោះទេ។ ពេល​នោះ​លោកអ្នក​អាច​ធ្វើវា​ម្ដងទៀត​បាន។

9. ចុះ​ចំណែក​ឯធ្មេញ​សឹក​រិចរិល ធ្មេញ​បែក ធ្មេញ​ចន្លោះ និង​ធ្មេញ​មិន​ត្រង់ជួរ ប្រជ្រួល ខុប ឬ​ពយពេក តើ​មាន​វិធីអ្វី​កែប្រែ​បានទេ?
ធ្មេញ​សឹក​រិចរិល ធ្មេញ​បែក និង​ធ្មេញ​ចន្លោះ អាច​កែប្រែ​ដោយ​ការ​ប៉ះពណ៌ស​ដូចធម្មជាតិ​រួចឆាប​កែទម្រង់​ឱ្យ​សមស្អាត​ ​បើ​ធ្ងន់ធ្ងរ​ត្រូវ​ស្រោប​ថ្មី។ គ្រូពេទ្យ​របស់​លោកអ្នក​ត្រូវ​ការ​ពិនិត្យ​ជាក់ស្ដែង​ជាមុន​សិន។ រីឯ​ធ្មេញ​ខុប​ពេក ឬ​ពយពេក ឬ​ប្រជ្រួស​មិន ត្រង់​ជួរ​អាច​ដោះស្រាយ​បាន ក្រោយ​ពេល​លោក​អ្នក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ពត់​ធ្មេញ។ លោកអ្នក​ត្រូវ​ការ​រយៈពេល​យូរ ឬ​ឆាប់​ប៉ុណ្ណា​ក្នុងការ​ពត់ គ្រូពេទ្យ​ឯកទេស​របស់​លោកអ្នក​នឹង​សូមឱ្យ​លោកអ្នក​ខាំ​ពុម្ពធ្មេញ​គំរូ និង​ថត​កាំរស្មី​អ៊ិច ដើម្បី​សិក្សា​ជាមុន​សិន។

ដំបូន្មាន​អ្នក​ជំនាញ

ការពត់​ធ្មេញ​មិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​មាន​សម្ផស្សល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឱ្យ​លោកអ្នក​អាច​ទំពា​អាហារ​បាន​ស្រួល ដកដង្ហើម​បានស្រួល និ​ងនិយាយ​បានច្បាស់​ទៀត​ផង។ ចំណែក​ឯ​ការ​កែសម្ផស្ស​ធ្មេញ​ដោយ​ការ​ធ្វើ​ឱ្យ​ធ្មេញស ការ​ប៉ះធ្មេញ កែ​ទម្រង់​ឱ្យ សម​ស្អាត អាច​ធ្វើឱ្យ​លោក​អ្នកក្មេង​ជាង​វ័យ ញញឹម​ស្រស់ មាន​អារម្មណ៍​ស្រស់ស្រាយ សោមនស្ស​រីករាយ​ក្នុងចិត្ដ ​ព្រមទាំង​មានភាព ជឿជាក់​ពេល​ទំនាក់​ទំនង​ក្នុងសង្គម។ ជា​ពិសេស​លោកអ្នក​នឹង​មាន​អារម្មណ៍​ថា ​លោកអ្នក​នឹង​កាន់តែ​ស្រឡាញ់​ធ្មេញ​របស់​ខ្លួន ហើយ​លោកអ្នក​ប្រាកដ​ជាចង់​ថែទាំ​ធ្មេញឱ្យ​មាន​សុខភាព​ល្អ​ជារៀង​ដរាប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Google Analytics Alternative